ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​និង​ គ.ជ.ប​ ស្នើ​បេក្ខជន​ឈរ​ឈ្មោះបោះឆ្នោត​ឱ្យ​ឃោស​នា​តាម​គោល​ការណ៍​​សមភាព


រូបឯកសារ៖ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំឆ្នោត​របស់​គណបក្ស​ប្រជាជនកម្ពុជា កាលពី​ថ្ងៃ​ទី១៨ ខែ​​ឧសភា ឆ្នាំ​២០១២។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់​នឹង​ផ្តើម​ពី​ថ្ងៃ​ទី​ ២០​ខែ​ឧសភា​ ដល់​ថ្ងៃ​ទី ២​ ខែ​មិថុនា។​ គណបក្ស​នយោបាយ​ចំនួន​ ១២​ នឹង​ចូលរួម​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​នេះ។

ក្រសួង​មហាផ្ទៃ​ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) អំពាវនាវ​ឲ្យ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ទាំង​អស់​ គោរព​គោលការណ៍​ស្មើ​ភាព​គ្នា​ ​រក្សា​ជំហរ​អព្យាក្រឹត​ និង​បញ្ចៀស​ការ​ប្រើ​ប្រាស់​ឥទ្ធិពល​ក្នុង​តំបន់​រដ្ឋបាល​ដែល​ខ្លួន​កំពុង​កាន់​កាប់។​ ជា​ពិសេស​មិន​ត្រូវ​ប្រើសម្បត្តិ​រដ្ឋ​ដើម្បី​ធ្វើ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នោះ​ទេ។​ នេះ​បើ​យោង​តាម​សេចក្តី​ណែនាំ​រួម​របស់​ក្រសួង​មហាផ្ទៃ​ និង​គ.ជ.ប​ ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពីដើម​សប្តាហ៍​នេះ។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់​នឹង​ផ្តើម​ពី​ថ្ងៃ​ទី​ ២០​ខែ​ឧសភា​ ដល់​ថ្ងៃ​ទី ២​ ខែ​មិថុនា។​ គណបក្ស​នយោបាយ​ចំនួន​ ១២​ នឹង​ចូលរួម​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​នេះ។

លិខិត​របស់​ក្រសួង​មហា​ផ្ទៃ​និង​គ.ជ.ប​ បាន​ណែនាំ​ឲ្យ​មេឃុំ​ ចៅ​សង្កាត់​ ជំទប់​ ចៅ​សង្កាត់​រង​ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ មាន​សិទ្ធិ​ធ្វើ​សកម្មភាព​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។​ តែ​បេក្ខជន​ទាំង​នោះ​ ត្រូវ​គោរព​គោលការណ៍​ស្មើភាព​គ្នា​ ក្នុង​ការ​ឃោសនា​ដូច​បេក្ខជន​ដទៃ​ទៀត​ ដោយ​មិន​ត្រូវ​ប្រើ​ប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​តំបន់​រដ្ឋបាល​ដែល​ខ្លួន​កាន់កាប់​ ហើយ​មិន​ត្រូវ​ប្រើ​ប្រាស់​មធ្យោបាយ​ សម្ភារៈ​ និង​ថវិកា​ របស់​រដ្ឋបាល​ឃុំ​សង្កាត់​ ទៅ​បម្រើ​សកម្មភាព​របស់​គណបក្ស​នយោបាយ​ណា​មួយ​ ឬ​បម្រើ​សកម្មភាព​ យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ​ណាមួយ​ឡើយ។

សម្រាប់​ស្មៀន​ឃុំ​ សង្កាត់​ លិខិត​នោះ​បាន​ណែនាំ​ឲ្យ​ពួក​គេ​ ត្រូវ​ប្រកាន់​អាកប្បកិរិយា ​និង​ត្រូវ​យកចិត្ត​ទុក​ដាក់​បំពេញ​តួនាទី​ ភារកិច្ច​របស់​ខ្លួន​ស្រប​តាម​ច្បាប់​ស្តី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​ រី​ឯ​មេភូមិ អនុ​ប្រធាន​ភូមិ​ និង​សមាជិក​ភូមិ​ ដែល​មាន​បំណង​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​ណាមួយ​ ឬ​ជា​បេក្ខជន​ ត្រូវ​ដាក់​ពាក្យ​សុំ​ឈប់​សម្រាក​ការងារ​ទៅ​មេ​ឃុំ​ ចៅ សង្កាត់​សាមី​ ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​ណា​មួយ​នោះ។ ហើយ​ក្នុង​អំឡុង​ពេល​នៃ​ការ​ឈប់​សម្រាក​ពី​ការងារ​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​ឃោសនា​បោះឆោ្នត​ មេភូមិ​ អនុ​ប្រធាន​ភូមិ​ និង​សមាជិក​ភូមិ​ មិនមែន​ជា​មន្ត្រី​ដឹកនាំ​ភូមិ​ឡើយ។

ពលរដ្ឋ​កម្ពុជា​កំពុង​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​ ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
ពលរដ្ឋ​កម្ពុជា​កំពុង​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​ ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

ក្រុម​អ្នក​សង្កេតការណ៍​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​ថ្លែង​ថា​ លិខិត​ណែនាំ​របស់​ស្ថាប័ន​រដ្ឋាភិបាល​ និង​គ.ជ.ប​ ​នឹង​នៅ​តែ​មិន​អាច​ទប់សា្កត់​ភាព​មិន​ប្រក្រតី​នៃ​ការ​ប្រើ​ធនធាន​របស់​រដ្ឋ​ដើម្បី​ធ្វើ​យុទ្ធនា​ការ​បោះឆ្នោត​ ដោយសារ​តែ ​គ.ជ.ប​ ​ពុំ​បាន​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឲ្យ​បាន​ពេញលេញ។

លោក​ សំ គន្ធាមី​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា​ (និកហ្វិច)​ ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖​

​«អត់​មាន​ការ​ផាក​ពិន័យ​អី​ទេ​កន្លង​មក​អញ្ចឹង​ ច្រើន​មាន​គ្រាន់​តែ​ស្តី​បន្ទោស​ មាន​ដែរ​គ្រាន់​តែ​ថា ព្រមាន​អី​ គ្រាន់​តែ​ស្តី​បន្ទោស។ បាន​ដូច​ពិន័យ​អីៗ​ដែល​ឲ្យ​អនុវត្ត​តាម​ច្បាប់​ត្រឹម​ត្រូវ​ហ្នឹង​ អត់​ដែល​មាន​ទេ​បាទ»។

រូប​ឯកសារ៖ លោក សំ គន្ធាមី អ្នកសម្រប​សម្រួល​នៃ​អង្គការ​និកហ្វិក។
រូប​ឯកសារ៖ លោក សំ គន្ធាមី អ្នកសម្រប​សម្រួល​នៃ​អង្គការ​និកហ្វិក។

លោក​និយាយ​ថា​ គ.ជ.ប​ត្រូវ​ចាត់​វិធានការ​ច្បាប់​តឹងរ៉ឹង​ ​ដើម្បី​ហាមឃាត់​មន្ត្រី​ភូមិ​ឃុំ​ប្រើប្រាស់​សម្បត្តិ​រដ្ឋ​សម្រាប់​បម្រើ​ផល​ប្រយោជន៍​នយោបាយ​ផ្ទាល់​ខ្លួន​ ឬ​គណបក្ស​នយោបាយ​ខ្លួន។

លោក​ សំ គន្ធាមី បញ្ជាក់​ថា៖

«បើ​សិន​ជា​ គ.ជ.ប​ បច្ចុប្បន្ន​នេះ​ចាត់​វិធានការ​ម៉ឺងម៉ាត់​ដោយ​តាម​ច្បាប់ ​នឹងអាច​កាត់​បន្ថយ​បាន​ច្រើន​ នែ៎​ចំពោះ​ អាការ​ប្រើ​ប្រាស់​ធនធាន​រដ្ឋ​ ឬក៏​ថវិកា​ ឬ​ពេលវេលា​ក្តី​ ដែល​ទៅ​ធ្វើ​ការ​គណបក្ស​ហ្នឹង​បាន​កាត់​បន្ថយ​ច្រើន​បាន»។

VOA ​មិន​ទាន់​អាច​ទាក់​ទង​លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​គ.ជ.ប ​បានទេ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​មាន​ចែង​ទោស​ប្បញ្ញត្តិ​សម្រាប់​ទប់​ស្កាត់​សកម្មភាព​ល្មើស​ ក្នុង​ការ​ប្រើ​ប្រាស់​ធនធាន​រដ្ឋ​ដើម្បី​ធ្វើ​យុទ្ធនាការ​ឃោស​នា​នយោបាយ។

មាត្រា​ ១៨៦ នៃ​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​បាន​ចែង​ថា៖

«ត្រូវ​ព្រមាន​ជា​លាយលក្ខណ៍​អក្សរ​ ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ចំពោះ​ជន​ណា​ដែល​ប្រើ​ប្រាស់​សម្ភារៈ មធ្យោបាយ​ដឹកជញ្ជូន ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​ ដើម្បី​ធ្វើ​សកម្មភាព​ឃោសនា​ ឲ្យ​គណបក្ស​នយោបាយ​ណាមួយ​ ឬ​បេក្ខជន​ណាមួយ។ ក្នុង​ករណី​ដែល​នៅ​តែ​មិន​គោរព​តាម​ការ​ព្រមាន​ខាង​លើ​ ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​ពី ​៥.០០០.០០០​រៀល​ ទៅ១០.០០០.០០០​រៀល ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត»។

រូបឯកសារ៖ លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត​ ហៅ​កាត់​ថា​ គ.ជ.ប នៅ​ក្នុង​ទីស្នាក់​ការ​ គ.ជ.ប នៃ​ក្រសួង​មហាផ្ទៃ​ ក្នុង​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​។ (ហ៊ាន សុជាតា​/ VOA)
រូបឯកសារ៖ លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត​ ហៅ​កាត់​ថា​ គ.ជ.ប នៅ​ក្នុង​ទីស្នាក់​ការ​ គ.ជ.ប នៃ​ក្រសួង​មហាផ្ទៃ​ ក្នុង​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​។ (ហ៊ាន សុជាតា​/ VOA)

ការ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ​ដើម្បី​ធ្វើ​សកម្មភាព​ឃោសនា​នយោបាយ​ ត្រូវ​ដឹង​ថា​ បាន​កើត​ឡើង​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​កន្លង​មក​ ដោយ​រថយន្ត​របស់​រដ្ឋ​ត្រូវ​បាន​គេប្រើ​សម្រាប់​ការ​ចែក​អំណោយ​សម្រាប់​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស​នយោបាយ។

លោក​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍន៍សង្គម​ ចាត់​ទុក​ថា​ សេចក្តី​ណែនាំ​របស់​រដ្ឋាភិបាល​និង​គ.ជ.ប​ នឹង​មិន​អាច​ត្រូវ​បាន​គោរព​ដោយ​អ្នកធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នោះ​ទេ​ ព្រោះ​សេចក្តី​ណែនាំ​នោះ​ គ្រាន់​តែ​ជា​ការ​ដាស់​តឿន។​ លោក​ប្រាប់​ VOA បន្ថែម​ថា​ ការ​ឃោសនា​បោះ​ឆ្នោត នឹង​មិន​មែន​ជា​ចលករ​សំខាន់​ក្នុង​ការ​ទាញ​សំឡេងឆ្នោត​នោះ​ឡើយ ដោយហេតុ​ថា​ ម្ចាស់​ឆ្នោត​បាន​ឃ្លាំ​មើល​ស្ថានភាព​សង្គម​ និង​ត្រៀម​រួចរាល់​ទៅ​ហើយ​សម្រាប់​ការ​ជ្រើសរើស​គណបក្ស​នយោបាយ​ ដែល​ពួកគេ​ទុកចិត្ត​សម្រាប់​ការ​ដឹកនាំ​ឃុំ​សង្កាត់។

អ្នក​វិភាគ​រូប​នេះ​ពន្យល់​ថា៖

«យុទ្ធនាការ​ឃោសនា​ពីរ​អាទិត្យ​នេះ ខ្ញុំ​មើល​ទៅ​ដូច​ជា​មិន​ជា​សំខាន់​អី​ប៉ុន្មាន​ទេ​ គ្រាន់​តែ​ធ្វើ​ឲ្យ​តែ​វា​ល្មមៗ​ទៅ​បាន​ហើយ​ ព្រោះ​អី​ការ​ផ្លាស់​ប្តូរ​របស់​មនុស្ស​ បើ​មាន​គឺ​ គេ​មាន​រួចស្រេច​ទៅ​ហើយ​បាទ​ មិនមែន​ថា ដោយសារ​តែថា​ឥទ្ធិពល​អី​នៃ​ការ​ឃោសនា​ពីរ​អាទិត្យ​ចុងក្រោយ»។

រូបឯកសារ៖ លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម (លឹម សុធី/VOA)
រូបឯកសារ៖ លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម (លឹម សុធី/VOA)

ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា​ខាង​មុខ​នេះ​ គណបក្ស​នយោបាយ​ចំនួន​១២ បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង។ ក្នុង​ចំណោម​គណបក្ស​ទាំង​ ១២​នោះ គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្រ្គោះជាតិ​ប៉ុណ្ណោះ​ ដែល​បាន​ដាក់​បេក្ខជន​ចូលរួម​ប្រកួត​ប្រជែង​នៅ​គ្រប់​ឃុំ​សង្កាត់​ចំនួន​ ១.៦៤៦​ ទូទាំង​ប្រទេស។

គណបក្ស​នយោបាយ​ ដែល​ចូលរួម​ប្រកួត​ប្រជែង​ចំនួន​ទាំង១២​ កំពុង​រៀបចំ​គោល​នយោបាយ ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ ដើម្បី​ឃោសនា​រក​សំឡេង​ឆ្នោត​ក្នុងរយៈ​ពេល​១៤ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត​ដើម្បី​យក​ជ័យ​ជម្នះ​លើ​គូ​ប្រជែង​នយោបាយ។

ក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់​នា​ពេល​ខាងមុខ​ មាន​បេក្ខជន​ប្រុស ស្រី​សរុប​ចំនួន​ ៩៤.៥៩៥ ​នាក់ នឹង​ចូល​រួម​ប្រកួតប្រជែង​ ដើម្បី​ដណ្តើម​អំណាច​ក្នុង​កម្រិត​មូលដ្ឋាន។ បេក្ខជន​បុរស និង​បេក្ខជន​ស្រ្តី​ របស់​គណបក្ស​ធំៗ​ពីរ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​គេ​រំពឹង​ថា​ នឹង​ជា​គូ​ប្រកួតប្រជែង​សំខាន់​ក្នុង​ការ​បោះឆ្នោត​នេះ៕

XS
SM
MD
LG