ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អតីត​ប្រធានាធិបតី​អ៊ីរ៉ង់ ​Rafsanjani ​ទទួល​មរណភាព​ក្នុង​ជន្មាយុ​៨២​ឆ្នាំ


រូបឯកសារ៖ អតីត​ប្រធានាធិបតី​អ៊ីរ៉ង់ Akbar Hashemi Rafsanjani។

ទូរទស្សន៍​របស់​រដ្ឋ​អ៊ីរ៉ង់​បាន​ប្រកាស​ថា អតីត​ប្រធានាធិបតី​និង​អ្នក​ធ្វើ​កំណែ​ទម្រង់​នាំ​មុខ​គេ​របស់​អ៊ីរ៉ង់ លោក ​Akbar Hashemi Rafsanjani បាន​ទទួល​មរណភាព​ហើយ។

លោក Rafsanjani ​ក្នុង​ជន្មាយុ ៨២ ឆ្នាំ​ បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​រដ្ឋធានី ​តេហេរ៉ង់ ​ដោយ​សារ​ជំងឺ​បេះដូង។

ទូរទស្សន៍​របស់​រដ្ឋ​អ៊ីរ៉ង់​បាន​បង្អាក់​កម្មវិធី​មួយ ​ដើម្បី​ប្រកាស​អំពី​មរណភាព​របស់​លោក ដោយ​បាន​ប្រកាស​ថា មរណភាព​បាន​មក​ដល់​ក្រោយ​ពេល​ដែល «ជីវិត​មួយ​ពោរពេញ​ទៅ​ដោយ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ឥត​ស្រាក​ស្រាន្ត​ដើម្បី​មាគ៌ា​សាសនា​ឥស្លាម​និង​បដិវត្តន៍»។

លោក​ Rafsanjani ​ដែល​បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​ចាប់​ពី​ឆ្នាំ​១៩៨៩ ដល់​ឆ្នាំ ១៩៩៧ និង​ជា​មេដឹកនាំ​បដិវត្តន៍​ឥស្លាម​ឆ្នាំ​១៩៧៩ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ទីប្រឹក្សា​កំពូល​របស់​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei។

ក្នុង​រយៈ​ពេល​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក ​Rafsanjani ​គេ​បាន​មើល​ឃើញ​ថា ប្រទេស​អ៊ីរ៉ង់​ស្វះ​ស្វែង​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ពី​សង្គ្រាម​ដែល​បាន​បំផ្លិច​បំផ្លាញ​ពី​ឆ្នាំ​១៩៨០​ ដល់​ឆ្នាំ​១៩៨៨ ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ាក់​ដែល​ជា​ប្រទេស​ជិត​ខាង។ ហើយ​ក៏​មាន​ការកែទម្រង់​ជាច្រើន ដែល​បាន​ធ្វើ​ឲ្យ​មាន​សេរីភាព​ខ្លាំង​ជាង​មុន ជាពិសេស​នៅ​ក្នុង​ប្រទេស​ដែល​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាង​តឹងរ៉ឹង​មួយ​នេះ៕

XS
SM
MD
LG