ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​ប្រកាស​បើក​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន តែ​បារម្ភ​ខ្លាច​ខ្វះ​កន្លែង​ដាក់​អ្នក​ប្រព្រឹត្ត


លោក​​ហ៊ុន សែន​ ​ចាប់​ដៃ​ស្វាគមន៍​ ​ប្រធានាធិបតីហ្វីលីពីន​ ​លោក​ រ៉ូឌ្រីហ្គោ ឌូតឺតេ​(Rodrigo Duterte)​ នៅ​វិមាន​សន្តិភាព​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេលពីរ​ថ្ងៃ​របស់​ ​លោក​ Duterte​ ​ក្នុង ប្រទេស​កម្ពុជា។​​រូប​ថត​ថ្ងៃ​ទី​១៤​ខែធ្នូ​ឆ្នាំ២០១៦។​ (នៅ វណ្ណារិន/VOA)

លោក​ ហ៊ុន សែន​ ​បាន​កំណត់​គោលការណ៍​រួម​សម្រាប់​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​អនុវត្ត​ការ​បង្ក្រាប​គ្រឿងញៀន ការ​អប់រំ​ពី​ផល​ប៉ះពាល់​ដោយ​គ្រឿង​ញៀន និង​ការ​ទប់ស្កាត់​ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន។

រដ្ឋាភិបាល​កម្ពុជា​ កាល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​បាន​ប្រកាស​បើក​យុទ្ធនាការប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើកទី១ ដែល​មាន​រយៈពេល​៦​ខែ ហើយ​គ្រោង​នឹង​នាំ​ខ្លួន​អ្នក​ប្រើ​ប្រាស់​គ្រឿងញៀន​ជាង​៥​ពាន់នាក់​ទូទាំង​ប្រទេស ដាក់​ក្នុង​មណ្ឌល​កែ​ប្រែ​បន្សាប​គ្រឿង​ញៀន។

កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​ផែនការប្រឆាំង​គ្រឿង​ញៀន​លើក​ទី​មួយ ដែល​មានលោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជា​ប្រធាន​ ហើយ លោក កែ គឹម​យ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ជា​អនុប្រធាន​យុទ្ធនាការ​នេះ។

លោក​ ហ៊ុន សែន​ ​បាន​កំណត់​គោលការណ៍​រួម​សម្រាប់​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​អនុវត្ត​ការ​បង្ក្រាប​គ្រឿងញៀន ការ​អប់រំ​ពី​ផល​ប៉ះពាល់​ដោយ​គ្រឿង​ញៀន និង​ការ​ទប់ស្កាត់​ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន។

​លោក​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ ចាត់​វិធានការ​តឹងរ៉ឹង​ទាំង​ក្នុង​ប្រទេស និង​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ រួម​និង​វិធានការ​ព្យាបាល​សម្រាប់​ជន​រងគ្រោះ​ដែល​ជា​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ជាដើម។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់ពី​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូធឺធេ (Rodrigo Duterte) ដែល​ល្បី​ខាង​ប្រើ​កណ្ដាប់​ដៃ​ដែក​ក្នុង​ការ​បង្ក្រាប​គ្រឿង​ញៀន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា។

រដ្ឋាភិបាល​របស់​លោក​ Rodrigo Duterteដែល​បាន​ចុះ​ហត្ថ​លេខាលើ​អនុស្សរណៈ​យោគ​យល់​គ្នា ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ជាមួយ​កម្ពុជា​ បាន​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​ជាង​៦០០០​នាក់​ស្លាប់​នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​របស់​លោក។

លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថ្លែង​ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​ផែន​ការ​ស្ដីពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​ធ្នូ នេះ​ថា យុទ្ធនាការ​ប្រឆាំង​នឹង​គ្រឿង​ញៀន​ទូទាំង​ប្រទេស​នេះ​ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី១ ខែ​មករា ដល់​ថ្ងៃទី៣០ ខែ​មិថុនា ឆ្នាំ​២០១៧។

លោក​បន្ត​ថា អាជ្ញាធរ​គ្រោង​នឹង​ចាប់​ខ្លួន​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ជាង​៥​ពាន់​នាក់ ទៅ​បន្សាប​នៅ​មណ្ឌល​កែប្រែ។​

ទោះ​បីជា​មាន​ការ​តាំងចិត្ត​ក្នុង​ការ​បង្ក្រាប​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ​នេះ​យ៉ាងណា​ក៏ដោយ លោក កែ គឹមយ៉ាន បន្ថែម​ថា យុទ្ធនាការ​នេះ នឹង​ប្រឈម​បញ្ហា​ខ្វះ​មណ្ឌល​កែប្រែ និង​ពន្ធនាគារ​សម្រាប់​ដាក់​ពួកគេ។

លោក​បាន​ជំរុញ​ឲ្យអាជ្ញាធរ​ និង​សមត្ថកិច្ចពាក់​ព័ន្ធ​ប្រញាប់​ដោះ​ស្រាយ​បញ្ហា​ទាំងនេះ​ឲ្យ​ទាន់​ពេល​វេលា។

«ឥលូវ​នេះ ​ការ​ចាប់​ចង​វា​អត់​មាន​កន្លែង​ដាក់​ទៀត​ទេ​ទាំង​នៅ​ក្នុង​គុក​ទាំង​នៅ​ក្នុង​មណ្ឌលព្យាបាល។ ឥលូវ​កំពុង​បារម្ភ​ថា​ប្រតិបត្តិការ​នេះ​តើ​យក​ទៅ​ដាក់​ឯណា? នេះ​ជា​បញ្ហា​មួយ​ដែល​ចោទ​នៅ​ក្នុង​ពហុ​វិស័យ ព្រោះ​យើង​ត្រូវ​ដោះ​ស្រាយ វិស័យ​អប់រំ វិស័យ​ច្បាប់ និង​ការ​ស្ដារ​នីតិ​សម្បទាដើម្បីបំបាត់​ទីផ្សារ​គ្រឿង​ញៀន។ ដូច្នេះ​ការ​ឆ្លើយ​តប​នេះ​ មិនមែន​ថា​ថ្នាក់​ដឹកនាំ​មិន​ធ្វើ​ទេ ប៉ុន្តែ​ការ​ឆ្លើយ​តប​នេះ​វា​មិន​មក​ជា​ពហុវិស័យ។ អញ្ចឹង​ហើយ​ វា​មាន​បញ្ហា​លើ​លទ្ធផលប្រតិបត្តិការ»។

លោក កែ គឹមយ៉ាន បន្ថែម​ថា ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យ​ឡើង​វិញ​លើ​ការអនុវត្ត​ច្បាប់​ផ្ដន្ទាទោស​មន្ត្រី​ដែល​ឃុបឃិត​ក្នុង​ការ​ជួញដូរ​គ្រឿងញៀន​កន្លង​មក។ ឮ

លោក​បន្ថែម​ថា​ជនល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​ដែល​ធ្វើ​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​ស្លាប់​ ឬ​មាន​របួស​ គួរ​តែ​ទទួល​ទោស​ដែល​មាន​កម្រិត​ធ្ងន់​ជាង​ករណី​គ្រឿងញៀន​ធម្មតា។​

«បើ​មន្ត្រី​របស់​យើង​មាន​ឋានៈ​កាន់​តែ​ខ្ពស់​ ទោស​កាន់​តែ​ធ្ងន់។ ក្នុង​ពេល​ប្រតិបត្តិការ គឺ​ទោស​ថា​ត្រូវ​ទ្វេ​ដង មិនមែន​បន្ថយ​ទោស​ទេ។ ​នាយ​ទាហាន ឬ​មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត​ឆ្លៀត​ជួញ​ដូរ​គ្រឿងញៀន​ក្នុង​ពេល​ប្រតិបត្តិការ​ គឺ​មាន​ទម្ងន់​ទ្វេ​ទោស​ដូច​គ្នា។ ករណី​ទី២ ករណីរាជ​អាវុធ​ហត្ថ​ថ្មីៗ​នេះ​ ដែល​ប្រតិបត្តិការ​ទៅ​ ពួក​ជួញដូរ​បាញ់​ស្លាប់ តែ​កាត់​ទោស​ទៅ​ដាក់​គុក​តែ ៤ ទៅ ៥​ឆ្នាំ​ទេ។ អញ្ចឹង​ករណី​នេះ ​ខ្ញុំ​មើល​ដល់​ប៉ះពាល់​ដល់​ជីវិត​មន្ត្រី​អាវុធ​ហត្ថ​ស្លាប់ អញ្ចឹង​ហើយ​អ្នក​ទោស​គ្រឿង​ញៀន​គួរ​តែ​ត្រូវ​ដាក់​ទម្ងន់​ទោស​ព្រោះ​បាញ់​មក​លើ​សមត្ថកិច្ច។ តែ​ករណី​មួយ​ទៀត គ្រាន់​តែ​ឈ្លោះ​ជាមួយ​សង្សារ បាញ់​ងាប់ ដាក់​គុក​មួយ​ជីវិត»។

លោក​ អំ​ សំអាត​ ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​ លីកាដូ​ ប្រាប់​ VOA ថា យុទ្ធនាការ​នេះ ​នឹង​មាន​ប្រសិទ្ធ​ភាព ​ប្រសិនបើអាជ្ញាធរ​មាន​សមត្ថកិច្ច​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​បង្ក្រាប។

លោក​បន្ថែម​ថា ការ​បង្ក្រាប​ដែល​មាន​ប្រសិទ្ធភាព​បំផុត គឺ​ត្រូវ​ផ្ដោត​លើអ្នក​ជួញដូរ​គ្រឿង​ញៀន​ធំៗ ដែល​លោក​ថា​ជា​ឫសគល់​នៃ​ការ​កើន​ឡើង​នៃការ​ចរាចរ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន។

«ទន្ទឹម​ហ្នឹង​យុទ្ធនាការ​ហ្នឹង​ ត្រូវ​បើក​យុទ្ធនាការ​ធ្វើ​ការ​ទប់​ស្កាត់​អ្នក​ដែល​នាំ​គ្រឿង​ញៀន​ចូល​ធំៗ អ្នក​ដែល​ផលិត អ្នក​ដែល​ចែក​ចាយ​ធំៗ។ ត្រូវ​តែ​បើក​យុទ្ធនាការ​មុនគេ​ ទោះ​បី​ជា​អ្នក​ហ្នឹង​គាត់​ជា​ឋានន្តរសក្ដិ ឬ​បុណ្យ​សក្ដិ​ប៉ុណ្ណា​ក៏​ដោយ ដាច់​ខាត​ត្រូវ​តែ​ធ្វើ ពីព្រោះ​បើ​សិន​ជា​យើង​បើក​យុទ្ធនាការ​តែ​ទៅ​លើ​អ្នក​តូចតាច អ្នកប្រើ​ប្រាស់ អត់​សូវ​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ទេ»។​

​ក្នុងឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​បង្ក្រាប​បាន​បទល្មើស​គ្រឿងញៀន​បាន​ជាង​៤ពាន់​ករណី ក្នុង​នោះ​បទ​ល្មើស​ប្រើប្រាស់​គ្រឿងញៀន​មាន​ជាង​១​ពាន់​ករណី។

ជនសង្ស័យ​សរុប​ជិត​១០,០០០​នាក់ ក្នុងនោះអ្នក​ប្រើប្រាស់​គ្រឿងញៀន​ចំ​នួន​ជិត ៤,០០០​នាក់ ត្រូវ​បាន​ចាប់ខ្លួន ហើយ​គ្រឿងញៀន​ចំនួន​ជាង​១៧៥​គីឡូ​ក្រាម​ត្រូវ​បាន​រឹបអូស។ បើ​តាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តួលេខអ្នក​ប្រើ​ប្រាស់​គ្រឿងញៀន​ក្នុង​ពេល​បច្ចុប្បន្ន​ មាន​ចំនួន​ជាង១៨,០០០​នាក់៕

XS
SM
MD
LG