ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មនុស្ស​៤៤​នាក់​ស្លាប់និង​​ជាង​១០០​នាក់​​រង​របួស​​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ព្រះវិហារ​នៅ​អេហ្ស៊ីប


សាច់​ញាតិ​​និង​មនុស្ស​ម្នា​​កំពុង​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​ព្រះវិហារ​មួយ​ដែល​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​គ្រាប់​បែក នៅ​ក្នុង​ទីក្រុង ​Tanta កាល​ពី​ថ្ងៃទី​៩ ខែ​មេសា។

ក្រុម​រដ្ឋ​ឥស្លាម​បាន​អះអាង​ថា​ខ្លួន​បាន​បំផ្ទុះ​គ្រាប់​បែក​នៅ​ឯ​ព្រះ​វិហារ​សាសនា​គ្រិស្ត​និកាយ ​Coptic​ នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ដែល​បាន​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​៤៤​នាក់ ​និង​ធ្វើ​ឲ្យ​របួស​ជាង​១០០​នាក់​ទៀត ខណៈ​ដែល​អ្នក​កាន់​គ្រិស្ត​សាសនា​កំពុង​ប្រមូលផ្តុំ​គ្នា​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ ​Palm Sunday។ ​

ការ​បំផ្ទុះ​គ្រាប់​បែក​លើក​ទី​មួយ​បាន​កើត​ឡើង​នៅ​ទីក្រុង​ Tanta ​ដែល​ជា​ការ​ផ្ទុះ​ដ៏​ខ្លាំង​ក្លា​មួយ​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​ប្រារព្ធ​ពិធី​ Palm Sunday នៅ​ឯ​ព្រះវិហារ St. George's ​ដែល​បាន​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​២៧​នាក់ ​និង​ធ្វើ​ឲ្យ​មនុស្ស​៧៨​នាក់​ទៀត​រង​របួស។ ​នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទូរទស្សន៍​របស់​រដ្ឋ។ ឧបករណ៍​បំផ្ទុះ​ត្រូវ​បាន​បង្កប់​នៅ​ក្រោម​កៅអី​មួយ​នៅ​ក្នុង​សាល​បន់ស្រន់​ធំ។ នេះ​បើ​យោង​តាមសេចក្តី​រាយការណ៍​របស់​ទូរទស្សន៍រដ្ឋ​ដដែល​នោះ។ ​

បន្តិច​ក្រោយ​មក មាន​មនុស្ស​យ៉ាង​ហោច​ណាស់​១៧​នាក់​ទៀត​ត្រូវ​បាន​សម្លាប់​និង​រង​របួស​៤១​នាក់ នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ខាង​ក្រៅ​ព្រះវិហារ​ Cathedral St. Mark's ​សាសនា​គ្រិស្ត​និកាយ ​Coptic Orthodox នៅ​ក្នុង​ទីក្រុង Alexandria។

នៅ​ក្នុង​ទីក្រុង​ Alexandria សម្តេច​ប៉ាប​ Tawadros II ​ដែល​ជា​ប្រធាន​ព្រះវិហារ​សាសនា​គ្រិស្ត​និកាយ Coptic បាន​ចូលរួម​ជាមួយ​នឹង​អ្នក​ផ្សេង​ទៀត​នៅ​ក្នុង​ព្រះវិហារ​នេះ ប៉ុន្តែ​ទ្រង់​មិន​បាន​រង​របួស​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ៕

XS
SM
MD
LG