ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អភិបាល​ខេត្ត​រតនគិរី​ រង​ការ​ស្ដីបន្ទោស​ថា​បាន​ភូតភរ​រដ្ឋមន្ត្រី​បី​នាក់


រូបឯកសារ៖ លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋ​មន្រ្តី​នៃ​គណៈ​កម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​(គ.ជ.អ.ប) នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦ រាជធានី​ភ្នំពេញ។​ (ឡេង ឡែន/VOA)​

រូបឯកសារ៖ លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋ​មន្រ្តី​នៃ​គណៈ​កម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​(គ.ជ.អ.ប) នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦ រាជធានី​ភ្នំពេញ។​ (ឡេង ឡែន/VOA)​

លោក​ស ខេង​ បាន​លើកឡើង​ថា រដ្ឋមន្ត្រី​បី​រូប​បាន​ចុះ​ទៅ​បំពេញ​បេសកកម្ម​ការងារ​នៅ​ខេត្ត​រតនគិរី​ រួមមាន​លោក ​ជា​ សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​​ នគររូបនីយកម្ម​និង​សំណង់​ លោក​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​លោក ​អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ក៏​ប៉ុន្តែ​បែរ​ជា​លោក​ ថង​ សាវុន​ មិនបាន​ទទួល​ជួប​រដ្ឋមន្ត្រី​ទាំង​បី​រូប​នោះ​ទេ។

លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ស្ដីបន្ទោស​អភិបាល​ខេត្ត​រតនគិរី​លោក​ ថង សាវុន​ ថា​បាន​គេចវេះ​មិន​ជួប​រដ្ឋ​មន្ត្រី​បី​រូប​ដែល​បាន​ចុះ​ទៅ​ធ្វើ​បេសកកម្ម​នៅ​ក្នុង​ខេត្តនេះ ដោយ​បាន​ភូត​កុហក​ថា​ជាប់​រវល់​ប្រជុំ​ជាមួយ​លោក។

ថ្លែង​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល​ដែល​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ស្ដីពី​ការ​អនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក​ប្រចាំ​ឆ្នាំ​ ២០១៦​ និង​ទិស​ដៅ​ការ​ងារ​ឆ្នាំ​២០១៧ ដែល​រៀប​ចំ​ឡើង​នៅ​រាជ​ធានីភ្នំពេញ​ កាលពី​ព្រឹក​ចន្ទ លោក​ស ខេង​ បាន​លើកឡើង​ថា រដ្ឋមន្ត្រី​បី​រូប​បាន​ចុះ​ទៅ​បំពេញ​បេសកកម្ម​ការងារ​នៅ​ខេត្ត​រតនគិរី​ រួមមាន​លោក ​ជា​ សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី នគររូបនីយកម្ម​និង​សំណង់​ លោក​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​លោក ​អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ក៏​ប៉ុន្តែ​បែរ​ជា​លោក​ ថង​ សាវុន​ មិនបាន​ទទួល​ជួប​រដ្ឋមន្ត្រី​ទាំង​បី​រូប​នោះ​ទេ។

លោក ស​ ខេង​ ​បាន​បន្ត​ថា​ លោក​អភិបាល​ខេត្ត ​ថង សាវុន​ បាន​កុហក​រដ្ឋមន្ត្រី​ទាំង​បី​ថា​ លោក​ទៅ​ជួប​ប្រជុំ​ជាមួយ​រូប​លោក​ តែ​លោក​ថា​មិន​ដែល​បាន​ជួប​ប្រជុំ​ជាមួយ​លោក​អភិបាល​ខេត្ត​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​នោះ​ទេ។

លោក​ ស​ ខេង​ មាន​ប្រសាសន៍​ថា៖​

«​ប៉ុន្តែ​គ្រាន់​ទៅ​ដល់​រតនគិរី​នោះ​ ចៅហ្វាយ​ហ្នឹង​ថា​ មិន​ដឹង​ថា​ចៅហ្វាយ​ខេត្ត​ ឬ​អ្នកបន្ទាប់​មក​រាយការណ៍​ថា​មក​ប្រជុំ​ជាមួយ​សម្ដេច​ក្រឡាហោម​ហើយ។ ហើយ​ខ្ញុំ​វា​មិន​ដែល​ឃើញ​នោះ​មក​ប្រជុំ​ជាមួយ​ខ្ញុំ​ប៉ុន្មាន​ថ្ងៃ​ហ្នឹង​ ខ្ញុំ​អត់​មាន​ប្រជុំ​ផង»។

លោក​ឧបនាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ លោក​អភិបាល​ខេត្ត​ ថង​ សាវុន​ បាន​បំពាន​ច្បាប់​មន្ត្រី​រាជ​ការ​ និង​ខក​ខាន​មិន​បាន​បំពេញ​តួនាទី​ឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុងនាម​ជា​តំណាង​មួយ​រូប​របស់រដ្ឋាភិបាល។

លោក ថង​ ​សា​វុន​ បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ។

លោក​ ឆាយ​ ធី​ មន្ត្រី​សម្របសម្រួល​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​នៅ​ខេត្ត​រតនគិរី ប្រាប់​ VOA ថា​ លោក​ ថង​ សាវុន​ ជា​អភិបាល​ខេត្ត​មួយ​រូប​ដែល​មាន​ភាព​ហ្មត់ចត់​នៅ​ក្នុង​ការ​បំពេញ​ការងារ​របស់​លោក។​

លោក​ថា​ អភិបាល​ខេត្ត​រូប​នេះ​បាន​នាំមក​នូវ​ទំនើបកម្ម​នៅ​ក្នុង​ខេត្ត​ដែល​មាន​ប្រជាជន​ជា​ជនជាតិ​ដើម​ភាគតិច​ជាច្រើន​បាន​រស់​នៅ​ ហើយ​ថា​ លោក​អភិបាល​ខេត្ត​ក៏បាន​ទប់​ស្កាត់​មិន​ឲ្យ​មាន​ជម្លោះ​ដី​ធ្លី​ផង​ដែរ។

​ពាក់​ព័ន្ធ​នឹង​ការ​ស្ដីបន្ទោស​ពី​លោក​រដ្ឋមន្ត្រី​ ស​ ខេង​ ទៅ​លើ​លោក​ ថង​ សាវុន លោក​ ឆាយ​ ធី​ ថ្លែង​ថា​ លោក​មិន​ដឹង​ថា​មាន​បញ្ហា​ផ្ទៃក្នុង​ឬ​យ៉ាងណា​ទេ​ រវាង​លោក​អភិបាល​ខេត្ត​និង​រដ្ឋមន្ត្រី​ទាំង​បី។​

ប៉ុន្តែ លោក​ ឆាយ ធី​ បាន​បន្ថែម​ថា ​ប្រសិន​បើ​លោក​អភិបាល​ខេត្ត ថង សាវុន​ ពិតជា​បាន​ធ្វើ​ខុស​ដូច​ការ​អះអាង​របស់​លោក​ ស ខេង​ នោះ​វា​ជា​ការ​បង្ហាញ​ថា​ លោក​មាន​កម្សោយ​ក្នុង​កិច្ចការ​រដ្ឋបាល​ ហើយ​សម​នឹង​ទទួល​ការ​ស្ដីបន្ទោស។

«ពេល​ដែល​រវល់​ហើយ​ មិន​ចាត់​មន្ត្រី​ជា​តំណាង​ឬ​ក៏​គាត់​មិន​រវល់​ទេ​ គាត់​ថា​រវល់។ អា​ហ្នឹង​ជា​ការ​គេច​វេះ​មួយ​ អា​ហ្នឹង​ត្រូវ​តែ​ទទួល​ការ​ស្ដីបន្ទោស។ ហើយ​ជាក់ស្ដែង​ ឧទាហរណ៍​ យើង​ឃើញ​សារ​ព័ត៌មាន​ ដែល​បាន​ចុះ​ផ្សាយ​ព្រឹក​មិញ​ សម្ដេច​ ស ខេង​ គាត់​បាន​ស្ដីបន្ទោស​ហើយ​ នេះ​ជា​ការ​អប់រំ​មួយ​ដែរ​ទៅ​ដល់​មន្ត្រី​ ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​ខេត្ត​ណា៎ បាទ​ហើយ​ កុំ​ឲ្យ​ធ្វេស​ប្រហែស​នឹង​ការងារ។ ឲ្យ​ចេះ​ទទួល​ខុសត្រូវ​ការងារ​ ហើយ​ចេះ​សម្រប​សម្រួល​រវាង​ថ្នាក់​មូលដ្ឋាន​ និង​ថ្នាក់​ជាតិ»។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៤​កន្លង​ទៅ ​លោក ស ខេង ក៏​ធ្លាប់​បានស្ដី​បន្ទោស​អភិបាល​ខេត្ត​តាកែវ​គឺ​លោក ឡាយ វណ្ណៈ ​ជា​សាធារណៈ​ផង​ដែរ ដោយ​លោក​ ស ខេង អះអាង​ថា លោក ឡាយ វណ្ណៈ បាន​រារាំង​ការ​ហែ​ក្បួន​មួយ​ដើម្បី​ទៅ​ចូល​រួម​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិក្នុង​ឆ្នាំ​នោះ ដោយ​មិន​មាន​បញ្ជា​ពី​ថ្នាក់​លើ។

លោក​ ថង សាវុន បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ខេត្ត​រតនគិរី​ជំនួស​លោក ​ប៉ាវ​ ហមផាន​ ដែល​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទៅ​បម្រើ​ការ​ងារ​នៅ​ក្រសួង​មហាផ្ទៃ​តាំងពី​ខែ​ឧសភា​ ឆ្នាំ​២០១៥។

លោក​ ថង សាវុន​ ត្រូវ​គេ​ដឹង​ថា​គឺ​ជា​កូន​ប្រុស​លោក​ ប៊ូ​ ថង សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ក្មួយ​ប្រុស​របស់​លោក ប៊ូ​ ឡាំ​ តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​មណ្ឌល​ខេត្ត​រតន​គិរី​ផង​ដែរ៕

XS
SM
MD
LG