ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​យោធា Hezbollah ថា កង​ទ័ព​ស៊ីរី​ចូល​ក្នុង​តំបន់​ចុង​ក្រោយ​របស់​ពួក​ឧទ្ទាម​ក្នុង​ទីក្រុង Aleppo


សមាជិក​កងកម្លាំង​ម្នាក់​ដែល​ស្មោះ​ស្ម័គ្រ​នឹង​ប្រធានាធិបតី​ស៊ីរី​លោក​ Bashar al-Assad ឈរ​ជាមួយ​នឹង​ជន​ស៊ីវិល​លើ​គំនរ​បាក់​បែក​នៃ​សណ្ឋាគារ Carlton ក្នុង​ទីក្រុង​កាន់​កាន់​ដោយ​រដ្ឋាភិបាល​ Aleppo ប្រទេស​ស៊ីរី​កាល​ពី​ថ្ងៃទី ១៧ ធ្នូ​ ២០១៧។

ក្រុម​យោធា Hezbollah ដែល​ជា​ក្រុម​យោធា​ប្រទេស​លីបង់ បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា អ្នក​ដែល​ស្ថិតនៅ​ក្នុង​តំបន់​ចុង​ក្រោយ​នានា ដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម នៅ​ក្នុង​ទីក្រុង Aleppo ប្រទេស​ស៊ីរី គួរតែ​ចាកចេញ​ពី​តំបន់​នោះ​ឲ្យ​បាន​ឆាប់។ ក្រុម​នេះ​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ទាហាន​ស៊ីរី​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Aleppo នេះ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ។

ក្រុម​យោធា Hezbollah នេះ បាន​ចូលរួម​នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​ដើម្បី​គាំទ្រ​កង​កម្លាំង​របស់​លោក​ប្រធានាធិបតី​ស៊ីរី Bashar al-Assad នៅ​ទូទាំង​ជម្លោះ​ដែល​អូស​បន្លាយ​រយៈពេល​ជិត ៦ ឆ្នាំ នៅ​ក្នុង​ប្រទេស​ស៊ីរី។

មិន​មាន​ព័ត៌មាន​ច្បាស់​ការណ៍​ណា​មួយ​បញ្ជាក់​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​ជាប់​គាំង​នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​នៃ​ទីក្រុង Aleppo នោះ​ទេ ដែល​តំបន់​ភាគ​ខាង​កើត​នេះ ត្រូវ​បាន​ពួក​ឧទ្ទាម​ដណ្ដើម​កាន់កាប់​តាំង​ពី​ឆ្នាំ ២០១២ មក​ម្ល៉េះ។

លោក Robert Mardini ដែល​ជា​ប្រធាន​គណៈកម្មាធិការ​អន្តរជាតិ​កាក​បាទ​ក្រហម​ទទួល​បន្ទុក​តំបន់​មជ្ឈិម​បូព៌ា បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​គណៈកម្មាធិការ​អន្តរជាតិ​កាក​បាត​ក្រហម និង​អង្គការ​អឌ្ឍចន្ទ​ក្រហម​នៃ​ប្រទេស​ស៊ីរី បាន​ជម្លៀស​មនុស្ស​ចំនួន ២ ម៉ឺន ៥ ពាន់​នាក់​ចេញ​ពី​តំបន់​ភាគ​ខាង​កើត​នៃ​ទីក្រុង Aleppo តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​មក​ម្ល៉េះ។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ​លើ​សេចក្ដី​សម្រេច​មួយ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ពង្រាយ​ជា​បន្ទាន់​នូវ​អ្នក​អង្កេត​ការណ៍​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​មើល​ការ​ខុស​ត្រូវ​លើ​ការ​ជម្លៀស​មនុស្ស​ចេញ​ពី​ទីក្រុង Aleppo។

សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ផ្ដល់​ការ​អនុញ្ញាត​ដោយ​គ្មាន​លក្ខខណ្ឌ​ជា​បន្ទាន់​ដល់​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្ស​ធម៌​ចូល​ទៅ​កាន់​តំបន់ ដែល​មាន​ជម្លោះ និង​ការពារ​ជនស៊ីវិល​នៅ​ក្នុង​ទីក្រុង Aleppo ក៏​ដូច​ជា​នៅ​ទូទាំង​ប្រទេស​ស៊ីរី​ផង​ដែរ៕

XS
SM
MD
LG