ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ផ្ទះ​បណ្តែត​ទឹក​បង្ក​ការងឿង​ឆ្ងល់​ដល់​អ្នកភ្នំពេញ


ទិដ្ឋភាព​ផ្ទះ​បណ្តែត​ទឹក​របស់​ប្រជា​នេសាទ​ជាង ​១០០​គ្រួសារ​ នៅលើដង​​​ទន្លេសាប​ ​ខាងជើង​ស្ពាន​ជ្រោយចង្វាថ្មី​ នៅរាជធានីភ្នំពេញ, នៅថ្ងៃទី​ ០២ ខែឧសភា​ ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

លោក​ អ៊ុក​ ថារី ​វ័យ៥៨ឆ្នាំ​ដែល​រស់​តាម​បណ្តោយ​មាត់​ទន្លេសាប​ ប្រាប់​ VOA​ នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ​ផ្ទះ​បណ្តែត​ទឹក​​នៅ​តាម​បណ្តោយ​ទន្លេ​សាប​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងនោះ​ មក​តាំង​លំនៅ​ដំបូង​នា​​យប់​ថ្ងៃទី២៩​ ខែ​មេសា​ ​រួច​មក​ បន្ត​រហូត​មកដល់​ពេល​​ទាបភ្លឺ​និង​ព្រឹក​ថ្ងៃ​ទី​៣០ ​ខែ​មេសា។​

រយៈពេល​៣ថ្ងៃ​ហើយ​ដែល​ផ្ទះ​បណ្ដែត​ទឹក​ចល័ត​នៅ​លើ​ផ្ទៃទន្លេ​សាប​ខាង​ជើង​ស្ពាន​ជ្រោយ​ចង្វា​ថ្មី​ ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ដំណើរ​ដែល​បើក​បរ​កាត់ស្ពាន​នេះ។​ ស្រប​គ្នា​នោះ​ដែល​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ចែក​រំលែក​រូប​ភាព​តៗ​គ្នា​និង​ជជែក​អំពី​សកម្មភាព​ផ្ទះ​ចល័ត​លើផ្ទៃ​ទន្លេ​សាប។

លោក​ អ៊ុក​ ថារី ​វ័យ៥៨ឆ្នាំ​ដែល​រស់​តាម​បណ្តោយ​មាត់​ទន្លេសាប​ ប្រាប់​ VOA​ នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ​ផ្ទះ​បណ្តែត​ទឹកនៅ​តាម​បណ្តោយ​ទន្លេ​សាប​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងនោះ​ មក​តាំង​លំនៅ​ដំបូង​នាយប់​ថ្ងៃទី២៩​ ខែ​មេសា​ ​រួច​មក​ បន្ត​រហូត​មកដល់​ពេលទាបភ្លឺ​និង​ព្រឹក​ថ្ងៃ​ទី​៣០ ​ខែ​មេសា។​

ថ្លែង​ប្រាប់​ VOA ​ក្បែរ​គេ​ហដ្ឋាន​លោក​នា​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយ​ចង្វារ​អតីត​យោធិន​រូប​នេះ​ថ្លែង​ថា​ ប្រជាជន​នៅ​ទីនោះ​គ្រាន់​តែភ្ញាក់​ផ្អើល​ព្រឹក​ថ្ងៃ​ដំបូង​ ព្រោះ​ពួកគេ​ពុំបាន​ទទួល​ព័ត៌មាន​ជាមុន​អំពី​ការចល័ត​លំនៅ​របស់​អ្នក​នេសាទ​ទាំង​នោះ។​

លោក​ អ៊ុក​ ថារី បានបន្ថែម​ថា៖

ផ្ទះ​បណ្តែត​ទឹក​របស់​ប្រជា​នេសាទ​នៅលើដង​ទន្លេសាប​ ​ខាងជើង​ស្ពាន​ជ្រោយចង្វារថ្មី​ នៅ​រាជធានីភ្នំពេញ នៅថ្ងៃទី​ ០២ ខែឧសភា​ ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)
ផ្ទះ​បណ្តែត​ទឹក​របស់​ប្រជា​នេសាទ​នៅលើដង​ទន្លេសាប​ ​ខាងជើង​ស្ពាន​ជ្រោយចង្វារថ្មី​ នៅ​រាជធានីភ្នំពេញ នៅថ្ងៃទី​ ០២ ខែឧសភា​ ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

​«មក​ពេល​យប់​ប្រហែល​ពាក់កណ្តាល​អធ្រាត្រ​អញ្ចឹង​មិនដឹង ​ដល់​ពេលព្រឹកឡើង​ឃើញ​ សុទ្ធតែ​អ្នក​អត់​ដឹង​អី​ទេ​នេះ ​ដល់​ទៅ​មក​អីចឹង​ទៅ​ គេ​សង្កាត់​គេដឹង​ គេបោះ​ដៃគ្នា​ គេដឹង​ យើងប្រជាជន​អត់​បាន​ដឹង​ច្បាស់»។​

លោក​បញ្ជាក់​ប្រាប់ VOA​ ទៀត​ថា​អ្នក​ដែល​រស់​នៅក្នុង​ភូមិ​ប្រាប់​តៗ​គ្នា​អំពី​បញ្ហា​របស់​អ្នក​នេសាទ​ដែល​ចល័ត​ទីលំនៅទាំង​នោះ​ថា​ ពួកគាត់​ចល័តដោយសារ​តែ​កត្តា​អាកាស​ធាតុ ​និង​ទឹក​ដែល​ធ្វើឲ្យ​ត្រី​ពុល​ស្លាប់។​

ទិដ្ឋភាព​ផ្ទះ​បណ្តែត​ទឹក​របស់​ប្រជា​នេសាទ​ជាង ​១០០​គ្រួសារ​ នៅលើដង​ទន្លេសាប​ ​ខាងជើង​ស្ពាន​ជ្រោយចង្វាថ្មី​ នៅរាជធានីភ្នំពេញ, នៅថ្ងៃទី​ ០២ ខែឧសភា​ ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)
ទិដ្ឋភាព​ផ្ទះ​បណ្តែត​ទឹក​របស់​ប្រជា​នេសាទ​ជាង ​១០០​គ្រួសារ​ នៅលើដង​ទន្លេសាប​ ​ខាងជើង​ស្ពាន​ជ្រោយចង្វាថ្មី​ នៅរាជធានីភ្នំពេញ, នៅថ្ងៃទី​ ០២ ខែឧសភា​ ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

ប្រជាពល​រដ្ឋ​ម្នាក់​ទៀត​ គឺ​លោក​ ផល​ ឌីណា​ វ័យ​៣៥ឆ្នាំ​ ​ដែល​ជាអ្នក​ប្រកប​របរ​លក់ដូរ​នៅ​តាម​ដង​ទន្លេសាប​ បាន​ឲ្យ​ដឹងថា​លោក​សង្កេត​ឃើញ​អ្នក​ដំណើរ​តាម​ផ្លូវ​ងឿង​ឆ្ងល់​អំពី​បែ​ត្រី​ដែល​ចល័ត​មក​ខាង​ជើង​ទន្លេសាប​នេះ​ថា​ជា​លំនៅ​ដ្ឋាន​របស់​ជនជាតិ​វៀតណាម​ដែល​ផ្លាស់ទី​លំនៅ​ ស្រប​ពេល​វេលា​ដែល​កៀក​នឹង​ថ្ងៃបោះ​ឆ្នោត។​ ​លោក​ថា​ បើ​ទោះ​ជា​ពួកគាត់​ភាគ​ច្រើន​ជាជនជាតិ​វៀតណាម​មែន​ ក៏ប៉ុន្តែ ​អ្នក​ទាំង​នោះផ្លាស់ទីលំនៅ​ដោយ​សារ​តែ​ចង់​ចៀសវាង​ការខូចខាត​ទិន្នផល​ត្រី​នៅ​ក្នុង​បែ​តែប៉ុណ្ណោះ។​ ​ហើយ​សកម្មភាព​នេះ​ កើត​មាន​ឡើង​ស្ទើរ​រាល់ឆ្នាំ​ គ្រាន់តែ​ឆ្នាំ​នេះ​ បែ​ទាំងនោះ​ហាក់​ដូចជា​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុនៗ។​

លោក​ ផល​ ឌីណា​ បន្ថែម​ទៀតថា៖​

«ព្រោះអី​វៀតណាម​មាន​ច្រើន​ ដោយសារ​ដងទន្លេ​មាន​បែត្រី ​ហើយ​គេ​រស់​នៅ​លើ​បែ​ហ្នឹង​ហ្មង។ បើ​ពួក​ខ្ញុំ​អត់​ទេ​ ធម្មតា។​ ឃើញគេ​អូសទៅ​អូស​មក​ ដល់​ពេល​លែងពុល​ គេ​អូស​ទៅ​ទីតាំង​គេវិញ​ដដែល។​ រាល់​ឆ្នាំ ​គេ​អូស​មក​រហូត។​ ប៉ុន្តែ​ឆ្នាំ​នេះ​ ចម្លែក​បន្តិច។​ កាល​ឆ្នាំ​មុន​ ដូច​អត់​សូវ​សម្បូរ​បែ​អញ្ចឹង​ទេ​ណា‍»។​

​អ្នក​ធ្វើ​ដំណើរ​តាមបណ្តោយស្ពាន​ជ្រោយចង្វាថ្មី ចុះចតសង្កេតមើលទិដ្ឋភាព​ផ្ទះ​បណ្តែត​ទឹក​របស់​ប្រជា​នេសាទ​នា​ទិស​ខាងជើង​ស្ពាន ​នៅរាជធានីភ្នំពេញ នៅថ្ងៃទី​ ០២ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)
​អ្នក​ធ្វើ​ដំណើរ​តាមបណ្តោយស្ពាន​ជ្រោយចង្វាថ្មី ចុះចតសង្កេតមើលទិដ្ឋភាព​ផ្ទះ​បណ្តែត​ទឹក​របស់​ប្រជា​នេសាទ​នា​ទិស​ខាងជើង​ស្ពាន ​នៅរាជធានីភ្នំពេញ នៅថ្ងៃទី​ ០២ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

លោក​ មាន ចាន់យ៉ាដា​ អ្នកនាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ បានថ្លែង​ប្រាប់​ VOA ​តាមទូរស័ព្ទថា​ ផ្ទះ​បណ្តែត​ទឹកនោះ​ ជា​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អ្នក​នេសាទ​ដែល​មាន​ ​ប្រមាណ​ជាង​១០០​គ្រួសារ​ ហើយ​ក្នុង​នោះ​ ១០%​ ជាជនជាតិ​វៀតណាម​ ៨០%ជាខ្មែរ​ឥស្លាម​ និង១០%​ ជាជន​ជាតិ​ខ្មែរ។​ លោកថា​ គ្រួសារ​ទាំងនោះ​ មាន​លំនៅ​ដើម​នៅ​តំបន់​គីឡូ​ម៉ែត្រ​លេខ៦​ច្រាំង​ចម្រេះ១​ និង​ច្រាំងចម្រេះ២​ ហើយ​ផ្លាស់​ទីតាំង​ដោយសារ​តែ​ទឹកឡើង​កម្តៅ​ខ្លាំង។​

លោក​ មាន ចាន់យ៉ាដា​មាន​ប្រសាសន៍​ថា៖​

«ជា​រៀងរាល់​ឆ្នាំ ​ដើមខែ​៥ ​ហ្នឹង ​ស្ថានភាព​ទឹក​នៅ​តំបន់​ច្រាំង​ចម្រេះ១ ​និង​ច្រាំង​ចម្រេះ​២​ មាន​ការប្រែ​ប្រួល វា​ឡើង​កម្តៅ។ ហើយ​ទឹក​ប៉ុន្មាន​ថ្ងៃ​នេះ​ទឹក​ឡើង​ល្អក់​ខ្លាំង​ ធ្វើ​ឲ្យ​បែ​ត្រី​របស់​គាត់​ងាប់​ បែ​ត្រី​របស់​គាត់​វា​មាន​ច្រើន»។​

អ្នក​នាំពាក្យ​រូប​នេះ​ពុំ​បាន​បញ្ជាក់​បន្ថែម​អំពី​វិធានការ​បន្ទាប់ ឬ​សកម្មភាព​នានា​ក្នុង​ការស្វែង​រក​ដំណោះ​ស្រាយ​ទាក់ទិន​នឹងការតាំង​ទីលំ​នៅ​ថ្មី​បណ្តោះ​អាសន្ន​ របស់ អ្នកនេសាទ​ទាំងនោះនៅ​ឡើយ​ទេ។

មុនពេល​បិទ​ទូរស័ព្ទ​លោក​មាន ចាន់យ៉ាដា​ថ្លែង​ថា៖

«តែ​២សប្តាហ៍​ទេ ​គាត់ហ្នឹងត្រឡប់ទៅវិញ»។

VOA ​ពុំអាចទាក់ទង​អភិបាលខណ្ឌ​ជ្រោយ​ចង្វា​ លោក ឃ្លាំង ហួត​ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​អំពី​ស្ថានការណ៍​ អ្នកទាក់ទិន​ និង​សកម្មភាព​ចល័ត​លំនៅដ្ឋាន​ បណ្តោះអាសន្ន​ដែល​កើត​មានឡើង​នៅ​ក្នុង​តំបន់​គ្រប់គ្រង​របស់​លោក​ឡើយ។​

​ទោះ​ជា​យ៉ាងណា​ ​អាជ្ញាធរពុំទាន់​បង្ហាញអំពី​វិធានការ​ ក្នុង​ការ​សម្រួល​និង​ស្វែង​រក​ដំណោះ​ស្រាយ​ពាក់​ព័ន្ធនឹង​ការ​ផ្លាស់ទី​លំនៅ​របស់​ប្រជា​នេសាទ​ទាំង​ប្រមាណ​ជាង១០០​គ្រួសារ​នេះ ដែល​កើត​ឡើង​ដោយ​សារ​តែ​កត្តា​អាកាស​ធាតុ​និង​ធនធាន​ទឹកនៅ​ឡើយ​នោះ​ទេ៕

XS
SM
MD
LG