ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ជំនាញ​​បារម្ភ​ពី​ផល​ប៉ះពាល់​នៃ​​ការ​បញ្ជា​របស់​លោក ហ៊ុន សែន ឱ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​​ផ្លាស់​ប្ដូរ​និមិត្ត​សញ្ញា​ភ្លាមៗ


ធនាគារ​អេស៊ីលីដា​បាន​ផ្លាស់ប្តូរ​ស្លាកសញ្ញា​បប្រចាំក្រុមហ៊ុន​បន្ទាប់ពី​រដ្ឋាភិបាល​បាន​ប្រកាស​ថា​ស្លាក​សញ្ញា​របស់​ធនាគារ​នេះ​ស្រដៀង​នឹង​ស្លាកសញ្ញា​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុកាល​ពី​ថ្ងៃទី​​១៩ កុម្ភៈ ២០១៧។(នៅ វណ្ណារិន/VOA)

លោក ហ៊ុន សែន ​បាន​បញ្ជា​ឱ្យ​ធនាគារ​ជាតិ ​(NBC) ជួប​ប្រជុំ​ជាមួយ​​ក្រុម​ការងារ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​​ប្រា​សាក់ ដើម្បី​ពិភាក្សា​ពី​ការ​ផ្លាស់ប្ដូរ​និមិត្តសញ្ញា​នេះ​ជា​បន្ទាន់។ លោក​ក៏​បាន​ព្រមាន​ដក​អាជ្ញាប័ណ្ណ​អាជីវកម្ម​ផង​ដែរ​ ប្រសិន​បើ​មាន​ការ​​យឺតយ៉ាវ​ក្នុង​ការ​ផ្លាស់ប្ដូរ​និមិត្ត​សញ្ញា​​របស់​ខ្លួន។

អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​លើក​ឡើង​ថា ការ​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុផ្លាស់ប្ដូរ​ភ្លាមៗ​និមិត្តសញ្ញា​ (Logo) ដើម្បី​ចៀសវាង​ការ​ច្រឡំ​ថា​ស្ថាប័ន​ទាំងនោះ​ជា​របស់​រដ្ឋ គឺ​ជា​ការ​បញ្ជា​មួយ​លឿន​ពេក ដែល​អាច​នាំ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍ និង​ទំនុក​ចិត្តរបស់​វិនិយោគិន។

កាលពី​ថ្ងៃ​ពុធ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ ​ផ្លាស់ប្ដូរ​ឡូហ្គោ ឬ​និមិត្ត​សញ្ញា​ពាណិជ្ជកម្ម​ ដោយ​សារមាន​សញ្ញា «៛» ៣ដង​នៅ​ចំ​កណ្ដាល។ លោក​ថា សញ្ញា​នេះអាច​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​យល់ច្រឡំ​ថា​មាន​ន័យ​ថា «រដ្ឋ រដ្ឋ រដ្ឋ»។

លោក ហ៊ុន សែន ​បាន​បញ្ជា​ឱ្យ​ធនាគារ​ជាតិ ​(NBC) ជួប​ប្រជុំ​ជាមួយក្រុម​ការងារ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុប្រា​សាក់ ដើម្បី​ពិភាក្សា​ពី​ការ​ផ្លាស់ប្ដូរ​និមិត្តសញ្ញា​នេះ​ជា​បន្ទាន់។ លោក​ក៏​បាន​ព្រមាន​ដក​អាជ្ញាប័ណ្ណ​អាជីវកម្ម​ផង​ដែរ​ ប្រសិន​បើ​មាន​ការយឺតយ៉ាវ​ក្នុង​ការ​ផ្លាស់ប្ដូរ​និមិត្ត​សញ្ញារបស់​ខ្លួន។

កាលពី​សប្ដាហ៍​មុន នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី រដ្ឋាភិបាល​ក៏​បាន​សម្រេច​ឱ្យ​ធនាគារ​អេស៊ីលីដា ផ្លាស់​ប្ដូរ​និមិត្ត​សញ្ញា​ដែល​មាន​រូប​ហង្ស​របស់​ខ្លួន​ផង​ដែរ។ រដ្ឋាភិបាល​អះអាង​ថា រូប​ហង្ស​នេះ​ស្រដៀង​គ្នា​នឹង​និមិត្តសញ្ញា​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែល​អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ច្រឡំ។

លើស​ពី​នេះ ​កាល​ពី​ថ្ងៃ​អង្គារ​ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ដោយ​តម្រូវ​ឱ្យ គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ និង​ប្រតិបត្តិករ​មីក្រូហិរញ្ញវត្ថុ​វត្ថុ​ទាំងអស់ ដក​ចេញ​និមិត្ត​សញ្ញា​ ដែល​ស្រដៀង​គ្នា​ជាមួយ​និមិត្តសញ្ញា​របស់ក្រសួង ស្ថាប័ន​រដ្ឋ​ដែល​កំពុង​ប្រើ​ប្រាស់​ ដូច​ជា​ សញ្ញា​ប្រាក់​រៀល​ «៛»​ ឬ​ «​រូប​សិង្ហ»​ ជាដើម។​

ឯ​ក្រសួង​ពាណិជ្ជកម្ម កាល​ពី​ថ្ងៃ​ពុធក៏​បាន​ចេញ​សេចក្ដី​ជូនដំណឹង​មួយ តម្រូវ​ឱ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជនទាំងអស់​ដែល​បាន​ប្រើប្រាស់​ម៉ាក​ពាណិជ្ជកម្ម​របស់​ខ្លួន​ដែល​អាច​ធ្វើ​ឱ្យ​ភ័ន្ត​ច្រឡំ​ទៅ​នឹង​និមិត្ត​សញ្ញា​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ឬ​ធនាគារ​ជាតិ ឱ្យ​បាន​មុន​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៧។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC) មាន​ប្រសាសន៍​ប្រាប់​VOA កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា ការ​បញ្ជា​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្លាស់​ប្ដូរ​និមិត្ត​សញ្ញា​ភ្លាមៗ​នេះ អាច​បង្ក​ការ​ព្រួយ​បារម្ភ​ដល់​ម្ចាស់​ភាគហ៊ុន ក៏​ដូចជា​វិនិយោគិន​ដែល​មាន​បំណង​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ង៉ែត ជូ បន្ត​ថា វិនិយោគិន​តែង​ត្រូវ​ការ​មូលដ្ឋាន​ច្បាស់លាស់​ មុនសម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ។ លោក​ថា ការ​លើកឡើង​ពី​បញ្ហា​ភ័ន្ត​ច្រឡំ​ដែល​បណ្ដាល​មក​ពី​និមិត្ត​សញ្ញា​នេះ គ្រាន់​តែ​ជា​ការ​យល់​ឃើញ​ឬ​ទស្សនៈ​បុគ្គល​ប៉ុណ្ណោះ ហើយ​រដ្ឋាភិបាល​គួរស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់​លាស់​សិន មុន​នឹង​ចេញ​បញ្ជា​ណាមួយ។

«អ៊ីចឹង​យើង​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ មិន​អាច​យក​ទស្សនៈ​បុគ្គល​ មិន​អាច​យក​ការយល់​ឃើញ​របស់​ក្រុម​មួយ​តូច​ទៅ​ធ្វើ​ការ​សម្រេច​ចិត្ត​ទេ។ ធ្វើ​អញ្ចឹង​ដូច​ថា​វា​ខ្វះ​លក្ខណៈ​វិទ្យាសាស្ត្រ ។ យើង​មិន​បាន​យក​ការ​យល់​ឃើញ​ហ្នឹង​ទៅ​ផ្ទៀងផ្ទាត់​ជាមួយ​ការ​យល់ឃើញ​ជាមួយ​សាធារណជន»។

លោក ង៉ែត ជូ បន្ត​ទៀត​ថា តាម​បទពិសោធន៍​ធ្វើ​ការ​របស់​លោកនៅ​មូលដ្ឋាន​ ជាទូទៅ ប្រជាពលរដ្ឋ​មិនសូវ​ស្គាល់​និមិត្តសញ្ញា​របស់​ស្ថាប័ន​រដ្ឋ​នោះ​ទេ ​ហើយ​ការ​លើក​ឡើង​ពី​ការ​ភ័ន្តច្រឡំ​តាម​រយៈ​និមិត្ត​សញ្ញា​នេះ​គឺ​ជា​សំណួរ​មួយ និង​ជា​រឿង​ដែល​ត្រូវ​ស្រាវជ្រាវ​ឱ្យ​ច្បាស់លាស់។

ធនាគារ​អេស៊ីលីដា​បាន​ផ្លាស់ប្តូរ​ស្លាកសញ្ញា​បប្រចាំក្រុមហ៊ុន​បន្ទាប់ពី​រដ្ឋាភិបាល​បាន​ប្រកាស​ថា​ស្លាក​សញ្ញា​របស់​ធនាគារ​នេះ​ស្រដៀង​នឹង​ស្លាកសញ្ញា​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុកាល​ពី​ថ្ងៃទី១៩ កុម្ភៈ ២០១៧។(នៅ វណ្ណារិន/VOA)

ធនាគារ​អេស៊ីលីដា​បាន​ផ្លាស់ប្តូរ​ស្លាកសញ្ញា​បប្រចាំក្រុមហ៊ុន​បន្ទាប់ពី​រដ្ឋាភិបាល​បាន​ប្រកាស​ថា​ស្លាក​សញ្ញា​របស់​ធនាគារ​នេះ​ស្រដៀង​នឹង​ស្លាកសញ្ញា​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុកាល​ពី​ថ្ងៃទី១៩ កុម្ភៈ ២០១៧។(នៅ វណ្ណារិន/VOA)

ស្រដៀងគ្នា​នេះ ទីប្រឹក្សា​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា លោក ប៊ុន មុនី ដែល​បាន​ធ្វើ​ការ​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នេះ​អស់​រយៈពេល​ប្រមាណ​២០ឆ្នាំ​មក​ហើយ​នោះ​យល់ថា និមិត្ត​សញ្ញា​របស់​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ទំនង​ជា​មិន​អាច​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ថា ស្ថាប័ន​ទាំង​នោះ​ជា​របស់​រដ្ឋ​នោះ​ទេ។

លោក​បន្ថែម​ថា ទោះបី​ជា​ប្រជាពលរដ្ឋ​មួយ​ចំនួន​និយាយ​ថា ពួកគាត់​ខ្ចី​លុយ​រដ្ឋ​មែន តែ​នោះ​គ្រាន់​តែ​ជា​ភាសា​និយាយសាមញ្ញ​របស់​ពលរដ្ឋ​ប៉ុណ្ណោះ។ លោក​ថា តាម​ពិត​ពួកគាត់​ដឹង​ថា ខ្ចី​លុយ​ពី​ឯកជន​ ស្រដៀង​គ្នា​នឹង​ទម្លាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ហៅ​ជនជាតិ​ស្បែក​ស ថា​បារាំង​ដូច្នោះដែរ។

«ដូច្នេះ គាត់​ខ្ចី​លុយ​ពី​ធនាគារ​ពិតមែន គាត់​ដឹង គាត់​ស៊ីញេ (ចុះហត្ថលេខា) ជាមួយ​ក្រុមហ៊ុន ធនាគារ គាត់​ដឹង​ថា​ជា​របស់​ឯកជន ប៉ុន្តែ​គាត់​និយាយ​ឱ្យ​ស្រួល​ស្ដាប់​គាត់​ថា ខ្ចី​លុយ​រដ្ឋ។ អា​ហ្នឹង​ហា ភាសា​គាត់​និយាយ​ហា! តាម​ពិត​គាត់​ដឹង​តើ គាត់​ដឹង​ថា​ខ្ចី​លុយ​ឯកជន​តើ!»។

ទោះ​យ៉ាង​ណា លោក​បន្ត​ថា ការ​បញ្ជា​ឱ្យ​ផ្លាស់​ប្ដូរ​និមិត្ត​សញ្ញា​នេះ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នោះ​ទេ ក្រៅ​តែ​ពី​ការ​ខាតបង់​ថវិកា​សម្រាប់​ផ្លាស់​ប្ដូរ​និមិត្តសញ្ញា​របស់​ខ្លួន។

ធនាគារ​អេស៊ីលីដា​ ដែល​ជា​ស្ថាប័ន​ដំបូង​ត្រូវ​បាន​បញ្ជា​ឱ្យ​ផ្លាស់​ប្ដូរ​និមិត្ត​សញ្ញា​នោះបាន​ប៉ាន់​ស្មាន​ថា ​ការ​ផ្លាស់​ប្ដូរ​និមិត្ត​សញ្ញា​ឬឡូហ្គោ​នេះ ខ្លួន​នឹង​ត្រូវចំណាយ​ប្រាក់ប្រមាណ​៣,៥​លាន​ដុល្លារ។ ទឹក​ប្រាក់​នេះ​ស្មើនឹងប្រមាណ៣​ភាគរយ​នៃ​ប្រាក់​ចំណេញ​សុទ្ធ​របស់​ធនាគារ​នេះកាល​ពី​ឆ្នាំ​២០១៦។

លោក ស៊ឹម សេនាជាតិ អគ្គនាយក​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់​ ប្រាប់​VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រោយ​មាន​បញ្ជា​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រា​សាក់​បាន​ស្នើ​និមិត្ត​សញ្ញា​ថ្មី​ និង​ទទួល​បាន​ការ​យល់ព្រម​ពីក្រសួង​ពាណិជ្ជកម្ម​រួចហើយ​កាល​ពី​ថ្ងៃពុធ។

លោក​បន្ត​ថា ប្រាសាក់​នឹង​ផ្លាស់ប្ដូរ​និមិត្ត​សញ្ញា​នៅតាម​ការិយាល័យ​របស់​ខ្លួនសរុប១៨១ នៅ​ទូទាំង​ប្រទេស និមិត្ត​សញ្ញាលើ​កាត​ដក​ប្រាក់​ ATM និង​ឯកសារ​ផ្សេងៗ​ជាច្រើន​ទៀត ដោយការ​ចំណាយ​សរុបអាច​មាន​ទឹក​ប្រាក់​ជិត១​លាន​ដុល្លារ។

លោក ស៊ឹម សេនាជាតិ អះអាង​ថា ការ​ផ្លាស់​ប្ដូរ​និមិត្ត​សញ្ញា​នេះ​ នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​របស់ប្រាសាក់ និង​ការ​កត់ចំណាំ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ដោយសារ​និមិត្ត​សញ្ញា​ថ្មី​នេះ ​ក៏​មាន​ពាក្យ​ប្រាសាក់​ ហើយ​ប្រជាពលរដ្ឋ​បាន​ស្គាល់​រួច​មក​ហើយ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា​វា​មិនមែន​ជា​បញ្ហា​ធំ​ដុំ​ច្រើន​ប៉ុន្មាន​ទេ។ វា​គ្រាន់​តែ​រវល់​យើង​បន្ថែម ដោយ​យើង​អត់​បាន​ធ្វើ​ budget (គម្រោង​ថវិកា) យើង​អត់​បាន​ព្រាង​ទុក​នូវ​សកម្មភាព​ហ្នឹង»។

លោកស្រី​ សឹង សុផារី អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ប្រាប់​VOAនៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​តម្រូវ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​និមិត្ត​សញ្ញា​ភ្លាមៗ​នៅ​ពេលនេះ គឺ​ដោយសារ​មាន​ការ​បំផុស​បំផុល​ឱ្យ​មាន​ការ​យល់​ច្រឡំ​ថា គ្រឹះស្ថាន​ហិរញ្ញវត្ថុជា​ស្ថាប័ន​របស់​រដ្ឋ។

លោកស្រី​អះអាង​ទៀតថា រដ្ឋាភិបាល​បាន​ធ្វើ​ការ​ថ្លឹងថ្លែង​ពី​ផល​ប៉ះពាល់​ដែល​អាច​បណ្ដាល​មក​ពី​ការ​យល់​ច្រឡំ​នេះ និង​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​ការ​ផ្លាស់​ប្ដូរ​និមិត្ត​សញ្ញា​នេះ។

«តែ​សួរ​ថា ផលវិបាក​នៃ​ការ​មិន​ដូរ (និមិត្ត​សញ្ញា) យ៉ាងម៉េច? គឺ​ការ​ជឿ​របស់​ប្រជាជន អ្នកណា​ចេះ​ដឹង​តិចតួច គេ​ភរ​អញ្ចឹង​ថា អូ! បោះឆ្នោត​ដូរ​មួយ​សន្លឹក​ទៅ រួច​បំណុល​ហើយ មិន​បាច់​ទៅខ្វល់​អី​ទេ ម៉ា​អា​លុយ​ហ្នឹង​ជា​លុយ​របស់​រដ្ឋ។ ហើយ​សួរ​ថា​អ្នក​ណា​ទៅ​ពន្យល់​ប្រជាពលរដ្ឋ​ឱ្យ​យល់​មក​វិញ​ថា​អា​ហ្នឹង​ជា​រឿង​ខុស? អ្នកណា​គេ​អ្នក​ទទួល​ខុស​ត្រូវ​ទៅ​ពន្យល់​នោះ?»។

លោកស្រី សឹង សុផារី បន្ត​ថា ក្រសួង​តម្រូវ​ឱ្យស្ថាប័ន​ហិរញ្ញវត្ថុទាំងអស់​ដែល​ត្រូវ​ផ្លាស់ប្ដូរ​និមិត្ត​សញ្ញា ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ឱ្យ​បាន​មុន​ថ្ងៃទី១០ ខែ​មីនា។

លោកស្រី​បន្ថែម​ថា ចំពោះ​ការ​ផ្លាស់ប្ដូរ​និមិត្ត​សញ្ញា​នៅ​តាម​ការិយាល័យ និង​របស់របរ​ប្រើ​ប្រាស់ផ្សេងៗ គឺ​អាស្រ័យ​លើ​លទ្ធភាព​ជាក់ស្ដែង​របស់​គ្រឹះស្ថាន​នីមួយៗ៕

XS
SM
MD
LG