ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមគ្រួសារ​អាច​ជា​ដើម​ចម​នៃ​​អំពើ​ពុករលួយ


សកម្មជន​ប្រឆាំង​អំពើ​ពុករលួយ​កាន់​បដា​ក្នុង​ក្បួន​ដង្ហែ​មួយ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។
សកម្មជន​ប្រឆាំង​អំពើ​ពុករលួយ​កាន់​បដា​ក្នុង​ក្បួន​ដង្ហែ​មួយ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។
ឥរិយាបទ​របស់​សង្គម​ខ្មែរ​ចំពោះ​អំពើ​ពុករលួយ
សូម​រង់ចាំ

No media source currently available

0:00 0:28:44 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ភ្នំពេញ៖ អ្នក​តស៊ូ​មតិ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ និយាយ​ថា ឥរិយាបទ​នៅ​ក្នុង​ក្រុម​គ្រួសារ​ខ្មែរ​ភាគ​ច្រើន​អាច​ជា​ឫស​គល់​ដែល​នាំ​ឲ្យ​កូនចៅ​របស់​ពួកគេប្រព្រឹត្ត​អំពើ​ពុករលួយ។

លោក រ័ត្ន សោភ័ណ ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​តម្លាភាព​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ហេឡូ​ វីអូអេ កាល​ពីថ្ងៃ​ទី​៩​ខែ​មករាកន្លង​ទៅ​នេះ​ថា ជា​ទូទៅ​ឪពុកម្តាយ​ខ្មែរ តែងតែ​សួរ​នាំកូនចៅ​របស់​ខ្លួន​ថាតើ​ការងារ​ដែល​ពួកគេ​ធ្វើ​នោះ រក​ប្រាក់​បាន​ច្រើន​ដែរ​ឬ​ទេ ជា​ជាងសួរ​ថា តើ​ពួកគេ​ចូលចិត្ត​ការងារ​របស់​ខ្លួន​ដែរ​ឬ​អត់។

«ខ្ញុំ​ចង់​ឲ្យ​មាតាបិតា​ទាំង​អស់​ចាប់ផ្តើម​បញ្ឈប់​នូវ​សំណួរ​បែប​នេះ ពីព្រោះ​សំណួរ​បែប​នេះ​ទី​១ វា​ជា​ដើមហេតុ​នៃ​អំពើ​ពុករលួយ ហើយ​ទី​២ វា​ក៏​បាន​ដាក់​សម្ពាធ​ដល់​កូន​របស់​ខ្លួន​ដែរ។»

នៅ​ក្នុង​សង្គម​ខ្មែរ ឪពុកម្តាយ​មួយ​ចំនួន​ធំ​ តែង​តែ​អួត​សរសើរ​អំពី​កូន​ចៅ​របស់​ខ្លួន​ប្រាប់​អ្នក​ដទៃ​នៅ​ពេល​ដែល​ពួកគេ​រក​ចំណូល​បាន​ច្រើន ដោយ​ពុំ​សូវ​ខ្វល់​ខ្វាយ​ថា​ តើកូន​ចៅរបស់​ខ្លួន​រក​ចំណូល​ទាំង​នោះ​បាន​ដោយ​របៀបណា​នោះទេ។

គ្រួសារ​ខ្លះ​ ថែម​ទាំង​លើក​ទឹកចិត្ត​កូន​ចៅ​របស់​ខ្លួន​ ឲ្យ​ធ្វើការ​នៅកន្លែង​ណាដែល​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន ឬ​ដែល​ពួកគេ​និយម​ហៅថា​កន្លែងខ្លាញ់ បើ​ទោះ​បី​ជា​ដឹង​ថា កូនចៅ​របស់​ពួក​គេ​នឹង​ត្រូវ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​បាន​ប្រាក់​ទាំង​នោះ​ក៏ដោយ។

លោក រ័ត្ន សោភ័ណ ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​តម្លាភាព​កម្ពុជា
លោក រ័ត្ន សោភ័ណ ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​តម្លាភាព​កម្ពុជា
​លោក រ័ត្ន សោភ័ណ មាន​ប្រសាសន៍​ថា គេ​កម្រ​ឮ​ឬ​ឃើញ​ក្រុម​គ្រួសារ​ដែល​សួរ​នាំ​កូន​ចៅ​អំពី​ចំណង់​ចំណូល​ចិត្ត​នៅក្នុង​ការងារ​របស់ពួកគេ​ណាស់។

«ចាប់​ផ្តើម​ធ្វើ​ការ មាន​សួរ​កូន​ថា​ តើ​កូន​ចូលចិត្ត​ការ​ងារអត់ ការងារ​នេះ​នឹង​នាំ​កូន​ទៅ​រក​ជោគជ័យ​បែបណា? នេះ​ជាសំណួរ​ដែល​មាតាបិតា​គួរ​សួរ​កូន ជា​ជាង​ថា ការងារ​ហ្នឹង រកលុយ​បាន​អត់។»

ប្រទេស​កម្ពុជា ត្រូវ​បាន​ចាត់​ចំណាត់​ថ្នាក់​ថា​ជា​ប្រទេស​ដែល​មាន​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​ជាង​គេ​មួយ​នៅ​លើ​ពិភពលោក និង​ធ្ងន់ធ្ងរ​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ នេះ​បើ​យោង​តាម​របាយការណ៍​ស្ទង់​មតិ​មួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​មុន។

ទី​ភ្នាក់ងារ​អភិវឌ្ឍ​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក​ក៏​ធ្លាប់​បាន​ប្រមាណ​ដែរ​ថា កម្ពុជា បាន​បាត់​បង់​ប្រាក់​ប្រមាណ​៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ដោយសារ​តែ​អំពើពុករលួយ។

លោក ឪម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​កម្ពុជា ថ្លែង​ថា ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​គឺ​ជា​បញ្ហា​ស្មុគស្មាញ ដែល​ទាមទារ​ឲ្យ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ខ្ពស់​និង​ត្រូវការ​ពេល​វេលា​ច្រើន។

យ៉ាង​ណា​ក៏​ដោយ លោក រ័ត្ន សោភ័ណ មាន​ប្រសាសន៍​ថា ដើម្បី​កាត់​បន្ថយ​អំពើ​ពុករលួយ​នៅ​ក្នុង​សង្គម​ខ្មែរ​នេះ វា​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ឥរិយាបទ​នៅក្នុង​រង្វង់​គ្រួសារ​ខ្មែរ​ភាគច្រើន និង​ត្រូវ​លើក​កម្ពស់​សុច្ចរិតភាព​របស់​បុគ្គល​ខ្លួន​ឯង​ផ្ទាល់ ហើយ​ត្រូវ​ពង្រីក​ឥទ្ធិពល​នៃ​សុចរិតភាព​នេះ​ឲ្យ​ដល់​ក្រុម​គ្រួសារ​ មិត្ត​ភក្តិ​និង​សហគមន៍​របស់​ខ្លួន៕
XS
SM
MD
LG