ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ យុវជន​ខ្មែរ​កាន់​តែ​ច្រើន​ចង់​បង្កើត​ក្រុមហ៊ុន​​ខ្លួន​ឯង (startup) ជាជាង​ធ្វើ​ការ​ឲ្យ​គេ


លោក ខៀវ សុខមេសា ដែល​ជា​អ្នក​បង្កើត​កម្មវិធី software កុំព្យូទ័រ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា InSTEDD iLab បាន​ចូលរួម​ជា​វាគ្មីន​ក្នុង​កម្មវិធី Hello VOA «សំឡេង​ជំនាន់​ថ្មី‍» ពិភាក្សា​ពី​ប្រធានបទ​«‍ឱកាស​និង​ការ​ប្រឈម​ក្នុង​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្មី Start-up នៅ​កម្ពុជា»​កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែមេសា ២០១៦។ (លឹម សុធី/VOA)

ការ​បង្កើត​ក្រុមហ៊ុន startup ទូទៅ​ដែរ ​គឺ​មាន​ការ​ប្រឈម​និង​ការ​ប្រថុយ​ប្រថាន​ជា​ច្រើន ដូច​ដែល​លោក ខៀវ សុខមេសា បាន​ជួប​ប្រទះ​ដោយ​ខ្លួន​ឯង​ស្រាប់​កាល​ពី​៣​ឆ្នាំ​មុន។

ការ​រីកចម្រើន​ខ្លាំងនៃ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន ICT និង​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់បច្ចេវិទ្យាអ៊ីនធឺណិត​ក្នុង​វិស័យ​ពាណិជ្ជកម្ម​បាន​ជំរុញ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ការ​បង្កើត​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ខ្នាត​តូច​ថ្មី​ដែល​ភាសា​អង់គ្លេស​ហៅ​ថា tech startup។ នៅ​ប្រទេស​កម្ពុជា​ ​យុវជនខ្មែរ​ក៏កាន់​តែ​មាន​ឱកាសច្រើន​ជាង​មុន​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្មី (tech start-up)​ ទាំង​នេះ បើ​ទោះ​បីក្នុង​ពេល​បច្ចុប្បន្ន​នេះ ពួក​គាត់​នៅមាន​ការ​ប្រឈម​ខ្លះ​ក៏​ដោយ។ នេះ​បើ​តាម​ការ​អះអាង​របស់លោក ខៀវ សុខមេសា មន្ត្រីជាន់ខ្ពស់ផ្នែកសរសេរកម្មវិធី software កុំព្យូទ័រ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា InSTEDD iLab ក្នុង​រាជធានី​ភ្នំពេញ។

លោក ខៀវ សុខមេសា ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA ‍«សំឡេង​ជំនាន់​ថ្មី‍» កាល​ពី​ថ្ងៃ​ច័ន្ទសប្តាហ៍​មុនថាឱកាស​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិតបាន​នាំ​ឲ្យ​យុវជន​ខ្លះ​ផ្លាស់​ប្តូរ​ឥរិយាបទ​ចំពោះ​ការងារមក​បើក​ជា​ក្រុមហ៊ុន startup ​ផ្ទាល់​ខ្លួន​វិញ៖

«តាម​រយៈ​ការ​សង្កេត​របស់​ខ្ញុំ​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យុវជន​យើង​ហាក់​បី​ដូច​ជា​មាន​គំនិត​ក្នុង​ការ​ប្រកួត​ប្រជែង​ជំនួញជា​ជាង​ចំណាយ​ពេលវេលា​ដើម្បីធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​គេ​ផ្សេង»។

ក្រុមហ៊ុន startup ដែល​ជា​ក្រុមហ៊ុនបង្កើត​ថ្មី​ដែល​មាន​លក្ខណៈ​ច្នៃ​ប្រឌិត (innovation) បង្កើត​នូវ​ផលិតផល​ថ្មី​មួយ​ដែល​អាច​ជួយ​ផ្តល់ដំណោះស្រាយ​អ្វី​មួយ​ដល់អ្នក​ប្រើប្រាស់។ ក្រុមហ៊ុន​ថ្មីបែប​នេះ​ច្រើនមាន​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ដើម្បី​សម្រួល​ការ​ស្វែង​រក​ព័ត៌មាន សម្រួល​មធ្យោបាយ​ទំនាក់​ទំនង ឬ​សម្រួល​ការ​ទូទាត់​ប្រាក់​តាម​អ៊ីនធឺណិត​ជា​ដើម។ តំបន់មាន​ក្រុមហ៊ុន​បែប​នេះ​ដែល​គេ​ស្គាល់​ជា​ពិសេស​គឺ​តំបន់ Silicon Valley ​នៅ​សហរដ្ឋ​អាមេរិក ដែល​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗ​ដូច​ជា Google, Facebook និង Apple ជា​ដើម ដែល​ក្រុមហ៊ុន​ទាំង​នេះ​មាន​ប្រវត្តិដំបូង​ជា​ក្រុមហ៊ុន​បង្កើត​ថ្មី tech startup។ ការ​បង្កើត​ startup ដែល​ប្រើ​បច្ចេកវិទ្យា​មាន​ភាព​ងាយ​ស្រួល​ជាង​ការ​បង្កើតក្រុមហ៊ុន​មិនប្រើ​បច្ចេវិទ្យា (ឧទាហរណ៍​ដូច​ជា​ភោជនីយដ្ឋាន) ​ដោយ​សារ​ត្រូវ​ចំណាយ​ទុន​តិច​ ហើយ​អាច​បាន​កម្រៃ​ច្រើន និង​អាច​មាន​ការ​ពង្រីក​ក្រុមហ៊ុន​យ៉ាង​ឆាប់​រហ័ស។

​ទោះ​បីការ​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ក​ម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះមាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ក៏​ដោយ ក៏​កាល​ពី​៣​ឆ្នាំ​មុន​មិនវិស័យ​នេះ​មិនទាន់​អំណោយផល​ដល់ startup ដូច​សព្វ​ថ្ងៃនេះ។ កាល​ពី​៣​ឆ្នាំ​មុន គឺ​ឆ្នាំ​២០១៣ លោក ខៀវ សុខមេសា ធ្លាប់​បាន​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា startup មួួយ​ដែល​លក់​ប័ណ្ណ​បញ្ចុះ​តម្លៃតាម​អ៊ីនធឺណិត​សម្រាប់​ការ​បរិភោគ​នៅ​តាម​ភោជនីយដ្ឋាន។ ប៉ុន្តែ​លោក​រៀបរាប់​ថា ក្រុមហ៊ុន​នេះ​បាន​បរាជ័យ​ទៅ​វិញ មួយផ្នែក​ដោយ​សារ ផលិតផល​ថ្មី​នេះមាន​រួច​ហើយ​នៅ​ទី​ផ្សារ​កម្ពុជា និង​ដោយ​សារ​កង្វះ​ធនធាន​មនុស្ស​។

លោក សុខមេសា​ អះអាង​ថា ស្ថានភាព​នៅ​កម្ពុជាមាន​ការ​ប្រែ​ប្រួល​ច្រើន ដោយ​សារ​មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​កាន់​តែច្រើន​ជាង​មុនរហូត​ដល់​៦​លាន​នាក់។លោក​ថា ​ទំហំ​អ្នក​ប្រើប្រាស់​បានធ្វើ​ឲ្យ​ប្រជាជន​មាន​ការ​ជ្រួតជ្រាប​អំពី​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ផ្លាស់​ប្តូរ​ឥរិយាបទ​ ជា​ពិសេស ​យុវជនមាន​គំនិត​ធ្វើការខាង​ពាណិជ្ជកម្ម ហើ់យ​ ​អ្នក​ប្រើប្រាស់ទុក​ចិត្ត​ចាប់​ផ្តើម​ទុក​ចិត្ត​សេវាពាណិជ្ជកម្ម​លើអ៊ីនធីណិត​ (e-commerce) ដែលលើក​ទឹក​ចិត្ត​ពី​រដ្ឋាភិបាល​ផង​ដែរ។

លោក សុខមេសា​ ពន្យល់​ថា៖

«កាល​ពី​មុន ប្រជាពលរដ្ឋ​យើង​ហាក់​បី​ដូច​ជា​អត់​ទាន់មាន​អារម្មណ៍​ទុក​ចិត្ត​ទៅ​លើសេវាកម្ម​នៅ​លើ​អ៊ីនធឺណិតហ្នឹង​ទេ ក៏​ប៉ុន្តែរយៈពេល​បី​ឆ្នាំ​មក​នេះ វា​បាន​ផ្លាស់​ប្តូរជា​ច្រើន​នូវ​ផ្នត់​គំនិត​របស់​អ្នក​ប្រើប្រាស់​ឲ្យ​ចាប់​ផ្តើម​ទុក​ចិត្ត​បន្តិច​ម្តងៗ​ទៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ការ​ទូទាត់​សាច់​ប្រាក់ ឬការ​ប្រើប្រាស់​នូវ​សេវាកម្ម​ណា​មួយ​នៅ​លើ​បណ្តាញ​អ៊ីនធឺណិត​ហ្នឹង។‍»

លោក​ពន្យល់​ប្រាប់ VOA ថា បណ្តាញ​សង្គម​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​បើក​ e-commerce និង​ជំរុញ​គំនិត​ពាណិជ្ជកម្ម​៖

«ជាក់ស្តែង​ ខ្ញុំ​បាន​ឃើញ​នូវ​ការ​លក់ផលិតផលអនឡាញ (online/តាម​អ៊ីនធឺណិត) មួយ​ចំនួន​នៅ​តាម​ហ្វេសប៊ុក។ គាត់​មាន​ friends ​(មិត្តភក្តិ)​គាត់​ច្រើន​អញ្ចឹង​ទៅ​ គាត់​យក​ផលិតផល​ពី​ណា​មក​គាត់​ផូស(ផ្សាយ)​ទៅ គាត់​ចាប់​ផ្តើម​លក់។ អាហ្នឹង​វា​ជា​សញ្ញា​មួយ​នៃការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិតរបស់​យុវជន​ តាម​រយៈ​ការ​លក់​ផលិតផលនៅ​លើ​ store (ហាង)​ខាង​ក្រៅមក​ជា​[តាម​អ៊ីនធឺណិត]។‍»

ឆ្លើយ​តប​នឹង​សំណួរ​របស់​លោក ស៊ុន ធន ពី​ខេត្ត​កំពុង​ធំ ​ដែល​ថា តើ​មាន​វិធី​ណាអាចចែក​រំលែក​ចំណេះ​ដឹង​ខាង​បច្ចេកវិទ្យា​និងពាណិជ្ជកម្ម​នេះ​ជា​ពិសេស​ដល់​យុវជន​នៅ​តាម​ខេត្ត​ លោក ខៀវ សុខមេសា ថ្លែង​ក្នុង​កម្មវិធី Hello VOA «សំឡេង​ជំនាន់​ថ្មី‍»​ ថា​ ការ​ចែក​រំលែក​ជំនាញរបស់​យុវជន​ខ្មែរ​កំពុង​មាន​រួច​ហើយ ជាពិសេស​តាម​កម្មវិធី​បច្ចេកវិទ្យា​ ដូច​ជា​ Barcamp ដែល​មាន​នៅ​តាម​ខេត្ត​ធំៗ​មួយ​ចំនួន។​

បច្ចុប្បន្ន​នេះ​មាន​កន្លែង​ធ្វើ​ការ​ខាង​បង្កើត​ក្រុមហ៊ុន startup ដែល​គេ​ហៅ​ថា incubator ឬ hub (មជ្ឈមណ្ឌល) ដូច​ជា​ Emerald Hub, Small World, Impact Hub, Co-Lab Cambodia, 1961 Co-Working Space, និង Angkor Hub (សៀមរាប)។

ប៉ុន្តែ​ដូច​ការ​បង្កើត​ក្រុមហ៊ុន startup ទូទៅ​ដែរ ​គឺ​មាន​ការ​ប្រឈម​និង​ការ​ប្រថុយ​ប្រថាន​ជា​ច្រើន ដូច​ដែល​លោក ខៀវ សុខមេសា បាន​ជួប​ប្រទះ​ដោយ​ខ្លួន​ឯង​ស្រាប់​កាល​ពី​៣​ឆ្នាំ​មុន។

លោក ខៀវ សុខមេសា ថ្លែង​ថា ​លោក​រីករាយ ដែល​បច្ចុប្បន្ន​នេះ មាន​ការ​លើក​ទឹកចិត្តជា​ទូទៅ​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច​ ដូច​ជាតាម​កម្មវិធី MOC101 Incubator របស់​ក្រសួង​ពាណិជ្ជកម្ម ប៉ុន្តែអតីត​សហគ្រិន startup រូប​នេះ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ជួយ​ជ្រោមជ្រែង​ផ្នែក​ថវិកា​បន្ថែម​ទៀត។​

«ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​មាន​នូវ​ប្រាក់​ទុន​បន្ថែម សម្រាប់​ជួយ​ដល់ startups ផ្សេង​ទៀត។ Startup មួយ​ដំណើរការ​បាន​ត្រូវការ​នូវថវិកា​មួយ​ចំនួន​ដើម្បី​ឲ្យ​ដំណើរការ​ startup នោះ​ចប់​ចុង​ចប់​ដើម រហូត​ចេញ​ជា​ផលិតផល​មួយ​ដែល​អាច​ប្រើប្រាស់​បាន‍។»

XS
SM
MD
LG