ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទីភ្នាក់ងារ​FBIច្រាន​ចោល​ការ​អះ​អាង​របស់​លោកត្រាំ​ដែល​ចោទ​ថា​លោកអូបាម៉ា​លួច​ថត​សំឡេង​ទូរស័ព្ទ​របស់​លោក


ប្រធាន​ FBI លោក​ James Comey ធ្វើ​សក្ខីកម្ម​នៅ​គណៈកម្មាធិការ​ស៊ើប​អង្កេត​សភា​អំពី​ការ​ពាក់ព័ន្ធ​របស់​រុស្ស៊ី​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៦ នៅ​វិមាន Capitol Hill​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី២០ ខែ​មីនា។

ប្រធាន​ទីភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​របស់​សហព័ន្ធ ​FBI ​លោក​ James Comey ​ច្រាន​ចោល​ការ​អះ​អាង​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ដែល​ថា​ លោក​អតីត​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ លួច​ថត​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​របស់​លោក​នៅ​ប៉ុន្មាន​សប្តាហ៍​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាលពី​ឆ្នាំ​មុន ហើយ​លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា ទីភ្នាក់ងារ​របស់​លោក​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ថា​តើ​យុទ្ធនាការ​របស់​លោក ត្រាំ​ បាន​សម​គំនិត​ទទួល​ជំនួយ​ពី​រុស្ស៊ី​ដើម្បី​ជួយ​ឲ្យ​លោក ត្រាំ​ ឈ្នះ​ការ​បោះឆ្នោត​ដែរ​ឬ​យ៉ាង​ណា។

លោក Comey បាន​ថ្លែង​ប្រាប់​គណកម្មាធិកា​ស៊ើប​អង្កេត​សភា​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «យើង​ពុំ​មាន​ព័ត៌មាន​អ្វី​ដើម្បី​គាំទ្រ​សារ​នៅ​លើ​បណ្តាញ​សង្គម ​Twitter ​របស់​លោក ត្រាំ​ ដែល​អះអាង​ថា​លោក អូបាម៉ា​ លួច​ថត​ការ​សន្ទនា​តាម​ទូរស័ព្ទ​របស់​លោក​នៅ​ឯ​ទីស្នាក់ការ​ Trump Tower នៅ​ក្នុង​ទីក្រុង ញូវយ៉ក​ របស់​លោក​នោះ‍​ទេ»។

បើ​ទោះ​បី​ជា​មាន​សេចក្តី​ថ្លែង​ការណ៍​នោះ​ក៏​ដោយ​ លោក Sean Spicer អ្នក​នាំ​ពាក្យ​សេតវិមាន​បាន​ថ្លែង​ថា លោក ត្រាំ​ នឹង​មិន​ដក​ការ​ចោទ​ប្រកាន់​ជុំវិញ​ការ​លួច​ថត​សំឡេង​សន្ទនា​តាម​ទូរស័ព្ធ​នេះ​នោះ​ទេ។ លោក Spicer បាន​ថ្លែង​ថា៖ «លោក​បាន​ចាប់​ផ្តើម​សវនការ​ ហើយ​វា​កំពុង​តែ​បន្ត‍»។ លោក​បាន​បន្ថែម​ទៀត​ថា៖ «នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កើត។ នៅ​មាន​ព័ត៌មាន​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ការ​ការ​ពិភាក្សា‍»។

លោក Comey ប្រធាន​ទីភ្នាក់ងារ ​FBI ​ដែល​ជា​ទីភ្នាក់ងារ​ស៊ើប​អង្កេត​ទៅ​លើ​ឧក្រិដ្ឋកម្ម​កំពូល​របស់​ប្រទេស​នោះ បាន​ប្រាប់​ទៅ​កាន់​គណៈកម្មាធិកា​ស៊ើបអង្កេត​សភា​ថា ដោយ​សារ​តែ​ការ​ស៊ើប​អង្កេត​ទៅ​លើ​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​រុស្ស៊ី​ក្នុង​ការ​លូកដៃ​ចូល​ទៅ​ក្នុង​ការ​បោះឆ្នោត​របស់​អាមេរិក​គឺ​ជា​រឿង​សម្ងាត់​នោះ លោក​មិន​អាច​និយាយ​អ្វី​ច្រើន​ជាង​នេះ​អំពី​អ្វី​ដែល​ក្រុម​របស់​លោក​កំពុង​តែ​ធ្វើ​ ឬ​ក៏​អ្វី​ដែល​ពួក​គេ​កំពុង​តែ​ត្រួត​ពិនិត្យ​ទៅ​លើ​នោះ​ទេ‍»។

ប៉ុន្តែ​លោក ​Comey​ បាន​ថ្លែង​ថា លោក​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ដោយ​ក្រសួង​យុត្តិធម៌​ក្នុង​ការ​បញ្ជាក់​ថា ការ​ស៊ើប​អង្កេត​របស់​ទីភ្នាក់ងារ FBI រួម​មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​រាល់​ទំនាក់​ទំនងរវាង​បុគ្គល​ណា​ម្នាក់​ពាក់​ព័ន្ធ​នឹង​យុទ្ធនាការ​របស់​លោក ត្រាំ​ ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី ហើយ​និង​ថា​តើ​មាន​ការ​សហការ​គ្នា​ណា​មួយ​រវាង​យុទ្ធនាការ​របស់​លោក​ជាមួយ​ នឹង​រុស្ស៊ី​ដែរ​ឬ​យ៉ាង​ណា‍​នោះ»៕

XS
SM
MD
LG