ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នាយក​ក្រុមហ៊ុន Samsung កូរ៉េខាងត្បូងជាប់​ចោទ​ក្នុង​រឿង​អាស្រូវ​ពុករលួយ


រូបភាពឯកសារ៖ ប្រធាន​ក្រុម​ហ៊ូន​ Samsung នៅ​កូរ៉េខាងត្បូង​លោក Jay Y. Lee បាន​មកដល់​ការិយាល័យក្រុម​ប្រឹក្សាឯករាជ្យ​ ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃទី​២២ កុម្ភៈ ២០១៧។

ពួករដ្ឋអាជ្ញាកូរ៉េខាង​ត្បូង​បាននិយាយ​ថា​ពួកគេ​នឹងចោទ​ប្រកាន់​ប្រធាន​ក្រុម​ហ៊ុន Samsung របស់ប្រទេស​កូរ៉េខាងត្បូង​និង​អ្នកចាត់ចែង​កិច្ចការ​ជាន់ខ្ពស់បួន​នាក់ទៀត​របស់​ក្រុមហ៊ុន​នេះ​ពី​បទ​សូក​ប៉ាន់និង​គៃ​បន្លំ​ប្រាក់កាស​ទាក់ទិន​ជាមួយ​រឿង​អាស្រូវ​ពុក​រលួយ​មានការ​ពាក់ព័ន្ធជាមួយ​លោកស្រី​ប្រធានាធិបតី​ Park Geun-hye ​ដែរ។​

ក្រុម​រដ្ឋអាជ្ញា​ពិសេស​ដែល​បាន​ត្រូវ​បង្កើត​ឡើងដើម្បី​ស៊ើប​អង្កេត​អំពី​បញ្ហា​នេះ​ក៏​បាន​ចោទ​ប្រកាន់លោក Lee Jae-yong ប្រធាន​ក្រុម​ហ៊ុន Samsung ថា​បាន​លាក់​ធន​ធាន​នៅ​ឯ​ប្រទេស​ក្រៅ​និង​បាន​និយាយ​កុហក​នៅចំពោះ​មុខ​សភា​ផង​ដែរ។​

លោកស្រី​ប្រធានាធិបតី Park Geun-hye បាន​ត្រូវចោទ​ប្រកាន់​ហើយ​បានត្រូវ​ព្យួរ​ការងារ​កាលពី​ខែ​ធ្នូពី​បទចោទ​ប្រកាន់​ថា​លោក​ស្រី​បាន​ឃុបឃិត​ជាមួយ​មិត្តភក្តិ​យូរយា​មក​ហើយ​របស់​លោក​ស្រី​ឈ្មោះ​អ្នកស្រី​ Choi Soon-sil ក្នុង​ការ​ជំរិត​យក​ប្រាក់ពី​ពួក​មហា​ក្រុមហ៊ុន​របស់​ប្រទេស​ដើម្បី​ធ្វើ​ជា​វិភាគ​ទាន​ចំនួន​រហូត​ដល់​៧០លាន​ដុល្លារ​ដល់​មូលនិធិ​ពីរមាន​ការ​សង្ស័យ​ដែល​ចាត់ចែង​កិច្ចការ​ដោយ​អ្នកស្រី​ Choi។​

លោក Lee ដែល​មាន​អាយុ៤៨​ឆ្នាំ​បានត្រូវ​ចាប់​ខ្លួន​កាល​ពី​ពេល​មុន​នេះ​ក្នុង​ខែ​នេះ​ក្នុង​ការ​ទាក់​ទិន​ជាមួយ​ករណី​នេះ។

តុលាការ​ធម្មនុញ្ញនៃ​ប្រទេស​កូរ៉េខាង​ត្បូង​បានបើក​ធ្វើការ​ស៊ើបអង្កេត​អំពី​ភាព​ត្រឹមត្រូវ​តាម​ច្បាប់នៃ​ញតិចោទ​ប្រកាន់លើលោកស្រី​ប្រធានាធិបតី។​ប្រសិន​បើ​តុលាការ​នេះ​សម្រេច​តាមញតិ្តសភា​ លោកស្រី​ Park Geun-hye អាច​ជា​មេដឹកនាំ​ជាប់ឆ្នោត​ទី​មួយ​នៃប្រទេសកូរ៉េខាង​ត្បូងដែលបានត្រូវ​ដក​ចេញ​ពីតំណែង។

គេ​រំពឹង​ថា​នឹង​មានការសម្រេច​របស់តុលាការធម្មនុញ្ញនៅ​ពេលណាមួយ​ក្នុង​ខែក្រោយ៕

XS
SM
MD
LG