ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Macron ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​បារាំង


បេក្ខជន​ប្រកាន់​កណ្ដាល​និយម​លោក Emmanuel Macron ត្រូវ​បាន​ស្វាគមន៍​ដោយ​អ្នក​គាំទ្ររបស់​លោក​ក្រោយ​​ពេល​លោក​​បាន​ទៅ​​បោះ​ឆ្នោត​នៅក្នុង​ឃុំ Le Touquet ប្រទេស​បារាំង កាល​ពី​ថ្ងៃ​អាទិត្យ។

ពលរដ្ឋ​បារាំង​បាន​បោះឆ្នោត​ជ្រើសរើស​លោក ​Emmanuel Macron ​ជា​ប្រធានាធិបតី​បារាំង ​ដែល​បដិសេធ​នឹង​ការ​ប្រឆាំង​នឹង​សហភាព​អឺរ៉ុប​ និង​គោល​នយោបាយ​ប្រឆាំង​នឹង​អន្តោប្រវេសន៍​របស់​លោកស្រី​ Marine Le Pen។

លទ្ធផល​បឋម​ត្រូវ​បាន​បង្ហាញ​ភ្លាមៗ​ បន្ទាប់​ពី​ការ​បោះឆ្នោត​បាន​បញ្ចប់ដោយ​លទ្ធផលបាន​បង្ហាញ​ថា​ លោក Macron ​បាន​ឈ្នះ​ឆ្នោត​ដោយ​មានសំឡេង​គាំទ្រ​៦៥​ភាគរយ ចំណែក​ឯ​លោក​ស្រី​ Le Pen ទទួល​បាន​សំឡេង​គាំទ្រ​៣៤,៥​ភាគរយ។ ​

លោក Macron បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ​ថា៖ «ទំព័រ​នៃ​ក្តី​សង្ឃឹម​ថ្មី​និង​ភាព​ជឿ​ជាក់​សម្រាប់​បារាំង​ចាប់​ផ្តើម​‍ហើយ»។

ប៉ុន្មាន​នាទី​បន្ទាប់​ពី​លទ្ធផល​បឋម​ត្រូវ​បាន​ចែកចាយ​ លោក​ស្រី Le Pen បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោកស្រី​នៅ​ឯ​ភោជនីយដ្ឋាន​មួយ​នៅ​ប៉ែក​ខាង​កើត​ទីក្រុង​ប៉ារីស​ថា លោក​ស្រី​បាន​ទូរស័ព្ទ​ទៅ​លោក​ Macron ​និង​ព្រម​ទទួល​ស្គាល់​ថា​ខ្លួន​ចាញ់។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា៖ «ពលរដ្ឋ​បារាំង​បាន​ជ្រើសរើស​យក​ប្រធានាធិបតី​ថ្មី​ម្នាក់។ ពួកគេ​បាន​បោះឆ្នោត​គាំទ្រ​ការ​បន្ត​ធ្វើ​ដូច្នេះ​ទៀត។ ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​លោក Macron ដោយ​សារ​ខ្ញុំ​គិត​គូរ​ដល់​ផល​ប្រយោជន៍​បារាំង​ខ្លាំង​បំផុត ហើយ​ខ្ញុំ​ចង់​ជូនពរ​លោក»។

ការ​ស្ទង់មតិ​ដែល​បាន​បន្ត​ដល់​ថ្ងៃ​អាទិត្យ បាន​បង្ហាញ​ថា លោក Macronនឹង​ឈ្នះ​ការ​បោះឆ្នោត​នេះ​ជាមួយ​នឹង​លទ្ធផល​នាំមុខ​យ៉ាង​ខ្លាំង​លើ​លោកស្រី Le Pen។ អ្នក​គាំទ្រ​លោក Macron បាន​នាំ​គ្នា​ទៅ​ទីធ្លា​សារមន្ទីរ Louvre ដើម្បី​សម្តែង​ក្តីរីករាយ និង​សម្តែង​ការ​ធូរ​ចិត្ត៕

XS
SM
MD
LG