ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អភិបាល​រដ្ឋ​អាមេរិក​នានា​មាន​ភាព​តានតឹង​ក្នុង​កិច្ច​ពិភាក្សា​អំពី​ការ​ធានា​រ៉ាប់រង​សុខភាព


លោក Jay Inslee អនុប្រធាន​សមាគម​អភិបាល​ប្រជាធិបតេយ្យ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​ចាកចេញ​ពី​កិច្ចប្រជុំ​ស្តី​ពី​កំណែ​ទម្រង់​វិស័យ​សុខាភិបាល​ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។

សំណើ​របស់​អភិបាល​រដ្ឋ​នានា​មកពី​គណបក្ស​សាធារណ​រដ្ឋ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​កម្មវិធី​ធានា​រ៉ាប់រង​សុខភាព​របស់​រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋ​អាមេរិក ដែល​ហៅ​ថា Medicaid នោះ បាន​បណ្ដាល​ឲ្យ​មាន​ភាព​តានតឹង​នៅ​ក្នុង​ការ​ជួបជុំ​របស់​មេដឹកនាំ​រដ្ឋ​នានា​របស់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។

សមាគម​ជាតិ​នៃ​អភិបាល​រដ្ឋ​នានា​របស់​សហរដ្ឋ​អាមេរិក បាន​បើក​កិច្ច​ប្រជុំ​រដូវ​រងា​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ដោយ​កន្លង​មក មាន​ការ​ពិភាក្សា​ពី​បញ្ហា​គោល​នយោបាយ​នានា ដូចជា​ការ​កែ​ទម្រង់​ប្រព័ន្ធ​ថែ​រក្សា​សុខភាព ការ​អប់រំ និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​ដើម។

សំណើ​កម្មវិធី​ធានា​រ៉ាប់រង​សុខភាព Medicaid របស់​អភិបាល​រដ្ឋ​នានា​មកពី​គណបក្ស​សាធារណរដ្ឋ ដែល​ជា​សំណើ​ដែល​ទីភ្នាក់ងារ​ព័ត៌មាន AP ទទួល​បាន​នោះ បាន​ជំរុញ​ឲ្យ​សភា​ធ្វើ​ការ​ផ្លាស់ប្ដូរ​កម្មវិធី Medicaid ពី​កម្មវិធី​របស់​រដ្ឋាភិបាល​សហព័ន្ធ​ទៅ​ជា​កម្មវិធី ដែល​រៀបចំ​ចាត់ចែង​ឡើង​ដោយ​រដ្ឋ​នីមួយៗ ដើម្បី​ឲ្យ​កម្មវិធី Medicaid នេះ​ឋិត​នៅ​ក្នុង​រង្វង់​ថវិកា​ដែល​រដ្ឋ​នីមួយៗ​មាន​វិញ។

សមាជិក​សភា​មកពី​គណបក្ស​សាធារណរដ្ឋ​ថា គម្រោង​របស់​ពួកគេ​នឹង​ផ្ដល់​លទ្ធភាព​ឲ្យ​រដ្ឋ​នីមួយៗ​មាន​ភាព​បត់បែន​ក្នុង​ការ​គ្រប់គ្រង​ការ​ធានា​រ៉ាប់រង​សុខភាព​សម្រាប់​ពលរដ្ឋ​ក្រីក្រ និង​សម្រាប់​ការពារ​ពលរដ្ឋ​ទាំង​នោះ​ពី​ការ​ទទួល​យក​នូវ​ច្បាប់​ធានា​រ៉ាប់រង​សុខភាព​របស់​លោក​អតីត​ប្រធានាធិបតី Barack Obama ដែល​ហៅ​ថា Affordable Care Act នោះ។

អភិបាល​រដ្ឋ​នានា​មកពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​ចោទ​ប្រកាន់​អភិបាល​រដ្ឋ​នានា​ដែល​មកពី​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា មិន​មាន​ភាព​ស្មោះត្រង់​ចំពោះ​ឥទ្ធិពល​នៃ​គម្រោង​របស់​ពួកគេ។ អភិបាល​រដ្ឋ​ទាំង​នោះ​បាន​អះអាង​ថា គម្រោង​នេះ​នឹង​ដក​ហូត​ការ​ធានា​រ៉ាប់រង​សុខភាព​របស់​ប្រជាពលរដ្ឋ​ដើម្បី​ទៅ​ឧបត្ថម្ភ​ដល់​ការ​កាត់​បន្ថយ​ពន្ធ​របស់​ពួក​អ្នក​មាន​ទៅ​វិញ​ទេ៕

XS
SM
MD
LG