ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ការ​ទូត​ស្ត្រី​​​​ពីរ​រូប​ត្រូវ​តែងតាំង​ក្នុង​ចំណោម​ឯកអគ្គរាជទូត​ថ្មី​របស់​កម្ពុជា


អ្នកស្រី​ សឿង រដ្ឋចាវី​ ឯកអគ្គរាជទូត​ថ្មី​របស់​កម្ពុជា​ប្រចាំ​ចក្រភព​អង់គ្លេស​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៧​ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

អ្នក​ការ​ទូត​ស្ត្រី​ពីរ​រូប​ក៏​ត្រូវ​តែង​តាំង​ដែរ គឺ​លោកស្រី ​សឿង រដ្ឋចាវី ដែល​នឹង​ទៅ​បំពេញ​ការងារ​ទូត​នៅ​ចក្រភព​អង់គ្លេស និង​លោកស្រី ទូច សុផារ័ត្ន ដែល​នឹង​ទៅ​បំពេញ​ការងារ​ទូត​នៅ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ​ហេង សំរិន ប្រធាន​រដ្ឋសភា បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរាជទូត​ដែល​ទើប​ត្រូវ​បាន​តែងតាំង​ថ្មី​ ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន​៧​រូប។ ក្នុង​ចំណោម​នោះ​ក៏​មាន​ការ​តែង​តាំង​ឯកអគ្គរាជទូត​ជា​ស្ត្រី​ពីរ​រូប​ប្រចាំ​ប្រទេស​អង់គ្លេស និង​អាល្លឺម៉ង់​ផង​ដែរ។ ប៉ុន្តែ​អ្នក​តាមដាន​ថា​ ចំនួន​ស្ត្រី​នៅ​ក្នុង​វិស័យ​ការ​ទូត​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ។

ឯកអគ្គរាជទូត​ដែល​ទើប​ត្រូវ​បាន​តែងតាំង​ថ្មី​ទាំង​៧​រូប​ នឹង​ចាកចេញ​ទៅ​បំពេញ​បេសកកម្ម​ការទូត​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ស្ថិត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​លោក​ខាង​លិច​ ដើម្បី​ពង្រឹង​វិស័យ​ការ​បរទេស​កម្ពុជា​ និង​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម។ អ្នក​ការ​ទូត​ស្ត្រី​ពីរ​រូប​ក៏​ត្រូវ​តែង​តាំង​ដែរ គឺ​លោកស្រី ​សឿង រដ្ឋចាវី ដែល​នឹង​ទៅ​បំពេញ​ការងារ​ទូត​នៅ​ចក្រភព​អង់គ្លេស និង​លោកស្រី ទូច សុផារ័ត្ន ដែល​នឹង​ទៅ​បំពេញ​ការងារ​ទូត​នៅ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់។

ជំនួប​ពិភាក្សា​រវាង​ លោក ហេង សំរិន ​ប្រធាន​រដ្ឋសភា​ និង​ឯកអគ្គរាជទូត​ដែល​ទើប​ត្រូវ​បាន​តែងតាំង​ថ្មី​ដើម្បី​ទៅ​បំពេញ​ការងារ​ទូត​នៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​អាស៊ី​ និង​បច្ចឹម​ប្រទេស​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៧​ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
ជំនួប​ពិភាក្សា​រវាង​ លោក ហេង សំរិន ​ប្រធាន​រដ្ឋសភា​ និង​ឯកអគ្គរាជទូត​ដែល​ទើប​ត្រូវ​បាន​តែងតាំង​ថ្មី​ដើម្បី​ទៅ​បំពេញ​ការងារ​ទូត​នៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​អាស៊ី​ និង​បច្ចឹម​ប្រទេស​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៧​ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

លោក​ ហោ ណាំបូរ៉ា ដែល​ជា​អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ចក្រភព​អង់គ្លេស ក៏​ត្រូវ​បាន​តែង​តាំង​ឲ្យ​ទៅ​បំពេញ​ការងារ​ទូត​នៅ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី។ លោក​ជា​កូន​ប្រុស​លោក ហោ ណាំហុង​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ ដែល​នៅ​ពេល​នេះ​កំពុង​បំពេញ​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ។

លោក​ ហោ ណាំបូរ៉ា​ សុំ​មិន​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ ក្រោយ​ការ​ជួបពិភាក្សា​ជាមួយ​លោក​ ហេង សំរិន នៅ​វិមាន​រដ្ឋសភា​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ប៉ុន្តែ​លោកស្រី​ សឿង រដ្ឋចាវី ដែល​នឹង​បំពេញ​តួនាទី​ជា​ឯកអគ្គរាជទូត​របស់​កម្ពុជា​ប្រចាំ​នៅ​ចក្រភព​អង់គ្លេស​ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោកស្រី​នឹង​ខិត​ខំ​បំពេញ​ការងារ​ទូត​នេះ​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​របស់​ប្រទេស​ទាំង​ពីរ​ និង​បង្ហាញ​ពី​គោលនយោបាយ​ការ​បរទេស​កម្ពុជា​ ដែល​និយម​សន្តិភាព។

លោកស្រី សឿង រដ្ឋចាវី ថ្លែងថា៖

«យើង​ត្រូវ​ខិតខំ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ហ្នឹង​ ឲ្យ​បាន​កម្រិត​ខ្ពស់​បំផុត​ តាម​ដែល​យើង​អាច​ធ្វើ​បាន។​ ហើយ​សំខាន់​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​គេ​យល់​ពី​សភាពការណ៍​ពិត​នៅ​កម្ពុជា​យើង​ អំពី​គោល​នយោបាយ​ការបរទេស​របស់​កម្ពុជា​យើង​ដែល​ស្រឡាញ់​សន្តិភាព​ ហើយ​ដែល​ខិតខំ​ធ្វើ​យ៉ាង​ណា​ចូលរួម​ចំណែក​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​តំបន់​និង​ពិភពលោក»។

លោកស្រី​ សឿង រដ្ឋចាវី​ បាន​ថ្លែង​បន្ត​ថា​ ក្នុង​ការ​បំពេញ​កិច្ច​ការងារ​ទូត​នេះ​ អ្នកស្រី​នឹង​ខិតខំ​ទាក់​ទាញ​វិនិយោគ​ និង​ទេសចរណ៍​មក​កាន់​ប្រទេស​កម្ពុជា​ផង​ដែរ។

«សំខាន់​បំផុត​ គឺ​យើង​ខិតខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទាក់​ទាញ​វិនិយោគ​ ពួក​វិនិយោគទុន​បរទេស​ ធ្វើ​យ៉ាង​ណា​ដើម្បី​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​ក៏ដោយ​ ពហុភាគី​ក៏ដោយ​ ព្រមទាំង​ទាក់​ទាញ​អ្នក​ទេសចរណ៍​មក​ទស្សនា​ប្រទេស​យើង​ ដែល​យើង​ជា​ប្រទេស​មួយ​ដែល​មាន​វប្បធម៌​ដ៏​ខ្ពង់ខ្ពស់​ ហើយ​ដែល​ល្អ​ប្រពៃ​ខ្លាំង​ណាស់»។

ក្រុម​អ្នកធ្វើ​ការងារ​ពង្រឹង​សិទ្ធិ​ស្ត្រី​ បាន​ថ្លែង​ថា​ ការ​ជ្រើស​តាំង​ឲ្យ​មាន​ស្រ្តី​តែ​ពីរ​រូប​ក្នុង​ចំណោម​ឯកអគ្គរាជទូត​ទាំង​ប្រាំពីរ​រូប​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បង្ហាញ​ថា​ ចំនួន​ស្ត្រី​ដែល​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ​ និង​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ ដែល​បាន​កំណត់​ឲ្យ​មាន​ចំនួន​ស្រ្តី​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ​ក្នុង​ចន្លោះ​ពី​ ២៥​ ទៅ ៣០​ភាគរយ។

អ្នកស្រី​ រស់ សុភាព​ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​យេនឌ័រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ ហៅ​កាត់​ថា​ GADC ​ មាន​ប្រសាសន៍​ប្រាប់​ VOA ថា​ រដ្ឋាភិបាល​បាន​ខិតខំ​បង្កើន​ចំនួន​ស្រ្តី​ឲ្យ​កាន់​ការងារ​រដ្ឋ​ តែ​ចំនួន​នេះ​ នៅ​មាន​កម្រិត​ទាប។

អ្នកស្រី​ រស់ សុភាព​ ពន្យល់​ថា៖

«ចំនួន​ស្រ្តី​ហ្នឹង​កើន​ឡើង​ហ្នឹង​វា​អត់​ទៅ​រួច​ ដោយសារ​ភាគច្រើន​គឺ​បុរស​ ដែល​ជា​អ្នក​សម្រេច​នៅ​ក្នុង​ការ​សម្រេច​ទៅ​លើ​ដាក់​ស្រ្តី​ប៉ុន្មាន​អី​ អី​ប៉ុន្មាន​ឬ​ក៏​ដាក់​មនុស្ស​ណា​ ដាក់​អ្នកណា​អី​អញ្ចឹង​នៅ​ក្នុង​គណបក្ស​នយោបាយ​ ជា​អ្នក​សម្រេច​ អញ្ចឹង​វា​ធ្វើ​ឲ្យ​ជា​គេ​ហៅ​ថា​ ឧបសគ្គ​របស់​ស្រ្តី​ដែរ​ ព្រោះ​អី​អ្នក​សម្រេច​ចិត្ត​ភាគច្រើន​ជា​បុរស​នៅ​ក្នុង​គណបក្ស​នយោបាយ​ហ្នឹង»។

អ្នក​ស្រី​ រស់​ សុភាព​ បាន​បន្ត​ថា កត្តា​គ្រួសារ​ និង​ហិរញ្ញវត្ថុ​ ក៏​បាន​ធ្វើ​ឲ្យ​ស្រ្តី​កម្ពុជា​ ភាគច្រើន​ឃ្លាត​ឆ្ងាយ​ពី​ការ​ចូលរួម​ក្នុង​កិច្ច​អភិវឌ្ឍ​សង្គម​ និង​វិស័យ​នយោបាយ។ អ្នកស្រី​បាន​បន្ថែម​ថា​ សង្គម​កម្ពុជា​ពុំសូវ​ផ្តល់​តម្លៃ​ឲ្យ​ស្រ្តី​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ​ ដោយ​បាន​ចាត់​ទុក​ថា​ កិច្ចការ​នយោបាយ​ជា​កិច្ចការ​របស់​បុរស​តែប៉ុណ្ណោះ។ ការណ៍​នេះ​ បាន​ធ្វើ​ឲ្យ​ស្ត្រី​ជាច្រើន​មិន​អាច​ឡើង​កាន់​តួនាទី​ក្នុង​កិច្ច​ការងារ​រដ្ឋ​ ក៏​ដូច​ជា​ការងារ​ក្នុង​វិស័យ​ការ​ទូត​នេះ។

​ក្រៅ​ពី​កង្វះ​អ្នក​ការ​ទូត​ជា​ស្ត្រី​ក្នុង​តួ​នាទី​សំខាន់ៗ​ វិស័យ​ការ​ទូត​កម្ពុជា​ក៏​បាន​ជួប​បញ្ហា​មួយ​ចំនួន​ទៀត​ក្នុង​ពេល​កន្លង​មក។

អាជ្ញាធរ​កម្ពុជា​ទទួល​បន្ទុក​ប្រឆាំង​អំពើ​ពុករលួយ​ ធ្លាប់​បាន​ចាត់​វិធានការ​ទៅ​លើ​ប្រមុខ​ការ​ទូត​មួយ​រូប​របស់​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ពេល​បំពេញ​ការងារ។

អតីត​ឯកអគ្គរាជទូត លោក ស៊ុត​ ឌីណា ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ក្រោយ​ពី​អង្គភាព​នេះ​បាន​ប្រើ​ពេល​ជាង​១ឆ្នាំ​ ក្នុង​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បំពេញ​ការងារ​ទូត​របស់​លោក​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

​ការ​ស៊ើប​អង្កេត​នោះ​ត្រូវ​បាន​ធ្វើឡើង​ ដោយ​យោង​តាម​ពាក្យ​បណ្ដឹង​របស់​ពលករ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​មន្ត្រី​នៃ​ក្រសួង​ការ​បរទេស​នៅ​ប្រទេស​កម្ពុជា។ តែ​អ្នក​ឃ្លាំមើល​នយោបាយ​កម្ពុជា​ បាន​ចាត់​ទុក​ថា​ ចំណាត់ការ​ផ្លូវ​ច្បាប់​ប្រឆាំង​លោក​ ស៊ុត ឌីណា​ អតីត​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដ៏​ស្រួចស្រាវ​នេះ ជា​រឿង​ប្រជែង​ការងារ​របស់​មន្ត្រី​ខាង​កិច្ចការ​បរទេស​នៅ​កម្ពុជា។

លោក​ ស៊ុត​ ឌីណា​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ឆ្នាំមុន​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ប្រាំ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល​ ឬ​ប្រមាណ​ជា​ ២.៥០០​ដុល្លារ​អាមេរិក​ ពី​បទ​រំលោភ​អំណាច​ និង​បទ​កេង​យក​ផលប្រយោជន៍​ដោយ​ខុស​ច្បាប់ ។

នៅ​មុន​ការ​កាត់ទោស​ លោក​ ស៊ុត​ ឌីណា ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៤​ ខែ​មេសា ឆ្នាំ​២០១៦​ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ដោយ​អង្គភាព​នេះ​ បាន​អះ​អាង​ថា​ អតីត​ឯក​អគ្គរាជទូត​រូប​នេះ​មាន​លុយ​ជាង​៧​លាន​ដុល្លារ​ និង​មាស​ជាង​ ១២​គីឡូក្រាម​ ក្នុង​អំឡុង​ពេល​លោក​បំពេញ​ការងារ​ទូត​បាន​មិន​ដល់​បី​ឆ្នាំ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ដដែល​នេះ​ រដ្ឋសភា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ក្រោយពេល​លោក​ ហេង សំរិន​ បាន​បញ្ចប់​ការ​ពិភាក្សា​ជាមួយ​ឯកអគ្គរាជទូត​ចំនួន​ប្រាំមួយ​រូប​ ដែល​ទើប​ត្រូវ​បាន​តែង​តាំង​ថ្មី​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បាន​ដកស្រង់​សម្តី​របស់​លោក​ ហេង​ សំរិន​ ក្នុង​ន័យ​ដើម​ថា៖

«ចាប់​ពី​ពេល​នេះ​តទៅ​ ឯកឧត្តម​ លោក​ជំទាវ ​គឺ​ជា​ឥស្សរជន​ជាន់ខ្ពស់ តំណាង​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​បរទេស​ ដូច្នេះ​ហើយ​តួនាទី​របស់​ឯកឧត្តម ​លោកជំទាវ​ ទាំង​អស់​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​ជាតិ​របស់​យើង​ ទំាង​វិស័យ​នយោបាយ​ការ​បរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ វិស័យ​ពាណិជ្ជកម្ម វិនិយោគ​ ទេសចរណ៍​ និង​វប្បធម៌ ជាដើម»។

ជំនួប​ពិភាក្សា​រវាង​ លោក ហេង សំរិន ​ប្រធាន​រដ្ឋសភា​ និង​ឯកអគ្គរាជទូត​ដែល​ទើប​ត្រូវ​បាន​តែងតាំង​ថ្មី​ដើម្បី​ទៅ​បំពេញ​ការងារ​ទូត​នៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​អាស៊ី​ និង​បច្ចឹម​ប្រទេស​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៧​ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
ជំនួប​ពិភាក្សា​រវាង​ លោក ហេង សំរិន ​ប្រធាន​រដ្ឋសភា​ និង​ឯកអគ្គរាជទូត​ដែល​ទើប​ត្រូវ​បាន​តែងតាំង​ថ្មី​ដើម្បី​ទៅ​បំពេញ​ការងារ​ទូត​នៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​អាស៊ី​ និង​បច្ចឹម​ប្រទេស​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៧​ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

លោក​ ហេង សំរិន​ បាន​ស្នើ​ឲ្យ​ឯកអគ្គរាជទូត​ទាំង​អស់​បំពេញ​ការងារ​ទូត​ ដើម្បី​ផលប្រយោជន៍​ជាតិ​ជាធំ​ និង​ការពារ​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាធំ។ លោក​មាន​ប្រសាសន៍​ថា​ ឯក​អគ្គរាជទូត​ត្រូវ​ស្វែង​យល់​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ និង​ពលករ​ខ្មែរ ដែល​រស់នៅ​ និង​ប្រកប​អាជីវកម្ម​ ឬ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​ ដែល​ខ្លួន​បាន​ទទួល​ជា​តំណាង​ ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។

លោក​ ហេង​ សំរិន ក៏​បាន​លើក​ទឹកចិត្ត​ឲ្យ​ឯកអគ្គរាជទូត​ទាំង​អស់​នោះ​ បង្កើន​ការ​ផ្សព្វផ្សាយ​ និង​ទាក់ទាញ​អ្នក​វិនិយោគ​ និង​ទេសចរណ៍​ មក​ប្រទេស​កម្ពុជា​ឲ្យ​បាន​កាន់​តែ​ច្រើន។

ក្នុង​ចំណោម​ឯក​អគ្គរាជទូត​ចំនួន​ប្រាំពីរ​រូប​នោះ​ ក៏​មាន​លោក​ ឡុង​ វិសាលោ​ អតីត​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ។

លោក​ជា​ឪពុក​លោក​ ឡុង​ ឌីម៉ង់​ អតីត​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​តែង​តាំង​ឲ្យ​កាន់​ការងារ​ទូត​ជំនួស​លោក​ ស៊ុត ឌីណា នៅ​ប្រទេស​កូរ៉េខាងត្បូង។ ​ឯក​អគ្គរាជទូត​ដែល​ទើប​ត្រូវ​បាន​តែងតាំង​ផ្សេង​ទៀត​ នឹង​ត្រូវ​ទៅ​បំពេញ​ការងារ​ទូត​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ និង​សាធារណរដ្ឋ​សិង្ហបុរី។ ​លោក​ ឡុង វិសាលោ​ មិន​មាន​វត្ត​មាន​ក្នុង​ជំនួប​ជា​មួយ​លោក​ ហេង សំរិន​ នោះ​ទេ៕

XS
SM
MD
LG