ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​កម្ពុជា ប្រកាស​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ​ជាង​៥០០​គ្រួសារ

  • ហ៊ាន សុជាតា

រូបឯកសារ៖ នៅ​ព្រឹក​ថ្ងៃ​ធុធ​ ទី​១៨​ ខែ​ មករា​ ឆ្នាំ​ ២០១៧​ ​ក្រុម​ប្រជា​ពល​រដ្ឋ​មក​ពី​សហគមន៍​នានា​ដែល​រងការ​​រំលោភ​បំពាន​ដីធ្លី​ បាន​មក​ប្រមូល​ផ្តុំ​នៅ​​តុលាការ​កំពូល​​ ដើម្បី​ទាម​ទារ​ដោះ​លែង​អ្នកស្រី​ ទេព​ វន្នី​ ​សកម្មជន​ការពារ​ដីធ្លី​ នៅ​តំបន់​បឹង​កក់​។​ (ហ៊ុល​ រស្មី​/VOA)

លោក​ថា​ ការ​ដោះស្រាយ​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​ជូន​ប្រជា​ពលរដ្ឋ​​ គឺ​ជា​វិញ្ញាសា​សំខាន់​មួយ​ចំពោះ​​ប្រជា​ប្រិយភាព​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​នៅ​ក្នុង​ការ​បោះឆ្នោត​ដែល​កាន់​តែ​ខិត​ជិត​មកដល់។

ក្រសួង​ដែនដី ​នគរូបនីយកម្ម និង​សំណង់​ នឹង​ដោះស្រាយ​វិវាទ​ដីធ្លី ​ដល់​ពលរដ្ឋចំនួន​ជាង​៥០០​គ្រួសារ​ ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ផានអ៊ីមិច​របស់​លោក​ស្រី ​ស៊ុយ សុផាន។​ នេះ​បើ​យោង​តាម​លិខិត​របស់​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ដែល​ត្រូវ​បាន​ផ្ញើ​ជូន​ លោក​ ជា សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ កាលពី​ថ្ងៃ​ព្រហស្បតិ៍។

លិខិត​របស់ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ បាន​សរសេរ​ថា៖ «... រាជ​រដ្ឋាភិបាល​បាន​យល់​ព្រម​ដូច​ខាងក្រោម៖ ១. តម្រូវ​ឲ្យ​លោកស្រី​ ស៊ុយ សុផាន​ ​ចូលរួម​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ និង​ជាមួយអាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដោយ​សុ​ឆន្ទៈ​ បញ្ចប់​វិវាទ និង​ស្មារតី​ទទួលខុសត្រូវ។ ២. ​រដ្ឋបាល​សុរិយោដី ផ្អាក​ការចុះបញ្ជី ឬ​ផ្ទេរផ្ទូរ​ដី ដែលមិនទាន់​ដោះស្រាយ​រួច ចៀសវាង​ធ្វើ​ឲ្យ​វិវាទ​កាន់តែ​រីក​រាល​តទៅទៀត»។​

​លោក​ សេង​ ឡូត​ អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់ បញ្ជាក់​ប្រាប់​ VOA ថា​ ក្រសួង​រៀបចំ​ដែនដី​ នឹង​ចាប់​ផ្ដើម​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​នា​សប្ដាហ៍​ក្រោយ។

«ធម្មតា​ គាត់​ត្រូវតែ​ចូលរួម​ដោះស្រាយ​ហើយ​ ព្រោះ​គាត់​ត្រូវ​ការ​ការពារ​អ្វី​ដែល​គាត់​មាន​ជា​ឯកសារ​ រឹង​មាំ​របស់​គាត់។ ហើយ​ប្រជាពលរដ្ឋ​ គាត់​មាន​ឯកសារ​របស់​គាត់​ដែរ​ ត្រូវ​យក​មក​ដែរ ពិនិត្យ​មើល​ជាមួយ​គ្នា។ ក្រុម​ការងារ​ដែល​ដោះស្រាយ​ នឹង​ត្រូវ​ជួប​គ្នា​រវាង​ប្រជាពលរដ្ឋ​ និងគាត់​ហើយ​ ដើម្បី​ពិនិត្យ​ឯកសារ ដើម្បី​មើល​ដី​ វិវាទ​ហ្នឹង​យ៉ាងម៉េច​ រក​ខុស ​រក​ត្រូវ»។

​លោក​ស្រី ​ស៊ុយ សុផាន​ ប្រធាន​ក្រុមហ៊ុន​ផានអ៊ីមិច​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​មួយ​រូប ដែល​ស្និទ្ធស្នាល​នឹង​គណបក្ស​ប្រជាជន​ដ៏​មានអំណាច។

ក្រុម​ប្រជាពលរដ្ឋ​ដែល​រង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ទាំងនោះ​ បាន​ធ្វើការ​តវ៉ា​ជា​បន្តបន្ទាប់​ ដើម្បី​ស្នើសុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ធ្វើ​អន្តរាគមន៍​ ប៉ុន្តែ​ពុំ​ទទួល​បាន​ដំណោះស្រាយ​សមស្របនៅ​ឡើយ​ទេ។​

បញ្ជី​ករណី​វិវាទ​ដីធ្លី​របស់​ក្រសួង​ដែនដី ​នគរូបនីយកម្ម និង​សំណង់ ​ឲ្យដឹង​ថា​ ក្រសួង​នេះ​ នឹង​ដោះស្រាយ​វិវាទ​ដីធ្លី​ រវាង​លោកស្រី​ ស៊ុយ សុផាន​ និង​ប្រជា​ពលរដ្ឋ ​ចំនួន​៥៥៤​គ្រួសារ ​ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ច្បារ អំពៅ​ រាជធានី​ភ្នំពេញ​ និង​ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល។

បញ្ជី​ដដែល​បន្ថែម​ថា​ ប្រជា​ពលរដ្ឋ ​ចំនួន​៥៥៤​គ្រួសារ​នេះ​ បាន​ដាក់​ពាក្យ​ប្ដឹង​មក​កាន់​ក្រសួង​ដែនដី​ ដោយ​អះអាង​ថា​ ក្រុមហ៊ុន​ផានអ៊ីម៉ិច បាន​រំលោភ​កាត់​ផ្ដាច់​ផ្លូវ​សាធារណៈ រំលោភ​យក​ដីធ្លី​ពលរដ្ឋ រំលោភ​យក​បឹង​ធម្មជាតិ​ធ្វើជា​កម្មសិទ្ធិ​ ប្រើ​គ្រឿង​ចក្រ​ឈូស​បំផ្លាញ​ដី​ សាងសង់​សំណង់​ទាំង​បំពាន​ ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ លួច​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ និង​ក្លែង​បន្លំ​ឯកសារ​ដីធ្លី​ជាដើម។

VOA បាន​ព្យាយាម​ទាក់ទង​លោកស្រី ស៊ុយ សុផាន ដើម្បី​ស្នើសុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ ប៉ុន្តែ​មិន​ទាន់​ទាក់ទង​លោកស្រី​បាន​ទេ ត្រឹម​ថ្ងៃ​សុក្រ​នេះ។​

យ៉ាង​ណា​ក៏​ដោយ លោក​ អេង ឆៃអ៊ាង​ ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​ ទទួល​ពាក្យ​បណ្ដឹង​អង្កេត​ គាំទ្រវិធានការ​របស់​ក្រសួង​ដែនដី​នគរូបនីយកម្ម ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ ជាពិសេស​នៅ​ពេល​ដែល​ភាគី​ម្ខាង​នៃ​ជម្លោះ​ គឺ​ជា​បុគ្គល​ដែល​មាន​អំណាច​ទឹក​ប្រាក់។

«យើង​ដឹង​ហើយ​ថា​ បញ្ហា​វិវាទ​ដីធ្លី​ដែល​ដោះស្រាយ​មិន​ចេះ​ចប់ មិន​ចេះ​ហើយ​ហ្នឹង គឺ​ច្រើន​រវាង​ប្រជាពលរដ្ឋ​ និង​អ្នក​ដែល​មាន​លុយ​ មាន​អំណាច។ ឥឡូវ​បើ​ក្រសួងដែនដី​ហ្នឹង​ លោក​ធ្វើ​កិច្ច​ការ​ហ្នឹង​ ខ្ញុំ​សាទរ ​គាំទ្រ»។​

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ លោក​ថា​ ការ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ទូទាំង​ផ្ទៃ​ប្រទេស​កម្ពុជា​ គឺជាសមត្ថកិច្ច​របស់​ក្រសួងដែនដី​នគរូបនីយកម្ម ​ដោយ​មិន​ចាំបាច់​មាន​ការ​អនុញ្ញាត​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នោះ​ឡើយ។

លោក​ សៀ ភិរម្យ​ ប្រធាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន ​ បង្ហាញ​ការ​សាទរ​ ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី​រ៉ាំរ៉ៃ​នេះ។

លោក​ថា​ ការ​ដោះស្រាយ​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​ជូន​ប្រជា​ពលរដ្ឋ គឺ​ជា​វិញ្ញាសា​សំខាន់​មួយ​ចំពោះប្រជា​ប្រិយភាព​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​នៅ​ក្នុង​ការ​បោះឆ្នោត​ដែល​កាន់​តែ​ខិត​ជិត​មកដល់។

លោក​បន្ត​ថា​អ្នក​បោះ​ឆ្នោត​ មាន​ភាព​ឈ្លាសវៃជាង​មុន​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើសរើស​អ្នក​ដឹកនាំ​ តាម​រយៈ​សន្លឹក​ឆ្នោត​របស់​គេ។

«ការបោះឆ្នោត​ឃុំ​ សង្កាត់​ ខែ​មិថុនា​ ឆ្នាំ​២០១៧​នេះ​ កាន់​តែ​ខិត​ជិត​មកដល់​ហើយ​ ចឹង​បើ​សិន​ជា​នៅ​តែ​ត្រេតត្រត​ ដោះស្រាយ​រឿង​ហ្នឹង​អូស​ពេល​ទៀត​ទេ គឺ​ចៅសង្កាត់ ឬ​មេឃុំ​របស់​គណបក្ស​កាន់​អំណាច​អី​ នឹង​អាច​មាន​ការ​ប៉ះពាល់ ​ប្រជាពលរដ្ឋ​លែងទុក​ចិត្ត លែង​គាំទ្រ​អីចឹង»។

លោក​ សៀ ភិរម្យ​ កត់សម្គាល់​ឃើញ​សញ្ញា​វិជ្ជមាន នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដែល​រដ្ឋាភិបាល​បានប្ដេជ្ញា​ដោះស្រាយ​បញ្ហា​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ​ ក៏ប៉ុន្តែ​ លោក​ថា​ ការ​អនុវត្ត​ជាក់ស្ដែង​ ហាក់​មាន​ភាព​យឺតយ៉ាវ​នៅឡើយ៕​

XS
SM
MD
LG