ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ជំនាញ​បារម្ភ​ពី​ការ​គំរាម​សារព័ត៌មាន​ដោយ​ភ្ជាប់​ការ​ព្រមាន​របស់​លោក​ Trump


លោក Donald Trump (ឆ្វេង) ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។ (epa/AP)

លោក​ ផៃ ស៊ីផាន​ ប្រាប់​ VOA ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​កម្មវិធី​ខ្លះ​របស់​វិទ្យុ​ទាំង​បី​នេះ​មាន​ចរិត​លក្ខណៈ​ «វិទ្ធង្សនា»​ ប្រឆាំង​នឹង​រដ្ឋាភិបាល។ ទោះជាយ៉ាងណា​លោក​បដិសេធ​មិន​ពន្យល់​បន្ថែម​ថា​តើ​ជា​កម្មវិធី​អ្វី​នោះ​ទេ​ ដោយ​ទុក​ឲ្យ​វិទ្យុ​ទាំង​នោះ​គិត​ពិចារណា​ដោយ​ខ្លួន​ឯង​និង​ទទួល​ខុសត្រូវ​លើ​កម្មវិធី​ទាំង​នោះ។

រដ្ឋាភិបាល​កម្ពុជា​បាន​គំរាម​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ VOA ​ផង​ដែរ ​ដោយបាន​ប្រើ​ប្រាស់​ការ​រិះគន់​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ត្រាំ (Donald Trump) ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ ជា​ហេតុផល​សមស្រប​ក្នុង​ការ​រិះគន់​ប្រព័ន្ធ​ផ្សព្វផ្សាយ។​ អ្នកជំនាញ​លើ​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​ចាត់ទុក​ចំណាត់​ការ​របស់​រដ្ឋបាល​លោក Trump​ ជា ​«រឿង​សោក​ស្តាយ​មួយ» ហើយ​ថា​ រដ្ឋាភិបាល​មិន​គួរ​យក​សារ​មួយ​នេះ​មក​គំរាម​ដល់​សារព័ត៌មាន​នៅ​កម្ពុជា​នោះ​ទេ។

កាល​ពី​ខែ​កុម្ភៈ​ សេតវិមាន​របស់​សហរដ្ឋ​អាមេរិក ​បាន​ហាមឃាត់​ទីភ្នាក់ងារ​ព័ត៌មាន​មួយ​ចំនួន​ ដែល​ក្នុង​នោះ​មាន​ទាំង​កាសែត​ The New York Times ​និង​បណ្តាញ​ព័ត៌មាន​CNN ​មិន​ឲ្យ​ចូលរួម​សន្និសីទ​ក្រៅ​ផ្លូវការ​ជាមួយ​លោក ​Sean Spicer​ ទីប្រឹក្សា​ជាន់​ខ្ពស់​ទទួល​បន្ទុក​ផ្នែក​ទំនាក់ទំនង​ព័ត៌មាន​របស់​រដ្ឋបាល​លោក​ Trump។

ទោះ​ជា​យ៉ាងណា ​សេតវិមាន​បាន​បញ្ជាក់​ថា ​ខ្លួន​បាន​ព្យាយាម​បញ្ចូល​អ្នក​សារព័ត៌មាន​បន្ថែម​ទៀត​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ក្រៅ​ផ្លូវការ​នេះ។ ​ប៉ុន្តែ​សកម្មភាព​នេះ​ត្រូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​រិះគន់​យ៉ាង​ខ្លាំង​ថា ​ជា​ការ​ប្រមាថ​មាក់ងាយ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ។

ការ​រឹតត្បិត​នេះ​ជា​រឿង​មួយ​ដែល​ស្រដៀង​គ្នា​ទៅ​នឹង​រដ្ឋបាល​របស់​លោក ​Richard Nixon ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ប្រធានាធិបតី​ដែល​មិន​ចូលចិត្ត​អ្នក​យក​ព័ត៌មាន​និង​ជា​ប្រធានាធិបតី​ដ៏​អាក្រក់​មួយ​រូប​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋអាមេរិក។

File: ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ទី៤៥ របស់​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ឯ​វិមាន​ Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល ពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០១៧។ (រូបថត​ដោយ ស្រេង លក្ខិណា/VOA Khmer)

File: ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ទី៤៥ របស់​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ឯ​វិមាន​ Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល ពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០១៧។ (រូបថត​ដោយ ស្រេង លក្ខិណា/VOA Khmer)

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ Donald ​Trump ​បាន​ហៅ​ការ​រាយការណ៍​ព័ត៌មាន​ដែល​លោក​មិន​ចូលចិត្ត​ថា​ ជា​ «ព័ត៌មាន​ក្លែងក្លាយ»​ ដោយ​បញ្ជាក់​ថា ​ព័ត៌មាន​ទាំង​នោះ​ជា ​«សត្រូវ​របស់​ប្រជាជន»។

លោក​ ដូណាល់ ​ត្រាំ​ រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​ដោយសារ​ការ​ហៅ​សារព័ត៌មាន​ថា​ជា «សត្រូវ​របស់​ប្រជាជន»។ អ្នក​ជំនាញ​បាន​និយាយ​ថា​ ឃ្លា​នេះ​ធ្លាប់​ត្រូវ​បាន​ប្រើប្រាស់​តាំង​ពី​ក្នុង​សម័យ​រ៉ូម​បុរាណ​ហើយ​ត្រូវ​បាន​គេ​ប្រើ​ជាមួយ​លទ្ធផល​ចុង​ក្រោយ​ដ៏​គួរ​ឲ្យ​ខ្លាច​ក្នុង​អំឡុង​ពេល​បដិវត្តន៍​កុម្មុយនិស្ត​នៅ​ប្រទេស​រុស្ស៊ី​កាល​ពី​មួយ​សតវត្សរ៍​មុន។

បិតា​ស្ថាបនិក​ដ៏​សំខាន់​របស់​សហភាព​សូវៀត​គឺ​ជា​ជន​បដិវត្តន៍​កុម្មុយនិស្ត ​លោក​ Vladimir Lenin ​ដែល​ជា​បុគ្គល​ពេញ​ចិត្ត​នឹង​ឃ្លា​«សត្រូវ​របស់​ប្រជាជន» និង​យក​មក​ប្រើ​ជា​និមិត្តសញ្ញា។ អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​ក្រោយ​មក​ មេដឹកនាំ​ផ្តាច់ការ​របស់​ប្រទេស​ចិន ​លោក ​ម៉ៅ​ សេទុង ​បាន​ហៅ​អ្នក​ដែល​រិះគន់​គោល​នយោបាយ​ម៉ៅ ​និង​បទ​បញ្ជា​របស់​លោក​ថា​ ជា​«សត្រូវ​របស់​ប្រជាជន» ដែល​នាំ​ឲ្យ​មាន​មហា​ទុរ្ភិក្ស​ដ៏​ធ្ងន់ធ្ងរ​និង​បាន​បណ្តាល​ឲ្យ​ប្រជាជន​ចិន​រាប់​សិប​លាន​នាក់​បាន​ស្លាប់។

លោក ​ អ៊ូ ​វីរៈ ​ ប្រធាន​អង្គការ​វេទិកា​អនាគត​និង​ជា​អ្នក​វិភាគ​មួយ​រូប​បាន​ថ្លែង​ប្រាប់​ VOA ​ ថា​ការ​ចំណាត់​ការ​របស់​លោក ​ Donald ​Trump ​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​លោក​កាន់​តែ​ធ្លាក់​ចុះ និង​បាត់បង់​តម្លៃ​នៃ​ភាព​ជា​អ្នក​ដឹកនាំ​ និង​តម្លៃ​របស់​អាមេរិក​លើ​ឆាក​អន្តរជាតិ។

លោក​មាន​ប្រសាសន៍​ថា៖​

«អ្វី​ដែល​លោក​ Donald Trump ធ្វើ​នេះ គឺធ្វើ​ឲ្យ​កាន់​តែ​គេ​ស្អប់ ឬ​មួយ​កាន់​តែ​ឲ្យ​គេ​រិះគន់​ទេ»។

លោក​បន្តថា​ស្ថាប័ន​ព័ត៌មាន​ចម្រុះ​ជា​ជម្រើស​មួយ​ល្អ​សម្រាប់​កម្ពុជា ខណៈ​ លោក​សង្កេត​ឃើញ​ថា​ មាន​ស្ថាប័ន​ព័ត៌មាន​ច្រើន​ដែល​លម្អៀង​ទាំងស្រុង​ទៅ​រដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ អ៊ូ​ វីរៈ ​មិន​គាំទ្រ​ឲ្យ​មាន​ចំណាត់​ការ​បិទ​ស្ថាប័ន​ទាំង​នោះ​ទេ។

ជាមួយ​ការ​ហាមឃាត់​អ្នក​កាសែត​មិន​ឲ្យ​ចូល​រួម​សន្និសីទ​នៅ​សេតវិមាន​នេះ ​ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​យក​ករណី​នេះ​មក​ប្រៀប​ធៀប​នឹង​កម្ពុជា​ ដោយ​លោក​បាន​ផ្ញើ​សារ​ព្រមាន​ទៅ​វិទ្យុ​ចំនួន​៣​ គឺ​ វិទ្យុ​អាស៊ី​សេរី VOA​ និង ​VOD (វីអូឌី) ​ថា​ ត្រូវ​តែ​ពិនិត្យ​មើល​ការ​ផ្សាយ​របស់​ខ្លួន​ឡើង​វិញ​មុន​នឹង​រដ្ឋាភិបាល​មាន​ចំណាត់ការ​ណាមួយ។

រូបថត Screenshot ពី​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ Siphan Phay ដែល​ជា​របស់​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការគណៈ​រដ្ឋមន្ត្រី។

រូបថត Screenshot ពី​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ Siphan Phay ដែល​ជា​របស់​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការគណៈ​រដ្ឋមន្ត្រី។

បាន​សរសេរ​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ។

លោក​បញ្ជាក់​ថា​ ការ​សម្រេច​ចិត្ត​របស់​លោក​ Trump គឺ​ជា​អំណាច ​និង​អាណត្តិ​របស់​រដ្ឋ ​មិន​ឡូកឡំ​ជាមួយ​វិសាលភាព​ប្រជាធិបតេយ្យ​ ឬ​សេរីភាព​ក្នុង​ការ​បញ្ចេញ​យោបល់​នោះ​ទេ។

លោក​ ផៃ ស៊ីផាន​ ប្រាប់​ VOA ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​កម្មវិធី​ខ្លះ​របស់​វិទ្យុ​ទាំង​បី​នេះ​មាន​ចរិត​លក្ខណៈ​ «វិទ្ធង្សនា»​ ប្រឆាំង​នឹង​រដ្ឋាភិបាល។ ទោះជាយ៉ាងណា​លោក​បដិសេធ​មិន​ពន្យល់​បន្ថែម​ថា​តើ​ជា​កម្មវិធី​អ្វី​នោះ​ទេ​ ដោយ​ទុក​ឲ្យ​វិទ្យុ​ទាំង​នោះ​គិត​ពិចារណា​ដោយ​ខ្លួន​ឯង​និង​ទទួល​ខុសត្រូវ​លើ​កម្មវិធី​ទាំង​នោះ។

លោក ​ផៃ ​ស៊ីផាន​ មាន​ប្រសាសន៍​ថា៖

«ចំពោះ​ការ​ជូន​ព័ត៌មាន​ចង់​ខាង​វិទ្យុ​ទាំង​បី​ហ្នឹង​ ថា​ ជា​ការ​ព្រមាន​ក៏​បាន​ ចង់​ថា​អី​ក៏បាន​ អាហ្នឹង​ជា​សិទ្ធិ​សេរីភាព។ ក៏​ប៉ុន្តែ​ក្នុង​នាម​រាជ​រដ្ឋាភិបាល​ដែល​មាន​អាណ្ណត្តិ​កើត​ចេញ​ពី​ប្រជាពលរដ្ឋ ​ យើង​ត្រូវ​តែ​ការ​ពារ​ផល​ប្រយោជន៍​របស់​កម្ពុជា​ដាច់​ខាត​ ពី​ព្រោះ​វិទ្យុ​ទាំង​បី​ហ្នឹង​ ជា​វិទ្យុ​របស់​បរទេស»។

លោក​បន្ថែម​ថា៖

«ហេតុ​ម៉េច​សហរដ្ឋ​អាមេរិក​ធ្វើ​បាន​ ហេតុ​ម៉េច​កាល​ពី​អតីតកាល ​ដែល​កម្ពុជា​មាន​ការ​ប្រតិកម្ម​នឹង​ VOA ​ RFA ឬ​ក៏​ VOD​ ចោទយើង​ថា​ ជា​មនុស្ស​ពួក​ផ្តាច់ការ»។

លោក​ មឿន ​ឈានណារិទ្ធ ​ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារ​ព័ត៌មាន ​បាន​ប្រាប់ ​VOA​ ថា ​លោក​Trump​មាន​ប្រភព​ចេញ​ពី​អ្នកជំនួញ​និង​មិន​មាន​ ប្រវត្តិ​ជា​អ្នក​នយោបាយ ​នោះ​ទេ​ ដូច្នេះ​លោក​មិន​សូវ​ឲ្យ​តម្លៃ​លើ​សារព័ត៌មាន។

លោក​មាន​ប្រសាសន៍​ថា៖

«អញ្ចឹងយើង​ដឹង​ហើយ​ថា ​អ្នក​ជំនួញ​ គាត់​តែង​មាន​របៀប​វារៈ​ខុស​ពី​អ្នក​នយោបាយ​ ខុស​ពី​អ្នក​សារព័ត៌មាន​ គាត់​ឲ្យ​តម្លៃ​តែ​ទៅ​លើ​ផ្នែក​ជំនួញ​ខ្លាំង​ជាង​ផ្នែក​សេរីភាព ​អញ្ចឹង​ហើយ​យើង​ឃើញ​គោល​នយោបាយ​របស់​គាត់​មាន​ការ​ផ្លាស់​ប្តូរ ​ហើយ​យើង​ដឹង​ថា​កាល​ណាធ្វើ​ជំនួញ​ គាត់​តែង​តែ​មាន​អ្វី​ដែល​លាក់​បាំង​ច្រើន​ណាស់»។

ទោះជា​យ៉ាងណា​លោក​បញ្ជាក់​ថា​ សហរដ្ឋ​អាមេរិក​មាន​រដ្ឋធម្មនុញ្ញ​ចែង​ច្បាស់លាស់​អំពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​សេរីភាព​សារព័ត៌មាន។ ដូច្នេះ​លោក​យល់​ថា​ បញ្ហា​នេះ​មិន​មែន​ជា​បញ្ហា​យូរ​អង្វែង​សម្រាប់​អាមេរិក​នោះ​ទេ​ គឺ​គ្រាន់​តែ​កើត​ឡើង​ក្នុង​អាណត្តិ​របស់​លោក ​Trumpតែ​ប៉ុណ្ណោះ។

លោក​ចាត់​ទុក​ការ​ប្រៀប​ធៀប​ករណី​នេះ​មក​កម្ពុជា​ថា​ ជា​រឿង​យល់​ច្រឡំ​មួយ។

លោក​បន្ថែម​ថា៖

«ខ្ញុំ​គិត​ថា​ ជា​ការ​យល់​ច្រឡំ​ទេ​ ព្រោះ​អី​បរិបទ​របស់​សហរដ្ឋ​អាមេរិក​ ខុស​ពី​ប្រទេស​កម្ពុជា​យើង។ ប្រទេស​កម្ពុជា​យើង​គឺ​ការ​អនុវត្ត​សេរីភាព​សារព័ត៌មាន​យើង​មាន​វ័យ​ក្មេង​ច្រើន។ សារព័ត៌មាន​យើង​មួយ​ចំនួន​មាន​កំហុស​វិជ្ជាជីវៈ​ កំហុស​ក្រម​សីលធម៌​វិជ្ជាជីវៈ ​ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​រដ្ឋាភិបាល​ក៏​ដូច​ជា​ស្ថាប័ន​ផ្សេង​ទៀត​មិន​ពេញចិត្ត»។

លោក ​មឿន ​ឈានណារិទ្ធ ​បាន​ឲ្យ​ដឹង​ទៀត​ថា ​សារព័ត៌មាន​ដែល​រិះគន់​រដ្ឋាភិបាល​កាន់​តែ​ច្រើន​គឺ​ជា ​សារព័ត៌មាន​ដែល​បំពេញ​វិជ្ជាជីវៈ​កាន់​តែ​ប្រសើរ។ ប៉ុន្តែ​ការ​រិះគន់​នោះ​មិន​មែន​ជា​ការ​វាយប្រហារ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នោះ​ទេ។ លោក​ពន្យល់​បន្ថែម​ថា ​ការ​រិះគន់​នោះគឺ​ជា​ការ​រិះគន់​ដើម្បី​ឲ្យ​មាន​ការ​កែ​តម្រូវ​និង​ផ្តល់​អនុសាសន៍​ចំពោះ​ការ​ដឹកនាំ​ប្រទេស​របស់​រដ្ឋាភិបាល។

លោក ​មឿន ​ឈានណារិទ្ធ​បញ្ជាក់​ថា៖

«អញ្ចឹង​ខ្ញុំ​ឃើញ​ថា​ការ​រាយការណ៍​ព័ត៌មាន​របស់​អាស៊ីសេរី VOA វីអូឌី​កន្លង​មក​នេះ គឺ​ហាក់​ដូច​យើង​ប្រកាន់​វិជ្ជាជីវៈ​ច្បាស់លាស់​ ក៏​ដូចជា​ក្រមសីលធម៌​ច្បាស់លាស់។ ទោះបីជា​មាន​ការ​រិះគន់​ពី​ភាគី​ម្ខាង ក៏​យើង​ព្យាយាម​ស្វែង​រក​ការ​បំភ្លឺ​ ក៏​ដូច​ជា​ការ​ការពារ​នូវ​ការ​រិះគន់​ពី​ភាគី​ម្ខាង​ទៀត ដូចជា​ភាគី​រដ្ឋាភិបាល​ជាដើម»។

ទាក់ទង​នឹង​ការ​គំរាម​របស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ​ លោក​ ឈាន​ណារិទ្ធ ​ មាន​ប្រសាសន៍​ថា​៖

«អញ្ចឹង​បើ​សិន​ជា​មាន​ការ​រឹតត្បិត​ណា​មួយ ​វា​មិន​គ្រាន់​តែ​រំលោភ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទេ​ តែ​វា​ខាត​បង់​ទៅ​លើ​រដ្ឋាភិបាល​ ក៏​ដូចជា​សង្គម​ទាំង​មូល​ ព្រោះ​អី​សង្គម​ដែល​មាន​ការ​រីក​ចម្រើន​ គឺ​ជា​សង្គម​ដែល​ប្រជាពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​ពេញលេញ»។

កាល​ពី​ថ្ងៃទី​២៧​ ខែ​កុម្ភៈ ​លោក ​ហ៊ុន ​សែន​ បាន​ថ្លែង​ចំអក​សហរដ្ឋអាមេរិក​ចំពោះ​ករណី​ហាមឃាត់​អ្នក​កាសែត​មិន​ឲ្យ​ចូល​សេតវិមាន។

លោក​មាន​ប្រសាសន៍​ថា៖

«ដូណាល់ ​ត្រាំ គាត់​មើល​ឃើញ​ថា ​អាហ្នឹង​វា​អនាធិបតេយ្យ​ អាក្រុម​ហ្នឹង​ បាន​គាត់​ឈប់​ឲ្យ​ចូល។ តិច​ទៅ​ថ្កោល​ទោស ​Donald Trump ​ថា​ ផ្តាច់ការ​ ត្រឹមត្រូវ​ហើយ ​ទៅ​ផ្តាច់​ទៅ​ឲ្យ​អាមេរិក​ផ្តាច់ការ​មុន​គេ​មុន​ឯង​ឲ្យ​វា​ស្រួល»។

កាល​ពី​ចុងឆ្នាំ២០១៦ លោក​ ហ៊ុន សែន បាន​ថ្លែង​ថា​ សារព័ត៌មាន​នៅ​កម្ពុជា​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​អាមេរិក​ដែល​លោក​សំដៅ​ទៅ​រក​វិទ្យុ​អាស៊ីសេរី​ និង​ VOA​ ថា​លម្អៀង​ទៅ​រក​បក្ស​ប្រឆាំង។

លោក​មាន​ប្រសាសន៍​ថា៖

«បើ​សូម្បី​តែ​លោក​ ដូណាល់​ ត្រាំ ​ដែល​ពេល​នោះ​ជា​បេក្ខជន​ប្រធានាធិបតី​មិន​ទាន់​ជាប់​ឆ្នោត ​គាត់​ហ៊ាន​និយាយ​ឲ្យ​ក្បាល​ម៉ាស៊ីន​ឃោសនា​របស់​អាមេរិក​មួយ​ចំនួន​ថា​លម្អៀង។ បើ​ប្រព័ន្ធ​ឃោសនា​នៅ​អាមេរិក​វា​លម្អៀង​ហើយ​ទម្រាំ​ប្រព័ន្ធ​ឃោសនា​អាមេរិក​នៅ​កម្ពុជា​ វា​លម្អៀង​ដល់​ណា​ទៀត»។

នៅ​ប្រទេស​កម្ពុជា​ ក្នុង​ព្រឹត្តិការណ៍​មួយ​ចំនួន​ អ្នក​សារព័ត៌មាន​មួយ​ចំនួន​ក៏​ត្រូវ​បាន​រើសអើង​មិន​ឲ្យ​ចូល​យក​ព័ត៌មាន​ផង​ដែរ​ជាពិសេស​ក្នុង​កម្មវិធី​ដែល​រដ្ឋាភិបាល​ចង់​លាក់បាំង​ពី​អ្នក​សារព័ត៌មាន។

លោក​ ប៉ា ​ងួនទៀង ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​និង​ជា​ម្ចាស់​ស្ថានីយ៍វិទ្យុ ​VOD ​ថ្លែង​ប្រាប់​ VOA​ ថា​ សារ​របស់​លោក​ Trump​ ជា​ការ​សោក​ស្តាយ​ហើយ​នេះ​ជា​រឿង​ចម្លែក​ក្នុង​ប្រវត្តិសាស្រ្តអាមេរិក​ដែល​ប្រធានាធិបតី​ដាក់​សម្ពាធ​ទៅ​លើ​សារព័ត៌មាន​ធំៗ​នៅ​ក្នុង​ប្រទេស​មួយ​នេះ។

លោក​មាន​ប្រសាសន៍​ថា៖

«វា​បង្ហាញ​អំពី​អត្តចរិក​នៃ​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​ទាក់ទង​នឹង​ Media​ (ប្រព័ន្ធ​ផ្សព្វផ្សាយ)​ ជា​គំរូ​អាក្រក់​សម្រាប់​មេដឹកនាំ​ពិភពលោក​ជា​ពិសេស​មេដឹកនាំ​ផ្តាច់​ការ»។

លោក​បន្ថែម​ថា ​ចំណាត់ការ​របស់​លោក​ Trump ​អាច​ធ្វើ​ឡើង​ជា​ការ​គុំ​សង​សឹក​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​និយាយ​ពីភាព​អវិជ្ជមាន​នៃ​លក្ខណៈ​សម្បត្តិ​នៃ​ភាព​ជា​អ្នក​ដឹកនាំ​ និង​អត្តចរិត​ផ្ទាល់​ខ្លួន​របស់​លោក។

លោក​ ប៉ា ​ងួនទៀង​ បញ្ជាក់​ថា​៖

«ចំណុច​សំខាន់​គឺ​ត្រាំ​បារម្ភ​អញ្ចឹង​បារម្ភ​អំពី​ចំណុច​អវិជ្ជមានរបស់​ខ្លួន​ហ្នឹង​ កាន់​តែ​រីក​សាយភាយ ​ដោយសារ​តែ​ Media (ប្រព័ន្ធ​ផ្សព្វផ្សាយ)។ ប៉ុន​អាហ្នឹង​ខ្ញុំ​ថា​ Role of Media (តួនាទី​ប្រព័ន្ធ​ផ្សព្វផ្សាយ) ព្រោះ Media​ ត្រូវ​តែ​ហ៊ាន​ផ្សាយ​គ្រប់​រឿង»។

File: លោកប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​ផ្តល់​បទ​សម្ភាសន៍​ឲ្យ VOA អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​រដ្ឋធានីវ៉ាស៊ីនតោន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៣ ខែ​វិច្ឆិកា ឆ្នាំ២០១៦។

File: លោកប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​ផ្តល់​បទ​សម្ភាសន៍​ឲ្យ VOA អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​រដ្ឋធានីវ៉ាស៊ីនតោន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៣ ខែ​វិច្ឆិកា ឆ្នាំ២០១៦។

លោក​ ងួនទៀង ​បញ្ជាក់​ថា ​ចំណាត់​របស់​ Trump ​នឹង​ធ្វើ​ឲ្យ​លោក​ធ្លាក់​ប្រជាប្រិយភាព។ ទោះជាយ៉ាងណា​ លោក​យល់​ថា​ប្រជាធិបតេយ្យ​អាមេរិក​មិន​ថយ​ក្រោយ​ទេ​ ដោយសារ​យន្តការ​និង​គោលការណ៍​ប្រជាធិបតេយ្យ​រឹងមាំ​របស់​ប្រទេស​នេះ។

ឆ្លើយ​តប​នឹង​អ្នក​នាំពាក្យ​រដ្ឋាភិបាល ​លោក​ ប៉ា ​ ងួនទៀង​ បាន​អះអាង​ថា​ VOD ​ជា វិទ្យុ ​ឯករាជ្យ​ប្រកាន់​គោល​ការណ៍​វិជ្ជាជីវៈ​ ដោយ​លោក​ទុក​ឲ្យ​អ្នក​ស្តាប់​និង​អ្នក​អាន​វាយ​តម្លៃ​ដោយ​ខ្លួន​ឯង។

លោក​មាន​ប្រសាសន៍​ថា៖

«ពួក​យើង​ យើង​នៅ​ប្រកាន់​គោលការណ៍​ដដែល​គោលការណ៍​ឯករាជ្យ​និង​វិជ្ជាជីវៈ ​ដូច្នេះ​យើង​អត់​បារម្ភ ​គាត់​ថា​ម៉េច​ថា​ទៅ ​ប៉ុន្តែ​យើង​ដឹង​និន្នាការ​រដ្ឋាភិបាល​ គឺ​គាត់​កំពុង​ធ្វើ​ដំណើរ​មួយ​ឈាន​ទៅ​រក​ការ​គាប​សង្កត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មាន​ដូច​អាស៊ី ​ VOA VOD នេះ»។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ ​ លោក​ Jing Zhang ​ប្រធាន​ស្ដីទី​ផ្នែក​អាស៊ី​ប៉ាស៊ីហ្វិក​របស់ ​VOA ​មាន​ប្រសាសន៍​ថា ​VOA​ បាន​គោរព​តាម​វិជ្ជាជីវៈ​ត្រឹមត្រូវ។

លោក​មាន​ប្រសាសន៍​យ៉ាងដូច្នេះ​ថា៖

«VOA ​ជា​អង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​រាយ​ការណ៍​ព័ត៌មាន​ត្រឹមត្រូវ ​និង​មិន​លម្អៀង។ ​អ្នក​ស្ដាប់ VOA ​និង​អ្នក​គាំទ្រ ​VOA​ តាម​ Facebook ​រាប់​លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​បញ្ជាក់​ពី​សុចរិតភាព​របស់ ​VOA»។

នាយក VOA លោក​ស្រី​ Amanda Bennett ​បាន​បង្ហាញ​ការ​គាំទ្រ​សម្រាប់​ការងារ​របស់​ VOA នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ទូទាំង​ពិភពលោក។ លោកស្រី​បាន​សរសេរ​សារអេឡិចត្រូនិក​ទៅ​កាន់​កាសែត​ New York Times ថា៖

«ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​វិទ្យុ ​VOA​ បាន​ដើរ​តួនាទី​ជា​គំរូ​មួយ​ដែល​ជា​គោលការណ៍​គ្រឹះ​នៃ​តម្លៃ​របស់​សារព័ត៌មាន​សេរី​និង​ឯករាជ្យ»។

លោក​ស្រី​បន្ថែម​ថា៖

«ទាំង​នោះ​គឺ​ជា​គោលការណ៍​ដែល​ យើង​ប្រកាន់​ភ្ជាប់​និង​ធ្វើ​ការ​ពឹង​ផ្អែក​ទៅ​លើ​ ជាពិសេស​នៅ​តំបន់​ជុំវិញ​ពិភពលោក​ដែល​តម្លៃ​នៃ​គោលការណ៍​គ្រឹះ​ទាំង​នេះ​រង​ការ​វាយ​ប្រហារ»។

នាយក​ផ្នែក​ទំនាក់ទំនង​សាធារណៈ​របស់​វិទ្យុ​អាស៊ីសេរី​ លោក​ Rohit Mahajan​បាន​និយាយ​តាមរយៈ​សារអេឡិច​ត្រូនិក​ទៅ​កាសែត​ New York Times​ ថា ​វិទ្យុ​អាស៊ីសេរី ​នឹង​បន្ត​ការងារ​នៃ​សារព័ត៌មាន​ឯករាជ្យ​ទុកចិត្ត​និង​ស្មោះត្រង់​នៅ​ក្នុង​ប្រទេស។

លោក​បញ្ជាក់​ថា៖

«ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ដើម្បី​បំបាក់​ស្មារតី​វិទ្យុ​អាស៊ីសេរី ​ និង ​សហសេវិក​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ដែល​ត្រូវ​បាន​គេ​គោរព​សរសើរ​របស់​យើង​ នឹង​គ្រាន់​តែ​បង្ហាញ​ឲ្យ​កាន់​តែ​ច្បាស់​ថែម​ទៀត​ពី​តម្រូវ​ការ​សារព័ត៌មាន​សេរី​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

លោក ​ពុយ​ គា​ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​នៃ​ទីភ្នាក់​ងារ​សារព័ត៌មាន​ Kyodo​ របស់​ជប៉ុន​និង​ជា​អគ្គលេខាធិការ​នៃ​ក្លឹប​អ្នក​កាសែត​កម្ពុជា​មាន​ប្រសាសន៍​ថា​មេដឹកនាំ​ខ្លះ​ចូលចិត្ត​អ្នក​សារព័ត៌មាន​និង​ត្រូវ​ការ​អ្នក​សារព័ត៌មាន​ផ្សព្វផ្សាយ​ស្នាដៃ​របស់​ខ្លួន។

លោក​បញ្ជាក់​ថា​ ​លោកTrump មិន​សូវ​ជា​ថ្នាក់ថ្នម​ជាមួយ​អ្នក​សារព័ត៌មាន​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖

«ជាពិសេស​យើង​ឃើញ​លោក​ត្រាំ ដោយ​សារ​គាត់​ជាអ្នក​ជំនួញ​ អ្នក​រកស៊ី ​ហើយ​ភាសា​វា​ហោសាស្រ្ត​របស់​គាត់​ហ្នឹង​ គឺ​ គាត់​តែង​និយាយ​ត្រង់​ៗ​ គាត់​មិន​សូវ​ជា​អ្នក​កា​ទូត​ ដូចខាង​គណបក្ស​ប្រជាធិបតេយ្យ​ លោក​ស្រី ​ហ៊ីលឡារី​ អី​ចឹង​ ដែល​គាត់​ពូកែខាង​កាទូត ​ការ​ប្រើប្រាស់​ភាសា​របស់​គាត់ គាត់​តែង​តែ​ថ្នាក់​ថ្នម​ជាមួយ​អ្នក​សារព័ត៌មាន»។​

លោក​ចាត់​ទុក​ថា​ចំណាត់​ការ​របស់​លោក ​Trump ​ជា​ការ​សោកស្តាយ​មួយ។ លោក​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​មើល​ទៅ​មាន​ការ​សោក​ស្តាយ​ដែរ​ដែល​សហរដ្ឋអាមេរិក​គាត់​ប្រទេស​ប្រជាធិបតេយ្យ​ធំ​នរណា​គេ​ក៏​ទទួល​ស្គាល់​ដែរ​ ហើយ​ចុង​ក្រោយ​ហ្នឹង​តាំង​ពី​លោក​Trump​ ឡើង​មក​ ហាក់​ដូចជា​មាន​ការ​ប្រែប្រួល​ច្រើន​ ទាក់ទង​នឹង​សេរីភាព​ ការ​បញ្ចេញ​មតិ​សារព័ត៌មាន»។

លោក​បញ្ជាក់​បន្ថែម​ថា៖

«ការ​ប្រែប្រួល​បែប​ហ្នឹង​ វាអាច​ជះ​ឥទ្ធិពល​ដល់​ប្រទេស​មួយ​ចំនួន​ហ្នឹង​ដែល​គេ​ធ្លាប់​គេ​គោរព​សហរដ្ឋ​អាមេរិក។ គេ​អាច​យក​លំនាំ​ខ្លះ​អីចឹង​ដែរ។ វា​ពិបាក​ហ្នឹង​និយាយ។ ដូច​ជា​ អាស៊ីសេរី VOA វា​មក​ពី​សហរដ្ឋ អាមេរិក​ អាហ្នឹង​វា​ជា ​Impact (ឥទ្ធិពល) មួយ​ដែល​មិន​ល្អ​ប៉ុន្មាន​ទេ»។​

លោក​ ពុយ​ គា​ អះអាង​ថា​ សារ​របស់​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ជា​រឿង​ល្អ​ទៅ​វិញ​ទេ ដែល​រដ្ឋាភិបាល​បាន​ក្រើន​រំឭក​អ្នក​កាសែត​ឲ្យ​ប្រុង​ប្រយ័ត្ន​និង​គោរព​តាម​វិជ្ជាជីវៈ​របស់​ខ្លួន។

លោក​បញ្ជាក់​ថា៖

«ជា​ការ​ប្រាប់​មុន ល្អ ល្អ​ជា​ជាង​មិន​ប្រាប់ ហើយ​បិទ​ឬក៏ប្តឹង​តែ​ម្តង»។​

ទោះ​ជាយ៉ាងណា ​លោក ​ ពុយ ​គា​ យល់​ថា ​រដ្ឋាភិបាល​នឹង​មិន​ប្រើ​ចំណាត់​ការ​បិទ​វិទ្យុ​ទាំង​នេះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖

«បើ​តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ ហើយ​ក៏​ចាត់​ថា ​ជា​អ្នក​សង្កេតការណ៍​មួយ​រូប​នៅ​ស្រុក​ខ្មែរ​ទៅ​ចុះ​ ផ្នែក​សារព័ត៌មាន។ ខ្ញុំ​មិន​ជឿ​ថា​រដ្ឋាភិបាល គាត់​នឹង​បិទ​ទេ ពី​ព្រោះ​គាត់​ខំ​កសាង​ពាក្យ​ថា​ប្រជាធិបតេយ្យ​សេរី ​ពហុបក្ស ​សេរីភាព​សារព័ត៌មាន​អីហ្នឹង ខ្ញុំ​មិន​ជឿ​ថា​គាត់​ចង់​ឲ្យ​ប្រទេស​កម្ពុជា​ដើរ​ថយ​ក្រោយ​ទេ»។

លោក ​ផៃ ​ស៊ីផាន​ បញ្ជាក់​ថា ​សារ​នេះ​ជា​ការ​ក្រើន​រំឭក​ដល់​សារព័ត៌មាន​ ហើយ​រដ្ឋាភិបាល​នឹង​ប្រើ​ចំណាត់​ការ​ហៅ​ស្ថាប័ន​ព័ត៌មាន​ទាំង​នោះ​មក​ប្រាប់​ ប្រសិន​បើ​ស្ថាប័ន​សារព័ត៌មាន​ទាំង​នោះ​រាយការណ៍​ខុស។ លោក​បន្ត​ថា​ ប្រសិន​បើ​មិន​ធ្វើ​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​ចំណាត់ការ​បន្ទាប់​របស់​រដ្ឋាភិបាល​គឺ​បិទ​វិទ្យុ​ទាំង​នោះ​តែ​ម្តង។

ទោះ​បី​ជា​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​ចែង​ពី​សេរីភាព​ព័ត៌មាន​ក៏​ដោយ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគ​ច្រើន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រយោល​ដោយ​រដ្ឋ ​និង​ត្រូវ​បាន​តាម​ដាន​យ៉ាង​ជិត​ដិត​ផង​ដែរ។​ រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ ដែល​បាន​កាន់​អំណាច​អស់​រយៈពេល​ជាង​៣​ទសវត្សរ៍​មក​ហើយ​នោះ​បាន​រិះគន់​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ ​VOA ​អាស៊ី​សេរី​ និង VOD បាន​បង្ក​ឲ្យ​មាន​អស្ថិរភាព។

អ្នក​នាំពាក្យ​រង​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា ​លោក ​ David Josar ​មាន​ប្រសាសន៍​ថា៖

«សហរដ្ឋ​អាមេរិក​ មាន​ប្រវត្តិ​សារព័ត៌មាន​ ដែល​សេរី​ និង ​មិន​មាន​ការ​ រឹតត្បិត​យូរ​អង្វែង​មក​ហើយ។ សារព័ត៌មាន​ សេរី​គឺ​សំខាន់​ សម្រាប់​សង្គម ​ប្រជាធិបតេយ្យ ​ណា​ក៏​ដោយ»៕

XS
SM
MD
LG