ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មនុស្ស​៤នាក់​បាន​ស្លាប់​ដោយសារ​ការ​វាយ​ប្រហារ​នៅ​ក្បែរ​សភា​អង់គ្លេស


លោក​ស្រី Theresa May នាយករដ្ឋ​មន្ត្រី​ចក្រភព​អង់គ្លេស​ថ្លែង​សេចក្តី​ថ្លែងការណ៍​ទៅ​កាន់​សារព័ត៌មាន​នៅ​ខាង​ក្រៅ​វិមាន 10 Downing ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ បន្ទាប់​ពី​ការ​វាយប្រហារ​នៅ​ក្នុង​តំបន់ Westminster កាលពី​ថ្ងៃ​ពុធ។

មនុស្ស​យ៉ាង​ហោច​ណាស់​៤នាក់​ ដែល​រួម​បញ្ចូលទាំង​ជន​សង្ស័យ​ថា​ជា​អ្នក​វាយ​ប្រហារ​ម្នាក់​ និង​មន្ត្រី​ប៉ូលិស​ម្នាក់​ ត្រូវ​បាន​បញ្ជាក់​ថា​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​នៅ​ក្បែ​សភា​របស់​អង់គ្លេស​ ដែល​ក្រុម​អាជ្ញាធរ​ចាត់​ទុក​ថា​ជា​អំពើ​ភេរវកម្ម។

លោក​មេបញ្ជាការ BJ Harrington បាន​ប្រាប់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ពុធ​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ថា៖«បើ​ទោះ​បី​ជា​យើង​នៅ​តែបើក​ចិត្ត​ឲ្យ​ទូលាយ​ទៅ​លើ​មូលហេតុ​នៃ​ឧបទ្ទវហេតុ​នេះ​ក៏​ដោយ​ក្តី ក៏​ការ​ស៊ើប​អង្កេត​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ពេញ​លេញ​មួយ​កំពុង​ធ្វើ​ឡើង​ហើយ»។

ការ​ស៊ើប​អង្កេត​កំពុង​ធ្វើ​ឡើង​ដើម្បី​បញ្ជាក់​ថាមិន​មាន​អ្នក​វាយប្រហារ​ណា​បន្ថែម​ទៀត បើ​ទោះ​បី​ជា​ក្រុម​មន្ត្រី​ប៉ូលិស​បាន​បញ្ជាក់​ថា ការ​វាយ​ប្រហារ​នេះ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​វាយ​ប្រហារ​តែ​ឯកឯង​ក៏​ដោយ​ក្តី។

សភា​បាន​បិទ​ទ្វារ​ក្រោយ​អ្នក​វាយ​ប្រហារ​ម្នាក់​បាន​ចាក់​មន្ត្រី​ប៉ូលិស​មួយ​រូប មុន​នឹង​ត្រូវ​បាន​បាញ់​ដោយ​មន្ត្រី​ប៉ូលិស​ដទៃ​ទៀត​នៅ​សភា។ មន្ត្រី​ប៉ូលិស​ដែល​រង​របួស​ក្រោយ​មក​បាន​ស្លាប់​ដោយ​សារ​តែ​របួស​នោះ។ មនុស្ស​យ៉ាង​ហោចណាស់​២នាក់​ត្រូវ​បាន​សម្លាប់​ ហើយ​៨នាក់​ផ្សេង​ទៀត​បាន​រង​របួស​ដោយ​សារ​តែ​រថយន្ត​មួយ​បាន​បើក​បុក​មនុស្ស​ជា​ច្រើន​នាក់​នៅ​ក្បែរ​ស្ពាន Westminster។

មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​មួយ​រូប​បាន​ប្រាប់​ VOA ថា ការ​វាយ​ប្រហារ​នេះ​គឺ​ជា​ការ​វាយ​ប្រហារ​ដែល​មាន៣​ដំណាក់​កាល។

ដំបូង​ឡើយ​ វា​ចាប់​ផ្តើម​ដោយ​មាន​រថយន្ត SUV មួយ​គ្រឿង​បាន​បើក​លើ​ស្ពាន​ Westminster ក្បែរ​សភា​ជាន់​ទាប​របស់​អង់គ្លេស​ ឬ​ដែល​ហៅ​ថា House of Commons។ រថយន្ត SUV នោះ​បាន​ជិះ​ឡើង​លើ​ចញ្ចើម​ផ្លូវ​ ហើយ​បាន​បុក​អ្នក​ថ្មើរ​ជើង​ជា​ច្រើន​នាក់។

យោង​តាម​ប្រភព​ប៉ូលិស​ រថយន្ត​នោះ​បាន​បុក​អ្នក​ដំណើរ​ថ្មើរ​ជើង​មួយ​ចំនួន​ផ្សេង​ទៀត​នៅ​ក្បែរ​របង​នៅ​កន្លែង​មួយ​ហៅ​ថា Old Palace Yard។

មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​បាន​ថ្លែង​ថា៖ «អ្នក​វាយ​ប្រហារ​នោះ​ក្រោយ​មក​បាន​បុក​របង ហើយ​ប៉ះទង្គិច​នឹង​ប៉ូលិស​យាម​មួយ​រូប​ដែល​បាន​ព្យាយាម​បញ្ឈប់​អ្នក​វាយ​ប្រហារ​រូប​នោះ។ អ្នក​វាយ​ប្រហារ​នោះ​បាន​ចាក់​ប៉ូលិស​នោះ​ជា​ច្រើន​ដង។ ហើយ​មន្ត្រី​ប៉ូលិស​ផ្សេង​ទៀត​បាន​បាញ់​ជន​វាយ​ប្រហារ​នោះ»។

គេ​បាន​ឮ​សំឡេង​កាំភ្លើង​នៅ​រសៀល​ម៉ោង ២:៣៨​នាទី ម៉ោង​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ នៅ​ខាង​ក្នុង​សភា​ជាន់​ទាប ខណៈ​ពេល​ដែល​ក្រុម​តំណាងរាស្ត្រ​កំពុង​ជជែក​ដេញ​ដោល​គ្នា​អំពីការ​ធ្វើ​កំណែ​ទម្រង់​ទៅ​លើ​ប្រាក់​សោធន​និវត្តន៍។ ក្រុម​សាក្សី​បាន​ថ្លែង​ថា ពួក​គេ​បាន​ឮ​សំឡេង​កាំភ្លើង​ប្រហែល​៦គ្រាប់។

លោក Tawhid Tanim បាន​ប្រាប់​ VOA ថា៖ «ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​ក្នុង​រយៈ​ពេល​មួយ​នាទី។ ខ្ញុំ​បាន​ចេញ​ពី​កន្លែង​ធ្វើ​ការ​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ឃើញ​រថយន្ត​នោះ ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​កាំភ្លើង​ផ្ទុះ​ឡើង។ មនុស្ស​ម្នា​នាំ​គ្នា​រត់»។

នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សេតវិមាន​បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី Donald Trump បាន​និយាយ​ជា​មួយ​នឹង​លោក​ស្រី​ប្រធានាធិបតី​អង់​គ្លេស Theresa May ហើយ​លោកស្រី​បាន​រៀប​រាប់​ត្រួសៗ​អំពី​ស្ថានភាព​នៅ​ក្នុង​ទីក្រុង​ឡុងដ៍។

អ្នក​នាំ​ពាក្យ​សេតវិមាន​ លោក Sean Spicer បាន​ថ្លែង​ថា៖ «យើង​ថ្កោល​ទោស​ចំពោះ​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​នេះ នៅ​ Westminster ដែល​ចក្រភព​អង់គ្លេស​ចាត់​ទុក​ថា​ជា​អំពើ​ភេរវកម្ម​ ហើយ​យើងកោត​សរសើរ​ចំពោះ​ការ​ឆ្លើយ​តប​យ៉ាង​រហ័ស​របស់​ប៉ូលិស​អង់គ្លេស ហើយ​ដែល​អ្នក​ដែល​ឆ្លើយ​តប​ដំបូង​បាន​គ្រប់​គ្រង​ស្ថានការណ៍​នោះ​បាន»៕

XS
SM
MD
LG