ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ឃាតកម្ម​លោក កែម ឡី៖ ការ​ស៊ើបអង្កេត​នៅ​បន្ត​ធ្វើឡើង ស្ទើរតែគ្មាន​តម្រុយ​ថ្មី


រូបឯកសារ៖ ប្រជា​ពលរដ្ឋ​កម្ពុជា​ ស្រែក​ទ្រហ៊ោយំ​​ នៅ​ពេល​មក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ នៅក្នុង​វត្ត​ចាស់ នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន​ សុជាតា/VOA)

មន្ត្រី​មាន​សមត្ថកិច្ច​ កំពុង​បន្ត​ការ​ស៊ើបអង្កេត​លើ​ករណី​ឃាតកម្ម​លោក កែម ឡី បើ​ទោះបី​ជា​តុលាការ​បាន​កាត់ទោស​បុរស​ឈ្មោះ «ជួប សម្លាប់‍» ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​កាលពី​ខែ​មីនា​កន្លង​ទៅ​នេះ​ក្តី។ ក៏​ប៉ុន្តែ ក្រុម​អ្នក​ជំនាញ​ខាង​សិទ្ធិមនុស្ស​បាន​លើកឡើង​ថា បើ​គ្មាន​ការ​ស៊ើប​អង្កេត​ដែល​ឯករាជ្យ និង​ពេញលេញ​លើ​ករណី​ឃាតកម្ម​នេះ​ទេ នោះ​យុត្តិធម៌​ពិត​ប្រាកដ​ នឹង​មិន​សម្រេច​បាន​នោះទេ។

នៅ​ថ្ងៃទី២៣ ខែមីនា នៅ​ពេល​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សាលក្រម​កាត់ទោស​ជនដៃដល់ «‍ជួប សម្លាប់» ​ឲ្យ​ជាប់​ពន្ធនាគារ​អស់មួយ​ជីវិត​នោះ ក្រុម​អ្នក​ជំនាញ​ខាង​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​មក​ពី​ជាង ៦០​ស្ថាប័ន បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពង្រីក​វិសាលភាព​នៃ​ការ​ស៊ើបអង្កេត​របស់​ខ្លួន​លើ​ករណី​ឃាតកម្ម​លោក កែម ឡី ដោយសារ​តែ​ការ​ស៊ើបអង្កេត​ដែល​បាន​ធ្វើ​ឡើង​ដោយ​ប៉ូលិស​មាន​សមត្ថកិច្ច​ នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន។

ទោះជា​យ៉ាង​ណា​ក្តី លោក គឿត ចាន់ថារិទ្ធិ អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បាន​អះអាង​ប្រាប់ VOA នាពេល​ថ្មីៗ​នេះ​ថា ប៉ូលិស​កំពុង​តែ​បន្ត​ការ​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​លោក កែម ឡី។

លោក​បាន​លើកឡើង​ថា៖ «‍យើង​មិន​មាន​បិទ​សំណុំរឿង​ទេ»។

ឆ្លើយ​តប​នឹង​សំណួរ​ពាក់ព័ន្ធ​នឹង​លទ្ធផល​ជា​បឋម​នៃ​ការ​ស៊ើបអង្កេត​បន្តទៀត​នេះ លោក គឿត ចាន់ថារិទ្ធិ បាន​និយាយ​ថា៖ «‍នៅតែ​បន្ត​អ៊ីចឹង នៅពេល​ណា​មាន​ឱកាស​ទៀត។ ក៏ប៉ុន្តែ ដោយសារ​តែ​ហេតុផល​កន្លង​មក​នេះ​ អត់ទាន់​មាន​ដាន ឬ​តម្រុយ​អី​ដើម្បី​រក​ឲ្យ​ឃើញ​ពន្លឺ​អ្នក​នៅ​ពី​ក្រោយ»។

អឿត អាង ដែល​អះអាង​ថា​ខ្លួន​មាន​ឈ្មោះ ជួប សម្លាប់ បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​សម្លាប់​លោក កែម ឡី ដោយសារ​តែ​រឿងរ៉ាវ​ជំពាក់​លុយ​មិន​សង។ ​អ្នក​តាមដាន​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ និង​សាធារណជន​ទូទៅ​ មិន​ជឿ​លើ​ការ​អះអាង​នេះ​ទេ។

លោក Kingsley Abbott អ្នក​ប្រឹក្សា​ជាន់​ខ្ពស់​ខាង​ច្បាប់​ឲ្យ​អង្គការ​នៃគណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (International Commission of Jurists) បាន​ប្រាប់​អ្នក​សារព័ត៌មាន​នា​ពេល​កន្លង​ទៅ​នេះ​ថា ​ការ​រៀបរាប់​ហេតុការណ៍ ដែល​ជន​ដៃដល់​បាន​អះអាង​នៅ​មុខ​ចៅក្រម ក្នុង​អំឡុង​ពេល​សវនាការ មិន​អាច​បញ្ជាក់​ពី​ការ​ពិត ឬក៏​បកស្រាយ​ដោយ​មាន​ភស្តុតាង​ច្បាស់លាស់​អំពី​ការពិត ​ដែល​បាន​កើត​ឡើង​នោះ​ទេ។

លោក កែម ឡី បាន​ស្លាប់​ក្នុង​ថ្លុក​ឈាម​ដោយ​គ្រាប់​កាំភ្លើង​ខ្លី​ម៉ាក Glock ដ៏​ថ្លៃ នៅ​ស្ថានីយ៍ប្រេងឥន្ធនៈ Caltex នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦។

​អឿត អាង បាន​អះអាង​ថា បុរស​ម្នាក់​ឈ្មោះ «លីស‍» បាន​ណែនាំ​ខ្លួន ឲ្យ​ស្គាល់​លោក កែម ឡី ហើយ​បុរស​ម្នាក់​ទៀត​ឈ្មោះ «‍ចក់» ជា​អ្នក​លក់​កាំភ្លើង​ខ្លី​នោះ​ឲ្យ​ខ្លួន។

ការ​ស៊ើបអង្កេត​ដោយ​សារព័ត៌មាន Al Jazeera ក្រោយ​ករណី​ឃាតកម្ម​នេះ បាន​រកឃើញ​ថា អឿត អាង បាន​ជួប​មន្ត្រី​យោធា​ប៉ុន្មាន​សប្តាហ៍​ មុន​ពេល​ដែល​ជនដៃដល់​បាន​បាញ់​សម្លាប់​លោក កែម ឡី ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នោះ មិត្តភ័ក្ត​ម្នាក់​របស់​ អឿត អាង បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន Al Jazeera ថា អឿត អាង ត្រូវបាន​ជួល​ឲ្យ​ធ្វើការ​ដោយ​មន្ត្រី​យោធា។

លោក យុង ផានិត មេធាវី​ការពារក្តី​ឲ្យ អឿត អាង បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ មន្ត្រី​ប៉ូលិស​ស៊ើប​អង្កេត​បាន​តាមដាន​ស៊ើបអង្កេត​អំពី​សាវតា​របស់​បុរស​ឈ្មោះ លីស និង ចក់ នេះ ក៏​ប៉ុន្តែ​ការ​ស៊ើបអង្កេត​នេះ​មិនទទួល​បាន​ពន្លឺ​អ្វី​នោះ​ទេ។ នេះ​មាន​ន័យ​ថា អត្តសញ្ញាណ​របស់​បុរស​ទាំងពីរ​នេះ អាច​នឹង​ត្រូវបាន​ប្រឌិត​ឡើង​ដោយ​ជនដៃដល់។

លោក​បាន​លើក​ឡើង​ថា៖ «‍តាម​ពិត ខាង​ប៉ូលិស​ ឬ​ក៏​ព្រះរាជ​អជ្ញា​ក៏​បើក​ការ​ស៊ើប​អង្កេត​លើ​ឈ្មោះ​ លីស នេះ​ដែរ តែ​ លីស ហ្នឹង​មិនមាន​សាវតា​ជាតិ​ច្បាស់លាស់។ គាត់​នៅ​ប្រទេស​ថៃ ដែល​ អឿត អាង ឬ ជួប សម្លាប់ បាន​លើកឡើង។ ហើយ​គាត់​ស្គាល់​គ្នា​ហ្នឹង នៅ​ប្រទេស​ថៃ»។

លោក យុង ផានិត បាន​បន្ថែម​ថា ដោយសារ​ការ​ស៊ើប​អង្កេត​របស់​ប៉ូលិស​មាន​សមត្ថកិច្ច​នៅ​មាន​កម្រិត នោះ​ព្រះរាជអជ្ញា​បាន​ស្នើ​ឲ្យ​បែក​សំណុំ​រឿង​ឃាតកម្ម​លោក កែម ឡី នេះ​ជា​ពីរ៖ សំណុំរឿង​ អឿត អាង និង​សំណុំរឿង​បុរស​ឈ្មោះ លីស ជាមួយ​នឹង​បុរស​ឈ្មោះ ចក់។

លោក​បាន​ប្រាប់ VOA បន្ត​ទៀត​ថា៖ «‍ត្រង់​ថា តើ​នរគបាល ឬ​ក៏​ព្រះរាជអជ្ញា​ស៊ើប​អង្កេត​ឈ្មោះ លីស ចក់ បន្ត​ទៀត ខ្ញុំ​ក៏​មិន​បាន​ដឹង​ដែរ ព្រោះ​ខ្ញុំ​កាន់​សំណុំរឿង​តែ​ឈ្មោះ ជួប សម្លាប់»។

អ្នក​តាមដាន​ដំណើរការ​សវនាការ​របស់​តុលាការ បាន​លើក​ឡើង​ថា ភស្តុតាង​ជាវីដេអូ ដែល​ត្រូវបាន​បង្ហាញ​នៅ​ចំពោះ​មុខ​ចៅក្រម មិនអាច​បញ្ជាក់​ដោយ​ឥត​ប្រកែក​បាន​ អំពី​ហេតុការណ៍​ជាក់​ស្តែង ដែល​បាន​កើត​ឡើង​មុន និង​ក្រោយ​ពេល​ជនដៃដល់​បាន​ប្រព្រឹត្ត​សកម្មភាព​បាញ់​សម្លាប់​លោក កែម ឡី នោះ​ទេ។ បន្ថែម​លើ​នេះ ភស្តុតាង​ជា​វីដេអូ​ក្នុង​ហាង Starmart ដែល​តុលាការ​ទទួល​បាន​នោះ មិន​មាន​ខ្លឹមសារ​ពេញលេញ​នោះ​ទេ។

នៅក្នុង​របាយការណ៍​របស់ VOA ​កន្លង​ទៅ​នេះ អ្នកស្រី ប៊ូ រចនា ភរិយា​របស់​លោក កែម ឡី បាន​អះអាង​ដដែលៗ​ថា លោក កែម ឡី មិន​ដែល​ស្គាល់​បុរស​ឈ្មោះ អឿត អាង ឬ​ក៏​ជំពាក់​លុយ​បុរស​មក​ពី​ជនបទ​នៅ​ខេត្ត​សៀមរាប​ម្នាក់​នេះ​ទេ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ របាយការណ៍​របស់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក និង​ក្រៅស្រុក បាន​ចោទ​សួរ​ថា តើ​ អឿត អាង ដែល​មាន​ជីវភាព​រស់នៅ​ក្រីក្រ​ម្នាក់​នេះ មាន​លទ្ធភាព​មក​ពី​ណា​ដែល​មាន​លុយ​ដល់​ទៅ​រាប់ពាន់​ដុល្លារ ឲ្យ​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ដ៏​លេចធ្លោ គឺ​លោក កែម ឡី ខ្ចី​ប្រាក់​ដ៏​ច្រើន​នោះ។

លោក Sebastian Strangio អ្នក​សារព័ត៌មាន និង​ជា​អ្នក​និពន្ធ​សៀវភៅ “Hun Sen's Cambodia” ឬ​បកប្រែ​ជា​ភាសា​ខ្មែរ​ថា «‍ប្រទេស​កម្ពុជា​របស់​លោក ហ៊ុន សែន» បាន​យល់​ស្រប​ថា មាន​សំណួរ​គន្លឹះ​ជាច្រើន​ដែល​មិន​ទាន់​ទទួល​បាន​ចម្លើយ។ លោក​បាន​យល់​ឃើញ​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជាព្យាយាម​«‍បិទ​សំណុំរឿង​នេះ»។

អ្នក​និពន្ធ​រូប​នេះ បាន​និយាយ​ថា លោក​បាន​ជួប និង​សន្ទនា​ជាមួយ​នឹង​លោក កែម ឡី កាលពី​ពេល​លោក​នៅរស់។ ក៏ប៉ុន្តែ លោក​មិន​បាន​ដឹង​ច្បាស់​អំពី​សមត្ថភាព​ក្នុង​ការ​គាំពារ​សិទ្ធិ​ពលរដ្ឋ​ដ៏​មាន​ប្រសិទ្ធភាព​របស់​លោក កែម ឡី ក្នុងនាម​ជា​អ្នក​ស្រាវជ្រាវ​ខាង​ផ្នែក​អភិវឌ្ឍសង្គម​ម្នាក់ ដែល​បាន​ធ្វើ​ដំណើរ​ស្រាវជ្រាវ​នៅ​តាម​តំបន់​ជនបទ​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​ថា ការ​បកស្រាយ​អំពី​សិទ្ធិ​ពលរដ្ឋ​ដ៏មាន​ប្រសិទ្ធភាព​នេះ​ហើយ ដែល​ទំនង​ជា​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ជួរ​អ្នក​ដឹកនាំ និង​អ្នក​មាន​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក Strangio បាន​លើក​ឡើង​ថា៖ «‍លោក កែម ឡី បាន​នាំ​យក​គោលនយោបាយ​ [លទ្ធិ​ប្រជាធិបតេយ្យ] និង​គោលនយោបាយ​ស្តី​ពី​ការ​ទទួល​ខុសត្រូវ​ ហើយ​បកស្រាយ​គោលនយោបាយ​ទាំង​នេះ​ឲ្យ​ពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ ក្នុង​ខ្លឹមសារ​ដែល​ថា គោលនយោបាយ​ទាំង​នេះ​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ‍»។ ខ្ញុំ​គិតថា នេះ​គឺជា​មូលហេតុ​មួយ ដែល​ធ្វើ​ឲ្យ​លោក កែម ឡី ក្លាយ​ជា​ការ​គំរាមកំហែង​ដល់​រដ្ឋាភិបាល»។

ខណៈ​ពេល​ដែល​ការ​បោះឆ្នោត​ឃុំសង្កាត់ នឹង​ចូល​មក​ដល់​ក្នុង​ពេល​ជិត​ពីរខែ​ខាង​មុខ​នេះ អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​លើ​លោក កែម ឡី នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​នេះ បាន​ធ្វើ​ឲ្យ​ទិដ្ឋភាព​នយោបាយ​នៅ​កម្ពុជា កាន់តែ​«អាប់អួរ‍»។ នេះ​បើ​យោង​តាម​ការ​អង្កេត​របស់​លោក David Chandler ប្រវត្តិវិទូ​អំពី​ប្រទេស​កម្ពុជា​ដ៏​ល្បីល្បាញ​ម្នាក់។

ក៏​ប៉ុន្តែ លោក​ Chandler ជឿជាក់​ថា នឹង​មិនមាន​ការ​ធ្វើ​ឃាត​បែប​នេះ​តទៅ​ទៀត​ទេ ពីព្រោះ​វា​មាន​សារៈសំខាន់​ដល់​គណបក្ស​កាន់​អំណាច ក្នុង​ការ​ព្យាយាម​ទាក់ទាញ​សំឡេង​គំាទ្រ​នៅក្នុង​ការ​បោះឆ្នោត​ខាង​មុខ​នេះ។

លោក​បាន​ថ្លែង​ថា៖ «‍ខ្ញុំ​គិត​ថា លោក ហ៊ុន សែន ចង់​ធានា​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ឈ្នះ​ឆ្នោត។ នេះ​គឺ​សំខាន់​ណាស់»។

ស្របពេល​ដែល​មន្ត្រី​ប៉ូលិស​អះអាង​ថា ការ​ស៊ើប​អង្កេត​នៅ​តែ​បន្ត​ធ្វើ​ឡើង​ដើម្បី​វែក​មុខ​រក​ជន​នៅ​ពីក្រោយ​ឃាតកម្ម​នេះ ក្រុម​គ្រួសារ​របស់​លោក កែម ឡី រួមទាំង​សាធារណជន​ជាច្រើន នៅតែ​រង់ចាំ​ពន្លឺ​យុត្តិធម៌​ពិត​ប្រាកដ៕

XS
SM
MD
LG