ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធាន FBI ពិបាក​ចិត្ត​នៅ​ពេល​បើក​ការ​ស៊ើបអង្កេត​អំពី​អ៊ីម៉ែល​របស់​លោកស្រី  Clinton ឡើង​វិញ


លោក​ James Comey នាយក​ការិយាល័យ FBI ផ្តល់​សក្ខីកម្ម​នៅ​វិមាន​សភា Capitol Hill កាលពី​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​យុត្តិធម៌​របស់​ព្រឹទ្ធសភា។

កាល​ពី​ថ្ងៃ​ពុធ​ លោក​ James Comey នាយក​ការិយាល័យ FBI បាន​និយាយ​ថា​លោក «ក្អួត​បន្តិច​បន្តួច» នៅ​ពេល​គិត​ថា​ទី​ភ្នាក់ងារ​របស់​លោក​ជះ​ឥទ្ធិពឡ​ដល់​ជ័យជម្នះ​របស់​លោក Donald Trump នៅ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា. នៅ​ក្រោយ​ FBI បាន​បើក​ធ្វើ​ការ​ស៊ើបអង្កេត​ជា​ថ្មីអំពី​លោកស្រី​ Hillary Clinton គូ​ប្រជែង​របស់​លោក Trump តែ​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះឆ្នោត។​

លោក Comey បានថ្លែង​ប្រាប់​គណៈកម្មាធិការ​មួយ​របស់ព្រឹទ្ធសភា​ស.រ.អា.ថា​ លោក​ពិបាក​ចិត្ត​ខ្លាំង​អំពី​ការ​បើក​ធ្វើ​ការ​ស៊ើបអង្កេត​ជា​ថ្មី​អំពី​ការ​ចាត់ចែង​ព័ត៌មាន​សម្ងាត់​របស់​លោកស្រី​ Clinton ក្នុង​ប្រព័ន្ធ​អ៊ីម៉ែល​ឯកជន​របស់​លោកស្រី​ នៅ​ពេល​លោកស្រី​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.។

ការ​ស៊ើបអង្កេត​ជា​ថ្មី​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ខែ​ក្រោយ​ពី​ការិយាល័យ FBI បាន​បញ្ជាក់​ថា​លោកស្រី​គ្មាន​ធ្វើអ្វី​ខុស​ទេ។​

លោក Comey បាន​និយាយ​ថា​ លោក​បាន​សម្រេច​ថា​វា​អាច​ជា «គ្រោះថ្នាក់​មួយ» ក្នុង​ការ​លាក់បាំង​ព័ត៌មាន​ នៅ​ក្រោយ​ពេល​ដែល​លោក​បាន​ធានា​ប្រាប់​សភា​ថា​ ការ​ស៊ើបអង្កេត​បាន​ចប់​ហើយ​នោះ។​

លោក​បាន​និយាយ​ថា​ «វា​ជា​ជម្រើស​ដ៏​ពិបាក ក៏​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ថា​វា​ជា​ជម្រើស​ត្រឹមត្រូវ»។

ជា​ធម្មតា​ FBI មិន​លាត​ត្រដាង​អំពី​ការ​ស៊ើបអង្កេត​ពួក​បេក្ខជន​ក្នុង​រយៈពេល​ខ្លី​មុន​ការ​បោះឆ្នោត​ទេ​ដើម្បី​កុំ​ឱ្យ​ការ​ស៊ើបអង្កេត​នេះ​មាន​ផល​ប៉ះពាល់​លើ​លទ្ធផល​នៃ​ការបោះឆ្នោត។​ ក៏ប៉ុន្តែ​ លោក Comey បាន​និយាយ​ថា​ «គ្មាន​ពេល​ណា​មួយ» ដែល​លោក​យល់​ថា​ការ​ស៊ើបអង្កេត​ថ្មី​នេះ​ប្រហែល​ជា​ជួយ​លោក​ Trump ឱ្យ​ឈ្នះ​លោកស្រី​ Clinton ក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ​មិញ​នោះ​ទេ។​

លោក​ Comey បាន​ធ្វើ​ការ​លាត​ត្រដាង​របស់​លោក​១១​ថ្ងៃ​មុន​ការ​បោះឆ្នោត នៅ​ក្រោយ​ពួក​អ្នក​ស៊ើប​អង្កេត​បាន​រក​ឃើញ​អ៊ីម៉ែល​រាប់ពាន់​របស់​លោកស្រី​ Clintonនៅ​ពេល​លោក​ស្រី​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិកាំង​នៅ​ក្នុង​កុំព្យូទ័រ​របស់​លោក Anthony Wiener អតីត​សមាជិក​សភា​ស.រ.អា.​អាប់កិត្តិយស និង​ជា​ស្វាមី​បែកបាក់គ្នា​របស់​អ្នក​ស្រី Huma Abedin សហការី​លោកស្រី​ Clinton។

កាល​ពី​ថ្ងៃ​អង្គារ លោកស្រី​ Clinton បាន​បន្ទោស​ខ្លះៗ​ដល់លោក Comey អំពី​ការ​ចាញ់​ឆ្នោត​របស់​លោកស្រី៕

XS
SM
MD
LG