ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាជ្ញាធរ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ ក្រោយ​បាតុភូត​ធ្លាក់​ភ្លៀង​លាយ​ដុំ​ទឹកកក​នៅ​រតនគីរី


ភ្លៀង​លាយ​ជាមួយ​ដុំ​ទឹកកក​តូចៗ​បាន​ធ្លាក់​នៅទីក្រុង​បាឡុង ខេត្ត​រតនគិរី កាលពី​ថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០១៧។ (រូបថត​ដកស្រង់​ពី​ហ្វេសប៊ុក Sarun Su Su)

កាលពី​ថ្ងៃអាទិត្យ​ ទី​២៣ ខែ​មេសា​ នេះ រូបភាព​ និង​វីដេអូ​​ ​ពី​​ដុំ​ទឹកកក​តូចៗ​ទំហំ​ប៉ុន​កូន​ដៃ ធ្លាក់​មក​លាយ​ឡំ​ជាមួយ​ទឹក​ភ្លៀង​ជាច្រើន​ ត្រូវ​បាន​បង្ហោះ​តាម​បណ្ដាញ​អ៊ីនធឺណិត។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ឲ្យដឹង​ថា ​បាតុភូតធ្លាក់​ភ្លៀង​លាយ​ជាមួយ​ដុំទឹកកក​ ក្នុង​ទីក្រុង​បាន​លុង ​ខេត្ត​រតនគិរី កាលពី​ថ្ងៃអាទិត្យ​ ​កើត​ឡើង​ដោយសារ​សីតុណ្ហ​ភាពក្នុង​បរិយាកាស​ធ្លាក់​ចុះ​យ៉ាង​គំហុក។

កាលពី​ថ្ងៃអាទិត្យ​ ទី​២៣ ខែ​មេសា​ នេះ រូបភាព​ និង​វីដេអូ ​ពីដុំ​ទឹកកក​តូចៗ​ទំហំ​ប៉ុន​កូន​ដៃ ធ្លាក់​មក​លាយ​ឡំ​ជាមួយ​ទឹក​ភ្លៀង​ជាច្រើន​ ត្រូវ​បាន​បង្ហោះ​តាម​បណ្ដាញ​អ៊ីនធឺណិត។

បន្ទាប់ពី​មាន​បាតុភូត​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ដុំ​ទឹកកក​នោះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម កាល​ពី​ថ្ងៃ​ចន្ទ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ ដើម្បីពន្យល់​ពី​បាតុភូត​នេះ​ថា ​កើត​ឡើង​ដោយសារ​កម្រិត​សីតុណ្ហ​ភាព​អតិបរមា​ក្នុង​បរិយាកាស​ បាន​ថយ​ចុះ​យ៉ាង​គំហុក។

ក្រសួង​បាន​ពន្យល់​បន្ត​តាម​រយៈ​លិខិត​នោះ​ក្នុង​ន័យ​ដើម​ថា៖ «នៅ​ពេល​ភ្លៀង ខ្យល់​បក់​បោក​បញ្ច្រាស​ទិស​មាន​ល្បឿន​លឿន​ខ្លាំង ធ្វើ​ឲ្យ​ធូលី និង​សារធាតុ​មួយ​ចំនួន​ប៉ើង​ឡើង ដោយ​បាននាំ​យក​នូវ​ម៉ាស​ខ្យល់​ត្រជាក់​ មក​កាន់​បរិយាកាស​លើ​ផ្ទៃដី ជា​ហេតុជំរុញ​ឲ្យ​មាន​អុកស៊ីតកម្ម​រហ័ស ទៅលើ​អុក​ស៊ីតករ​ក្នុង​បរិយាកាស បង្ក​ឲ្យ​ចំហាយ​ទឹក និង​សមាសធាតុ​ចម្រុះ​ក្នុង​ខ្យល់​កក​ជា​ដុំ​ទឹកកក និង​ធ្លាក់​មក​កាន់​ផែនដី​ភ្លាមៗ»។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ប្រាប់​ VOA នា​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ថា បាតុភូត​ធ្លាក់​ដុំ​ទឹកកកលាយ​ជាមួយ​ភ្លៀង​នេះ បណ្ដាល​ឲ្យ​សីតុណ្ហ​ភាព​ក្នុង​ខេត្ត​រតនគិរី​នា​ពេល​នោះ​ធ្លាក់​ចុះ​រហូត​ដល់២,៥ ទៅ៣,៥ អង្សា។

លោក​បន្ថែម​ថា ដោយសារ​ការ​ធ្លាក់​ចុះ​សីតុណ្ហភាពខ្លាំង​នេះ​មាន​រយៈពេល​តែ​ជាង​១០​នាទី ទើប​មិន​បាន​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​មនុស្ស​សត្វ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា លោក​បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​បរិភោគ​ដុំ​ទឹកកក​ដែល​មាន​ជាតិ​អាស៊ីដ​នោះ ជៀសវាង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព។

លោក​បញ្ជាក់​ថា៖ «កុំ​ទាន់​អាល​យក​ទឹក​ភ្លៀង​ដែល​យើងត្រង់​ហ្នឹង កុំ​ទាន់​អាល​ប្រើប្រាស់​ទឹក​ហ្នឹង។ ពេលដែល​ភ្លៀង​ធ្លាក់​ភ្លាមៗ មាន​ជាតិ​អាស៊ីដ​ខ្ពស់។ បើ​យើង​ញ៉ាំ​ទៅ ​វា​ប៉ះពាល់​ដល់​ក្រពះ​ដល់​អី​អញ្ចឹង។ បញ្ហា​ទី២​គឺ​ដុំ​ទឹកកក​ហ្នឹង​ឯង គួរ​កុំ​បរិភោគ។ ដោយសារ​ដុំ​ទឹកកក​តែឯង​នេះ​កកើត​ឡើង​ពីសមាស​ធាតុ​ចម្រុះ ​អញ្ចឹង​វា​អាច​មាន​មេរោគ​ដែល​ខ្យល់​បក់​កួច​យក​ទៅ»។

លោក ចាន់ យុត្ថា បន្ថែម​ថា ការ​ធ្លាក់​ដុំ​ទឹកកក​មក​ជាមួយ​ភ្លៀង​ ដែល​តែង​កើត​មាន​ក្នុង​ដើម​រដូវ​វស្សា ឬ​ហៅថា​ភ្លៀង​កក់​ខែ​នេះ ​មិនមែន​ជា​បាតុភូត​ថ្មី​ដែល​គួរ​ឲ្យ​បារម្ភ​ខ្លាំង​នោះ​ទេ។ ប៉ុន្តែ​លោក​ថា បាតុភូត​រន្ទះ​ និង​ខ្យល់​កន្ត្រាក់ គឺជា​បាតុភូត​ដែល​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ត្រូវ​ប្រុង​ប្រយ័ត្ន និង​ការពារ​ខ្លួន​ឲ្យ​បាន​គ្រប់​ពេល។

ភ្លៀង​កក់​ខែ និង​ខ្យល់​កន្ត្រាក់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បាន​បណ្ដាល​ឲ្យ​មនុស្ស ៣​នាក់​ស្លាប់ ខូច​ខាតផ្ទះ​សម្បែង ​អគារ​សិក្សា និង​រលំ​បង្គោល​ភ្លើង​មួយ​ចំនួន។

កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា​នេះ​ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ជូន​ដំណឹង​ថា នៅ​តាម​រាជធានី​ខេត្តមួយ​ចំនួន ពិសេស​ខេត្ត​បាត់ដំបង ប៉ៃលិន ព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និង​ខេត្ត​សៀម​រាប អាច​ប្រឈម​នឹង​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​កើត​មាន​ឡើង​នៅ​ពេល​មេឃ​ភ្លៀង ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៩ ខែ​មេសា៕

XS
SM
MD
LG