ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សម្រាប់​លោក Trump ទំនាក់​ទំនង​ជាមួយ​លោក Comey គឺ​ជា​ទំនាក់​ទំនង​ស្រឡាញ់​និង​ស្អប់


រូប​ឯកសារ៖ លោក​ប្រធានាធិបតី Donald Trump និង​លោក James Comey នាយក​ទីភ្នាក់ងារ​ FBI។ (រូបថត៖ Reuters)

ប៉ុន្តែ​សមាជិក​សភា​ជាច្រើន​មិន​ជឿ​ទៅ​លើ​ហេតុ​ផល​ទាំងនោះ​ទេ ដោយ​ចោទ​សួរ​ថា​ ហេតុ​អ្វី​បាន​ជា​លោក Trump បណ្តេញ​លោក​ Comey ដោយ​ប្រើ​ប្រាស់​ហេតុផល​ដែល​លោក​តែង​តែ​សរសើរ​កាល​ពី​ពេល​មុន​នោះ។

ការ​បណ្តេញ​លោក​ James Comey នាយក​ទីភ្នាក់ងារ FBI ដោយ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump កាលពី​ថ្ងៃ​អង្គារ​គឺ​ជា​ចំណុច​រង្គោះរង្គើ​បំផុត​ រវាង​ទំនាក់​ទំនង​ជា​ច្រើន​ឆ្នាំ​រវាង​អ្នក​ទាំង​ពីរ។

ទោះ​បី​ជា​ក្នុង​អំឡុង​ពេល​ដ៏​ល្អ​បំផុត​ សម្រាប់​លោក Trump វា​គឺ​ជា​ទំនាក់​ទំនង​ស្រឡាញ់​ផង​ស្អប់​ផង។ ជម្លោះ​រវាង​លោក​ប្រធានាធិបតី​ជាមួយ​នឹង​នាយក​ទីភ្នាក់ងារ​ FBI លោក James Comey បាន​ចាប់​ផ្តើម​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ នៅ​ពេល​ដែល​លោក Comey បដិសេធ​មិន​ធ្វើ​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​គូ​ប្រជែង​របស់​លោក Trump គឺ​លោកស្រី Hillary Clinton ទាក់​ទិន​នឹង​ការ​ប្រើ​ប្រាស់​បណ្តាញ​អ៊ីម៉ែល​ឯកជន ក្នុង​ខណៈ​ពេល​ដែល​លោក​ស្រី​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស។

លោក James Comey អតីត​នាយក​ទីភ្នាក់ងារ FBI ថ្លែង​ថា៖

«យើង​មិន​អាច​រក​ឃើញ​ករណី​ណា​ដែល​អាច​ឈាន​ដល់​ការ​ចោទ​ប្រកាន់​ទៅ​លើ​រឿង​ទាំង​នោះ​បាន​ទេ»។

លោក Trump ដែល​ពេល​នោះ​លោក​ជា​បេក្ខជន​សម្រាប់​ប្រកួត​តំណែង​ប្រធានាធិបតី​មាន​ការ​ខឹង​សម្បារ​ ដោយ​ប្រកែក​តវ៉ា​ថា​លោកស្រី Clinton គួរ​ជាប់​ពន្ធនាគារ​ដោយ​សារ​តែ​បញ្ហា​អ៊ីម៉ែល​នោះ។

ប៉ុន្តែ​អាកប្បកិរិយា​របស់​លោក Trump បាន​កែ​ប្រែ​១១ថ្ងៃ​មុន​នឹង​ឈាន​ដល់​ការ​បោះឆ្នោត នៅ​ពេល​ដែល​លោក Comey ប្រកាស​អំពី​ការ​ពិនិត្យ​ឡើង​វិញ​របស់​ទីភ្នាក់ងារ FBI ទៅ​លើ​អ៊ីម៉ែល​របស់​លោក​ស្រី Clinton ដែល​នេះ​គឺ​ជា​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជា​ច្រើន​ថា​ជា​កត្តា​ដែល​ជួយ​ឲ្យ​លោក Trump ឈ្នះ​ការ​បោះឆ្នោត។

«ខ្ញុំ​គោរព​ទៅ​លើ​ការដែល​លោក​នាយក Comey អាច​ត្រឡប់​មក​វិញ​ ក្រោយ​លោក​បាន​ធ្វើ​អ្វី​ដែល​លោក​បាន​ធ្វើ។ ខ្ញុំ​គោរព​ទង្វើ​នេះ​ខ្លាំង​ណាស់»។

«អ្វី​ដែល​លោក​បាន​ធ្វើ​គឺ​លោក​បាន​នាំ​យក​កិត្តិយស​របស់​លោក​មក​វិញ»។​

«នេះ​គឺ​ជា​ការងារ​ដ៏​ល្អ​ដែល​ទីភ្នាក់ងារ FBI បាន​ធ្វើ»។

នៅ​ពេល​ដែល​លោក Trump ចូល​កាន់​តំណែង អាកប្បកិរិយា​របស់​លោក​បាន​ប្រែ​ប្រួល​ជា​ថ្មី​ម្តង​ទៀត។ ពិសេស​ក្រោយ​ពេល​ដែល​លោក Comey បាន​បញ្ជាក់​ថា លោក​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ថា​តើ​យុទ្ធនាការ​របស់​លោក Trump បាន​ចូល​ដៃ​ជាមួយ​នឹង​រុស្ស៊ី​ដើម្បី​លូក​ដៃ​ចូល​ការបោះឆ្នោត​ដែរ​ឬ​យ៉ាង​ណា។

ក្រុម​មន្ត្រី​សេតវិមាន​ថ្លែង​ថា ការ​ស៊ើប​អង្កេត​របស់​លោក Trump មិន​មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​បណ្តេញ​លោក​ចេញ​ពី​តំណែង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​លោក​បាន​លើក​ឡើង​ពី​លិខិត​មួយ​ពី​ក្រសួង​យុត្តិធម៌ ដែល​បាន​រិះគន់​ការ​គ្រប់​គ្រង​របស់​លោក Comey ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​ទៅ​លើ​អ៊ីម៉ែល​របស់​លោកស្រី Clinton។

ប៉ុន្តែ​សមាជិក​សភា​ជាច្រើន​មិន​ជឿ​ទៅ​លើ​ហេតុ​ផល​ទាំងនោះ​ទេ ដោយ​ចោទ​សួរ​ថា​ ហេតុ​អ្វី​បាន​ជា​លោក Trump បណ្តេញ​លោក​ Comey ដោយ​ប្រើ​ប្រាស់​ហេតុផល​ដែល​លោក​តែង​តែ​សរសើរ​កាល​ពី​ពេល​មុន​នោះ។

សមាជិក​ព្រឹទ្ធសភា​នៃគណបក្ស​ប្រជាធិបតេយ្យ​លោក Chuck Schumer ចោទ​សួរ​ថា៖

«សំណួរ​ទី​មួយ​ដែល​រដ្ឋបាល​នេះ​ត្រូវ​ឆ្លើយ​គឺ​ថា តើ​ហេតុ​អ្វី​ក៏​បណ្តេញ​ចេញ​នៅ​ពេល​នេះ»?

ប៉ុន្តែ​លោក Trump មាន​ជំនឿ​ជឿជាក់។ នៅ​ពេល​ដែល​លោក​ត្រូវ​បាន​សួរ​កាលពី​ថ្ងៃ​ពុធ​អំពី​មូលហេតុ​ដែល​លោក​បណ្តេញ​លោក Comey ចេញ​ពី​តំណែង​នោះ​ លោក​បាន​ឆ្លើយ​តប​ថា៖
«ពី​ព្រោះ​លោក​ធ្វើ​ការ​ងារ​មិន​បាន​ល្អ។ រឿង​គឺ​សាមញ្ញ​ដូច្នេះ។ គឺ​លោក​ធ្វើ​ការ​មិន​បាន​ល្អ»៕

ប្រែ​សម្រួល​ដោយ​ ស្រេង លក្ខិណា

XS
SM
MD
LG