ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​សិស្ស​សាលា​នៅ ​Chibok ​ដែល​ត្រូវ​បាន​ដោះ​លែង​​ត្រឡប់​មក​ដល់​រដ្ឋធានី​ប្រទេស​នីហ្សេរីយ៉ា​វិញ​ហើយ


ប្រធានាធិបតី​នីហ្សេរីយ៉ា លោក Muhammadu Buhari បាន​ថត​រូប​ជាមួយ​ក្មេង​ស្រី​សិស្ស​សាលា​ទាំង​៨២​នាក់ កាលពី​ថ្ងៃ​សៅរ៍។

ក្មេងស្រី​សិស្ស​សាលា​នៅ ​Chibok ​ចំនួន​៨២​នាក់ ​ដែល​ត្រូវ​បាន​ក្រុម​ជ្រុល​និយម Boko Haram ​ដោះលែង​ បាន​ត្រឡប់​មក​ដល់​រដ្ឋធានី​អាប៊ូហ្សា​ នៃ​ប្រទេស​នីហ្សេរីយ៉ា​វិញ​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ។

គណៈ​កម្មា​ធិការ​អន្តរជាតិ​កាកបាទ​ក្រហម​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ទៅ​លើ​គណនី​បណ្តាញ​សង្គម Twitter ​របស់​ខ្លួន​ដែល​បង្ហាញ​ពី​ក្មេង​ស្រី​ទាំង​នោះ​ឈរតម្រង់​ជួរ​រង់ចាំ​ឡើង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង។

គណៈ​កម្មាធិការ​នេះ​បាន​និយាយ​នៅ​ក្នុង​គណនី​បណ្តាញ​សង្គម​ Twitter ​របស់​ខ្លួន​ថា ខ្លួន​ដើរ​តួ​ជា​អ្នក​សម្រប​សម្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ក្មេង​ស្រី​ទាំង​នោះ​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ។ ​

ក្មេង​ស្រី​ទាំង​នោះ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី Muhammadu Buhari នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ។

ក្មេង​ស្រី​ទាំង​នោះ​ ដែល​ត្រូវ​បាន​គេ​ដោះ​លែង​កាល​ពី​ថ្ងៃ​សៅរ៍​ ត្រូវ​បាន​គេ​ចាប់​ជំរិត​កាល​ពី​ឆ្នាំ​២០១៤ ​ក្នុង​ក្រុង​ Chibok​ ក្បែរ​ព្រំប្រទល់​រវាង​ប្រទេស​នីហ្សេរីយ៉ា​ជាមួយនឹង​ប្រទេស​ឆាដ​ និង​ប្រទេស​នីហ្សេ។

មន្ត្រី​រដ្ឋាភិបាល​នីហ្សេរីយ៉ា​បាន​បញ្ជាក់​ថា​ពិត​ជា​មាន​ការ​ដោះលែង​ក្មេង​ស្រី​ទាំង​នេះ​មែន​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ៕

XS
SM
MD
LG