ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ Freedom House៖ ពិន្ទុ​លទ្ធិ​ប្រជាធិបតេយ្យ​មាន​ការ​ធ្លាក់​ចុះ​ក្នុង​ប្រទេស​ជាច្រើន


Freedom House

អង្គការ Freedom House បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ ២០១៦ ពិន្ទុ​លទ្ធិ​ប្រជាធិបតេយ្យ​មាន​ការ​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​ចំនួន​ច្រើន​ជាង​ពាក់​កណ្ដាល នៃ​ប្រទេស​ទាំង ២៩ នៅ​អឺរ៉ុប​កណ្ដាល អឺរ៉ុប​ខាងកើត តំបន់​បាល់​កង់ (Balkans) និង​តំបន់​អាស៊ី​អឺរ៉ុប (Eurasia) ដែល​ស្ថិត​ក្រោម​ការ​សិក្សា​របស់​អង្គការ Freedom House នេះ។

នេះ​ជា​ការ​ធ្លាក់​ចុះ​ធំ​បំផុត​លើក​ទីពីរ​ក្នុង​ប្រវត្តិសាស្ត្រ ២២ ឆ្នាំ នៃ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ Freedom House នេះ។ ការ​ធ្លាក់​ចុះ​នេះ គឺ​បណ្ដាល​មកពីការ​កើន​ឡើង​នៃ​ទស្សនៈ​ប្រជានិយម​នៅ​ក្នុង​តំបន់​ដែល​មាន «ប្រទេស​នានា​ស្ថិត​ក្នុង​ដំណាក់កាល​ផ្លាស់​ប្តូរ» ដែលជា​កន្លែង​ដែល «មេដឹកនាំ​ប្រទេស​ទាំង​នោះ កំពុង​វាយ​ប្រហារ​ដោយ​ចំហ​លើ​លទ្ធិប្រជាធិបតេយ្យ​សេរី» ។

ប្រទេស​ហុងគ្រី ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី Viktor Orbán ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទាប​បំផុត​នៅអឺរ៉ុប​កណ្ដាល។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ Freedom House។

លោក Nate Schenkkan ប្រធាន​គម្រោង​នៃ​អង្គការ Freedom House ដែល​ជាអង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បាន​ប្រាប់ VOAថា លោក Orbán មេដឹក​នាំ​ប្រទេស​ហុងគ្រី «បាន​បង្កើត​គំរូ​មួយ​សម្រាប់​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ក្នុង​ការ​ប្រឆាំង​នឹង​លទ្ធិ​ប្រជាធិបតេយ្យ។ គាត់​និយាយ​អំពី​រឿង​នេះ​ដោយ​បើក​ចំហ។ វា​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​គាត់​បាន​និយាយ​ថា គាត់​មិន​ទទួល​យក​គំនិត​នៃ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​មាន​ចែង​នៅ​ក្នុង​សន្ធិ​សញ្ញា​របស់​សហភាព​អឺរ៉ុប​នោះ​ទេ ដែល​លទ្ធិ​ប្រជាធិបតេយ្យ​នេះ​ជា​អ្វី​ដែល​សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​ជំរុញ​ឲ្យ​មាន​ការ​រីក​ចម្រើន​ទៅ​មុខតាំង​តែ​ពី​យូរ​លង់​ណាស់​មក​ហើយ។ គាត់​ជឿ​ថា​រឿង​ទាំង​នេះ​គឺ​ជា​រឿង​មិន​ពិត និងផ្ទុយ​ទៅនឹង​ប្រជាជាតិហុងគ្រី»។

របាយការណ៍​នេះ​ក៏​បាន​រិះគន់​ប្រទេស​ប៉ូឡូញ ដែល​ស្ថិត​នៅ​ក្រោមការ​គ្រប់គ្រង​របស់​គណបក្ស​«ច្បាប់​និង​យុត្តិធម៌» (Law and Justice Party) ដែល​ដឹកនាំ​ដោយ​លោក Jaroslaw Kaczynski ផង​ដែរ។ របាយការណ៍​នេះ​បាន​លើក​ឡើង​ពី​ការ​វាយ​ប្រហារ ដែល​ធ្វើ​ឡើង​ដោយ​មេដឹកនាំ​ប្រជា​និយម​នៅ​ក្នុង​ប្រទេស​ទាំងពីរ ទៅ​លើ​តុលាការ​ធម្មនុញ្ញ និង​ប្រព័ន្ធ​ត្រួត​ពិនិត្យ​តុល្យភាព​អំណាច ក៏​ដូចជា​ទៅ​លើការ​ប្រែក្លាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ឲ្យ​ទៅ​ជា «អាវុធ​សម្រាប់​ឃោសនា» ផង​ដែរ។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​នេះ ការិយាល័យ​ព័ត៌មាន​របស់​រដ្ឋាភិបាល​ហុងគ្រី បាន​ឲ្យ​ដឹង​កាល​ពីថ្ងៃ​ទី ០៤ ខែ​មេសា កន្លង​ទៅ​នេះ​ថា៖ «សេរីភាព​សារព័ត៌មាន មាន​ការ​រីកចម្រើន​ពេញ​លេញ​នៅ​ក្នុង​ប្រទេស​ហុងគ្រី។ គំនិត​នយោបាយ​ណា​ក៏​ដោយ ក៏​អាច​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​សារព័ត៌មាន​ហុងគ្រី​បាន​ដែរ។ ពលរដ្ឋ​ហុងគ្រី​អាច​អនុវត្ត​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​ខ្លួន នៅ​ក្នុង​ការ​បោះឆ្នោត​ដោយ​សេរី​បាន»។

របាយការណ៍​របស់​អង្គការ Freedom House បាន​បន្ថែម​ថា៖ «ការ​បែក​បាក់​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ទាំង​នេះ គួរតែ​ជា​ការ​ព្រមាន ​អំពី​ភាព​ផុយ​ស្រួយ​នៃ​ស្ថាប័ន​ដែលចាំបាច់​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​សេរី ជាពិសេស​នៅ​ក្នុង​ស្ថាប័ន​ណា ដែល​បទដ្ឋាន​នយោបាយ​គ្មាន​គ្រឹះ​រឹង​មាំហើយ​ពួក​អ្នកប្រជានិយម​អាច​ស្វែង​យល់​អំពីការ​មិន​ពេញ​ចិត្ត​ទូទៅ​នៅ​ក្នុង​សង្គម»។

​លោក Sergey Aleksashenko អតីត​អនុ​ប្រធាន​ធនាគារ​កណ្តាលនៃ​ប្រទេស​រុស្ស៊ី និង​ដែល​បច្ចុប្បន្ន​នេះ ជា​សមាជិក​ជាន់​ខ្ពស់​មួយ​រូប​នៅ​វិទ្យាស្ថាន Brookings ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បាន​ប្រាប់ VOAថា៖ «វា​ជា​ស្ថានការណ៍​ធម្មតា និង​សាមញ្ញ​មួយ នៅ​ក្នុង​បណ្តា​ប្រទេស​ជា​ច្រើន។លើស​ពី​នេះ​ទៅ​ទៀត ដោយសារ​តែ​ក្នុង​អំឡុង​ពេល​ផ្លាស់ប្ដូរ និង​មាន​វិបត្តិ មនុស្ស​ចង់​បាន​ចម្លើយ​សាមញ្ញ​ចំពោះ​សំណួរ​ដែល​ស្មុគ​ស្មាញ​ខ្លាំង​នានា។ ហើយ​យូរៗ​ម្ដង យើង​ឃើញ​មាន​អ្នក​នយោបាយ​ឆ្លាតវៃ​មួយ​ចំនួន ដូចជា​លោក Lech Wałęsa នៅ​ប្រទេស​ប៉ូឡូញ និង​លោក Vaclav Havel នៅ​សាធារណរដ្ឋ​ឆេក ជា​ដើម»។

លោក​ក៏​បាន​បន្ត​ទៀត​ថា៖ «ទស្សនៈ​ប្រជានិយមប្រហែល​ជា​អាច​ទទួល​បាន​ជោគជ័យ ប៉ុន្តែ​វា​មិន​អាច​មាន​លទ្ធផល​ដល់​កម្រិត​មួយដែល​ប្រជាធិបតេយ្យអាច​ធ្វើ​បាន​នោះ​ទេ។ នៅ​ពេលដែល​ប្រជា​ពលរដ្ឋ​រស់នៅ​ក្នុង​របប​ប្រជានិយម បាន ៥ ឆ្នាំ ឬ​ក៏ ២០ ឆ្នាំ មិន​យូរ​មិន​ឆាប់ ពួក​គេ​នឹង​ឃើញ​ថា ជីវិត​របស់​ពួក​គេ​នឹង​ធ្លាក់​ក្នុង​ស្ថានភាព​អាក្រក់​ធ្ងន់ធ្ងរ​ជាង​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ជិតខាង​របស់​ពួកគេ»។

លោក​និយាយ​ថា ឧទាហរណ៍​ដែល​ល្អ​បំផុត​សម្រាប់​យល់​ពី​បញ្ហា​នេះ​គឺ​ប្រទេស​វេណេហ្ស៊ុយអេឡា។ លោក​បាន​និយាយ​ថា៖ «ប្រទេស​វេណេហ្ស៊ុយអេឡា​ធ្លាប់​ជាប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​អ្នក​មាន​បំផុត​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង ដែល​ពឹង​ផ្អែក​លើ​ប្រេងកាត ប៉ុន្តែ ដោយសារ​ប្រទេស​នេះ​ស្ថិត​ក្រោម​គោល​នយោបាយ​ប្រជានិយម​រយៈពេល ១៥ ឆ្នាំ និង​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង ប្រទេស​នេះ​បាន​ដួល​រលំ»។

ប្រទេស​រុស្ស៊ីជាប់​ចំណាត់​ថ្នាក់​នៅ​ជិត​បាត​តារាង​នៃ​ការ​ស្ទង់​មតិ​នេះ បើ​ទោះ​បី​ជា​របាយការណ៍​នេះ បាន​ទទួល​ស្គាល់​ថា មាន​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន នៅ​បន្ត​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ក៏​ដោយ។

ប៉ុន្តែ លោក Aleksashenko បាន​និយាយ​ថា៖ «យើង​អាច​និយាយ​បាន​ថា សេរីភាព​ក្នុង​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិតមាន​ខ្លះ​ដែរ ប៉ុន្តែប្រជាពលរដ្ឋ​រុស្ស៊ី​ចំនួន ៨០ ភាគរយ ទទួល​ព័ត៌មាន​តាមទូរទស្សន៍ ហើយ​គ្មានស្ថានីយ​ទូរទស្សន៍​ណាមួយ​ដែល​មិនគ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​នោះ​ទេ។ អ្នក​អាច​អះអាង​ថា មាន​សេរីភាព​មួយ​ចំនួន ហើយ​តាម​ពិត វា​ពិត​ជា​មាន​មែន ប៉ុន្តែ​វា​មិនមែន​ជា​សេរីភាព​នៃ​ការ​ទទួល​បាន​ព័ត៌មាននោះ​ទេ។ ហើយ​តាមទស្សនៈ​ផ្ទាល់​ខ្លួនខ្ញុំ វា​ជា​ការ​វាយ​តម្លៃ​ខុស​ធ្ងន់​ធ្ងរ​មួយ លើ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី»។

នៅ​តំបន់​បាល់កង់ (Balkans) ពិន្ទុ​លទ្ធិ​ប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​ពីរ គឺ​ប្រទេស​ម៉ុងតេណេក្រូ និង​ប្រទេស​ក្រូអាត មាន​ភាព​ប្រសើរ​ជាង​មុន ហើយ​ពិន្ទុ​លទ្ធិ​ប្រជាធិបតេយ្យ​សម្រាប់​ប្រទេស ៤ ផ្សេង​ទៀត​មាន​ការ​ធ្លាក់​ចុះ។ យោង​តាម​ការ​សិក្សា​នេះ ពិន្ទុ​ប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​ម៉ាសេដ្វាន គឺ​ស្ទើរតែ​ទាប​ដូច​ពិន្ទុ​កាល​ពី​ឆ្នាំ ២០០១ ដែល​នៅ​ពេល​នោះ ជា​ពេល​ដែល​មាន​ជម្លោះ​ជនជាតិ​ភាគតិច​នៅ​ក្នុង​ប្រទេស​កើតឡើង។ ចំណែក​ឯ​ពិន្ទុ​សម្រាប់​ប្រទេស​ស៊ែប៊ី​វិញ គឺ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​របស់​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ ២០០៣ មក ទោះបីជា​ប្រទេស​នេះ​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​ចរចា​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​ក៏​ដោយ។

ប៉ុន្តែ​លោក Aleksashenko បាន​បញ្ជាក់​ថា បណ្តា​ប្រទេស​ក្នុង​តំបន់​បាល់កង់ (Balkans) មិន​គួរ​ត្រូវ​បាន​ប្រៀប​ធៀប​ជាមួយ​នឹង​បណ្ដា​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​ខាងលិច​នោះ​ទេ ដោយ​ហេតុ​ថា បណ្ដា​ប្រទេស​ទាំង​នេះ ត្រូវកសាង​ស្ថាប័ន​នានា កសាង​វប្បធម៌​រដ្ឋាភិបាល និង​វប្បធម៌​របស់​រដ្ឋ ពី​ចំណុច​សូន្យ នៅ​ក្នុង​រយៈ​ពេល​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ ហើយ​ករណី​នេះ មិនមែន​ជា​ដំណើរ​ការ​ងាយ​ស្រួល​នោះ​ទេ។

នៅ​តំបន់​អាស៊ី​អឺរ៉ុប (Eurasia) ការ​សិក្សា​របស់​អង្គការ Freedom House នេះ បាន​ដាក់​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​ត្រឡប់​ចូល​ក្នុង​ប្រភេទ​ប្រទេស ដែល​ប្រកាន់​របប​ផ្ដាច់ការ​ក្ដោបក្ដាប់​អំណាច ដែល​នេះ​ជា​ចំណាត់ថ្នាក់ ដែល​ប្រទេស​នេះ​បាន​ឆ្លង​ផុត​រួច​មក​ហើយ បន្ទាប់​ពី​ប្រទេស​នេះ​បាន​ធ្វើ​ការ​បោះឆ្នោត​សភា​ដែល​មាន​ការ​ប្រកួត​ប្រជែង​កាល​ពី​ឆ្នាំ ២០១១ កន្លង​មក។

លោក Schenkkan បាន​បញ្ជាក់​បន្ថែម​ទៀត​ថា៖ «កន្លែង​ដែល​សង្គម​ស៊ីវិល​ទទួល​រង​ការធ្វើ​ទុក​បុក​ម្នេញ ឬ​ជិះ​ជាន់ ឬ​មិន​អាច​ធ្វើ​ប្រតិបត្តិការ​បាន កន្លែង​ដែល​គ្មាន​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ កន្លែង​ដែល​គ្មាន​ឯករាជ្យ​ភាព​នៃ​តុលាការ កន្លែង​ដែល​រដ្ឋ​ជា​អ្នក​កាន់​កាប់​ធនធាន​គ្រប់យ៉ាង ឬរដ្ឋជា​អ្នក​ក្ដោបក្ដាប់​នោះ នោះហើយ​គឺ​ជា​កន្លែង​ដែល​មាន​របប​ផ្ដាច់ការ​ក្ដោបក្ដាប់​អំណាច»។

របាយការណ៍​នេះ​បាន​ឱ្យ​ដឹង​ថា អំពើ​ពុករលួយ​នៅ​តំបន់​អាស៊ី​អឺរ៉ុប (Eurasia) បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​ចំនួន ៥ ក្នុងចំណោម​ប្រទេស​សរុប​ចំនួន ១២ ប៉ុន្តែ​អំពើ​ពុករលួយ​នេះ បាន​ឈាន​ដល់​កម្រិត​ខ្ពស់​ថ្មី​នៅ​ក្នុង​ប្រទេស​អាហ្សេបៃហ្សង់ ប្រទេស​ទួរមេនីស្ថាន និង​ប្រទេស​អ៊ូបេគីស្ថាន។

លោក Schenkkan បាន​បន្ថែម​ថា សម្រាប់​ប្រទេស​បេឡារូស «អ្វី​ដែល​អ្នក​ឃើញ​នៅ​ក្នុង​ឆ្នាំ ២០១៦ គឺ​ជា​ការ​បន្ត​នៃ​និន្នាការ​ពី​ឆ្នាំ ២០១៥ ដែល​ការ​ត្រួត​ត្រានយោបាយ​ដោយ​របប​របស់​លោក​ Lukashenko មាន​ភាព​ធូរ​ស្បើយតែ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ» ។

អង្គការ Freedom House បាន​បញ្ជាក់​ថា ប្រទេស​អ៊ុយក្រែន រ៉ូម៉ានី និង​កូសូវ៉ូ គឺ​ជា​ប្រទេស​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​នៅ​ក្នុង​ការ​សិក្សា​ស្ទង់​មតិ​នេះ។ រដ្ឋាភិបាល​រ៉ូម៉ានី បាន​ដោះ​ស្រាយ​បញ្ហា​លេចធ្លោ​មួយ​ចំនួន ដូចជា​បញ្ហា​នៅ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​មុន​ជា​ដើម។ ក្នុង​ប្រទេស​អ៊ុយក្រែន​និង​កូសូវ៉ូ ពិន្ទុ​មាន​ការ​កើន​ឡើង​គួរសម ដោយសារតែ​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​ត្រូវ​បាន​ធ្វើ​ជា​បណ្ដើរៗ។ ប៉ុន្តែ​ប្រទេស​ទាំង​នេះ ជួប​ប្រទះ​ឧបសគ្គ​ក្នុង​ការ​ធ្វើ​ការ​ផ្លាស់ប្ដូរ​ឲ្យ​បាន​ស៊ី​ជម្រៅ ដែល​អាច​បង្អាក់​ដល់​ការវិវឌ្ឍន៍​ទៅ​មុខ​របស់​ប្រទេស​ទាំង​នេះ​បាន។

របាយការណ៍​អង្គការ Freedom House អំពី «បណ្ដា​ប្រទេស​ស្ថិត​ក្នុង​ដំណាក់​កាល​ផ្លាស់ប្ដូរ» បាន​វាយ​តម្លៃ​ស្ថានការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​អតីត​ប្រទេស​កុម្មុយនិស្តទាំង ២៩ តាំង​ពី​ទ្វីប​អឺរ៉ុប​កណ្ដាល ទៅ​ដល់​តំបន់​បាល់កង់ និង​រហូត​ដល់​តំបន់​អាស៊ី​កណ្ដាល៕


ប្រែ​សម្រួល​ដោយ ឆាយ​ គីមហ៊ង

XS
SM
MD
LG