\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គោលនយោបាយ​របស់​លោក​ត្រាំ​ទាក់ទង​ការ​ប្រែប្រួល​អាកាសធាតុ​អាច​នាំ​យក​ការងារ​របស់​អាមេរិក​ទៅ​ប្រទេស​ចិន


លោក ដូណាល់​ ត្រាំ (Donald Trump) ថត​រូប​ជាមួយ​នឹង​លោកPaul Ryan នៅ​ក្រោយ​កិច្ចប្រជុំ​មួយ​ក្នុង​វិមានCapitol Hill ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក ដូណាល់​ ត្រាំ (Donald Trump) ថត​រូប​ជាមួយ​នឹង​លោកPaul Ryan នៅ​ក្រោយ​កិច្ចប្រជុំ​មួយ​ក្នុង​វិមានCapitol Hill ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្រុម​អ្នក​បរិស្ថាន កំពុង​តែ​ប្រមើល​មើល​ថា​តើ​ផលប៉ះពាល់​អ្វី​ខ្លះដែល​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត លោក ដូណាល់​ ត្រាំ (Donald Trump) អាច​ធ្វើ​ឲ្យ​មាន​ទៅលើ​ផ្នែក​បម្រែ​បម្រួល​អាកាសធាតុ។

ក្រុម​ដែល​មាន​ឈ្មោះ​ថា Friends of the Earth ឬ​មិត្តភក្តិ​របស់​ភព​ផែនដី បាន​ពណ៌នា​ជ័យជម្នះ​របស់​លោក​ត្រាំ ថា ជា ​«ការ​វាយ​ចំ​កណ្តាល​មុខ​របស់​ភព​ផែនដី»។

ប៉ុន្តែ ​ទោះបី​ជា​មាន​ការ​សន្យា​របស់​លោក​ត្រាំ ថា​នឹង​បើក​ឲ្យ​ដំណើរ​ការ​រ៉ែ​ធ្យូងថ្ម​ឡើងវិញ ការ​ដកខ្លួន​ចេញ​ពី​សន្ធិសញ្ញា​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​ក្រុង​ប៉ារីស​ និង​ការ​ដក​បទបញ្ញត្តិ​ស្តីពី​បរិស្ថាន​ចេញ​វិញ​ក៏​ដោយ ក៏​មាន​អ្វីៗ​ជាច្រើន​ទៀត ដែល​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​រូប​នេះ អាច​ធ្វើ​បាន​ដែរ នៅ​ពេល​ដែល​លោក​ចាប់​ផ្តើម​ការងារ​របស់​ខ្លួន​នៅ​ថ្ងៃ​ក្រោយ។

ទីផ្សារ​ថាមពល​កំពុង​តែ​ងាក​ចេញ​ពី​ការ​ប្រើ​ឥន្ធនៈ ហើយ​តាម​យោងតាម​អ្នក​សេដ្ឋកិច្ច​នានា ទីផ្សារ​សម្រាប់​ថាមពល​កកើត​ឡើង​វិញ កំពុង​តែ​រីកធំ​ឡើង​ជា​លំដាប់។​

ដូច្នេះ សម្រាប់​ការ​សន្យា​ទាំងឡាយ​របស់​លោក ត្រាំ ក្នុង​ការ​បង្កើត​ការងារ​ថ្មីៗ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​នោះ តាម​ពិត​ទៅ​ លោក​អាច​នាំ​ការងារ​កាន់​តែ​ច្រើន​ថែម​ទៀត ទៅ​ឲ្យ​ប្រទេស​ចិន ប្រសិន​បើ​លោក​ធ្វើ​តាម​ការ​សន្យា​របស់​លោក ទាក់ទង​នឹង​បញ្ហា​បរិស្ថាន​នេះ​មែន​នោះ។

លោក Michael Brune នាយក​ប្រតិបត្តិ​នៃ​អង្គការ Sierra Club ដែល​ជា​អង្គការ​ការពារ​បរិស្ថាន​មួយ​នៅក្នុង​សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា «ការ​បោះឆ្នោត​ឲ្យ​លោក​ត្រាំ អាច​ជា​មហន្តរាយ​ដល់​អាកាសធាតុ​និង​អនាគត​របស់​យើង»។ លោក​បន្ថែម​ថា លោក​ ត្រាំ គឺ​ជា​មេដឹកនាំ​ពិភពលោក​តែម្នាក់​គត់ «ដែល​បដិសេធ​មិន​ទទួល​ស្គាល់​ការ​ឯកភាព​គ្នា​ខាង​ផ្នែក​វិទ្យាសាស្ត្រ ដែល​ថា ការ​ប្រែប្រួល​អាកាសធាតុ ពិត​ជា​មាន​មែន ហើយ​មនុស្ស​ជាតិ ជា​អ្នក​បង្ក​បញ្ហា​នេះ»។

សីតុណ្ហភាព​មធ្យម​របស់​ភពផែនដី បាន​កើនឡើង ប្រហែល ១អង្សា​សេ ចាប់តាំង​ពី​យុគ​សម័យ​បុរេ​ឧស្សាហកម្ម​មក​ម្ល៉េះ។

ការ​ឡើង​កម្ដៅ​នៃ​ភព​ផែនដី រហូត​ដល់​២​អង្សា​សេ គឺ​ជា​ចំណុច​ដែល​មនុស្សជាតិ អាច ​«ជៀស​ផុត​អ្វី​ដែល​គេ​មិន​អាច​គ្រប់គ្រង​បាន និង​អាច​គ្រប់គ្រង​បាន អ្វី​ដែល​ជៀស​មិន​ផុត» ដែល​ជា​ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ។ នេះ​បើ​យោង​តាម​សាស្ត្រាចារ្យ​ខាង​គោលនយោបាយ​សាធារណៈ​នៃ​សកលវិទ្យាល័យ University of California-Berkeley គឺ​លោក Dan Kammen ៕

XS
SM
MD
LG