ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ទីរ​ពេទ្យ​ជប៉ុន​ដំបូង​គេ ត្រូវ​បាន​បើក​សម្ពោធន៍​នៅ​កម្ពុជា


លោកនាយករដ្ឋមន្រ្តីហ៊ុន សែនថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
លោកនាយករដ្ឋមន្រ្តីហ៊ុន សែនថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

មន្ទីរ​ពេទ្យ​ជប៉ុន​ថ្មី​​ដែល​មាន​ឈ្មោះ​ថា ​សាន់រាយ ស្ថិត​នៅ​ខណ្ឌ​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ​​នេះ ​មាន​គ្រែ​ចំនួន​៥០​សម្រាប់​ទទួល​ព្យាបាល​និង​ថែទាំ​អ្នក​ជំងឺ។

មន្ទីរ​ពេទ្យ​ឯកជន​មកពី​ប្រទេស​ជប៉ុនដំបូង​គេ ត្រូវ​បាន​បើក​សម្ពោធន៍​ជា​ផ្លូវការ​កាលពី​ថ្ងៃ​អង្គារ​ទី​២០​ខែ​កញ្ញាក្នុង​ទីក្រុង​ភ្នំពេញ ​ ​ខណៈ​ពេល​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ជីវភាព​ធូរធារ​រួម​ទាំង​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ផង ​បាន​និង​កំពុង​រក​សេវា​ថែទាំ​សុខភាព​នៅ​ក្រៅ​ប្រទេស។​

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ដែល​តែងតែ​ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​សិង្ហបុរី​រៀង​រាល់​ប្រាំ​មួយ​ខែ​ម្ដង​ជា​ទៀងទាត់​នោះ​ ​បាន​ប្រកាស​នៅ​ក្នុង​ឱកាស​សម្ពោធន៍​មន្ទីរ​ពេទ្យ​ថ្មី​នេះ​ថា មន្ទីរ​ពេទ្យ​ជប៉ុន​នេះ ​មិន​ត្រឹម​តែផ្ដល់​ផល​ប្រយោជន៍​ដល់ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​មូល​សម្រាប់​ការ​ព្យាបាល​សុខភាព​នោះ​ទេ​ វា​ថែម​ទាំង​បាន​បញ្ជាក់​ប្រាប់​អ្នក​វិនិយោគ​ថា​ កម្ពុជា​ជា​ទីកន្លែង​មាន​ស្ថិរភាព​នយោបាយ​ ដែល​ជា​គ្រឹះ​សំខាន់នៃ​ទំនុក​ចិត្តសម្រាប់​ការ​វិនិយោគ​នានា​ទៀត​ផង។​

«ការណ៍ដែល​យើង​មាន​មន្ទីរ​ពេទ្យ​ខ្នាត​ខ្ពស់​បែប​នេះ​ វា​មិន​គ្រាន់​តែ​ជា​បញ្ហា​ដាច់​ដោយ​លែក​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​ទេ តែ​វា​បង្កើត​បាន​ជំនឿ​ទុក​ចិត្ត​ពី​សំណាក់​អ្នក​វិនិយោគ​ និង​សម្រាប់​អ្នក​ទេសចរណ៍ ដែល​មាន​ប្រាក់​ហើយ​មក​ពី​ចម្ងាយ។​ គេ​ត្រូវ​ដឹង​ថា​មុន​ពេល​ដែល​គេ​មក​វិនិយោគ​ ឬ​មក​ទេសចរណ៍​នៅ​កម្ពុជា​ តើ​មាន​មន្ទីរ​ពេទ្យ​និង​មាន​សេវា​គ្រប់​គ្រាន់​ដើម្បី​សង្គ្រោះ​គេ​ឬទេ?»។

មន្ទីរ​ពេទ្យ​ជប៉ុន​ថ្មីដែល​មាន​ឈ្មោះ​ថា ​សាន់រាយ ស្ថិត​នៅ​ខណ្ឌ​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញនេះ ​មាន​គ្រែ​ចំនួន​៥០​សម្រាប់​ទទួល​ព្យាបាល​និង​ថែទាំ​អ្នក​ជំងឺ។

លោក ហ៊ុន សែន បានថ្លែង​ទៅ​កាន់​និស្សិត​ពេទ្យ​រាប់​សិប​នាក់ និង​ដៃ​គូរ​អភិវឌ្ឍន៍​ជប៉ុន​នា​ឱកាស​សម្ពោធន៍​មន្ទីរពេទ្យ​ជប៉ុនដែល​មាន​តម្លៃ​ទឹក​ប្រាក់​ចំនួន​៣៥​លាន​ដុល្លារ​នេះថា​ លោក​ប្រាថ្នា​ចង់​ក្លាយ​ជា​អ្នក​ជំងឺ​ដំបូង​គេ​នៃ​មន្ទីរពេទ្យ​នេះ​ ទោះបី​ជា​ក្រោយ​មក​ លោក​ថ្លែង​បញ្ជាក់​ថា​ លោក​នឹង​ត្រឡប់​មក​គេហដ្ឋាន​លោក​វិញ​ដើម្បី​បំពេញ​ការ​ងារ​ដ៏​មមាញឹក​របស់​លោក​នោះ។

«ខ្ញុំ​គិត​ថា​ ចង់​ក្លាយ​ជា​អ្នក​ជំងឺ​លើ​ក​ដំបូង​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នេះ​តែ​ម្ដង។​ដោយសារតែ​ឥឡូវ​នេះ​ ការពិត​ខ្ញុំ​កំពុង​តែ​គ្រុន​ទេ»។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជា​ជន​កម្ពុជា​ប្រមាណ​២២០០០០​នាក់​ដែល​បាន​ធ្វើ​ដំណើរទៅ​ទទួល​ការព្យាបាល​ជំងឺនៅ​ក្រៅ​ប្រទេស​ជា​រៀង​រាល់​ឆ្នាំ។​

អ្នកស្រី ​លឹម ឆេង អាយុ៤៧​ ជា​មេផ្ទះ​មួយ​រូប​នៅ​រាជធានីភ្នំពេញ​ប្រាប់​VOA ថា​អ្នកស្រីមាន​បទ​ពិសោធន៍​មិន​ល្អ​តាម​រយៈ​ការ​ព្យាបាល​របស់​ពេទ្យ​នៅ​កម្ពុជា។

នៅ​ឆ្នាំ​២០១១ អ្នកស្រី​បាន​សម្រេច​ចិត្ត​យក​ម្ដាយ​របស់​អ្នកស្រី​ទៅ​ព្យាបាល​នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម បន្ទាប់​ពី​ស្ថានភាព​របស់ម្ដាយ​អ្នកស្រី​មាន​សភាព​ធ្ងន់ធ្ងរ នៅ​គ្រា​ដែល​ការ​ចំណាយ​ពេលព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ មាន​តម្លៃ​ថ្លៃ​និង​មិន​អាច​ទុកចិត្ត​បាន។​

«មក​ពី​ជំងឺ​គាត់​ធ្ងន់​ទៅៗ។​ ទៅ​ពេទ្យ​ខ្មែរ​បាន​ពីរ​បី​ហើយ។​ បើ​សិន​ជា​ឈឺ​ជំងឺ​តិចតួច​អី​ខ្ញុំ​ចេះ​តែ​ទៅ​បាន។តែ​ពេល​ឈឺ​ធ្ងន់ធ្ងរ​ហើយ​ ទាល់​តែ​យើង​យក​ទៅ​វៀតណាម បាន​យើង​ទុក​ចិត្ត ច្បាស់​លាស់។​ យើង​មិន​ថា​បង្អាប់​ខ្មែរ​អី​ទេ ប៉ុន្តែ​វា​អញ្ចឹង»។

មន្ទីរ​ពេទ្យ​ជប៉ុន​សាន់រ៉ាយនឹង​ចាប់​ផ្ដើម​ផ្ដល់​សេវាកម្ម​ពិគ្រោះ​ជំងឺ​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា​ខាង​មុខ​នេះ​ ដោយ​ប្ដេជ្ញា​ផ្ដល់​សេវា​កម្ម​និង​ការ​ព្យាបាលដើម្បី​អភិវឌ្ឍន៍​សេវា​ថែទាំ​វេជ្ជសាស្ត្រ​ដ៏​ប្រសើរ​មួយ​ដល់ប្រជា​ជន​កម្ពុជា។​ ​នេះ​បើ​តាម​ការ​អះអាង​របស់​ប្រធាន​មន្ទីរ​ពេទ្យ​នេះ​ គឺ​លោក​វេជ្ជបណ្ឌិត Yoshifumi​ Hayashi។​

បើ​តាម​ខិត​ប័ណ្ណ​ព័ត៌មាន​របស់​មន្ទីរ​ពេទ្យ​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា​ សម្រាប់​ពលរដ្ឋ​ ១០០០០ នាក់​ មាន​ពេទ្យ​ចំនួន​តែ​ ១,៧​ នាក់​ និងគ្រែ​សម្រាក​ព្យាបាល​ចំនួន​តែ​៧​ប៉ុណ្ណោះ ដើម្បី​បម្រើ​និង​ទទួល​ព្យាបាល​ជំងឺ​ពួកគេ បើ​ប្រៀបធៀបទៅ​នឹង​ប្រទេស​ជប៉ុន​ ដែល​មាន​ចំនួន​ពេទ្យ​២៣នាក់​ និង​គ្រែ​ចំនួន​១៣៧​ សម្រាប់​ចំនួន​ពលរដ្ឋ​ក្នុង​១០០០០​នាក់​ដូចគ្នា។​

​លោក ​យ៉ង់​ គឹម​អេង​ ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ លើកឡើង​ថា​ ប្រជាពលរដ្ឋ​ក្រី​ក្រ​មិន​អាច​ទៅ​រក​សេវា​ថែទាំ​សុខភាពតាម​បែប​ស្តង់ដារ​ខ្ពស់​ដូចដែល​លោក​នាយក​រដ្ឋ​មន្ត្រី​និងអ្នក​ដែល​មាន​ជីវភាព​ធូរធារ​ដទៃ​ទៀត​នោះ​ទេ។

លោក​ថា​ ពួកគេ​នឹង​នៅ​តែ​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការ​ព្យាបាល​ជំងឺ បើ​សិន​ជា​មិន​មាន​សេវា​ពេទ្យ​ដែល​មិន​បង់​ថ្លៃ​និង​មាន​គុណភាព​នោះ។

«ប្រជា​ពលរដ្ឋ​ខ្មែរ​អ្នក​មាន ​អាច​ទៅ​រក​បាន។ប្រជា​ពលរដ្ឋ​ខ្មែរ​អ្នក​ក្រី​ក្រ​ អត់​អាច​ទៅ​បាន​ទេ។​ហើយ​អ្នក​មាន​ទាល់​តែ​គេ​មាន​ខ្លាំង​ទៅ​ទៀត។​ បើ​សិន​គ្នា​អ្នក​ក្រី​ក្រ​ទេ គឺ​គ្នា​មន្ទីរ​ពេទ្យ​រដ្ឋ​ប៉ុណ្ណា​គឺ​ប៉ុណ្ណឹង។​ គឺ​គ្នា​បញ្ចប់​ការព្យា​បាល​ប៉ុណ្ណឹង​ហើយ។ ​អញ្ចឹង​បាន​ថា អតុល្យភាពការ​ទទួល​បាន​សេវា​សុខាភិបាល​ វា​អត់​មាន​សមភាព។ វា​អត់​មាន​តុល្យ​ភាព​នឹង​គ្នា»។

លោក​បន្ត​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ​គួរ​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ​ដូច​ៗ​គ្នា។​

​«មាន​លុយ​ក៏​ដោយ​ ត្រូវ​ទទួល​បាន​សេវា​សុខភាព​ដូចៗ​គ្នា ព្រោះ​តម្លៃ​ជីវិត​មាន​តម្លៃ​ស្មើ​គ្នា ហើយ​រស់​នៅ​ក្នុង​សង្គម​ដែល​មាន​របប​នយោបាយ​តែ​មួយ​ អញ្ចឹង​គាត់​ត្រូវ​ទទួល​បាន​ស្មើគ្នា»។

ទោះ​បី​ជា​ មាន​មន្ទីរពេទ្យ​ឯកជន​ដែល​ដំណើរ​ការ​ដោយ​អ្នក​វិនិយោគ​ពី​ក្រៅ​ប្រទេស​បែបនេះ​ក្ដី​ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​ VOA​ បាន​ធ្វើការ​សម្ភាសន៍​នោះ​ ថ្លែង​ថា​ ពួកគេ​នៅ​មិន​ទាន់​មានការ​ទុកចិត្ត​ដដែល​ទៅ​លើ​សេវាកម្ម​មន្ទីរពេទ្យទាំង​នោះដដែល។

លើស​ពី​នេះ​ ពួក​គេ​និយាយ​ថា តម្លៃព្យាបាល​ អាច​ខ្ពស់​ជាង​ តម្លៃព្យាបាល​នៅ​ក្រៅ​ប្រទេស​ ដូច​ជា​ប្រទេស​ថៃ​ និង​វៀតណាម៕​

XS
SM
MD
LG