ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​តវ៉ា​ដំឡើង​ប្រាក់​ខែ​និង​លក្ខខណ្ឌ​ការងារ​ប្រសើរ​ឡើង


កម្មករ​រោងចក្រ​ធ្វើ​ការ​តវ៉ា​ទាមទារ​តំឡើង​ប្រាក់ខែ​នៅ​មុខ​រដ្ឋសភា​កម្ពុជា​ នៅ​ថ្ងៃ​ទី​០១ ខែ​ឧសភា។
កម្មករ​រោងចក្រ​ធ្វើ​ការ​តវ៉ា​ទាមទារ​តំឡើង​ប្រាក់ខែ​នៅ​មុខ​រដ្ឋសភា​កម្ពុជា​ នៅ​ថ្ងៃ​ទី​០១ ខែ​ឧសភា។
រាជធានី​ភ្នំពេញ៖ កម្មករ​រាប់ពាន់​នាក់​មកពី​សហជីព​កម្មករ​នានា​និង​សមាគម​ផ្សេង​នៅក្នុង​ប្រទេស​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន​ដង្ហែរ​ក្បួន​បាតុកម្ម​អហិង្សា​មួយ​ដើម្បី​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​របស់​កម្មករ​រោងចក្រ​និង​អ្នក​ប្រកប​មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។ ក្បួន​បាតុកម្ម​បាន​ចាប់ផ្តើម​ការដើរ​ដង្ហែរ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​ក្បែរ​វត្តភ្នំ ​ទៅ​កាន់​រដ្ឋ​សភា​ជាតិ​ដើម្បី​ដាក់​ញតិ្ត​របស់​ពួកគេ​ទៅកាន់​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៅ​ទីនោះ​និង​ទៅ​កាន់​រដ្ឋាភិបាល។

ប្រធាន​សហភាព​ការងារ​កម្ពុជា ​គឺ​លោក អាត់ ធន់​បាន​ឱ្យ​ដឹង​ថា​ការរៀបចំ​ជា​បាតុកម្ម​នៅ​ថ្ងៃនេះ​ទាមទារ ​ការ​ដំឡើង​ប្រាក់ខែ​ដល់​កម្មករ​ឱ្យ​បាន​យ៉ាង​តិច​១៥០​ដុល្លារ​អាមេរិក​ និង​មន្ត្រី​រាជការ​វិញ​ឱ្យ​បាន​១​លាន​រៀល​ ឬ​ស្មើ​នឹង​២៥០​ដុល្លារ​អាមេរិក​ ការ​ពង្រឹង​ការ​គោរព​សិទ្ធិ​កម្មករ ​និង​ ការ​ស្នើ​សុំឱ្យ​រដ្ឋាភិបាល​ដាក់ទោស ​លោក ឈូក បណ្ឌិត​អតីត​អភិបាល​ក្រុង​បាវិត​ដែល​បាន​បាញ់​ប្រហារ​មក​លើ​កម្ម​ការិនី​ក្នុង​ខេត្ត​ស្វាយរៀង​កាល​ពី​ឆ្នាំ​មុន​នៅ​ពេល​ដែល​ពួកគេ​កំពុង​ធ្វើការ​តវ៉ា​ដោយ​សន្តិវិធី។

លោក អាត់ ធុន​បន្ត​ថា​ក្រុម​សហជីព​និង​កម្មករ​នឹង​ធ្វើ​បាតុកម្ម​ទៀត​ប្រសិនបើ​រដ្ឋាភិបាល​មិនបាន​ដោះស្រាយ​អ្វី​ដែល​ជាការ​ស្នើ​សុំ​របស់​សហជីព​និង​កម្មករ។

លោក​ថ្លែង​ថា៖ «បើ​លក្ខខណ្ឌ​ការងារ​មិនត្រូវ​បាន​ដោះស្រាយ។ បើ​ប្រាក់​ឈ្នួល​មិន​ត្រូវបាន​ដោះស្រាយ​ទេ​យើង​មិន​បញ្ឈប់​ទេ។ យើង​នៅ​បន្ត​តវ៉ា»។

ក្បួន​ដង្ហែ​នៃ​បាតុកម្ម​បានមក​កកកុញ​នៅ​ពីមុខ​រដ្ឋសភា។ មន្ត្រី​មាន​សមត្ថកិច្ច​រាប់រយ​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​រារាំង​ក្រុម​បាតុករ។

តំណាង​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ​និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​មាន​វត្តមាន​ក្នុង​ហ្វូង​បាតុករ​នោះ​សុទ្ធតែ​បាន​បង្ហាញ​ពី​ជំហរ​គាំទ្រ​ដល់​អ្វី​ដែល​ក្រុម​អ្នកតវ៉ា​បាន​ស្នើសុំ។
ក្រុម​បាតុករ ​បាន​ស្រែក​ទាមទារ ​នៅ​ក្រោម​កម្តៅ​ថ្ងៃ​នៅ​ទល់មុខ​មន្ទីរ​រដ្ឋសភា ​ឲ្យ​រដ្ឋាភិបាល​ជួយ​ធ្វើ​យ៉ាងណា​ដោះស្រាយ​បញ្ហា​របស់​កម្មករ ​និង​ធ្វើ​ការ​ដំឡើង​ប្រាក់ខែ​សមរម្យ​មួយ​ដល់​ពួកគេ។

អ្នកស្រី ម៉ម សោភ័ណ​ អាយុ ២៣ ​គឺ​ជា​កម្មករ​រោងចក្រ​នៅ​តំបន់​ព្រៃទា ​ជាយក្រុង​ភ្នំពេញ។ គាត់ មក​ធ្វើ​បាតុកម្ម​ជាមួយ​កម្មករ​ប្រហែល​ ៤០​ផ្សេង​ទៀត​មក​ពី​រោងចក្រ​ជាមួយ​គ្នា។

អ្នក​ស្រី​និយាយ​ថា៖ «ពួក​ខ្ញុំ​ចាយ​មិន​គ្រប់គ្រាន់។ទំនិញ​គ្រប់មុខ​ឡើង​ថ្លៃ។ ប្រាក់ខែ​ ៦១​ដុល្លារ តែ​ថ្លៃ​ឈ្មួល​ផ្ទះ​ឡើង​ ៥ដុល្លារ។ ចឹង​កម្មករ​ពួក​ខ្ញុំ​បើ​មក​ចាយ​ត្រឹមតែ​ផ្ទះ​ទឹក​ភ្លើង​ហ្នឹង អត់​សល់​អ្វី​ទេ។ ខ្ញុំ​ត្រូវការ​ទាមទារ​ប្រាក់ខែ​គោល ១០០ ដុល្លារ»។

អ្នកស្រី ​ដែន សំបូរ​អាយុ ៣១ឆ្នាំ ​កម្មការិនី​រោងចក្រ​មក​ពី​ខេត្ត​កណ្តាល​បាន​ឱ្យ​ដឹង​ដែរ​ថា​ប្រាក់ខែ​ដែល​ក្រុម​កម្មករ​ទទួល​បាន​ពេល​បច្ចុប្បន្ន​ហាក់​មិន​ឆ្លើយ​តប​ទៅ​នឹង​ការ​ឡើង​ថ្លៃ​នៃ​ទំនិញ​តាម​ទីផ្សារ​ទេ។

«រដ្ឋាភិបាល​យើង​ត្រូវ​ដំឡើង​ប្រាក់ខែ​ឱ្យ​ប្រជាជន។ ប្រាក់ខែ​ងាប់​យ៉ាង​ហោច​ណាស់​បាន​ ១៥០ ដុល្លារ។ ហ្នឹង​បាន​ប្រជាជន​យើង​រស់​នៅ​បាន​ធូរធារ។តែ​បើ​ដូច​សព្វ​ថ្ងៃនោះ​ប្រជាជន​កាន់​តែ​វេទនា​ទៅៗ​ហើយ»។

លោក ផៃ ស៊ី​ផាន ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ចាត់ទុក​ថា​ការ​ធ្វើ​បាតុកម្ម​របស់​ក្រុមកម្មករ​គឺ​ជា​សិទ្ធិ​របស់​ពួកគេ​ដោយ​លោក​លើក​ឡើង​ដោយ​បញ្ឆិត​បញ្ឈៀង​ថា​ការ​ធ្វើ​បាតុកម្ម​នេះ​ទំនង​ជា​រុញច្រាន​ដោយ​គណបក្ស​នយោបាយ​មួយ​ចំនួន​ដើម្បី​រក​សន្លឹកឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ខែកក្កដា​ខាង​មុខ​នេះ។

មាន​កម្មករ​រោងចក្រ​ប្រមាណ​ជាង​ ៦០ ​ម៉ឺន​នាក់​បាន​នឹង​កំពុង​ធ្វើការ​ក្នុង​រោងចក្រ​ដែល​មាន​ជិត ៧០០ ​រោងចក្រ​ទូទាំង​ប្រទេស។ យោង​តាម​ការ​ឱ្យ​ដឹង​របស់​លោក អាត់ ធុន​ប្រាក់ខែ​កម្មករ​ដែល​នឹង​ត្រូវ​ទទួល​បាន​ចាប់​ពី​ខែ​ឧសភា​នេះ​គឺ ៨០ ដុល្លារ​អាមេរិក​ បន្ទាប់​ពី​មាន​ការ​តវ៉ា​ឱ្យ​ដំឡើង​ប្រាក់ខែ​កម្មករ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ៕
XS
SM
MD
LG