ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​ត្រៀម​កម្លាំង​ដើម្បី​ធានា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

  • ហ៊ាន សុជាតា

រូបឯកសារ៖ កងកម្លាំង​សន្តិសុខ​ធ្វើ​ល្បាត​ ខណៈ​ពេល​ប្រជាជន​រង់ចាំ​ទទួល​ស្វាគមន៍​ការ​មក​ដល់​របស់​ប្រធានាធិបតី​ចិន​លោក​ Xi Jinping នៅ​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៦។ លោក​ប្រធានា​ធិបតី​ចិន​ Xi Jinping​ ​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ ​ពេល​ពីរ​ថ្ងៃ​ក្នុងប្រទេស​កម្ពុជា​។​ ​លោក​គ្រោងនឹង​ជួប​ព្រះ​មហាក្សត្រ​កម្ពុជា​និង​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​មួយ​ចំនួន​ផង​ដែរ ហើយ​នា​ល្ងាច​នេះ​លោក​Xi ​គ្រោង​នឹង​ចុះ​ហត្ថលេខា​ចំនួន​២៨​ចំនុច​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា។ (ឡេង ឡែន/VOA)

បើ​តាម​លោក រុន រ័ត្នវាសនា​​ ​ថ្លែង​​ប្រាប់ VOA ថា ​ការ​បើកបរ​ល្បឿន​លឿន ការ​បើកបរ​វ៉ា ឬ​ជែង​គ្នា និង​ការ​ផឹក​គ្រឿង​ស្រវឹង​រួច​បើកបរ ​គឺ​ជា​មូលហេតុ​ចម្បងៗ​ដែល​បង្ក​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នា​ពេល​បុណ្យទាន។

ខណៈ​ដែល​ថៃ្ង​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ ឆ្នាំ​រកា​ នឹង​ខិត​ជិត​ចូល​មក​ដល់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ សប្តាហ៍​នេះ រដ្ឋាភិបាល​កម្ពុជា​រៀបចំ​វិធានការ​ដើម្បី​ធានា​សណ្តាប់​ធ្នាប់​និង​សុវត្ថិភាព​ជូន​ពលរដ្ឋ​កម្ពុជា។ រីឯ​អ្នក​ជំនាញ​សុវត្ថិភាពចរាចរណ៍​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ធ្វើ​ដំណើរក្នុងឱកាស​មមាញឹក​នេះ។​

រដ្ឋាភិបាល​កម្ពុជា​ បាន​រៀបចំ​មន្ត្រី​របស់​ខ្លួន​ ដើម្បី​ធានា​សណ្តាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​ជូន​ពលរដ្ឋ​កម្ពុជា​ សម្រាប់​ថៃ្ង​បុណ្យ​ចូលឆ្នាំ​ ប្រពៃណី​ខ្មែរ​ដែល​នឹង​ត្រូវ​ប្រារព្ធ​នៅ​ថ្ងៃ​សុក្រ​នេះ។ ហើយ​អ្នក​ជំនាញ​សុវត្ថិភាពចរាចរណ៍​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ធ្វើ​ដំណើរ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ។

លោក គៀត ច័ន្ទថារិទ្ធ​ អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ឲ្យ​ដឹង​ថា ​ក្រសួង​មហាផ្ទៃ​ និង​នគរបាល​ជាតិ​ បាន​រៀបចំ​កម្លាំង​ប្រដាប់​អាវុធ​ ដើម្បី​ការពារ​ នៅ​តាម​កន្លែង​កម្សាន្ត​និង​រមណីយដ្ឋាន​នានា​ ក្នុង​ពេល​បុណ្យ​ចូលឆ្នាំខ្មែរ​នេះ។

លោក​ថា រដ្ឋាភិបាល​បាន​រៀបចំ​មន្ត្រី​នគរបាល​ប្រចាំការ​យ៉ាង​ហោច​ណាស់​ចំនួន​២ភាគ៣​ នៃ​មន្ត្រី​នគរបាល​សរុប​ នៅ​តាម​តំបន់​គោលដៅ​នីមួយៗ​ ​ព្រម​ទាំង​មាន​ការ​ផ្លាស់ប្តូរ​វេន​គ្នា​ដើម្បី​ឈប់​សម្រាក​នា​ឱកាស​បុណ្យ​ចូលឆ្នាំ​ដែល​មាន​រយៈ​ពេល​បី​ថ្ងៃ​ខាងមុខ​នេះ។​

«ទី១​ គឺ​ក្រើន​រំឭក​ដល់​បងប្អូន[អាជ្ញាធរ] គឺ​ថា​យក​ចិត្ត​ទុកដាក់​លើ​វិធានការ​ជំនាញ​របស់​នគរបាល​ ដើម្បី​ក្តាប់​បាន​អំពី​សភាពការណ៍​ ឬ​ព័ត៌មាន​ទាំងឡាយ​ ដែល​ពាក់ព័ន្ធ​ដល់​សន្តិសុខ​ យាយី​រំខាន​ បង្ក​បញ្ហា​ផ្សេងៗ​ក្នុង​ពេល​ចូលឆ្នាំ។ ទី២ ​ប្រមូល​ផ្តុំ​ការ​គ្រប់គ្រង​មុខ​សញ្ញា​សង្ស័យ​ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​បទល្មើស»។​

ក្រុម​សមត្ថកិច្ច​ចល័ត​នៅ​ក្បែរ​វិមាន​ឯករាជ្យ​ ដើម្បី​រៀបចំ​សណ្ដាប់និង​រក្សា​សន្តិសុខ​ដើម្បី​ស្វាគមន៍លោក​ប្រធានា​ធិបតី​ចិន​ Xi Jinpingស្វាគមន៍​លោក​ក្នុងទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែ​តុលា​ ឆ្នាំ​២០១៦។​( ឡេង ឡែន/VOA)
ក្រុម​សមត្ថកិច្ច​ចល័ត​នៅ​ក្បែរ​វិមាន​ឯករាជ្យ​ ដើម្បី​រៀបចំ​សណ្ដាប់និង​រក្សា​សន្តិសុខ​ដើម្បី​ស្វាគមន៍លោក​ប្រធានា​ធិបតី​ចិន​ Xi Jinpingស្វាគមន៍​លោក​ក្នុងទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែ​តុលា​ ឆ្នាំ​២០១៦។​( ឡេង ឡែន/VOA)

លោក​បន្ត​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ ក៏​បាន​ចុះ​តាម​មូលដ្ឋាន ដើម្បី​រំឭក​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ធ្វើ​ដំណើរ ​និង​យកចិត្ត​ទុក​ដាក់​ចំពោះ​អគ្គីភ័យ​ផង​ដែរ។​

«ទី១ ​ គឺ​រំឭក​អំពី​ការ​ពាក់​មួក​សុវត្ថិភាព​ និង​បើកបរ​ដោយ​សុវត្ថិភាព។ ទី២​ រំឭក​ពី​ការ​បង្ការ ប្រុង​ប្រយ័ត្ន​អគ្គីភ័យ​ឆេះ​ មុន​ទៅ​ណា​មក​ណា​ ឲ្យ​គាត់​បិទ​កុងតាក់​ភ្លើង​ ពន្លត់​ចង្ក្រាន​ និង​ទៀន​ធូប​ជាដើម។ ទី៣​ ឲ្យ​បងប្អូន​មើល​ផ្ទះ​សម្បែង​ណា​ដែល​ពលរដ្ឋ​ចេញ​ទៅ​បិទ​ទ្វារ​ចាក់​សោ​ ក្រែងលោ​មាន​ចោរ​លួច​គាស់​ផ្ទះ​សម្បែង​គាត់»។

លោក រុន រ័ត្នវាសនា​ ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ ឲ្យ​ដឹង​ថា​ មន្ត្រី​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​ ចំនួន​ប្រមាណ​៥.០០០​នាក់​ បាន​ត្រៀមខ្លួន​ដើម្បី​សម្រួល​ចរាចរណ៍ និង​ត្រួត​ពិនិត្យ​ចរាចរណ៍នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​រាជធានី​ និង​តាម​បណ្តា​ខេត្ត​នានា។

បើ​តាម​លោក រុន រ័ត្នវាសនា ​ថ្លែងប្រាប់ VOA ថា ​ការ​បើកបរ​ល្បឿន​លឿន ការ​បើកបរ​វ៉ា ឬ​ជែង​គ្នា និង​ការ​ផឹក​គ្រឿង​ស្រវឹង​រួច​បើកបរ ​គឺ​ជា​មូលហេតុ​ចម្បងៗ​ដែល​បង្ក​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នា​ពេល​បុណ្យទាន។

លោក​ថ្លែង​ថា៖

​«យើង​ឃើញ​ថា កន្លង​មក​ ឲ្យ​តែ​មាន​បុណ្យ​ទាន​ ការ​ស្លាប់ និង​របួស​ច្រើន​ជាង​ថ្ងៃ​ធម្មតា។ ចំពោះ​កិច្ច​ការងារ​ចរាចរណ៍​ យើង​បាន​ត្រៀម​លក្ខណៈ​ជាមុន បាន​ន័យ​ថា​ ធ្វើ​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ​ ធ្វើ​ការ​ត្រួត​ពិនិត្យ​ដើម​ទី​ ចុងទី និង​តំបន់​កម្សាន្ត​ផ្សេងៗ ដូចជា​ វត្តអារាម ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​សម្រួល​លំហូរ​ចរាចរណ៍ ដើម្បី​ឲ្យ​បងប្អូន​យើង​ធ្វើ​ដំណើរ​ទៅ​ស្រុក។ ហើយ​ជា​ពិសេស គឺ​ធ្វើការ​ពិនិត្យ​ល្បឿន​តាម​ផ្លូវជាតិ»។

យ៉ាងណា​ក៏ដោយ​ លោក អ៊ា ចរិយា​ អ្នក​ប្រឹក្សា​ឯករាជ្យ​ ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ ចំនួន​អ្នក​សេព​គ្រឿង​ស្រវឹង​រួច​បើកបរ​ដែល​អាច​មាន​ចំនួន​កើន​ឡើង​ខ្ពស់​ នា​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ។​

លោកបញ្ជាក់​ប្រាប់​ VOA ថា៖

«ខ្ញុំ​សុំ​ឲ្យ​អាជ្ញាធរ​ធ្វើការ​ផ្សព្វផ្សាយ​ និង​អប់រំ​ នៅ​តាម​មូលដ្ឋាន​ឲ្យ​បាន​ច្រើន ជួយ​ដាស់​តឿន​ពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ពេល​បើកបរ​កុំ​បើកបរ​ហួស​ល្បឿន​កំណត់​ ហាម​ឃាត់​កុំ​ឲ្យ​មាន​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ រួច​បើកបរ ដាក់​កន្លែង​ត្រួត​ពិនិត្យ​ឲ្យ​បាន​ច្រើន​កន្លែង ដើម្បី​បញ្ចៀស​ការ​បើកបរ​ក្រោយ​ឥទ្ធិពល​គ្រឿង​ស្រវឹង»។​

រូបឯកសារ៖ អ៊ា ចរិយា ទីប្រឹក្សាឯករាជផ្នែកសុវត្ថិភាពចរាចរណ៍។
រូបឯកសារ៖ អ៊ា ចរិយា ទីប្រឹក្សាឯករាជផ្នែកសុវត្ថិភាពចរាចរណ៍។

អ្នក​ជំនាញ​ចរាចរណ៍ និង​អាជ្ញាធរ​កម្ពុជា អំពាវនាវ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ បើកបរ​ដោយ​ប្រុង​ប្រយ័ត្ន​ ពាក់​មួក​សុវត្ថិភាព​ចរាចរណ៍​ និង​ខ្សែ​ក្រវាត់​ឲ្យ​បាន​ត្រឹម​ត្រូវ​ ជា​ពិសេស​ចំពោះ​ការ​ធ្វើ​ដំណើរ​អំឡុង​ពេល​ចូលឆ្នាំ​ខ្មែរ​នេះ។

របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​ បង្ហាញ​ថា​ ក្នុង​អំឡុងពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ​ឆ្នាំ២០១៦​ រយៈពេល​៥ថ្ងៃ​ (១៣-១៧ មេសា ២០១៦) មាន​គ្រោះថ្នាក់​ចរាចរណ៍​ ចំនួន​១១៣​ករណី។ ក្នុង​នោះ​មាន​ មនុស្ស​ជាង​៥០នាក់​ស្លាប់ និង​ជាង​២០០​នាក់​ទៀត​រង​របួស។ ចំនួន​នេះ​ មាន​ការ​ថយ​ចុះ​ បើ​ធៀប​នឹង​ឆ្នាំ​មុនៗ​ បន្ទាប់​ពី​មាន​ការ​រឹត​បណ្តឹង​ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី៕

XS
SM
MD
LG