ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​​ហ៊្វុនស៊ិនប៉ិច​មិន​ធ្វើ​យុទ្ធនាការ​ឃោសនា​​បោះឆ្នោត​ទ្រង់ទ្រាយ​ធំ​នៅ​​ភ្នំពេញ​​ទេ


ព្រះអង្គ​ម្ចាស់​ ​នរោត្តម រណឫទ្ធិ​ ​ប្រធាន​គណបក្ស​រាជា​និយម​ហ៊្វុនស៊ីនប៉ិច ទទួល​ស្វាគមន៍​ដោយ​អ្នកគាំទ្រ​របស់​ព្រះអង្គ​ក្នុង​ខេត្ត​កំពង់ចាម​ អំឡុង​ពេលឃោសនា​ បោះឆ្នោតឃុំ-សង្កាត់កាពីថ្ងៃ​ថ្ងៃសៅរ៍ទី​២០ខែ​ឧសភាឆ្នាំ​២០១៧។។​ (រូបភាព​អ្នកសារព័ត៌មាន​ក្នុងស្រុក)

​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិចបាន​បើក​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ ​ក្រោម​ព្រះ​រាជ​វត្តមាន​របស់​សម្ដេច​ក្រុមព្រះ​ ​ប្រធាន​គណបក្ស​ ​ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ​៧០០​នាក់។ ​

ខុស​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​បាន​បើក​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ក្នុង​រាជធានី​ភ្នំពេញ​ ​កាល​ពីថ្ងៃ​សៅរ៍​នេះ​ ​មន្ត្រីគណបក្សអះអាង​ថា​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ធ្លាប់​ជា​គណបក្ស​កាន់​អំណាច​នោះ​ បាន​សម្រេច​បើក​យុទ្ធនាការទ្រង់​ទ្រាយធំ​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ជំនួស​វិញ។​

​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ពុំ​មាន​គម្រោង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ​ ​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០១៧​នេះ។ ​គណបក្ស​គ្រោង​ចំណាយ​ពេល​វេលា​និង​ថវិកា​ទៅ​ធ្វើ​ការ​ឃោសនា​នៅ​តាម​បណ្ដា​ខេត្ត​ ​ជាទី​ដែល​គណបក្ស​ជឿ​ថា​ ​មាន​អ្នក​ស្រឡាញ់​រាជានិយម​ច្រើន។​ នេះ​បើតាមការ​អះអាង​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ុនប៉ិច។​

លោក​ ​ញ៉េប ប៊ុនជិន​ ​អនុប្រធាន​ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ប្រាប់​ VOA​ ថា​ ​គណបក្ស​លោក​បាន​បើក​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ ​ក្រោម​ព្រះ​រាជ​វត្តមាន​របស់​សម្ដេច​ក្រុមព្រះ​ ​ប្រធាន​គណបក្ស​ ​ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ​៧០០​នាក់។ ​លោក​បន្ត​ថា​ នៅ​អំឡុង​ពេល​យុទ្ធនាការ​ដែល​មាន​រយៈ​ពេល​១៤​ថ្ងៃ​នេះ​ ​គណបក្ស​រាជានិយម​នេះនឹង​ផ្ដោត​ការ​ឃោសនា​របស់​ខ្លួននៅ​តាម​បណ្ដា​ខេត្ត​ និង​ទី​ជនបទ។​ ​ចំណែក​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​គណបក្ស​នឹង​ទុក​លទ្ធភាព​ឱ្យ​មន្ត្រី​នៅ​តាម​សង្កាត់​រៀបចំ​ដោយ​ខ្លួន​ឯង។​

​«យើង​អត់មាន​គម្រោង​ហែ​ក្បួន​អី​ទេ ​ជា​គោល​ការណ៍​គណបក្ស​តែ​ម្ដង។​ ប៉ុន្តែ​យើង​បើក​ភាព​ទូលំ​ទូលាយ​ជូន​ដល់​ក្រុម​ប្រឹក្សា​សង្កាត់ដែល​នៅ​ភ្នំពេញ​ហ្នឹង។​ បើ​លោក​ចង់​ហែ ​យើង​សុំ​ឱ្យ​គាត់​អនុវត្ត​តាម​គោល​ការណ៍​របស់​គ.ជ.ប.​ ហើយ​និង​អាជ្ញាធរ​ទៅ ​ហើយ​យើង​ជួយ​ឧបត្ថម្ភ​គាត់​ទៅតាម​អ្វី​ដែល​គាត់​ចង់​ហែ»។​

សកម្មជនគណបក្សហ្វ៊ុនស៊ិនប៉ិចមកពីខេត្តកណ្ដាលទៅទទួលយកអាវយឺតពីស្នាក់ការកណ្ដាលក្នុងសង្កាត់ជ្រោយចង្វា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ (អ៊ិត សូធឿត/VOA)
សកម្មជនគណបក្សហ្វ៊ុនស៊ិនប៉ិចមកពីខេត្តកណ្ដាលទៅទទួលយកអាវយឺតពីស្នាក់ការកណ្ដាលក្នុងសង្កាត់ជ្រោយចង្វា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ (អ៊ិត សូធឿត/VOA)

យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០១៧​នេះ​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​សៅរ៍។ ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រៀបចំ​បើក​យុទ្ធនាការ​នេះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​មាន​អ្នក​ចូល​រួម​ជា​ច្រើន​ពាន់នាក់។​ ​ច្បាប់​បោះឆ្នោតថ្មី​បាន​កំណត់​ឱ្យគណបក្ស​នយោបាយ​មួយ​អាច​ហែ​ក្បួន​ឃោសនា​តែ​ពីរ​ដង​ប៉ុណ្ណោះក្នុង​រយៈ​ពេល​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​១៤​ថ្ងៃ​ គឺ​នៅ​ថ្ងៃ​បើក​យុទ្ធនា​ការ​ឃោសនា ​និង​នៅ​ថ្ងៃ​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។​ ​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧​នេះ​ ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី២​ ខែ​មិថុនា ​មុន​ការ​បោះឆ្នោត​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៤ ​ខែ​មិថុនា​ ​ខាង​មុខ។

លោក​ ​ញ៉េប ប៊ុនជិនឱ្យ​ដឹង​ទៀត​ថា​ មូលហេតុ​ដែល​គណបក្ស​ពុំ​មាន​រៀបចំ​ការ​ឃោសនា​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ គឺដោយសារ​តែ​គណបក្ស​ពុំ​មាន​បេក្ខជន​គ្រប់គ្រាន់​សម្រាប់​ប្រកួត​ប្រជែង​នៅ​គ្រប់​ឃុំ-សង្កាត់​ ​និង​មិនមាន​ថវិកា​គ្រប់គ្រាន់។​ លោក​ថ្លែង​ថា​ ​គណបក្ស​ចង់​ប្រើប្រាស់​ថវិកា​និង​ពេល​វេលា​សម្រាប់​ការ​ឃោសនា​នៅ​តាម​បណ្ដា​ខេត្ត​ដែល​គណបក្ស​សង្ឃឹម​ថា​ ​មាន​អ្នក​គាំទ្រ​ច្រើន។

«ខេត្ត​មួយ​ចំនួន​ ​ដូចជា​ព្រៃវែង ​កំពង់ចាម ​ត្បូង​ឃ្មុំ ​បាត់ដំបង​ បន្ទាយ​មានជ័យ​ សៀមរាប​អី​នេះ​ ​សុទ្ធ​តែ​ជា​អ្នក​រាជានិយម​ទាំងអស់។ ​បើ​ប្រៀបធៀប​ទៅ​នឹង​រាជធានី​ភ្នំពេញ ​មិន​ចាញ់​រាជធានី​ភ្នំពេញ​ទេ ​មាន​តែ​លើ ​ពីព្រោះ​រាជធានី​ភ្នំពេញ​ គាត់​មាន​ការ​យល់ដឹង​ច្រើន ​គាត់​ទៅតាម​នេះ គាត់​ទៅ​តាម​នោះ តាម​មនោសញ្ចេតនា​របស់​គាត់។​ ប៉ុន្តែ​នៅ​តាម​ជនបទ​ ប្រជា​ពលរដ្ឋ​ដែល​ធ្លាប់​រស់​នៅ​ក្នុង​សុខដុមរមនា​ក្នុង​រជ្ជកាល​រាជាណាចក្រ​ ក្នុង​ជំនាន់​ព្រះ​កូណាមក ​ឥឡូវ​ហ្នឹង​ក៏​ពួក​គេ​នៅ​តែ​ថា ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ដឹកនាំ​ដោយ​សម្ដេច​ក្រុម​ព្រះ​ហ្នឹង​គឺ​អាច​នឹង​រក​មធ្យោបាយ​ជូន​ប្រជា​ពលរដ្ឋ ​ឱ្យ​រស់​មាន​បាន​ដូច​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​អីចឹង»។​

លោក​ មាស នី​ ​អ្នកស្រាវជ្រាវ ​និង​ជា​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា​ ​មាន​ប្រសាសន៍​ថា ​ការណ៍​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិនឃោសនា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​អាច​មក​ពី​គណបក្ស​ដឹង​ថា ​ខ្លួន​បាត់បង់​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ទីក្រុង។ ​លោក​បន្ត​ថា​ ដោយសារ​តែ​មាន​ការ​បែកបាក់​នៅ​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​នោះ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក៏​អាច​នឹង​ពិបាក​ក្នុង​ការ​រក​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ផង​ដែរ។

«ហើយទី​២ទៀត ​ការ​គ្រាន់​តែ​យក​គោល​នយោបាយ​ទៅ​និយាយ​ ​ហើយ​ប្រៀបធៀប​ឱ្យ​មើល​ទៅ​រក​រាជានិយម​នោះ ​ ​ខ្ញុំ​គិត​ថា ​មិនខុស​អី​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ឱ្យ​មនុស្ស​មើល​ទៅ​៧​មករា​ ដែល​មនុស្ស​ភាគ​ច្រើន​កើត​មិន​ទាន់​៧​មករា​ផង​ក៏​មាន​ ហើយ​ក៏​មិន​ដឹង​ថា ​៧​មករា​ហ្នឹង​ជា​ស្អី​ដែរ។​ ដល់​អីចឹង​ ​ប្រជាប្រិយ​ហ្នឹង​គឺ​ពិបាក​ទាញ​យក​មក​វិញ»។​

ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ឈ្នះ​ឆ្នោត​និង​បាន​ដឹកនាំ​រដ្ឋាភិបាល​រួម​គ្នា​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ ​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ពុំ​ព្រម​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការ​សហ​ប្រជាជាតិ។​ ​ការ​បោះឆ្នោត​អាណត្តិ​ទី​២​ក្នុង​ឆ្នាំ​១៩៩៨​ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ចាញ់ឆ្នោតគណបក្ស​ប្រជាជនកម្ពុជា​ និង​បន្ត​បាត់​បង់​សំឡេង​គាំទ្រ​រហូត​ពុំ​ទទួល​បាន​អាសនៈ​ទាល់​តែ​សោះ​នៅ​ក្នុង​រដ្ឋសភា​ សម្រាប់​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣៕

XS
SM
MD
LG