ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ជំនាញ​បារម្ភ​ពី​ពិដាន​អត្រា​ការ​ប្រាក់​


National Bank of Cambodia along Norodom Boulevard, Phnom Penh, Cambodia on August 8, 2015. (Ouch Nida/ VOA Khmer)

National Bank of Cambodia along Norodom Boulevard, Phnom Penh, Cambodia on August 8, 2015. (Ouch Nida/ VOA Khmer)

អ្នក​សិក្សាស្រាវជ្រាវ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ បាន​លើក​ឡើង​កាល​ពី​ពេល​កន្លង​មក​ថា​​ ការ​ដាក់​ពិដាន​នេះ​ ​មិនមែន​ជា​គោល​នយោបាយ​ល្អ​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​អត្រា​ការ​ប្រាក់​ខ្ពស់​នោះ​ទេ។

ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដាក់​ពិដាន​អត្រា​ការ​ប្រាក់​ឥណទាន​ក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ ដែល​ជាប់​បំណុល​នោះ​ អ្នក​វិភាគ​យល់​ថា​អន្តរាគមន៍​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​កំណត់​ពិដាន​នេះ​ នឹង​ផ្តល់​ផល​វិបាក លើ​សុខភាព​ហិរញ្ញវត្ថុ​របស់​ប្រទេស។​

ពួក​គេ​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះថា​ ចំណាត់ការ​នេះ​ នឹង​ជួយ​ដោះ​បន្ទុក​អត្រា​ការ​ប្រាក់ដល់​អ្នក​ជាប់​បំណុលមួយ​ចំនួន ​តែ​វា​ក៏​នឹង​ផ្តល់​ឥទ្ធិពល​ជា​អវិជ្ជមាន​ផង​ដែរ​ ទៅ​ដល់​កិច្ចប្រតិបត្តិការរបស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុដែលមាន​គោលដៅ​ចម្បង​ក្នុង​ការ​ជួយ​ប្រជាជន​ឲ្យ​បង្កើត​មុខរបរចិញ្ចឹម​ជីវិត​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

​កាល​ពី​ថ្ងៃ​ចន្ទ​នេះ​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​ដាក់​ពិដាន​អត្រា​ការ​ប្រាក់​ឥណទាន​ត្រឹម​១៨​ភាគរយ​ក្នុង​មួយ​ឆ្នាំ។

ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌​មាន​នេះ​កើត​ឡើង​តែ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​រដ្ឋាភិបាលលោក​ហ៊ុន​ សែន​ បាន​ប្រកាស​ជាសាធារណៈ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​អស់​ជា​របស់​ឯកជន។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ពិដាន​នេះ​ មានគោលបំណង​ក្នុង​ការ​ការពារ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ ជាពិសេស​ប្រជាពល​រដ្ឋ​ក្រីក្រ​ ដើម្បី​ទប់​ស្កាត់​បំណុល​វ័ណ្ឌ​ក​ និង ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ការពារ​អតិថិជន​ពី​ការ​គិត​ការ​ប្រាក់​ក្នុង​អត្រា​ខ្ពស់​ពេក​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ជំរុញ​ការ​ប្រើ​ប្រាស់​ឥណទាន​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។

សេចក្តី​ប្រកាស​នេះបន្ត​ថា ពិដាន​អត្រាការ​ប្រាក់​ឥណទាន​មាន​កម្រិត​ ១៨​ភាគរយ ​ក្នុង​មួយ​ឆ្នាំ​ដែល​នឹង​គ្រប​ដណ្តប់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់​ក្នុង​តំបន់​ទីក្រុង​ និង​ជនបទ​នេះ​ នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​មេសា​ ឆ្នាំ​២០១៧។

ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ពន្យល់​ថា៖​

«ការ​ដាក់​ពិដាន​ឥណទាន​នេះ​ គឺ​ជា​ការ​ដាក់​កម្រិត​អតិបរមា​នៃ​អត្រាការ​ប្រាក់​ឥណទាន​ ដែល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ និង​ប្រតិបត្តិករ​ឥណទាន​ជន​បទ​ទាំង​អស់​ អាច​កំណត់​យក​ពី​អតិថិជន​ ដែល​ខ្ចី​ប្រាក់​ពី​គ្រឹះស្ថាន»។

ក្នុង​ថ្ងៃ​ចន្ទ​ដដែល​នោះ​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ផ្សេង​មួយ​ទៀត​ បញ្ជាក់​សារ​ជា​ថ្មី​អំពី​ការ​ដាក់​ពិដាន​អត្រា​ការ​ប្រាក់​នេះ។​

ប្រកា​ ៤​ នៃ​ប្រកាស​នេះ​ បាន​ឲ្យ​ដឹង​ថា៖

«គ្រឹះស្ថាន​ត្រូវ​កំណត់​អត្រា​ការ​ប្រាក់​ឥណទាន​មិន​ឲ្យ​លើស​ពី​១៨​ភាគរយ​ (ដប់​ប្រាំបី​ភាគរយ)​ ក្នុង​មួយ​ឆ្នាំ​សម្រាប់​គ្រប់​ឥណប្រតិទាន​នៃ​ឥណទាន»។

ប្រកាស​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ ជា​ ចាន់តូ​ ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​នេះ​ ក៏​បាន​ព្រមាន​ប្រតិបត្តិករ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​ អំពី​ការ​ប្រឈម​មុខ​នឹង​ទណ្ឌកម្ម​ ប្រសិន​បើ​ពួកគេ​ខកខាន​មិន​បាន​អនុវត្ត​ទៅ​តាម​ការ​កំណត់​នេះ។

លោក​ ង៉ែត​ ជូ​ ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC) មាន​ប្រសាសន៍​ប្រាប់​ VOA នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ វិធានការ​របស់​រដ្ឋាភិបាល​ នឹង​មិន​ធ្វើ​ឲ្យ​មាន​ចីរភាព​ក្នុង​កិច្ច​ប្រតិបត្តិ​ការ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ជា​ពិសេស​នោះ​ គឺ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​តូចៗ។​

លោក​និយាយ​ថា៖

«ការ​ដាក់​កំហិត​ ទៅ​លើ​អត្រា​ការ​ប្រាក់​ខ្ពស់​បំផុត​ ១៨​ភាគរយ​ក្នុង​មួយ​ឆ្នាំ​នេះ​ ប្រហែល​ជា​មាន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​តិច​តូច​ណាស់​ ពីរ​ បី​ធំដែល​គាត់​អាច​រស់​បាន។​ ស្ថាប័ន​ផ្សេង​ទៀត​ ៥០​ ៦០​ទៀត​ច្រើន​ស្ថាប័ន​ណាស់​ យើង​និយាយ​តែ​អ្នក​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ណ៎ា​ ប្រហែល​ជា​ពិបាក​នឹង​រស់​ ពិបាក​នឹង​បន្ត​ដំណើរ​ទៅ​មុខ​អ្ហាស់»។

លោក ​ង៉ែត​ ជូ​ បន្ត​ថា​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ មាន​ទំហំ​ទឹកប្រាក់​កម្ចី​សរុប​ជាង​ ៣.០០០​លាន​ដុល្លារ​អាមេរិក​ គឺ​ស្មើ​នឹង​ពាក់​កណ្តាល​នៃ​បំណុល​ជាតិ​ដែល​ចំនួន​ប្រមាណ ៦.០០០​លាន​ដុល្លារ​អាមេរិក។​ លោក​បញ្ជាក់​ថា​ ការ​ដាក់​ពិដាន​នេះ​ នឹង​បង្ក​ហានីភ័យដល់​សុខភាព​ហិរញ្ញវត្ថុ​របស់​ប្រទេស​ផង​ដែរ។​

លោក​ថ្លែង​ថា៖

«ពួក​យើង​គឺ​មាន​ការ​ព្រួយ​បារម្ភ​ ប៉ះពាល់​វិស័យ​ហិរញ្ញវត្ថុ​ទាំង​មូល​ ដោយសារ​ទាំង​អស់​ហ្នឹង​ អ្នកវិនិយោគ​ភាគច្រើន​ គាត់​ជា​អ្នក​វិនិយោគិន​បរទេស​ ហើយ​ជា​ទូទៅ​វិនិយោគិន​បរទេស​គេ​មក​រក​ប្រកប​របរ​ទទួល​ទាន​នៅ​ប្រទេស​នរណា​ ដូច​ជា​នៅ​ស្រុក​ខ្មែរ​អញ្ចឹង​គឺ​គេ​មើល​ អា​ភាព​អាច​ទុកចិត្ត​បាន​នៃ​គោល​នយោបាយ​របស់រដ្ឋាភិបាល ដល់​ពេល​រដ្ឋាភិបាល​គាត់​ចេញ​សេចក្តី​ប្រកាស​បន្ទាន់​អញ្ចឹង​ ធ្វើ​ឲ្យ​អ្នក​វិនិយោគ​មាន​ការ​ព្រួយ​បារម្ភ​ ហើយ​អាច​នឹង​ប៉ះពាល់​អ្នក​វិនិយោគ​ដែល​ប្រុង​នឹង​មក​ថ្មី​ទៀត​ហ្នឹង​គឺ​គាត់​អាច​ពិចារណា​ពន្យារ​មួយ​រយៈ​ឬ​ក៏យ៉ាង​ម៉េច​អី​អញ្ចឹង»។​

លោក​ ប៊ុន មុនី​ ទីប្រឹក្សា​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ដែល​មាន​បទពិសោធន៍​យូរ​ឆ្នាំ​ក្នុង​កិច្ច​ប្រតិបតិ្តការ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាប់​ VOA​ ថា​ រដ្ឋាភិបាល​ពិត​ជា​មាន​គោលបំណង​បញ្ចុះ​ការប្រាក់​ឲ្យ​នៅ​ទាប​ ដូច​ដែល​ប្រតិបត្តិករ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​ចង់​បាន​ តែ​វិធានការ​របស់រដ្ឋាភិបាល​នេះ​ ហាក់​មាន​ភាព​ប្រញាប់ប្រញាល់។​

លោក​ថ្លែង​ថា៖​

«វិធីសាស្ត្រ​ធម្មជាតិ​ហ្នឹង​វាយូរ​ ដែល​រដ្ឋាភិបាល​គាត់​ប្រហែល​ជា​មិន​ចង់​រង់​ចាំ។​ យើង​ពិនិត្យ​មើល​ដែលទីផ្សារ​សេរី​មាន​ការ​ប្រកួត​ប្រជែង​ ការ​ប្រាក់​វា​ចុះ​ថយ​ annula rate [អត្រា​ប្រចាំ​ឆ្នាំ]​ ហ្នឹង​ មួយ​ឆ្នាំ​ ១​ ទៅ​ ២​ភាគរយ។​ ១០​ឆ្នាំ​មុន​ effective rate [អត្រា​ដែល​ចូល​ជា​ធរមាន] ប្រហែល​ជា​៣០​ ទៅ​៣២​ភាគ​រយ​ក្នុង​មួយឆ្នាំ​ ប៉ុន្តែ​១០​ឆ្នាំ​ក្រោយ​ ដូច​ជា​ឆ្នាំ​២០១៥​ ២០១៦​មក​នេះ​ ២២​ ២៣​ភាគរយ​ក្នុង​មួយ​ឆ្នាំ​យើង​ឃើញ​ថយចុះ វា​រយៈពេល​១០​ឆ្នាំ​ ថយ​៩​ទៅ​១០​ភាគរយ​ អាហ្នឹង​យើង​សង្ឃឹម​ថា​ នៅ​ចុះទៀត»។

លោក​បន្ត​ថា ដោយ​ហេតុ​អត្រា​ការ​ប្រាក់​នៅ​ទ្រឹង​ត្រឹម​ចន្លោះ​ពី​ ២២​ ទៅ​២៣​ភាគរយរយៈពេល​មួយឆ្នាំ គឺ​នៅ​ចន្លោះ​ ២០១៥​ និង​២០១៦​នោះ​ រដ្ឋាភិបាល​ក៏​សម្រេច​ចាត់​វិធានការ​ដាក់​ពិដាន​ ដែល​ផ្ទុយ​ពី​និយាម​ចាស់​រដ្ឋាភិបាល​ដែល​ផ្អែកលើ​គោលការណ៍​ទី​ផ្សារ​សេរី។

លោក​ ស៊ឹម សេនាជាតិ អគ្គនាយក​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់​ ប្រាប់ ​VOA ថា​ គ្រឹះស្ថាន​របស់​លោក​មិន​ជំទាស់​នឹង​ការ​កំណត់​របស់​រដ្ឋាភិបាល​នោះ​ទេ​ ព្រោះ​ការ​កំណត់នេះ​ វា​ត្រួត​គ្នា​នឹង​គោលការណ៍​បញ្ចុះអត្រា​ការ​ប្រាក់​របស់​គ្រឹះស្ថាន​លោក។​ យ៉ាង​ណាក៏​ដោយ​ លោក​ថា​ នឹង​មាន​ការ​កាត់​បន្ថយ​ការ​ផ្តល់​ទំហំ​ឥណទាន​ ខ្នាតតូចៗ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ដោយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មួយ​ចំនួន។​ លោក​ថា​ ការណ៍​នេះ​ នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ងាកទៅ​រក​អ្នក​ចងការ​ប្រាក់​ឯកជន​វិញ។​

«ប្រហែល​ជា​យើង​អាច​កាត់​បន្ថយ​ loan [ឥណទាន]​តូចៗ​ ដោយសារ​តែ​ loan តូចៗ​ គឺ​ cost [ថ្លៃដើម] វា​ខ្ពស់។ អញ្ចឹង​ នៅ​ពេល​ណា​ដែល​យើង​បន្ថយ​ការ​ផ្តល់ loan [ឥណទាន]​តូចៗ​ទៅ​ឲ្យ​អតិថិជន​ហ្នឹង​ អតិថិជន ដែល​គាត់​អត់​អាច​ access [ចូល​] ទៅ formal sector [កន្លែង​ធម្មតា] បាន គាត់​ប្រហែល​ជា​អាច​ទៅ​រក​ប្រភព​ផ្សេង​ទៀត ក៏​ដូច​ជា​ money lender [អ្នក​ឲ្យ​ប្រាក់​ខ្ចី] ឬ​មួយ​ក៏​ស្ថាប័ន​ដែល​អត់​ regulate [បទបញ្ញត្តិ] ពី​ NBC អញ្ចឹង​ទៅ ហើយ​ដែល​ជា​ធម្មតា​ គឺ​ការ​ប្រាក់​របស់ money lender [អ្នក​ឲ្យ​ប្រាក់​ខ្ចី] គឺ​ខ្ពស់​ជាង​ ​ formal sector [កន្លែង​ធម្មតា] ច្រើន»។​

​ថ្វី​ដ្បិត​តែ​មាន​ការ​លើក​ឡើង​ខុសៗ​គ្នា​ពី​ក្រុម​អ្នកជំនាញ​ និង​ប្រតិបត្តិករ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​កាល​ពី​ពេល​កន្លង​មក​ បាន​ផ្តួចផ្តើម​ឲ្យ​មាន​ការ​បំភ្លឺ​ថា​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​អស់​គឺ​ជា​របស់​ឯកជន​ មិនមែន​ជា​របស់​រដ្ឋ​នោះ​ បាន​ថ្លែង​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ វិធានការ​ដាក់​ពិដាន​អត្រា​ការ​ប្រាក់​នេះ​ នឹង​ជំរុញ​ល្បឿន​នៃការ​កាត់​បន្ថយ​ភាព​ក្រីក្រឲ្យលឿន​ជាង​មុន។

លោក​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ដើម្បី​ជំរុញ​ល្បឿន​នៃ​ការកាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ជួយ​សម្រួល​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋឲ្យ​កាន់​តែប្រសើរ​ឡើង​ ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ថ្មី​ដែល​គ្រោង​ខ្ចី​ឥណទាន​ថ្មី​និង​ម៉្យាង​វិញ​ទៀត​ដើម្បី​ជំរុញ​ការ​ប្រើ​ប្រាស់​ឥណទាន​មីក្រូ​ហិរញ្ញ​វត្ថុ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព គឺ​ចាប់​ពីថ្ងៃ​ទី ១ ខែ​មេសា​ ឆ្នាំ​ ២០១៧​ ​នេះ​តទៅ​ ពិដាន​អត្រាការ​ប្រាក់​ឥណទាន​មាន​កម្រិត​តែ​ ១៨%​ទេ​ក្នុង​មួយ​ឆ្នាំ»។

ក៏ប៉ុន្តែ​ ​អ្នក​សិក្សាស្រាវជ្រាវ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ បាន​លើក​ឡើង​កាល​ពី​ពេល​កន្លង​មក​ថា ការ​ដាក់​ពិដាន​នេះ​ ​មិនមែន​ជា​គោល​នយោបាយ​ល្អ​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​អត្រា​ការ​ប្រាក់​ខ្ពស់​នោះ​ទេ។

ផ្ទុយ​ទៅ​វិញ​ វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ការ​ខ្ចីប្រាក់​ដោយ​ខុស​ច្បាប់​ និង​រារាំង​ដល់​លទ្ធភាព​ទទួល​បាន​ឥណទាន​នៅ​ទី​ជនបទ​ និង​តំបន់​ដែល​ងាយ​រងគ្រោះ។

ក្នុង​បទ​បង្ហាញ​របស់​លោក​ ឡេង​ សេងឡុង​ អ្នកសិក្សា​ស្រាវជ្រាវ​សេដ្ឋកិច្ច​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​មុន​ និង​បាន​ដាក់​ឲ្យ​ទាញយក​បាន​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ពិដាន ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ផ្សេងៗ​ទៀត​បាន​ធ្វើ​នោះ​ នឹង​ផ្តល់​ផលវិបាក​ជា​ច្រើន។

ក្រៅ​ពី​ការ​ការ​កើន​ឡើង​នូវ​ការ​ខ្ចី​ប្រាក់​ដោយ​ខុស​ច្បាប់​ និង​រារាំង​ដល់​លទ្ធភាព​ទទួល​បាន​ឥណទាននៅ​ទី​ជនបទ​ និង​តំបន់​ដែល​ងាយ​រង​គ្រោះ​នោះ​ ផលវិបាក​ផ្សេង​ទៀត​រួម​មាន​ ការ​ដាក់​ពិដាន​នេះ​ នឹង​បង្កើន​ថ្លៃ​ចំណាយ​លើ​ប្រតិបត្តិការ រំខាន​ដល់​ការ​ច្នៃ​ប្រឌិត​ផលិត​ផល​ និង​បង្កើន​ការ​ចំណាយ​ដល់​អ្នកខ្ចី​ប្រាក់​ចំពោះ​ថ្លៃ​ចំណាយ​ដែល​មិន​ពាក់​ព័ន្ធ​នឹង​ការ​ប្រាក់។

លោក​ ឡេង​ សេង​ឡុង​ បាន​ដកស្រង់​ការ​កត់​សម្គាល់​របស់​ធនាគារ​ពិភពលោក​ ដែល​បាន​លើក​ឡើង​ក្នុង​ន័យ​ដើម​ថា៖​

«ការ​ដាក់​ពិដាន​គឺ​នៅ​តែ​ពេញ​និយម​ ប៉ុន្តែ​វា​ជា​ឧបករណ៍​គ្មាន​ប្រសិទ្ធភាព​នោះ​ឡើយ»។

អ្នក​សិក្សា​ស្រាវ​ជ្រាវ​រូប​នេះ​ ​បាន​ផ្តល់​ដំណោះស្រាយ ជំនួស​ការ​ដាក់​ពិដាន​នេះ​មួយ​ចំនួន​ដែល​រួម​មាន​ ការ​ជំរុញ​ឲ្យ​មាន​ការ​ប្រតួតប្រជែង​ និង​ការ​បង្កើន​ការ​ការពារ​អ្នក​ប្រើ​ប្រាស់​ផលិតផល​ហិរញ្ញវត្ថុ​ ការ​ជំរុញ​ការ​យល់​ដឹង​ខាង​ហិរញ្ញវត្ថុ​ ការ​ពង្រឹង​ព័ត៌មាន​ស្តី​ពី​ឥណទាន​ និង​ការ​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ច្នៃ​ប្រឌិត​ផលិតផល​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ។​ វិធានការ​ទាំង​អស់​នេះ​ រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​កម្រិត​អត្រា​ការប្រាក់​ ហើយក៏​អាច​ការពារ​អតិថិជន​ និង​បង្កើន​លទ្ធភាព​ច្រើន​ក្នុង​ការ​ទទួល​បាន​ឥណទាន។

លោក​ស្រី​ ជា​ សេរី​ អគ្គនាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា​ មិន​ទាន់​ឆ្លើយ​តប​សំណួរ​របស់​ VOA ​តាម​សារ​អេឡិច​ត្រូនិក​ ឬemailពាក់​ព័ន្ធ​នឹង​ការ​ដាក់​ពិដាន​អត្រា​ការប្រាក់​នេះ​ទេ។

​លោក​ ​ង៉ែត​ ជូ​ ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍរបស់ក្រុមហ៊ុន Emerging Markets Consulting (EMC) បញ្ជាក់​បន្ថែម​ថា​ រដ្ឋាភិបាល​កម្ពុជា​គួរ​ពិចារណា​លើ​សេចក្តី​ប្រកាស​របស់​ខ្លួន​នេះ​ឡើង​វិញ​ ដើម្បី​កាត់​បន្ថយ​ហានីភ័យ​ដែល​អាច​កើត​នៅ​ក្នុង​រយៈ​ពេល​យូរ​នោះ៕

XS
SM
MD
LG