ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល​សុំ​ឲ្យ​មាន​ច្បាប់​ទប់ស្កាត់​ការផ្សព្វផ្សាយ​ការសន្ទនា​ឯកជន


លោក​ កែវ រ៉េមី​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ​នៅក្នុង​សន្និសីទ​ស្តីពី​សិទ្ធិមនុស្ស​នា​ពេល​បច្ចុប្បន្ន​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មិនា​ ឆ្នាំ​២០១៧។​ (ហ៊ាន សុជាតា/VOA)
លោក​ កែវ រ៉េមី​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ​នៅក្នុង​សន្និសីទ​ស្តីពី​សិទ្ធិមនុស្ស​នា​ពេល​បច្ចុប្បន្ន​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មិនា​ ឆ្នាំ​២០១៧។​ (ហ៊ាន សុជាតា/VOA)

លោក​ កែវ រ៉េមី​ ស្នើ​ឲ្យ​​អាជ្ញាធរ​ពាក់ព័ន្ធ​ ស៊ើប​អង្កេត​ជុំ​វិញ​ការ​បែក​ធ្លាយ​សំឡេង​ឯកជន​ទាំង​នោះ​ ដើម្បី​ធានា​ថា​សិទ្ធិឯកជន​របស់​ពលរដ្ឋ​កម្ពុជា​ត្រូវ​បាន​ការពារ។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ នៅព្រឹក​ថ្ងៃ​សុក្រ​នេះ​ អំពាវនាវ​ឲ្យ​មាន​ការ​បង្កើត​ច្បាប់​ជាក់លាក់​មួយ​ ដើម្បី​ទប់ស្កាត់​ ការ​ផ្សព្វផ្សាយ​បទ​សន្ទនា​ឯកជន​ដោយ​គ្មាន​ការអនុញ្ញាត។

លោក កែវ រ៉េមី​ ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ថ្លែង​ថាការ​វិវឌ្ឍ​នៃ​បច្ចេកវិទ្យាទំនើប​បាន​ទាមទារ​ឲ្យ​កម្ពុជា​បង្កើត​ច្បាប់​បន្ថែម​ទៀត ​ដើម្បី​ទប់ស្កាត់ការ​លួច​ស្តាប់​បទ​សន្ទនា​ឯកជន។​

សន្និសីទ​ស្តីពី​សិទ្ធិមនុស្ស​នា​ពេល​បច្ចុប្បន្ន​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មិនា​ ឆ្នាំ​២០១៧។​ (ហ៊ាន សុជាតា​/VOA Khmer)
សន្និសីទ​ស្តីពី​សិទ្ធិមនុស្ស​នា​ពេល​បច្ចុប្បន្ន​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មិនា​ ឆ្នាំ​២០១៧។​ (ហ៊ាន សុជាតា​/VOA Khmer)

លោក​ថ្លែងមក​កាន់​ក្រុម​អ្នក​សារព័ត៌មាន​យ៉ាងដូច្នេះ​ នៅ​ក្នុង​សន្និសីទ​មួយស្តី​ពី «សិទ្ធិមនុស្ស​ នា​ពេល​បច្ចុប្បន្ន​»​ នា​ព្រឹក​ថ្ងៃ​សុក្រនេះ​។

«បច្ចេកវិទ្យា​ទំនើប​ទាមទារ​ឲ្យ​យើង​ធ្វើ​ច្បាប់​ដើម្បី​ច្បាប់​គ្រប់គ្រង​ទាក់ទង​នឹង​ការ​សន្ទនា​នេះ​។ អីចឹង​វា​អាច​ទាក់ទង​ទៅ​នឹង​ការ​លើកឡើង​ធ្វើ​ជាច្បាប់​មួយ​ហ្មង​ អាហ្នឹង​ទាល់​តែ​ស្នើ​ទៅ​រដ្ឋសភា​ ឬ​មាន​មតិ​ខាង​សង្គម​ស៊ីវិល​គ្រប់​ជ្រុង​ជ្រោយ​ទាំង​អស់​ ដើម្បី​ពិចារណា​ក្នុង​ការ​ធ្វើ​ច្បាប់ ​ជា​លក្ខណៈ​ពិសេស​មួយ​ទាក់ទង​នឹង​ការ​លេច​សំឡេង»។

លោក​ កែវ រ៉េមី​ ស្នើ​ឲ្យអាជ្ញាធរ​ពាក់ព័ន្ធ​ ស៊ើប​អង្កេត​ជុំ​វិញ​ការ​បែក​ធ្លាយ​សំឡេង​ឯកជន​ទាំង​នោះ​ ដើម្បី​ធានា​ថា​សិទ្ធិឯកជន​របស់​ពលរដ្ឋ​កម្ពុជា​ត្រូវ​បាន​ការពារ។ ​

«គ្រាន់​តែ​អំពាវនាវ​ដល់​សមត្ថកិច្ច​ ថា​សុំ​ឲ្យ​ពិចារណា​ទាក់​ទង​ទៅ​ការលេចធ្លាយ​ ​ម្តង​ឮ​ខាង​នេះ​ម្តង​ឮ​ខាង​នោះ​ របៀប​ម៉េច?​ សូម្បី​យើង​ម្នាក់ៗ​លែង​ចង់​ហ៊ាន​និយាយ​ទូរស័ព្ទ។ អីចឹង​សូម​ឲ្យ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ដើម្បី​ធានា​នូវ​ការ​និយាយលក្ខណៈ​ឯកជន​របស់​គេ»។

ការ​លើក​ឡើង​របស់​ លោក​ កែវ រ៉េមី​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​បែក​ធ្លាយ​ការ​សន្ទនា​តាម​ទូរស័ព្ទ​ និង​សារ​ឆ្លង​ឆ្លើយ​គ្នា​រវាង​អ្នក​នយោបាយ​សំខាន់ៗ​ ជា​បន្ត​បន្ទាប់។

ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៦​មក​ ការ​សន្ទនា​តាម​ទូរស័ព្ទ​ទាំង​សំឡេង​ និង​សារ​ឆ្លើយ​ឆ្លង​គ្នា​ ត្រូវបាន​ផ្សព្វផ្សាយ​ជា​សារធារណៈ​ មានទាំង​សំឡេង​សន្ទនា​ ដែល​គេ​សង្ស័យ​ថា​ជា​ការ​ឆ្លងឆ្លើយ​រវាង​មន្ត្រី​ជាន់ខ្ពស់​របស់គណបក្ស​ជំទាស់​ជា​ច្រើន​រូប​ជាមួយ​ដៃ​គូ​ស្នេហា។

កាល​ពី​សប្តាហ៍​មុន ក៏​មាន​ផងដែរ នូវ​ការ​ផ្សព្វផ្សាយ​បទសន្ទនា​រវាង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹម សុខា។​ខ្សែ​អាត់​សំឡេង​នោះ​បង្ហាញ​ថា ​លោក​ហ៊ុន សែន​បាន​ព្យាយាម​ជំរុញ​ឲ្យ​លោក​កឹម សុខា​ វាយ​ប្រហារ​លោក​សម រង្ស៊ី ​ដែល​ជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ​

លោក​ យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ ​និង​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែងថា​ ការ​ផ្សព្វ​ផ្សាយ​បទ​សន្ទនា​ឯកជន​ នា​ពេល​កន្លង​មក​ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ និងវិនិយោគិន​បរទេស​មាន​ការ​ព្រួយ​បារម្ភ។​

លោក​បន្ត​ថា ការ​ស្វែង​រក​អ្នក​ផ្សព្វផ្សាយ​បទ​សន្ទនា​ឯកជន​ដោយ​ខុស​ច្បាប់​ទាំង​នោះ​ គឺជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល។

«កន្លង​មក​គឺ​អ្នកណា​ដែល​ជា​អ្នក​បញ្ចេញ​សារ​អី​ គឺ​គួរ​តែ​ជា​តួនាទី​របស់​គណបក្ស​កាន់​អំណាច​ដើម្បី​រក​ឲ្យ​ឃើញ​ ព្រោះ​អ្នកធ្វើ​ហ្នឹង​គឺ​ខុស​ច្បាប់។ ច្បាប់​ល្អ​ ក៏ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​អត់ល្អ​។ ទាំង​តុលាការ​ ទាំង​គណបក្ស​កាន់​អំណាច ​គឺ​មិន​មាន​សមត្ថភាព​ ទប់ស្កាត់​បទល្មើស​ទាំង​អស់ហ្នឹង»។

លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ យល់​ថា​ការ​បង្កើត​ច្បាប់​ គឺ​ជា​គំនិត​ល្អ​មួយ​ហើយ។ ក៏ប៉ុន្តែ​លោក​ថា​ អ្វី​ដែល​សំខាន់​នោះ​ គឺ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​ច្បាប់។

«អីចឹង​យើង​ឃើញ​ថា​ ច្បាប់​មាន​ហើយ​ តែ​ការ​អនុវត្ត​មិន​សូវ​មាន​ប្រសិទ្ធភាព​។ ទោះបី​ជា​យើង​បង្កើត​ច្បាប់​ក៏ដោយ​ ប៉ុន្តែ​បើ​សិន​ជា​យើង​មិន​អនុវត្ត​ ក៏​វា​អត់​មាន​ប្រសិទ្ធភាព​ដែរ។ តើ​យើង​មាន​ឆន្ទៈ​ប៉ុណ្ណា​ក្នុង​ការ​បង្កើត​ច្បាប់​ ហើយ​នឹង​ការ​អនុវត្ត​ហ្នឹង។ សំខាន់​ច្បាប់​ដែល​មាន​ស្រាប់​នេះ​ ដែល​មិន​ទាន់​មាន​ច្បាប់​ថ្មី ​ច្បាប់​ដែល​មាន​ស្រាប់ ​យើង​គួរ​តែ​អនុវត្ត​សិន»។

បទល្មើសនៃ​ការ​ថត​សំឡេង​ ដោយ​គ្មាន​ការអនុញ្ញាត​ពី​សាម៉ី​ខ្លួន​ មាន​ចែង​នៅក្នុង​ក្រម​ព្រហ្មទណ្ឌ​ និង​ច្បាប់​ស្តី​ពី​ទូរគមនាគមន៍។ ច្បាប់​ទាំង​២នេះ​ កំណត់​ថា​ ការ​ស្តាប់​ និង​លួចថត​សម្តី​ដែល​សន្ទនា​គ្នា​ជា​ឯកជន​ ឬ​ដោយ​សម្ងាត់​ ដោយ​គ្មាន​ការ​យល់ព្រម​ពី​ភាគី​សន្ទនា​ គឺ​ជា​អំពើ​ខុសច្បាប់​ ដែល​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ​ពី​១ខែ ​ដល់​១ឆ្នាំ​។​

យ៉ាង​ណា​ក៏​ដោយ​ គេ​សង្កេត​ឃើញ​ថា​ ច្បាប់​ទាំង​២​នេះ​ មិន​ទាន់​ត្រូវ​បាន​អនុវត្ត​ទៅ​លើ​ករណី​ណា​មួយ​នៃ​ការ​ផ្សព្វផ្សាយ​បទ​សន្ទនា​ នា​រយៈពេល​ចុង​ក្រោយ​នេះ​ទេ៕

XS
SM
MD
LG