ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ចូល​រួម​បុណ្យ​វិសាខ​បូជា​នៅ​ភ្នំ​ឧត្ដុង្គ​ថយចុះ​​ តែ​ចំនួន​យុវជន​កើនឡើង


ពុទ្ធបរិស័ទ​ ដាក់បាត្រ​ នៅក្នុង​ការប្រារព្ធ​ពីធីបុណ្យ​ពិសាខបូជា​ នៅ​ភ្នំ​ឧត្តុង្គ​ ក្នុង​ខេត្ត​កណ្តាល​ នៅថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

លោកយាយ​ មាស រុំ ​បាន​ឱ្យ​ដឹង​ថា ​ការ​ថយចុះ​ចំនួន​អ្នក​ចូល​រួម​ពិធី​នៅ​ភ្នំឧត្ដុង្គ​នេះ​ អាច​បណ្ដាល​មក​ពី​ការ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​នៅ​ទីវត្ត​អារាម​ និង​កន្លែង​ផ្សេងៗ​ទៀត មាន​ការ​កើនឡើង។​​

ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ព្រះសង្ឃ​ មន្ត្រីរាជការ​ ​សិស្សា​នុសិស្ស​ ​និង​ប្រជាពលរដ្ឋ​ជាច្រើន​បាន​មក​ជួបប្រជុំ​គ្នា​នៅ​ជើង​ភ្នំ​ព្រះរាជទ្រព្យ​ឬ​ភ្នំ​ឧត្ដុង្គ ​ជាទី​ដែល​មាន​តម្កល់​ព្រះ​សារីរិកធាតុ​របស់​សម្មាសម្ពុទ្ធ។​

​ការ​ប្រមូល​ផ្ដុំ​របស់​ព្រះសង្ឃ​ ​និង​ពុទ្ធបរិស័ទ​ក្នុង​ថ្ងៃ​១៥​កើត​ ខែវិសាខ​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​ ​ដែល​ជា​បុណ្យ​សំខាន់​មួយ​ក្នុង​ចំណោម​បុណ្យ​សំខាន់ៗ​ក្នុង​ព្រះ​ពុទ្ធសាសនា។​ ​ពិធី​បុណ្យ​នេះ​ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​ដើម្បី​រំឭក​ដល់​ព្រឹត្តិការណ៍​ធំៗ​៣​ គឺ​ថ្ងៃ​ដែល​ព្រះពុទ្ធ​ទ្រង់​ប្រសូត​ ទ្រង់​បាន​ត្រាស់​ដឹង​ និង​ព្រះអង្គចូល​បរិនិព្វាន។​

ក្នុង​សម្លៀក​បំពាក់​ពណ៌​ស លោក​យាយ​ ​សៅ នុន ​ដូនជី​នៅ​វត្តធម្មត្រ័យ ​និង​ជា​សមាជិក​នៃ​សមាគម​ដូនជី​កម្ពុជរដ្ឋ​នៅ​វត្ត​កោះ​ ​ក្នុង​ភូមិ​ធម្មត្រ័យ​ ឃុំ​ផ្សារ​ដែក​ ស្រុក​ពញាឮ ​ខេត្ត​កណ្ដាល​ មាន​ប្រសាសន៍​ថា ​ដោយសារ​តែ​បុណ្យវិសាខបូជា​ជា​បុណ្យ​ដ៏​សំខាន់​របស់​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​ជាតិ ​លោក​យាយ​តែង​មក​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​នេះ​នៅ​ភ្នំ​ឧត្ដុង្គ​ជា​រៀងរាល់​ឆ្នាំ។​

​ដូនជី​ ​សៅ នុន​វ័យ​៧៧ឆ្នាំ​បាន​បន្ថែម​ថា៖​

«មាន​សារៈសំខាន់ ​យើង​រំឭក​គុណ​ដល់​ព្រះពុទ្ធ ជា ដូច​ថា ​ព្រះគ្រូ​របស់​យើង។ យើង​គោរព​បូជា​នឹក​ឃើញ​គុណ​លោក»។

ព្រះសង្ឃ​ ចូលរួម​ការប្រារព្ធ​ពីធីបុណ្យ​ពិសាខបូជា​ នៅ​ភ្នំ​ឧត្តុង្គ​ ក្នុង​ខេត្ត​កណ្តាល​ នៅថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
ព្រះសង្ឃ​ ចូលរួម​ការប្រារព្ធ​ពីធីបុណ្យ​ពិសាខបូជា​ នៅ​ភ្នំ​ឧត្តុង្គ​ ក្នុង​ខេត្ត​កណ្តាល​ នៅថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ពិធី​បុណ្យ​ដែល​មាន​ការ​ចូលរួម​ពី​សម្ដេច​សង្ឃ​ទាំង​ពីរ​គណៈ ​និង​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ប្រហាក់​ប្រហែល​ឆ្នាំ​មុនៗ​ដែរ​ដោយ​មាន​ការ​ដាក់​តាំង​បង្ហាញ​រូប​គំនូរ​ និង​បដិមា​ព្រះពុទ្ធអង្គ​ ការ​ថ្វាយ​ផ្កា​ភ្ញី​ដល់​ព្រះសម្មាសម្ពុទ្ធ​ ​និង​ពិធី​រាប់​បាត្រ​ព្រះសង្ឃ​ជាដើម។​

ដូនជី​ សៅ នុន​ មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​ អ្វី​ដែល​លោក​យាយ​កត់​សម្គាល់​ថា​មាន​ភាព​ខុស​ប្លែក​នោះ គឺ​ចំនួន​មនុស្ស​ចូលរួម​មាន​តិច​ជាង​ឆ្នាំ​មុនៗ ​ទាំង​ព្រះសង្ឃ តាជី ​ដូនជី ​និង​ពុទ្ធបរិស័ទ្ធ។ ដូនជី​រូប​នេះ​បន្ត​ទៀត​ថា​លោកយាយ​មាន​ការ​សោកស្ដាយ​ដែល​ចំនួន​មនុស្ស​ចូលរួម​មាន​ការ​ធ្លាក់​ចុះ​ដូចនេះ។​

«ឃើញ​មក​តិច​ចឹង​មាន​អារម្មណ៍​ថា ​សោកស្ដាយ​ដែរ តែ​មិន​ដឹង​ធ្វើ​ម៉េច។ នៅ​លើ​ជំនឿ​គេ​ជឿ ដូច​ថា​យើង​ដឹង​គុណ​ម៉ែ​ឪ​យើង​ខ្លាំង​ប៉ុណ្ណា​យើង​មិន​អាច​ជៀស​រួច។ ត្រូវ​តែ​មក»។

ស្រដៀង​គ្នា​នេះ​ លោកយាយ​ មាស ​រុំ ដូនជី​នៅ​ក្នុង​សមាគម​ដូនជី​កម្ពុជរដ្ឋ​មាន​ប្រសាសន៍ថា​ ចំនួន​ចូល​រួម​ប្រមាណ​១.០០០​នាក់​ក្នុង​ការ​ប្រាព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​ក្នុង​ឆ្នាំ​នេះ​មាន​ការ​ថយចុះ​លើស​ពី​ពាក់​កណ្ដាល​បើ​ធៀប​នឹង​ឆ្នាំ​មុនៗ។​

​ទោះបី​ជា​យ៉ាងណា​ក៏​ដោយ​ ​លោកយាយ​ មាស រុំ ​បាន​ឱ្យ​ដឹង​ថា ​ការ​ថយចុះ​ចំនួន​អ្នក​ចូល​រួម​ពិធី​នៅ​ភ្នំឧត្ដុង្គ​នេះ​ អាច​បណ្ដាល​មក​ពី​ការ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​នៅ​ទីវត្ត​អារាម​ និង​កន្លែង​ផ្សេងៗ​ទៀត មាន​ការ​កើនឡើង។

ដូនជី​វ័យ​៦៩​ឆ្នាំរូប​នេះបន្ត​ទៀត​ថា ​លោកយាយ​មាន​អារម្មណ៍​សោកស្ដាយ​ ​ដែល​ការ​ប្រារព្ធ​ពិធី​នៅ​ឯ​ព្រះ​សក្យមុនី​ចេតិយ​នៅ​ភ្នំ​ឧត្ដុង្គ​នេះ​មិនមាន​ពុទ្ធបរិស័ទ​ចូលរួម​អធិកអធម​ដូច​មុន​ ប៉ុន្តែ​លោក​យាយ​ រីករាយ​នៅ​ពេល​ដែល​ពិធី​បុណ្យ​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើងនៅ​ច្រើន​កន្លែង​ ដែល​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​អាច​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​សំខាន់​មួយ​នេះ​នៅ​ក្នុង​ភូមិ​ស្រុក​របស់​ពួកគេ។​

លោកយាយ​ មាស រុំ​បានបន្ថែម​ថា៖​

«អត់សូវ​មាន​បារម្ភ​អីប៉ុន្មាន​ទេ​ណា៎! ចូល​រួម​ត្រេកអរ ត្រេកអរ​នឹង​តាម​វត្ត​ហ្នឹង​ក៏ធ្វើ​ដូចគ្នា អត់​ធ្វើ​ដូចគ្នា​ទេ បាន​ជា​បាត់​ប្រជាជន បាត់​ព្រះសង្ឃ​ហ្នឹង​ហូរ! មិនមែន​បាត់​ដោយ​ខកខាន​មិន​បាន​មក (ចូលរួម​ប្រាព្ធ) អី គឺ​អត់​ទេ។ គឺ​តាមខេត្ត ធ្វើ​តាម​វត្ត​តាមខេត្ត»។​

ការប្រារព្ធ​ពីធី​បុណ្យ​ពិសាខបូជា​ នៅ​ភ្នំ​ឧត្តុង្គ​ ក្នុង​ខេត្ត​កណ្តាល​ នៅថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ២០១៧​។ (ហ៊ាន សុជាតា/VOA)
ការប្រារព្ធ​ពីធី​បុណ្យ​ពិសាខបូជា​ នៅ​ភ្នំ​ឧត្តុង្គ​ ក្នុង​ខេត្ត​កណ្តាល​ នៅថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ២០១៧​។ (ហ៊ាន សុជាតា/VOA)

​កាល​ពី​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩ ​អង្គការ​សហប្រជាជាតិ​បាន​ទទួល​ស្គាល់​បុណ្យ​វិសាខ​បូជា​នេះ​ថា​ជា​បុណ្យ​អន្តរជាតិ​និង​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រារព្ធ​ពិធីបុណ្យ​នេះ​នៅ​គ្រប់​ការិយាល័យ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទូទាំង​ពិភពលោក។ ការបញ្ចូល​បុណ្យ​វិសាខ​បូជា​ជា​បុណ្យ​អន្តរជាតិ​នេះ ​គឺ​ដើម្បី​ជា​ការទទួល​ស្គាល់​ការ​ការ​ចូល​រួម​ចំណែក​របស់​ព្រះពុទ្ធសាសនា​ក្នុង​ការ​អប់រំ​ស្មារតី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ពិភពលោក។​

ក្រោយ​ពី​មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សហ​ប្រជាជាតិ ​ប្រទេស​គោរព​ព្រះ​ពុទ្ធ​សាសនា​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក ​បានប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​វិសាខ​បូជា​ជា​សកល ដោយ​បានដាក់​ឈ្មោះ​ថា UN​-​Vesak ឬ​បុណ្យ​វិសាខ​បូជា​នៃ​អង្គការ​សហ​ប្រជាជាតិ។​

ចំណែក​នៅ​ក្នុង​ប្រទេស​កម្ពុជា ​នៅ​តាម​វត្ត​អារាម ​និង​ពុទ្ធមណ្ឌល​ផ្សេងៗ​តែងរៀបចំ​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​នេះ​ជា​រៀងរាល់​ឆ្នាំ។​

​លោក​ ញាណ ភឿន ​អនុ​រដ្ឋលេខាធិការ​ ​ក្រសួង​ធម្មការ​និង​សាសនា​ ​និង​ជា​ទីប្រឹក្សា​គណៈ​កម្មាធិការ​រៀបចំ​បុណ្យ​ជាតិ​និង​អន្តរជាតិ​ ​អះអាង​ស្រដៀងគ្នា​នេះ​ថា​ ​ក្រសួង​បាន​បំផុស​ឱ្យ​មាន​ការ​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​នេះ​នៅ​គ្រប់​វត្ត​អារាមឱ្យ​បាន​អធិកអធម​ ​ទើប​ប្រជាពល​រដ្ឋ​ទៅ​ចូល​រួម​ប្រារព្ធ​ពិធី​នេះ​នៅ​តាម​អារាម​នៅ​ក្នុង​ភូមិ​ស្រុក​របស់​ពួកគាត់។​

«នៅ​ក្នុង​ថ្ងៃ​នេះ ​យើង​ថា​តិច​ក៏​ថា​បាន​ដែរ ​ពីព្រោះ​ដោយ​បណ្ដា​វត្ត​នីមួយៗ ​គឺ​គេ​បំផុស​ចលនា​នៅ​តាម​វត្ត​ ហើយ​ម្លោះ​ហើយ​លទ្ធភាព​របស់​បងប្អូន​ប្រជាជន។ ដោយ​វត្ត​ហ្នឹង​ក៏​បាន​រៀបចំ ហើយ​ទី​កន្លែង​នេះ​ក៏​បាន​បង​ប្អូន​គាត់​អញ្ចើញ​មក»។​

​លោក​ ​ញាណ​ ​ភឿន​ ​ដែល​ជា​អ្នក​ប្រមូល​ចងក្រង​ទំនៀម​ទម្លាប់​ប្រពៃ​ណី​ខ្មែរ​មួយ​រូប​ដែរ​បាន​ឱ្យដឹង​ថា ក្រៅ​ពី​រំឭក​ថ្ងៃ​សំខាន់​ទាំង៣​ ការ​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​នេះ​ក៏ជា​ការរំឭក​ដល់​ការបង្រៀន​ប្រៀន​ប្រដៅ​របស់​ព្រះពុទ្ធ​ ​ពិសេសឱវាទ​បាតិមោក្ខ​ ​ដែល​ជា​គោលការណ៍សំខាន់​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ផង​ដែរ។​

«អីចឹង​អត្ថន័យ​សំខាន់​បំផុត គឺ​ទី​១ យើង​កុំ​ធ្វើ​អាក្រក់ ទី​២​ឱ្យ​ធ្វើ​ល្អ ទី ៣​ជម្រះ​សណ្ដានចិត្តឱ្យ​ស្អាត​ផូរផង់ ​ហើយ​ការ​ជម្រះ​ហ្នឹង​ត្រូវ​មាន​ការ​ភ្ញាក់រឭកក្នុង​ការ​ដឹងគុណ»។​

លោក ញាណ ភឿន​ ទីប្រឹក្សា​គណៈកម្មាធិការ​រៀបចំ​បុណ្យជាតិ​ និង​អន្តរជាតិ​ និង​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ធម្មការ​ និង​សាសនា​ ចូលរួម​ពីធីបុណ្យ​ពិសាខបូជា​ នៅ​ភ្នំ​ឧត្តុង្គ​ ក្នុង​ខេត្ត​កណ្តាល​ នៅថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
លោក ញាណ ភឿន​ ទីប្រឹក្សា​គណៈកម្មាធិការ​រៀបចំ​បុណ្យជាតិ​ និង​អន្តរជាតិ​ និង​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ធម្មការ​ និង​សាសនា​ ចូលរួម​ពីធីបុណ្យ​ពិសាខបូជា​ នៅ​ភ្នំ​ឧត្តុង្គ​ ក្នុង​ខេត្ត​កណ្តាល​ នៅថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

​បើ​ទោះ​បីជា​ចំនួន​អ្នក​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យវិសាខបូជា​នៅ​ភ្នំឧត្ដុង្គមាន​ការ​ថយចុះ​ លោក​យាយ​ សៅ នុន​ ​សង្កេត​ឃើញ​ ​មាន​យុវជន​កាន់​តែ​ចូល​រួម​កាន់តែ​ច្រើនក្នុង​ការ​ប្រាព្ធ​បុណ្យ​វិសាខបូជា​ ដែល​អាច​បង្ហាញ​ថា​ ​ពលរដ្ឋ​កម្ពុជា​កាន់តែ​ច្រើន​បាន​យល់ដឹង​កាន់​តែ​ច្រើន​ពី​គុណតម្លៃ​របស់​ព្រះ​ពុទ្ធសាសនា​ ​និង​ទទួល​បាន​ការ​អប់រំ​ពី​ព្រះពុទ្ធសាសនា។​

«ពេល​ដែល​គាត់​ចូលរួម​មក​បាន​សេចក្ដី​ថា​គាត់​មក​ឃើញ​ទៅ​គាត់​យក​ទៅ​អប់រំ​ ដូច​ថា សិស្ស​អីៗ​ ​ក្នុង​សាលា ពួកម៉ាក អីចឹង​ទៅ​ណា៎! ហើយ​ណាមួយ​ទៀត គាត់​ចេះ​ដឹង គាត់​ចេះ​គោរព​ចាស់ទុំម៉ែឪចឹង​ទៅ»។​

យុវជន​ ​ផៃ មុនីរ័ត្ន​ ​សិស្ស​នៅ​វិទ្យាល័យ​ ​ហ៊ុន សែន​ ​ធម្មស្រះ​ក្នុង​ភូមិ​ក្បាលស្ពាន​ ឃុំ​ភ្នំបាត​ ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល ​សម្ដែង​ការ​រីករាយ​ក្នុង​ការ​ចូលរួម​ប្រាព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​នេះ។​ ​យុវសិស្ស​រូប​នេះ​បាន​ឱ្យ​ដឹង​ថា ​តែងចូលរួម​ការ​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​នៅ​ភ្នំ​ឧត្ដុង្គ​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​ជា​ការ​គោរព​បូជា​ដល់ព្រះ​ពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ។​

យុវសិស្ស​ ​ផៃ មុនីរ័ត្ន​ ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ការ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សំខាន់ៗ​បែប​នេះ​ ​ធ្វើ​ឱ្យ​រូប​គេ​បាន​ទទួល​បាន​ចំណេះ​ដឹង​កាន់តែ​ច្រើន ​និង​អាច​ប្រើប្រាស់​ក្នុង​ជីវិត​រស់​នៅប្រចាំ​ថ្ងៃ។​

យុវ​សិស្ស​ ​ផៃ មុនីរ័ត្ន​ វ័យ​១៥​ឆ្នាំ​បាន​បញ្ជាក់​ថា៖

«យើង​បាន​យល់​ពី​សង្គម​និង​ព្រះពុទ្ធសាសនា​ដែល​គេ​ពន្យល់​ប្រាប់​យើង ដូចជា​បុណ្យ​បាប​អី»។​

​ទាំងមន្ត្រី​រដ្ឋាភិបាល​ ​និង​ពុទ្ធបរិស័ទ​ដែល​បាន​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​នេះ​ អំពាវ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​សំខាន់ៗ​របស់​ព្រះ​ពុទ្ធសាសនា​ដូច​ជា​បុណ្យ​វិសាខបូជា​នេះឱ្យ​បាន​កាន់​តែ​ច្រើន​ ​និង​កាន់​តែល្អ​ ​ដើម្បី​លើកស្ទួយ​ព្រះពុទ្ធ​សាសនា ​ដែល​ជា​សាសនា​របស់​រដ្ឋ​ និង​ផ្សព្វផ្សាយ​ការអប់រំ​របស់​ព្រះពុទ្ធ​សាសនា​ដែល​ប្រៀន​ប្រដៅ​មនុស្ស​ឱ្យ​ធ្វើ​អំពើ​ល្អ៕

XS
SM
MD
LG