ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី​ Clinton ចង់​បញ្ចូល​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បន្ថែម​ទៅ​ក្នុង​សភា


បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ លោក​ស្រី Hillary Clinton លើក​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ កាល​ពី​ថ្ងៃទី​២២ ខែ​តុលា។
បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ លោក​ស្រី Hillary Clinton លើក​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ កាល​ពី​ថ្ងៃទី​២២ ខែ​តុលា។

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ លោកស្រី​ Hillary Clinton ដែល​កំពុង​តែ​មាន​ជំនឿ​ចិត្ត​ថា​លោក​ស្រី​នឹង​ឈ្នះ​ការ​បោះឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី​បន្ទាប់​នៅ​ខែ​ក្រោយ​នេះ​ ឥឡូវ​នេះ​លោក​ស្រី​លែង​ខ្វាយ​ខ្វល់​ពី​លោក​ Donald Trump បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណៈរដ្ឋ​ទៀត​ហើយ។ ប៉ុន្តែ​លោក​ស្រី​កំពុង​តែ​ខិតខំ​ប្រឹង​ប្រែង​ជ្រើស​រើស​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បន្ថែម​ទៀត​ទៅ​ក្នុង​សភា​ដើម្បី​ឲ្យ​ពួក​គេ​គាំទ្រ​របៀប​វារៈ​និតិបញ្ញត្តិ​របស់​លោក​ស្រី។

«ខ្ញុំ​មិន​ទាំង​បាន​គិត​ថា​នឹង​ឆ្លើយ​តប​ទៅ​កាន់​លោក​ Trump ទៀត​នោះ​ទេ» នេះ​បើ​យោង​តាម​សម្តី​លោក​ស្រី​ Clinton​ ដែល​បាន​ឆ្លើយ​ទៅ​កាន់​ពាក្យ​ចំអក​ឡក​ឡឺយ​របស់​លោក Trump ដែល​បាន​និយាយទៅ​កាន់​លោក​ស្រីថា​ លោកស្រី​ពុករលួយ​និង​មិន​សាក​សម​កាន់​កាប់​សេតវិមាន​នោះ។

អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ដែល​កំពុង​ទន្ទឹម​រង់​ចាំ​ក្លាយ​ខ្លួន​ជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​របស់​អាមេរិកនោះ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​លើ​យន្តហោះ​យុទ្ធនាការ​របស់​លោក​ស្រី​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ថា​ នៅ​១៦​ថ្ងៃ​ចុង​ក្រោយ​មុន​នឹង​ឈាន​ដល់​ថ្ងៃ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា នោះ​ លោក​ស្រី​គ្រោង​នឹង​សង្កត់​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​ជ្រើសតាំង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ចូល​ទៅ​ក្នុង​សភា​ដើម្បី​ដណ្តើម​ការ​គ្រប់​គ្រង​នៅ​ក្នុង​សភា​មក​វិញ ដែល​គណបក្ស​សាធារណៈរដ្ឋ​ឥឡូវ​នេះ​មាន​សំឡេង​ភាគ​ច្រើន​ទាំង​នៅ​ក្នុង​ព្រឹទ្ធសភា​និង​រដ្ឋសភា។

លោក​ស្រី​ Clinton ​ដែល​នា​ពេល​ឥឡូវ​នេះ​មាន​ឱកាស​ឈ្នះ​ការ​បោះឆ្នោត​នេះ​ ៩០​ភាគរយ​ យោង​ទៅតាម​អ្នក​វិភាគ​ទៅ​លើ​ការ​ស្ទង់​មតិ​នោះ​ បាន​ផ្ទេរ​ថវិកា​រាប់​លាន​ដុល្លារ​ពី​យុទ្ធនាការ​របស់​លោកស្រី​ទៅ​កាន់​រដ្ឋ​ដែល​ជា​ទូទៅ​គណបក្ស​សាធារណៈរដ្ឋ​ជា​អ្នក​ឈ្នះ​នោះ​ ដើម្បី​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​មួយ​ក្នុង​ការ​ពង្រីក​ការ​នាំ​មុខ​របស់​លោក​ស្រី​លើ​លោក​ Trump​ ហើយ​និង​ដើម្បី​ជួយ​ដល់​បេក្ខជន​នានា​របស់​គណបក្ស​ប្រជាធិបតេយ្យ​ឲ្យ​ឈ្នះ​ក្នុង​ការ​ឈរ​ឈ្មោះ​ប្រឆាំង​នឹង​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សាធារណៈរដ្ឋ​ដែល​កំពុង​កាន់​តំណែង។

ក្រុម​អ្នក​វិភាគ​បាន​ថ្លែង​ថា​ គណបក្ស​ប្រជាធិបតេយ្យ​ប្រហែល​អាច​នឹង​ដណ្តើម​ការ​កាន់​កាប់​នៅ​ក្នុង​ព្រឹទ្ធសភា​បាន​ ប៉ុន្តែ​វា​ជា​ការ​លំបាក​ក្នុង​ការ​ប្រជែង​នៅ​ក្នុង​រដ្ឋ​សភា​ដែល​គណបក្ស​សាធារណៈរដ្ឋ​កំពុង​តែ​មាន​សំឡេង​លើស​លុប​នោះ៕

XS
SM
MD
LG