ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​គណៈកម្មការ​រដ្ឋ​សភា អះអាង​ថា ចម្លើយ​របស់​លោក ម៉ម ប៊ុនហេង បង្ហាញ​ការ​មិន​ទទួល​ខុសត្រូវ


លោក ម៉ម ប៊ុនហេង (ខាងឆ្វេង) រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ កំពុង​បំភ្លឺ​ក្នុង​រដ្ឋសភា​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​វិស័យ​សុខាភិបាល​នៅថ្ងៃ​ទី២៩ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
លោក ម៉ម ប៊ុនហេង (ខាងឆ្វេង) រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ កំពុង​បំភ្លឺ​ក្នុង​រដ្ឋសភា​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​វិស័យ​សុខាភិបាល​នៅថ្ងៃ​ទី២៩ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

លោក ម៉ម ប៊ុន​ហេង ក៏​បាន​ស្នើ​ឲ្យ​គណៈកម្មការ​នេះ​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្នុង​ករណី​ដែល​គណៈ​កម្មការ​​រក​ឃើញ​ថា​ មាន​ការ​ដោះដូរ ការ​ឃុបឃិត ឬ​អំពើ​ពុករលួយ​ក្នុង​វិស័យ​សុខាភិបាល​នេះ។

ការ​បំភ្លឺ​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៅ​រដ្ឋ​សភា​ អំពី​បញ្ហា​មិន​ប្រក្រតី​លើ​វិស័យ​សុខាភិបាលនា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ជា​ការ​បំភ្លឺ​ដែល​គ្មាន​ភាព​ត្រឹម​ត្រូវ​ និង​មិន​អាច​ទទួល​យក​បាន។ នេះ​បើ​តាម​សម្ភី​របស់​ប្រធាន​គណៈ​កម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់​ទំនង​រដ្ឋ​សភា~ព្រឹទ្ធ​សភា​នៃ​រដ្ឋ​សភា​កម្ពុជា។​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ចូល​បំភ្លឺ​នៅ​រដ្ឋសភា​តាម​ការ​កោះ​អញ្ជើញ​ពី​ប្រធាន​គណៈកម្មការ​ទី១​គឺលោក អេង ឆៃអ៊ាង ពាក់ព័ន្ធ​នឹងការ​លក់​ដូរ​មន្ទីរ​ពេទ្យ​មួយ​ចំនួន​តាម​បណ្ដា​រាជ​ធានី​ខេត្ត ការ​បាត់​ប្រាក់មូលនិធិ​ទិញ​មុង​ការពារ​ជំងឺ​គ្រុន​ចាញ់ ការ​ផ្ដល់សេវា​មិន​ត្រឹមត្រូវ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ និង​ឯកជន​ជា​ដើម។

ក្នុង​ការ​បំភ្លឺ​នោះ ប្រធាន​រដ្ឋ​សភា​ លោក ​ហេង សំរិន​ បាន​អាន​សំណួរ​ចំនួន​១០​ សួរទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល។ ឆ្លើយ​តប​ទៅ​នឹង​សំនួរ​ចំនួន​១០​នោះ នៅ​ចំពោះមុខ​គណៈ​កម្មការ​រយៈពេល​មួយ​ម៉ោង​ លោក ម៉ម ប៊ុនហេង បាន​អាន​ចម្លើយ​ដែល​បាន​សរសេរត្រៀម​ទុក​មុនជា​ស្រេច។​

លោក ម៉ម ប៊ុនហេង បាន​អាន​ចេញ​ពី​ឯកសារ​ត្រៀម​ទុក​ដែល​មាន​ប្រហែល​ជិត​១០​សន្លឹក​ថា នៅ​ក្នុង​រាល់​ការ​ដោះ​ដូរ​មន្ទីរ​ពេទ្យ ក្រសួង​បាន​អនុវត្ត​ដោយ​តម្លា​ភាព​តាម​នីតិវិធីរដ្ឋ ដោយ​មាន​ការ​ចូលរួម​របស់​គណៈ​កម្មការ​អន្តរ​ក្រសួង។

សម្រាប់​មូលនិធិ​ជំនួយ​ក្នុង​ការ​ទិញ​មុង​ការពារ​ជំងឺ​គ្រុន​ចាញ់របស់​គម្រោង​មូលនិធិ​សកល ​(Global Fund)​ នោះ ​ លោក​បញ្ជាក់​ថា ក្រសួង​ពុំ​មាន​កាត​ព្វ​កិច្ច​ដោះ​ស្រាយនោះ​ទេ ដោយ​លោក​អះអាង​ថា​រឿង​នេះ​ជា​សមត្ថកិច្ច​ផ្ដាច់មុខ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

ពាក់ព័ន្ធ​នឹង​ចំណុច​ផ្សេងៗ​ទៀត លោក ម៉ម ប៊ុនហេង បាន​បន្ត​អាន​ឯកសារ​ដែល​ត្រៀម​ទុក​នោះ​ដោយ អះអាងថា ក្រសួង​បាន​និង​កំពុង​តែ​ពង្រឹង​ និង​អនុវត្ត​ច្បាប់​ជា​ជំហានៗ និង​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្ដល់​សេវា​ដែល​ស្រប​ទៅ​តាម​នីតិវិធី​ច្បាប់។

លោក ម៉ម ប៊ុន​ហេង ក៏​បាន​ស្នើ​ឲ្យ​គណៈកម្មការ​នេះ​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្នុង​ករណី​ដែល​គណៈ​កម្មការរក​ឃើញ​ថា​ មាន​ការ​ដោះដូរ ការ​ឃុបឃិត ឬ​អំពើ​ពុករលួយ​ក្នុង​វិស័យ​សុខាភិបាល​នេះ។

ក្រោយ​បញ្ចប់​ការ​បំភ្លឺ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ បាន​ប្រាប់​ក្រុមអ្នក​សារព័ត៌មាន​ថា​ ការឆ្លើយ​បំភ្លឺ​របស់​លោក ម៉ម ប៊ុនហេង ចំពោះករណី​នៃ​ការ​ដោះ​ដូរ​មន្ទីរពេទ្យ​ហើយ​ចែក​លុយ​ទៅ​បុគ្គលិកកុំ​ឲ្យ​តវ៉ា ការ​ទិញ​គ្រឿងបរិក្ខារ និង​ការ​ទិញថ្នាំ​ពេទ្យ​ ខុសតម្លៃ​ទីផ្សារ សុទ្ធ​តែ​ជា​ការ​លើក​ឡើង​ដែល​មិន​អាច​ទទួល​យក​បាន។

លោក​បន្ត​ថា​ ការ​រុញ​ទំនួល​ខុស​ត្រូវ​ទៅ​អង្គ​ភាពប្រឆាំង​អំពើ​ពុក​រលួយ និង​ការ​លើក​ឡើង​ពី​ចំណុច​ផ្សេងៗ​ទៀត គឺជា​ចម្លើយ​ដែល​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវមាន​កម្រិត​ទាប​ក្នុង​នាម​ជា​រដ្ឋមន្ត្រី។

«ចម្លើយ​ហ្នឹង​អត់​ការពិត ហើយ​គាត់​អត់​បាន​ឆ្លើយ​ផង​ពេល​ខ្លះ យើង​ស្ដាប់​ទៅ​គាត់​ឆ្លើយ​អត់​ចំ​សំណួរ​ផង។ យើង​មើល​ទៅ​សំណួរ​ឃើញ​អ្នក​កាសែត​ទទួល​បាន​អស់​ហើយ ប៉ុន្តែ​ឃើញ​អា​របាយ​ការណ៍​គាត់​មក​ហ្នឹង វា​អត់ចំ​សំណួរ។ អញ្ចឹង​យើង​មិន​អាច​ចាត់​ទុក​ថា​ជា​ចម្លើយ​ក៏​ថា​បាន​ដែរ»។

លោក​បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​ស្នើ​សុំ បើ​ថា​យើង​មានការ​ទទួល​ខុស​ត្រូវ ​ថា​យើង​បាន​ធ្វើ​ត្រឹមត្រូវ យើង​ទៅ​ខ្លាច​អី​អា​ព័ត៌មាន​ទាំងអស់​ហ្នឹង? ដាក់​ក្នុង​វែបសាយ​ (Website)របស់​ក្រសួង​ទៅ នែ! ក្រុម​ហ៊ុន​ដេញ​បាន​តម្លៃ​ប៉ុណ្ណេះ​ទៅ អា​ហ្នឹង​គេ​អស់​ចិត្ត​ហើយ មហាជន។ តែ​បើ​យើង​និយាយ​ថា យើង​ធ្វើ​ត្រឹមត្រូវ​តម្លាភាព ប៉ុន្តែ​មហាជន​ នៅ​តែ​អត់​បាន​ឃើញ​តម្លៃ​ពិត​ប្រាកដ​ហ្នឹង ហើយ​ដែល​គេ​ដឹង​អា​ក្រោយ​ឆាក​ហ្នឹង​ វា​ថ្លៃ​ជាង គេ​នៅ​តែ​និយាយ​ហើយ​រឿង​ហ្នឹង»។

លោក អេង ឆៃអ៊ាង តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​និង​ជា​ប្រធាន​គណៈកម្មការ​ទី១​ នៃ​រដ្ឋសភា​ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​វិមាន​រដ្ឋសភា​ ក្រោយ​បញ្ចប់​ការបំភ្លឺ​របស់​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
លោក អេង ឆៃអ៊ាង តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​និង​ជា​ប្រធាន​គណៈកម្មការ​ទី១​ នៃ​រដ្ឋសភា​ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​វិមាន​រដ្ឋសភា​ ក្រោយ​បញ្ចប់​ការបំភ្លឺ​របស់​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

លោក អេង ឆៃអ៊ាង ​បន្ថែម​ថា រយៈពេល​១ម៉ោង​ដែល​កំណត់​ដោយ​ប្រធាន​រដ្ឋសភា​ក្នុង​ការ​សួរ និង​ឆ្លើយ​បំភ្លឺ​នេះ​ មាន​រយៈពេល​ខ្លី​ពេក ជា​មូលហេតុ​មិន​អាច​ឲ្យ​គណៈ​កម្មការ​សួរ​នាំ​បាន​លម្អិត។

ទោះ​ជា​យ៉ាង​ណា​លោក​ថា គណៈកម្មការ​របស់​លោក​នឹង​ស៊ើប​អង្កេត​ជា​បន្ត​បន្ទាប់​ក្នុង​ការ​ប្រជុំ​ផ្ទៃ​ក្នុង​ដើម្បី​ស្វែង​រក​ការ​ពិត។

VOA មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​របស់​លោក អេង ឆៃអ៊ាង បាន​ទេ។

​លោក ​សន ជ័យ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ប្រាប់ VOA ថា​ សេវា​សុខាភិបាល​ដែល​តែង​រង​ការ​រិះគន់​ថា​ មានអំពើ​ពុករលួយ និង​ភាព​អសកម្មរបស់​ថ្នាក់​ដឹក​នាំ​ក្រសួង សុទ្ធ​តែ​ជា​មូល​ហេតុ​ធ្វើ​ឲ្យប្រជាពលរដ្ឋ​បាត់​បង់​ទំនុក​ចិត្ត​ និង​ត្រូវ​ចំណាយ​ប្រាក់​ទៅ​បរទេស​ដើម្បី​ព្យាបាល​ជំងឺ។

«កាលណា​ភាព​ជា​អ្នក​ដឹកនាំ​មិន​បាន​បង្ហាញ​ឲ្យ​ច្បាស់​លាស់ មិន​បាន​បំពេញ​ភាព​ជា​គំរូ​ច្រើន​ទេ វា​អាច​ធ្វើ​ឲ្យ​នៅ​ថ្នាក់​ក្រោម​ហ្នឹង​គេ​មើល​បំណាំ ហើយ​ការ​មើល​បំណាំ​នេះ​វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ផ្ដល់​សេវា​សាធារណៈ​ផ្នែក​សុខាភិបាល​ហ្នឹង។ វា​មិនមែន​ជា​រឿង​មួយ​ដែល​ត្រូវ​តែ​នៅ​ដដែល​ទេ។ វិស័យ​សុខាភិបាល​នេះ ​ចាំបាច់​ត្រូវ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ដ៏​ហ្មត់ចត់​មួយ។ ប្រព័ន្ធ​នៃ​អភិបាល​កិច្ច​ផ្ទៃក្នុង​ត្រូវ​តែ​រៀប​ចំ​ឲ្យ​បាន​ប្រសើរ​ជាង​មុន»។

​សេវា​សុខាភិបាល​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​រិះគន់​ជា​រឿយៗ​ ​តាម​សារ​ព័ត៌មាន និង​បណ្ដាញ​សង្គម​ ថា​មិន​មាន​គុណភាព​ និង​វិជ្ជាជីវៈ​ត្រឹមត្រូវ ជាពិសេស​ទាក់​ទិន​នឹង​ក្រម​សីលធម៌​ និង​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ ។ ​

វេជ្ជបណ្ឌិត​និង​អ្នក​ជំនួញ​ដ៏​មាន​ទ្រព្យធន​ម្នាក់​ ​គឺ​លោក​ គួច ម៉េងលី បាន​រិះគន់​សេវា​សុខាភិបាល​លើ​ទំព័រសារ​ព័ត៌មានថា ​លោក​មាន​សេចក្ដី​រន្ធត់​ដែលឃើញ​ឥរិយាបថ​របស់​គ្រូពេទ្យ​ខ្មែរ​មួយ​ចំនួន​គ្មាន​សីលធម៌​ គ្មានក្ដី​មេត្តា​ ​និង​គ្មាន​ក្ដី​សន្ដោស​ដល់​អ្នកជំងឺ​ក្រីក្រ ហើយ​លោក​បាន​ដាក់​ពិន្ទុ​វិស័យ​សុខាភិបាល​ចំនួន​២ បើ​រាប់​ពី​១ ដល់​១០។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន តែងតែ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​សេវា​សុខភាព​នៅ​កម្ពុជា​ខណៈ​ដែល​លោក និង​មន្ត្រី​រដ្ឋាភិបាល​ធំៗ​ តែងតែ​ទៅ​រក​សេវា​សុខភាព​នៅ​ប្រទេស​ផ្សេង​ ដូចជា​ប្រទេស​សិង្ហបុរី និង​ប្រទេស​ថៃ​ជាដើម។​

ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​មាន​អ្នក​ជំងឺ​កម្ពុជា​ជា​ច្រើន​ដែល​មាន​ទ្រព្យធន​ ​បាន​ធ្វើ​ដំណើរ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ជិត​ខាង​ដើម្បី​ប្រើ​សេវា​សុខាភិបាល​របស់​ប្រទេស​ទាំងនោះ​ដោយសារ​ពួកគេ​លើកឡើង​ថា ពួកគេ​មិន​ទុកចិត្ត​ទៅ​លើ​សេវា​សុខាភិបាល​កម្ពុជា៕​

XS
SM
MD
LG