ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧទ្ធម្ភាគចក្រ​យោធា​ធ្លាក់​ពេល​ហាត់​ហ្វឹកហ្វឺន​សម្លាប់​មនុស្ស​បួន​នាក់​និង​របួស​ម្នាក់


បំណែក​ក្បាល​ឧទ្ធម្ភាគចក្រ​​ដែល​​​ក្រុម​​ទាហាន​​​ស្រង់​​​ចេញ​​​ពី​​​ទឹក​​​ ក្រោយ​ហេតុការណ៍​​​ធ្លាក់​​​​​ឧទ្ធម្ភាគចក្រ​​​ប្រភេទ​​​ Z9 ​​​​​​​​​ដែល​​​ជា​​​អំណោយ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​ទី​​​១៤​​​ខែ​​​កក្កដា​​​ឆ្នាំ​​​២០១៤​នៅ សង្កាត់​ព្រៃស ជាង​ក្រុង​ភ្នំពេញ។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)
បំណែក​ក្បាល​ឧទ្ធម្ភាគចក្រ​​ដែល​​​ក្រុម​​ទាហាន​​​ស្រង់​​​ចេញ​​​ពី​​​ទឹក​​​ ក្រោយ​ហេតុការណ៍​​​ធ្លាក់​​​​​ឧទ្ធម្ភាគចក្រ​​​ប្រភេទ​​​ Z9 ​​​​​​​​​ដែល​​​ជា​​​អំណោយ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​ទី​​​១៤​​​ខែ​​​កក្កដា​​​ឆ្នាំ​​​២០១៤​នៅ សង្កាត់​ព្រៃស ជាង​ក្រុង​ភ្នំពេញ។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)

មន្រ្តី​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ឧទ្ធម្ភាគចក្រ​ប្រភេទ​ Z 9 ​ផលិត​នៅ​ក្នុង​ប្រទេស​ចិនបាន​ធ្លាក់​នៅ​ក្នុង​រណ្តៅ​ស្រះ​ទឹក​ដ៏​ធំ​មួយ​ដែល​គេជីក​យក​ដី​នៅ​ជាយ​ក្រុង​ភ្នំពេញ​ដោយ​បាន​បណ្តាល​ឱ្យមាន​មនុស្ស​ចំនួន​៤​នាក់នៅ​លើ​នោះបាន​ស្លាប់​និង​ម្នាក់ទៀត​រង​របួស​ក្នុង​ខណៈពេល​ដែល​ឧទ្ធម្ភាគចក្រ​កំពុង​តែ​បើក​បរ​ហ្វឹកហ្វឺន។​ (ចុច​មើល​រូបភាព​ត្រង់​នេះ)

សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​និយាយ​ថា​ ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្របាន​កើត​មាន​ឡើង​នៅ​វេលា​ជាង​៩​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ នៅ​ព្រៃ​ទីទុយ​ សង្កាត់​ព្រៃស​ ខណ្ឌ​ដង្កោ។​

លោក​ ឧត្តម​សេនីយ៍​ឯក​ យិន សុខា​ មេ​បញ្ជាការ​រង​កង​ទ័ព​អាកាស​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​កន្លែង​ធ្លាក់​ហេតុការណ៍​នោះថា​មាន​មនុស្ស​ចំនួន​៥​នាក់​នៅ​លើ​ឧទ្ធម្ភាគចក្រ​នោះ​ហើយ​មាន​ជន​រង​គ្រោះ​ម្នាក់​ប៉ុណ្ណោះ​ ឈ្មោះ​ ជួន សំបូរ​ ត្រូវ​បាន​ជួយ​សង្គ្រោះហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។ ​ចំណែក​ឯ​ជន​រង​គ្រោះ​បួន​នាក់​ផ្សេង​ទៀត​រួម​មាន​លោក​ ឧត្តម​សេនីយ៍​ទោ​ អ៊ុក ប៊ុណ្ណាហា​ មេបញ្ជាការ​ផ្នែកហ្វឹក​ហ្វឺន​បើក​យន្តហោះ​នៃ​កង​ទ័ព​អាកាស​និង​ លោក​ ឧត្តម​សេនីយ៍​ត្រី​ អៀង វណ្ណ​រិទ្ធ​ នាយក​សាលា​ហ្វឹក​ហ្វឺន​បើក​យន្តហោះ​ ព្រម​ទាំង​ជំនួយ​ការ​អ្នក​បើក​បរ​ពីរ​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​នៅ​ក្នុង​ឧប្បទ្ទវហេតុ​នោះ។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​បាន​បញ្ជាក់​ថា​ឧទ្ធម្ភាគចក្រ​នេះ​បាន​ធ្លាក់​នៅ​ពេលដែល​កំពុង​ហ្វឹក​ហាត់​តែ​លោក​មិន​បាន​បញ្ជាក់​អំពី​មូល​ហេតុ​នៃ​ការ​ធ្លាក់​នោះ​ទេ​ដរាប​ណា​ប្រអប់​ខ្មៅ​មិន​ទាន់​បាន​រក​ឃើញ​នៅ​ឡើយ។​

លោក​និយាយ​ថា៖​ «ខ្ញុំ​មិន​ទាន់​អាច​បញ្ជាក់​បាន​ពី​ព្រោះ​ខ្ញុំ​មិន​ទាន់​ដឹង​ជាក់​លាក់​នៅ​ឡើយថាតើ​ធ្លាក់​អំពី​មូល​ហេតុ​អ្វី»។​

ឧទ្ធម្ភាគចក្រ​ដែល​បាន​ធ្លាក់​បាន​កើត​មាន​ឡើង​នៅ​ក្នុង​រណ្តៅ​ទឹក​ស្រះ​ដ៏​ធំមួយ​ដែល​មាន​ជម្រៅ​ប្រមាណ​ជាង​១០០​ម៉ែត្រ។ ​រណ្តៅ​នេះ​បាន​កើត​ចេញ​ពី​ការ​ជីក​យក​ដី​លក់​ដោយ​ក្រុម​ហ៊ុន​ឯកជន។​

លោក​ ប៊ូ សុន ​អាយុ​៥៥​ឆ្នាំ​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​បញ្ជាក់​ថា​មុន​ពេល​ឧទ្ធមា្ភគចក្រ​បាន​ធ្លាក់​វា​បាន​ហោះ​ជាច្រើន​ជុំ​រួច​ហើយ​បាន​ដុំ​ក្បាល​ចុះ​ជ្រមុជ​ចូល​ក្នុង​ទឹក​ស្រះ​ដោយ​គ្មាន​មូល​ហេតុ។ ​លោក​បាន​បញ្ជាក់​ថា​លោក​គ្មាន​ឮ​សំឡេង​ផ្ទុះ​ចេញ​ពី​ឧទ្ធម្ភាគចក្រ​មុន​ពេល​វាធ្លាក់​នោះ​ទេ។​

លោក​ ប៊ូ សុន​ ដែល​ផ្ទះ​របស់​លោក​នៅ​ចម្ងាយ​ប្រមាណ​ជាង​១០០​ម៉ែត្រប៉ុណ្ណោះពី​កន្លែង​កើត​ហេតុ​បាន​និយាយ​ថា៖ «ឃើញ​កន្ទុំរុយ​ចុះ​ខ្ញុំ​ឈរ​មើល។ ​ដល់​វាមក​ចំពេក​ ខ្ញុំ​ក្រាប​ ដល់​ក្រាប​ទៅ​វា​បត់​ទៅ​លិច​វាបត់​អត់​ផុត​ស្រះ​វាចុះ​ទៅ​វិញ។​ចុះទៅ​វិញ​វា​ដោត​និង​ទឹក​តែ​ម្តង​។​ហោះ​មក​វា​បម្រុង​ឡើង​ច្រាំង​វា​មិន​រួច​ផង​វា​ទាប​ពេក។​ដល់​ហើយ​វា​កាច់​ចង្កូត​ទៅ​ដល់​នោះ​រួច​ហើយ​បាន​បត់​មក​នេះ​វិញ»។​

ឧទ្ធម្ភាគចក្រ​ប្រភេទ​Z 9ចំនួន​១២​គ្រឿង​ដែល​ជា​ប្រភេទ​ឧទ្ធម្ភាគចក្រប្រយុទ្ធ​ផលិត​នៅ​ក្នុង​ប្រទេស​ចិន​ត្រូវ​បាន​រដ្ឋាភិបាល​ចិន​កុម្មុយ​និស្ត​មួយ​នេះ​បាន​លក់​មក​ឱ្យប្រទេស​កម្ពុជាកាល​ពីឆ្នាំ​២០១៣​ក្រោម​ប្រាក់​កម្ចី​ប្រមាណ​ជាង​២០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

សាក្សី​ដែល​បាន​ចោម​រោម​មើលហេតុ​ការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​បាន​រិះ​គន់​ចំពោះ​ភាព​យឺត​យ៉ាវ​ក្នុង​ប្រតិបត្តិ​ការ​ជួយ​សង្គ្រោះ​របស់​ក្រុម​មាន​សមត្ថកិច្ច។​

សាក្សី​ទាំង​នោះ​បាន​ឱ្យដឹង​ថា​បើ​ទោះ​បី​ជា​ឧទ្ធម្ភាគចក្រ​បាន​ធ្លាក់​ប្រមាណ​ជាង​៣​ម៉ោង​កន្លង​ផុត​ទៅ​ក៏​ដោយ​ក៏វិធាន​ការ​ជួយ​សង្គ្រោះ​របស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ នៅ​មាន​កម្រិត។​

វិធាន​ការ​ជួយ​សង្គ្រោះ​បឋម​ គ្មាន​ទេ​ពោង​ពាក់​សុវត្ថិភាព​សម្រាប់​អ្នក​ហែល​ទឹក​ដើម្បី​រុក​រកអ្នក​បាត់​ខ្លួន​នៅ​ក្នុង​ទឹក។​មន្ត្រី​យោធា​ត្រូវ​បាន​មេបញ្ជាការ​របស់​ខ្លួន​បញ្ជា​ឱ្យដោះ​សម្លៀក​បំពាក់​ចុះ​ហែល​ទឹក​ដោយ​គ្មាន​ពាក់​ពោង​សុវត្ថិ​ភាព​ដើម្បី​រុក​រក​អ្នក​បាត់​ខ្លួន​និង​បំណែក​បាក់​បែក​នៅ​ក្នុង​ជម្រៅ​ទឹក​ដ៏​ជ្រៅ។​

មេបញ្ជាការ​ម្នាក់​ត្រូវ​បាន​គេ​ឮ​ស្រែក​បញ្ជា​ថា៖ «៧៧​យក​ខ្សែ​ពី​រថយន្ត​កុំ​ឱ្យបោះ។ ​ដោះ​អាវឯង​ដោះ​អាវ​ចេញ។​៧៧​យក​ខ្សែ​តាម​រថយន្ត​ហើយ​ឱ្យទ័ព​យើង​ចុះ​មក»។​

ប្រមាណ​ជាង​២​ម៉ោង​ក្រោយ​មក​ទៀត​ទើប​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ដោយ​មាន​ពាក់​អាវ​ពោង​សុវត្ថិភាពនិង​បាន​យក​ទូក​ម៉ាស៊ីន​ដើម្បី​ជួយ​សង្គ្រោះ​និង​មាន​អ្នក​មុជ​ទឹក​មក​ជាមួយ​ផង។​

បំណែក​ឧទ្ធម្ភាគចក្រ​និង​សព​ជន​រង​គ្រោះ​ចំនួន​បួន​នាក់​ត្រូវ​បាន​ក្រុម​អ្នក​ជួយ​សង្គ្រោះ​រក​ឃើញ។

នៅ​ក្នុង​គេហទំព័រ​បណ្តាញសង្គម​ហ្វេស​ប៊ុក​ដែល​ដាក់​ឈ្មោះ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​សរសេរ​សារ​ ​ចូលរួម​សោកស្តាយ​និង​រំលែក​ទុក្ខ​យ៉ាងក្រៀម​ក្រំ​ជាមួយ​ក្រុមគ្រួសារ ​នាយ​ទាហាន​កម្ពុជា​ដែល​បាន​ទទួល​មរណភាព​ដោយ​សារ​គ្រោះថ្នាក់ធ្លាក់​ឧទ្ធម្ភាគចក្រក្នុង​ពេល​ហ្វឹកហ្វឺន​ នៅ​ជាយក្រុង​កាល​ពី​ពេល​ថ្មីៗ​នេះ។ ​រដ្ឋាភិបាល​កំពុង​ស៊ើប​អង្កេតអំពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ៕

XS
SM
MD
LG