ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ ​Freedom House​ ជំរុញ​ឲ្យ​ស.រ.អា​.ផ្តល់​កញ្ចប់​ថវិកា​​អន្តរជាតិ​ឲ្យ​បាន​ពេញលេញ


ផែនទី​បង្ហាញពី​សេរីភាព​ក្នុង​ពិភពលោក។
ផែនទី​បង្ហាញពី​សេរីភាព​ក្នុង​ពិភពលោក។
អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​និង​សេរីភាព​ពិភព​លោក​របស់​ស.រ.អា.​មួយ​ឈ្មោះ​ Freedom House ​បាន​ជំរុញ​ឲ្យ​ស.រ.អា.​ផ្តល់​ថវិកា​ពេញលេញ​សម្រាប់​កញ្ចប់​ថវិកា​អន្តរជាតិ។​ ​លោក​សុខ ខេមរា​នៃ​វីអូអេ​បាន​រាយ​ការណ៍ពី​រដ្ឋធានី​វ៉ាស៊ីនតោនថា​ ការ​អំពាវនាវ​យ៉ាង​ដូច្នេះ​កើត​ឡើង​ក្នុង​ពេល​ដែល​ថវិកា​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ​អាច​មាន​ផល​ប៉ះពាល់​ ដោយសារ​តែ​ការ​កាត់​បន្ថយ​ក្នុង​ពេល​សភា​ស.រ.អា.​កំពុង​ពិភាក្សា​រឿង​ថវិកា​និង​ក្នុង​ពេល​ដែល​ស.រ.អា.​កំពុង​ជួប​វិបត្តិ​ថវិកា​ កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ​ឬហៅ​ថា ​Sequestration។​

ក្រុម​អ្នក​ឃ្លាំ​មើល​ក្នុង​ប្រទេស​អាមេរិក​ឈ្មោះ​អង្គការ​ Freedom House​ និយាយ​ ថា​ សភា​ស.រ.អា.​គួរ​ផ្តល់​ការ​គាំទ្រ​ថវិកា​ជិត​៤៨​ពាន់លាន​ដុល្លារ​ឲ្យ​បាន​ពេញលេញ​ តាម​សំណើនានា​ទាក់ទង​នឹង​កិច្ចការ​ការ​បរទេស​ ដោយ​ហៅ​ការ​នោះ​ថា​ ជា​រឿង​ មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន ​សម្រាប់​គោល​នយោបាយ​ការ​បរទេស​របស់​ស.រ.អា.។​

នៅ​ក្នុង​របាយ​ការណ៍​គោល​នយោបាយ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ដើម​ខែ​នេះ អង្គការ​ Freedom House ​បាន​និយាយ​ថា​ ថវិកា​ការ​បរទេស​សម្រាប់​កិច្ចការ​អន្តរ ជាតិ​ដែល​បង្កើត​បាន​ត្រឹមតែ​មួយ​ភាគរយ​នៃថវិកា​ស.រ.អា.​ទាំង​មូល​នោះ​ អាច​ដោះស្រាយ​បាន​បញ្ហា​រំលោភសិទ្ធិ​សេរីភាព​និង​ផ្តល់​ការ​គាំពារ​ជីវិត​ដល់​មនុស្ស​ដែល​កំពុង​ជាប់​គុក ជាប់​ទារុណ​កម្មឬ​ស្លាប់​ដោយសារ​តែ​ការ​សម្តែង​មតិ​ដើម្បី​សេរីភាព។​

អនុសាសន៍​របស់​អង្គការ​ Freedom House ​បាន​កើត​ឡើង​នៅ​ពេល​សភា​ស.រ.អា.​ បន្ត​ពិភាក្សា​អំពី​បញ្ហា​ថវិកា​និង​កើត​ឡើង​ក្នុងពេល​ដែល​មាន​ការ​ជាប់​គាំង​រឿង​វិបត្តិ​ថវិកា​ឬ​ការ​កាត់​ប្រាក់​ចំណាយ​របស់​រដ្ឋ​ដែល​បន្ត​កកស្ទះ​ថវិកា។

​ក្រុម​អ្នក​វិភាគ​នយោបាយ​និយាយ​ថា​ វិបត្តិ​ថវិកា​ស.រ.អា.​ដែល​អាច​នាំ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ការ​ផ្តល់​ថវិកាទៅ​ក្រៅ​ប្រទេស​នោះ​ អាច​មាន​បញ្ហា​លំបាក​រយៈ​ពេល​វែង​ក្នុង​ ប្រទេស​ជាច្រើន​ ដូចជា​កម្ពុជា។​ ប្រទេស​កម្ពុជា​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស​ជា ពិសេស​ក្នុង​ផ្នែក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផង​ដែរក្នុង​ការ​ជួយ​ពង្រឹង​ស្ថិរភាព​នយោ បាយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្នែក​សិទ្ធិ​ជាមូលដ្ឋាន​និង​សេរីភាព​នានា។​

លោកស្រី​សារា ​ទ្រីស្ទ័រ ​(Sarah Trister)​ ដែល​ជា​អ្នក​តាក់តែង​របាយ​ការណ៍​គឺ​ជា​នាយក​ចាត់​ចែង​កិច្ច​ការ​ទាក់ទង​នឹង​សភា​នៅ​ឯ​អង្គការ ​Freedom House។​ លោកស្រី​បាន​ថ្លែង​ប្រាប់​វីអូអេ​ផ្នែក​ខេមរភាសា​ថ្មីៗ​ថា​ រដ្ឋាភិបាល​ស.រ.អា.​ផ្តល់​ថវិកា​ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​ជា​ច្រើន​ ដូចជា​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ ក្រុម​អ្នក​តស៊ូ​មតិ​ផ្នែក​ប្រជា​ធិបតេយ្យ ​ក្រុម​អ្នក​សង្កេត​ការណ៍​ផ្នែក​បោះឆ្នោត ​និង​វិស័យ​ផ្សេងៗ​ទៀត។​

ការ​ផ្តល់​ជំនួយ​នេះ​បាន​ធ្វើឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ចំពោះការ​អភិវឌ្ឍ​ក្នុង​ប្រទេស​ទាំង​នោះ។ ​ក៏ប៉ុន្តែ​លោកស្រី​បាន​អះអាង​ថា ​ថវិកា​នេះ​ត្រូវ​តែ​បន្តផ្តល់​ ហើយ​ត្រូវ​តែ​ផ្តល់​ទៅដល់​ក្រុម​អង្គការ​ក្នុង​ស្រុក​ ជាមួយ​នឹង​វិធាន​ការណ៍​ខ្លះ​ដែល​ជា​ការ​ធានា​សន្តិសុខ​ផ្នែក​ហេរញ្ញ​វត្ថុ។​

អ្នកស្រី​និយាយ​ថា៖​ «ការគាំទ្រ​ដល់​ក្រុម​សង្គម​ស៊ីវិល​គឺ​ទាមទារ​ឲ្យ​មាន​កម្ម​វិធី​ច្នៃ​ប្រឌិត​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​នានា​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ដែល​នៅ​តាម​ប្រទេស​ទាំងឡាយ ​តែ​រឿង​នេះ​ក៏ត្រូវ​ការពឹង​ពាក់​លើការ​ផ្តល់​ថវិកា​ជា​ប្រចាំ​ផង​ដែរ​ក្នុង​ការ​ផ្តោត​ទៅលើ​ការ​វិវត្តរ៍រយៈ​ពេល​យូរ។​ ហើយ​ប្រសិន​បើ​កម្រិត​នៃ​ការ​ផ្តល់​ថវិកា​ ត្រូវគេ​កាត់ ​ឬ​ក៏​ការ​ផ្តល់​ថវិកា​នៅថ្ងៃ​អនាគត​ស្ថិត​ក្នុង​មន្ទិល​សង្ស័យ ​នោះ​ជា​រឿង​លំបាក​សម្រាប់​ក្រុម​អង្គការ​នានា​ដើម្បី​ធ្វើ​គម្រោង​ការណ៍ ​និង​អនុវត្ត​កម្មវិធីរយៈ​ ពេល​វែង»។​

រដ្ឋបាល​លោក​ប្រធា​នាធិបតី​បារ៉ាក់ ​អូបាម៉ា​បាន​កំណត់​តំបន់​អាស៊ី​ជា​តំបន់ ​ដ៏​សំខាន់​នៃ​វិស័យ​ការ​ទូត​អន្តរជាតិ ​នៅពេល​ឥទ្ធិពល​ចិន​កំពុង​កើន​ក្នុង​តំបន់​នេះ។​

នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ឬ​អាស៊ាន​វិញ ​ រឿងនេះ​មាន​ន័យ​ថា​ ជា​កិច្ចប្រឹង​ ប្រែង​ជា​ថ្មី​ឡើង​វិញ​ក្នុង​ការ​គាំទ្រ​កម្ពុជា​ដែល​ចិន​ក្តោប​ក្តាប់​ឥទ្ធិពល​ខ្លាំង​ក្លា​នោះ។​

លោកស្រី ​Trister ​បាន​និយាយ​ថា ​ការ​ផ្តល់​ថវិកា​គាំទ្រ​ផ្នែក​ប្រជា​ធិបតេយ្យ ​និង សិទ្ធិ​មនុស្ស​ក្នុង​តំបន់​អាស៊ី​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​ការ​បរ​ទេស​របស់​ស.រ.អា.។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ វា​ស្រេច​លើ​សភា​ក្នុង​ការ​ផ្តល់​ថវិកា​ទៅ​លើ​កម្មវិធី​ទាំងនោះ​ ហើយ​ក៏មាន​ការ​បកស្រាយ​ខុសៗ​គ្នា​យ៉ាង​ទូលំទូលាយ​ផង​ដែរ​ ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ចំណាយ​ថវិកា​សារ​ពើពន្ធ​ឆ្នាំ​២០១៤ ​ក្នុង​សភា​និង​ព្រឹទ្ធ​សភា។​

លោកស្រី​អះអាង​ថា៖​ ​«សភា​គួរតែ​គិត​ថា ​កម្មវិធី​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​គឺ​ ជា​ការ​ចំណាយ​ក្នុង​កម្រិត​ល្មម​ដើម្បី​ប្រតិបត្តិការ។​ ប៉ុន្តែ​ផល​ប្រយោជន៍​ដ៏​ធំ ​ដែល​បាន​ត្រឡប់​មក​វិញ​ពី​ការផ្តល់ថវិកា​នោះ​គឺជួយ​កសាង​ដៃ​គូ​ប្រជា​ធិបតេយ្យ​ប្រកប​ដោយ​ស្ថិរភាព​ ដែល​សហការ​ជាមួយ​ស.រ.អា.​លើ​បញ្ហា​ធំ​ទូលាយ​ យ៉ាង​ច្រើន​ រួមទាំង​បញ្ហា​សន្តិសុខ​ជាតិ ​បញ្ហា​សេដ្ឋ​កិច្ច ​បញ្ហា​ពាណិជ្ជ​កម្ម​ និង​បញ្ហា​ការទូត»។​

ទោះ​ជាយ៉ាង​ដូច្នេះ​ក្តី ​នៅពេល​មាន​ការ​រិត​បណ្តឹង​ផ្នែក​ថវិកា​លើ​វិស័យ​ជាច្រើន​ អ្នក​វិភាគ​នយោបាយ​ខ្លះ​ដូច​ជា​លោក​ប្រេដ អាដាំ ​(Brad Adams)​ នាយក​អង្គការ​ Human Rights ​Watch ​ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែង​ប្រាប់​វីអូអេ​ខ្មែរ​ថា ​ប្រទេស​ កម្ពុជា​អាច​នឹង​ទទួល​បាន​ថវិកា​បន្ថែម។​

លោក​និយាយថា៖ «អ្នក​ធ្វើការ​នៅ​សភា​ស.រ.អា.​ពិតជា​មិន​សប្បាយ​ចិត្ត​នឹង​របប​គ្រប់គ្រង​នៅ​ភ្នំពេញ​ទេ។​ វា​ពិតជា​មាន​ការ​ពិភាក្សា​គ្នា​ច្រើន​ពី​ការ​កាត់​បន្ថយ​ជំនួយ​ខ្លះ​ តែ​បន្ថែម​ជំនួយ​សម្រាប់​បញ្ហា​ប្រជា​ធិបតេយ្យ​ អភិបាល​កិច្ច​ល្អ ​និង​ពង្រឹង​ច្បាប់។​ ខ្ញុំ​មិន​អាច​ដឹង​បាន​ទេ​ពីលទ្ធផល​យ៉ាងណា​ ព្រោះ​នេះ​ជា​រឿង​នយោបាយ​ ហើយ​រឿង​រ៉ាវ​អាច​កើត​ឡើង​បាន​ក្នុង​រឿង​នយោបាយ​នោះ។​ នេះ​ជា​ទិស​ដៅ ​ដែល​កំពុង​ដំណើរ​ការ​ ពេល​នេះ»។​

លោកស្រី ​Trister​ ត្រួត​ពិនិត្យ​មើល​យ៉ាង​ដិត​ដល់​អំពី​ការ​ស្នើថវិកា​ក្រោម​ចំណង​ ជើង​ថា​ «ការ​គ្រប់​គ្រង​ដោយ​យុត្តិធម៌​និង​ដោយ​ប្រជា​ធិបតេយ្យ»​ដែល​ស.រ.អា.​ទុក​ថវិកា​សម្រាប់​គោលដៅ​សម្រើ​កិច្ចការ​ផ្នែក​សេរីភាព​ និង​ប្រជា​ធិបតេយ្យ។​

រដ្ឋបាល​លោក​អូបាម៉ា​កំពុង​ស្នើ​ថវិកា​១០លាន​៩សែន​សម្រាប់​កម្ម​វិធី​នានា​ក្នុង​ប្រទេស​កម្ពុជា​ស្មើ​នឹង​ជិត​៥០​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ២០១២។ នេះ​ជា​ការ​សរសេរ​របស់​លោកស្រី ​Trister​ ក្នុង​របាយ​ការណ៍​របស់​លោកស្រី។ ​លោកស្រី​បាន​ បញ្ជាក់​ថា​ អង្គការ​ Freedom House​ រីករាយ​នឹង​ឃើញ​ថា​ ចំនួន​ថវិកា​ភាគ​ច្រើន​ធ្លាក់​ទៅ​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ដែល​នឹង​ផ្តល់​អំណាច​ដល់​ក្រុម​នេះ​ជួយ​ផ្នែក​តស៊ូ​មតិ​ដើម្បី​កែទម្រង់​និង​ការពារ​សិទ្ធិ​មនុស្ស។​

លោកស្រី ​Trister ​បាន​សរសេរ​ទៀត​ថា​ នៅក្នុង​តំបន់​អាស៊ី​ ជាទូទៅ​ សំណើ​សុំ​ថវិកា​ផ្នែក​ការ​គ្រប់គ្រង​ដោយ​យុត្តិធម៌ ​និង​ដោយ​ប្រជាធិបតេយ្យ ​(GJD) ​មាន​ ចំនួន​ជាង​១០៤​លាន​ដុល្លារ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ​នេះជា​ចំនួន​កើន​២៥​ភាគ​រយ​ធៀប​នឹង​ឆ្នាំ​២០១២។

លោក​បណ្ឌិត​ចន សូសៀយ៉ារី ​(John Ciorciari)​ សាស្ត្រាចារ្យ​ផ្នែក​គោល​នយោ បាយ​សាធារណៈ​នៅ​ឯ​សាកល​វិទ្យាល័យ ​Univerisity of Michigan ​បាន​ថ្លែង​ប្រាប់​វីអូអេ​ខ្មែរ​ ថា​ សភា​ស.រ.អា.​គួរ​ពិចារណា​អំពី​ផល​ប៉ះ​ទង្គិច​រយៈ​ពេល​វែង​នៃ​ការ​កាត់​បន្ថយ​ថវិកាក្រៅ​ប្រទេស។​

លោក​និយាយថា៖​ «ទោះ​ជា​យ៉ាង​ណាក្តី​ ខ្ញុំគិត​ថា​ ជា​រឿង​មាន​សុវត្ថិភាព​ក្នុង​ការ​និយាយ​ថា​ កម្មវិធី​ស្តីពី​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ​នឹង​អាច​ប្រឈម​មុខ​ចំពោះ​ការ​ផ្តល់​ការ​គាំទ្រ​ថវិកា​ក្នុង​បរិយាកាស​សារពើ​ពន្ធ​ដូច្នេះ។​ រឿង​នេះ​ជា​រឿង​សំខាន់​បំផុត​ដែល​ក្រសួង​ការ​បរទេស​ស.រ.អា.​ ទីភ្នាក់ងារ​ផ្តល់​ជំនួយ​ស.រ.អា.​ និង​ទី​ភ្នាក់ងារ​ពាក់ព័ន្ធ​ដ​ទៃ​ទៀត​ ក្នុង​រង្វង់​ស្ថាប័ន​នីតិ​ប្រតិបត្តិ​ក៏ដូច​ជា​សមាជិក​សភា​ដែល​ពាក់​ព័ន្ធ ​ធ្វើ​ការ​ជំរុញ​ ឲ្យ​បាន​ខ្លាំងកា្ល​ដើម្បី​ការពារ​កម្ម​វិធី​ទាំង​នោះ​នៅ​ឆ្នាំ​ខាង​មុខ»។​

លោក​សាស្ត្រាចារ្យ​ចន សូសៀយ៉ារី​បន្ថែម​ថា ​ចំពោះ​បញ្ហា​គុណភាព​នៃ​កម្ម​វិធី​ ទាំង​នោះ​គឺ​អាស្រ័យ​ទៅ​លើ​ការ​ផ្តល់​ថវិកា​គាំទ្រ​ឲ្យ​បាន​ឋិតឋេរ។​

លោក​ពន្យល់​ថា៖​ «ការ​កសាង​អង្គការ​សង្គម​ស៊ីវិល​ដោយ​ឋិត​ថេរ​ វា​ត្រូវ​ការពេល​វេលា ជា​ពិសេស​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​ជំហរ​នយោបាយ​សម្រាប់​អង្គការ​នានា​មាន​តិចតួច ​និង​ត្រូវ​រិតត្បិត។ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មិន​អាច​រីក​លូត​លាស់​បាន​ដល់​ឫស​ គល់ ​ហើយ​អាច​កសាង​បាន​យុត្តិសាស្ត្រ​ដែល​ស៊ី​សង្វាក់​គ្នា ប្រសិន​បើ​ថវិកា​ របស់​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​រអាក់រអួល​និង​មិន​អាច​ទស្សន៍​ទាយ​បាន​នោះ»។​

ដោយឡែក​ បើតាម​លោកស្រី​ស៊ីហុកុ ​ហ្គោតុ ​(Shihoko Goto)​ អ្នក​ស្រាវជ្រាវ​ នៃ​មជ្ឈមណ្ឌល ​Woodrow ​Wilson Center ​ជា​អង្គការ​តាក់តែង​គោល​នយោបាយ​ របស់​ស.រ.អា.​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ថ្លែង​ថា​ ជំនួយ​ស.រ.អា.​សម្រាប់​កិច្ចការ​កសាង​សមត្ថភាព​គួរ​តែង​ត្រូវ​គេ​មើល​ឃើញ​ថា​ ជា​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ផ្នែក​យុទ្ធសាស្ត្រ​នៃ​ផល​ប្រយោជន៍​ជាតិ​របស់​ស.រ.អា.។​

ថវិកា​សម្រាប់​ពាណិជ្ជ​កម្ម​អាច​ជួយ​ការ​រីក​លូត​លាស់​ផ្នែក​សេដ្ឋ​កិច្ច​ក្នុង​បណ្តា​ប្រទេស​ផ្សេង​ទៀតតែវា​អាច​ជួយ​បង្កើន​តម្រូវការ​សម្រាប់​ទំនិញ​ស.រ.អា.​និង​សេវា​កម្ម​ផ្សេងៗ​ដែរ។​

អ្នកស្រី​និយាយថា៖​ «ការ​វែក​ញែក​អំពី​ជំនួយ​កសាង​សមត្ថភាព​ដូច្នេះ​ វា​លំបាក​ហើយ​ក្នុង​ការ​យក​ឈ្នះ​លើ​សភា​ក្នុង​រឿង​នេះ​ នៅពេល​មាន​រឿង​ច្របូក​ច្របល់​ទាក់ទងនឹង​វិបត្តិ​ថវិកា ​Sequestration​ ក៏​ដូច​ជា​ការ​បែង​ចែក​នយោបាយ​នៅ​ឯ​សភា​ដែរ។​ បញ្ហា​នេះ​គួរ​ត្រូវ​កត់​សម្គាល់​ដែរ​ថា​ ក្រុម​អង្គការ​ឯកជន​ដែល​គ្មាន​ប្រាក់​ចំណេញ​ កំពុង​ដើរ​តួនាទី​ខ្លាំងកា្ល​មិន​ធ្លាប់​មាន​ ក្នុង​ការ​ផ្តល់​ជំនួយ ​ដូចជា​ពី​អង្គការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ នានា​ដើម្បី​ជួយ​ផ្នែក​អប់រំ​ក៏​ដូច​ជា​កសាង​សមត្ថភាព។ ​ជា​រឿយៗ​ ជំនួយ​មក​ពី​ទីភ្នាក់ងារ​ ផ្តល់​ជំនួយ​ស.រ.អា.​ក៏ដូចជា​ទី​ភ្នាក់ងារ​ពាក់​ព័ន្ធ​របស់​អ.ស.ប.​ជាការ​លំបាក​សម្រាប់​ជួយ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល»។​

លោកស្រី​បាន​បញ្ជាក់​បន្ត​ថា ​ទោះជា​យ៉ាងណា​ក្តី​ក៏​ស.រ.អា.​មិនមែន​ជា​ម្ចាស់​ជំនួយ​ តែមួយ​ទេ​សម្រាប់​ការ​អភិវឌ្ឍន៍​ដែរ។​

លោកស្រី​និយាយ​ថា៖​ «ជា​ការណ៍​ពិត​ មាន​ការ​ប្រណាំង​ប្រជែង​គ្នា​ក្នុង​ការ​ផ្តល់​ជំនួយ​ក្នុង​ចំណោម​ប្រជា​ជាតិអាស៊ី ​ជា​ពិសេស​ប្រទេស​ចិន ​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​ ដែល​ប្រជែង​គ្នា​ដើម្បី​ផ្តល់​ជំនួយ​ទៅមុខទៀត​ដើម្បី​អភិវឌ្ឍន៍​ប្រជាជាតិ​នានា។​ បញ្ហា​នេះ​កើត​ឡើង​គួរ​ឲ្យ​ភ្នាក់​ផ្អើល​ ជាពិសេសនៅ​ប្រទេស​ភូមា​ពេលនេះ។​ ហើយ​សម្រាប់​បណ្តា​ប្រទេស​ដែល​ទទួល​ជំនួយ​ ជា​ការណ៍​ពិត​គឺ​ជា​រឿង​ល្អ​ នៅ​ពេល​ដែល​ការ​ប្រកួត​ប្រជែង​របស់​ ប្រទេស​ផ្តល់​ជំនួយ​អាច​អនុញ្ញាតឲ្យពួកគេ​ពង្រឹង​ជំហរ​របស់​ពួកគេ​បន្ត​ទៅ​ទៀត»។​

លោក​ប្រេដ អាដាំ​នៃ​អង្គការ​ Human Rights Watch​ វិញ​បាន​អះអាង​ថា​ រឿង​នេះ​ មិន​ថា​ ឡើយ​ជា​បញ្ហា​យ៉ាង​ណា​នោះ​ទេ​ ស.រ.អា.​ចាំបាច់​ត្រូវ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​របស់​ ខ្លូន​ក្នុង​គាំទ្រ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​តំបន់​អាស៊ី។​

លោក​និយាយថា៖​ «ថវិកា​ដែល​ស.រ.អា.​ផ្តល់​គឺ​ជា​ពិត​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ក្រុម​អង្គការ​នានា​ក្នុង​ការ​តាម​ឃ្លាំមើល​ ថា​តើ​រដ្ឋាភិបាល​នានា​កំពុង​ធ្វើ​អ្វី​ ក្នុង​ការ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ទាំង​នោះ​សុចរិត ​ក្នុង​ការ​ប្រយុទ្ធ​នឹង​អំពើ​ពុករលួយ​ និង​ក្នុង​ងើប​ឈរ​តស៊ូ​ដើម្បី​សិទ្ធិស្ត្រី ​សិទ្ធិ​កុមារ​ និង​ការ​ប្រយុទ្ធ​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នានា»។​

លោក​អាដាំ​បាន​បន្ត​ថា​ សភា​ស.រ.អា.​មិន​គួរ​កាត់ជំនួយ​ទៅ​បរទេស​ដែល​ ជួយ​ដល់​តំបន់​អាស៊ី​ និង​អាស៊ី​អាគ្នយ៍​ទេ។ ​លោក​បាន​បន្ថែម​ថា​ រាប់​ទស​វត្សរ៍​ ហើយ​ដែល​យើង​ឃើញ​ ពីជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ ក្រុម​សកម្មជន​និង​អ្នក​ នយោបាយ​ផង​ ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ផ្តល់​ថវិកា​នេះ៕
XS
SM
MD
LG