ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ជំនាញ​ស្នើ​ថា​ កម្ពុជា​ត្រូវការ​ស្ត្រី​គំរូ​បន្ថែម​ដើម្បី​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច


រូបឯកសារ៖ យុវតី​ជា​បេក្ខនារី​ម្នាក់ ពិគ្រោះ​នឹង​មិត្ត​រួម​ក្រុម​របស់​ខ្លួន អំឡុង​ពេល​ប្រឡង​ប្រណាំង​ថ្នាក់​ជាតិ​នៃ​កម្មវិធី Technovation Cambodia កាល​ពី​ថ្ងៃអាទិត្យ ទី​២៤ ខែ​មេសា ឆ្នាំ​២០១៦ កន្លង​ទៅ។​ (អូន ឆេងប៉រ/VOA

ខ្ញុំឃើញ​ថា ​ចំនួន​ស្ត្រី​ពិតជា​នៅ​ខ្វះ​ខាត​ និង​អវត្តមាន​ច្រើន នៅ​ក្នុង​តំណែង​ដឹកនាំ​ធំៗ។​ មិន​ថា​នៅ​ក្នុងវិស័យ​នយោបាយ​ វិស័យ​ពាណិជ្ជកម្ម​ ឬ​នៅក្នុង​វិស័យ​ស្រាវជ្រាវ​អប់រំ​ក៏​ដោយ​ វត្តមាន​ស្ត្រី​នៅ​ក្នុង​តំណែង​ធំៗ​ទាំងនោះ​ពិត​ជា​មិន​សមាមាត្រ​ទៅ​នឹង​ចំនួនស្ត្រី​សរុប​នៅ​សង្គម​យើង​ទេ។

កំណត់និពន្ធ៖ អ្នកស្រី​ Arancha Gonzalez ​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់កញ្ញា ​ខាន់ សុគុំ​មនោ​ និង​កញ្ញា​ ហ៊ាន​ សុ​ជា​តា​ នៃ​ VOA ​នៅក្នុងវេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តី​ពី​អាស៊ាន ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ កាល​ពី​សប្តាហ៍​មុន។ នៅ​ក្នុង​បទសម្ភាស​ភាគទី១ ​ អ្នកស្រី​ Arancha Gonzalez ​ បាន​ពិភាក្សា​អំពី​ការ​ដោះដូរ​ពាណិជ្ជ​កម្ម​នៅ​កម្ពុជា​ និង​សក្តានុពល​ទីផ្សារ​កម្ពុជា​ ដែល​អាច​ពង្រីក​ក្នុង​តំបន់​អាស៊ាន ​និង​ប្រទេស​ផ្សេងៗទៀត។ ខាង​ក្រោម​នេះ​គឺជា​បទ​សម្ភាសន៍​ភាគទី២​បញ្ចប់ជា​សំឡេង និង​ខ្លឹមសារ​បទសម្ភាសន៍​ដែល​ត្រូវបាន​បកប្រែ​ជា​ភាសាខ្មែរ​ ដែល​ពិភាក្សា​អំពី​ការ​លើក​កម្ពស់​ស្ត្រី​ក្នុង​វិស័យ​ពាណិជ្ជកម្ម សហគ្រិនភាព ​និង​បច្ចេក​វិទ្យា៖

VOA៖​ ដោយ​សារ​តែ​អ្នកស្រី​បាន​ធ្វើ​ការងារ​ជាច្រើន ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់ស្ត្រី​ដឹកនាំ​ ក្នុងវិស័យ​ពាណិជ្ជកម្ម ​និង​សហគ្រិនភាព ​ពិសេស​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ពិភពលោក ​និង​នៅ​តំបន់​អាស៊ាន តើ​អ្នកស្រី​យល់ឃើញ​យ៉ាងណា​ដែរ​ ចំពោះ​ចំនួនស្ត្រី​នៅ​ក្នុង​តំណែង​ដឹកនាំ​ខ្ពស់ៗ​នៅ​ក្នុង​តំបន់​អាស៊ាន? ​ហើយ​នៅ​កម្ពុជាវិញ​យ៉ាងណា​ដែរ?

Arancha៖​ ខ្ញុំ​ឃើញ​ថា ​ចំនួន​ស្ត្រី​ពិតជា​នៅ​ខ្វះ​ខាត​ និង​អវត្តមាន​ច្រើន នៅ​ក្នុង​តំណែង​ដឹកនាំ​ធំៗ។​ មិន​ថា​នៅ​ក្នុងវិស័យ​នយោបាយ​ វិស័យ​ពាណិជ្ជកម្ម​ ឬ​នៅក្នុង​វិស័យ​ស្រាវជ្រាវ​អប់រំ​ក៏​ដោយ​ វត្តមាន​ស្ត្រី​នៅ​ក្នុង​តំណែង​ធំៗ​ទាំងនោះ​ពិត​ជា​មិន​សមាមាត្រ​ទៅ​នឹង​ចំនួនស្ត្រី​សរុប​នៅ​សង្គម​យើង​ទេ។​ ករណី​នេះ​ វា​មិន​មែន​កើត​មាន​នៅ​តែ​អាស៊ី​នោះ​ទេ។ គ្រប់​បណ្តា​ប្រទេស​ជុំវិញ​ពិភព​លោក​ គឺ​មាន​បញ្ហា​បែប​នេះ​ដូចគ្នា។​ ប្រសិន​បើ​យើង​ក្រលេក​មើល​ទៅ​ចំនួនស្ត្រី​ដែល​ជា​នាយក​រដ្ឋមន្ត្រី​ ជា​ប្រធា​នាធិបតី​ ប្រមុខ​រដ្ឋាភិបាល​ ឬ​ត្រឹម​តែ​តំណែង​ជា​រដ្ឋមន្ត្រី​ ឧទាហរណ៍​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជាដើម គឺវា​នៅ​មាន​តិចណាស់។

ក៏​ប៉ុន្តែ ចំនួន​ស្ត្រី​វិញ​គឺ​មាន​លើស​ ៥០%​នៃ​ចំនួន​ប្រជាជន​សរុប​ទៅទៀត។​ ដូចនេះ​ យើង​គួរតែ​បន្ត​សួរ​ខ្លួន​យើង​ថា «មក​ពី​ហេតុអ្វី?»។​ តើ​នេះ​មក​ពី​ស្ត្រី​មិន​ចង់​ឡើង​ទៅ​កាន់​តំណែង​ទាំងនោះ​ទេ?​ ឬ​ក៏​មក​ពី​យើង​នៅ​មាន​ឧបសគ្គ​ជាក់​លាក់​មួយ​ចំនួន​ ដែល​កម្រិត​សមត្ថភាព​យើង​ក្នុង​ការ​ចូលរួម​ និង​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​ឡើង​ទៅ​ដល់​តំណែង​ទាំងនោះ?​ ខ្ញុំថា​មក​ពី​ហេតុ​ផល​ទី២​ ច្រើន​ជាង។​ ខ្ញុំ​ចង់​បញ្ជាក់​ថា​ ស្ត្រី​ជា​ច្រើន​នៅ​មិន​ទាន់​អាច​បំបែក​ពិដាន​កញ្ចក់​ ឬ​គុក​អត់​ជញ្ជាំង​នៅ​ឡើយ​ទេ។ ពោលគឺ​ ទាំង​ការ​ចូលរួម​ក្នុង​សង្គម​ ក្នុង​នយោបាយ​ ពិសេស​នៅក្នុង​សេដ្ឋកិច្ច។

VOA៖ ហេតុ​ដូចម្តេច​បាន​ជា​ការ​ផ្តល់​អំណាចស្ត្រី​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ ជំនួញ​ សហគ្រិនភាព​ និង​បច្ចេកវិទ្យា​ មាន​សារៈប្រយោជន៍​ដល់​សង្គម​កម្ពុជា?

Arancha៖ វា​ពិតជា​សំខាន់​ក្នុងការ​ផ្តល់​អំណាច​សេដ្ឋកិច្ច​ដល់ស្ត្រី​ចូលរួម​ក្នុង​វិស័យ​ទាំង​នោះ​ ពីព្រោះ​វា​មាន​ហេតុផល​សេដ្ឋកិច្ច​ដើម្បី​បកស្រាយ​ថា​ ត្រូវតែ​ធ្វើ​ដូច្នេះ។​ លើស​ពីការ​ចាំបាច់ ហើយ​លើស​ពី​ការ​ដែល​ត្រឹម​តែ​ទទួល​ស្គាល់​ថា​ ស្ត្រី និង​បុរស ​ត្រូវ​តែ​មាន​អំណាច​ និង​ឱកាស​ស្មើគ្នា ​ព្រោះ​នេះ​ជា​សតវត្សរ៍​ទី២១​ គឺ​យើង​មាន​ហេតុផល​សេដ្ឋកិច្ច​ដើម្បី​លើក​មក​អះអាង។​ នៅ​ពេល​ដែល​យើង​ផ្តល់​អំណាច​សេដ្ឋកិច្ច​ដល់​ស្ត្រី​ យើង​នឹង​ទទួល​បាន​កំណើន​គុណ​នឹង​៣។

ទី១​ ប្រទេស​ណា​ដែល​ជួយ​ជំរុញ​ស្ត្រី​ឲ្យ​ចូលរួម​ក្នុង​ទីផ្សារ​ការងារ​ នឹង​លូតលាស់​ខ្លាំង​ជាងមុន​ លឿន​ជាងមុន ​ហើយ​ការ​លូតលាស់​នោះ​នឹង​រឹងមាំ​បំផុត។​ នៅក្នុង​ជំនួញ​ ក្រុមហ៊ុន​ណា​មាន​បុគ្គលិក​ចម្រុះ ​នោះ​គេ​នឹង​មាន​ផលិតភាព​ការងារ​ខ្ពស់ ​បុគ្គលិក​មាន​លទ្ធភាព​ទទួល​ប្រាក់ខែ​សមរម្យ ​ហើយ​ក្រុមហ៊ុន​នោះ​នឹង​ទទួល​បាន​បុគ្គលិក​ដែល​ខ្លឹមៗ​មក​ធ្វើការ​ជាមួយ​គេ។​ ចំណែក​សង្គម​ដែល​ផ្តល់​អំណាច​សេដ្ឋកិច្ច​ដល់ស្ត្រី​ នឹង​អាច​មាន​លទ្ធភាព​កាត់​បន្ថយ​ភាពក្រីក្រ​បាន​លឿន​ជាង។ ​ហេតអ្វី​ទៅ? នេះ​គឺ​មក​ពី​ស្ត្រី​ជា​ទូទៅ​នៅ​ក្នុងពិភព​លោក​ទាំងមូល​ ចំណាយ​ ៨០% នៃ​ប្រាក់​ចំណូល​របស់​ពួកគេ​សម្រាប់​សមាជិក​គ្រួសារ​ និង​សហគមន៍។

ជាក់ស្តែង ​ដូចជា​ការ​ទិញ​ម្ហូប​អាហារ ​បញ្ជូន​កូន​ឲ្យ​បាន​ចូល​នៅ​សាលា​ ជូន​កូនទៅ​ពេទ្យ​ ឬ​ទិញ​អ្វីៗ​ចាំបាច់​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។​ ករណី​នេះ គឺ​ថា​ មាន​ដល់​ទៅ​៨០% ​នៃ​ស្ត្រី​ដែល​ធ្វើ​បែប​នេះ ​ហើយ​ចំពោះ​បុរស​វិញ​គឺ​មាន​ត្រឹមតែ ​៤០%​ ទេ​ដែល​នឹង​ធ្វើ​យ៉ាង​ដូច្នេះ។​ នេះ​មិនមែន​ជាការ​លើកឡើង​តាម​គំនិត​ខ្ញុំ​ទេ​ វា​គឺ​ជា​ការ​ស្រាវជ្រាវ​ដោយ​ធនាគារ​ពិភពលោក​ និង​មូល​និធិរូបិយវត្ថុ​អន្តរជាតិ។

សរុប​មក​វិញ​ យើង​ចំណេញ​ទៅលើ​ផ្នែក​ទាំង៣​ គឺ​សេដ្ឋកិច្ច​ ជំនួញ​ និង​សង្គម​ ដែល​នេះ​ជា​ការ​ចាំបាច់​ និង​បាន​មក​ពី​ការ​លើក​ស្ទួយ​សេដ្ឋកិច្ច​ស្ត្រី​ ដោយ​ការ​ជំរុញ​ឲ្យ​គាត់​បាន​ចូលរួម។​

ក្មេង​សិស្ស​ស្រី​កំពុង​សិក្សា​នៅ​ក្នុង​សាលា​បឋម​សិក្សា​កេសរារាម ក្រុងសៀមរាប កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥។ (នូវ ពៅលក្ខិណា/VOA)
ក្មេង​សិស្ស​ស្រី​កំពុង​សិក្សា​នៅ​ក្នុង​សាលា​បឋម​សិក្សា​កេសរារាម ក្រុងសៀមរាប កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥។ (នូវ ពៅលក្ខិណា/VOA)

VOA៖ អ្នកស្រី​បាន​លើកឡើង​ថា​ អ្នកស្រី​ជឿ​ទៅ​លើ​ហេតុផល​ដែលថា​ ស្ត្រី​មាន​ឧបសគ្គ​ជាក់លាក់​មួយ​ចំនួន​ រារាំង​គាត់​មិនឲ្យ​ចូលរួម​ និង​ទទួលបាន​ចំណេះដឹង​ និង​ជំនាញ​ ក្នុង​វិស័យ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម​ សហគ្រិនភាព ​និង​បច្ចេកវិទ្យា​ជាដើម។ តើ​ឧបសគ្គ​នោះ​មាន​អ្វីខ្លះ​ទៅ?​

Arancha៖​ ឧបសគ្គ​ចម្បងៗ​នោះ​មាន​៤។ ទី១ ស្ត្រី​ត្រូវ​បាន​គេ​រើសអើង​ដោយ​ច្បាប់ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​បុរស។​ នៅ​ប្រទេស​ជាច្រើន​ ស្ត្រី​មិន​អាច​ចុះ​ហត្ថលេខា​នៅ​លើ​កុងត្រា ​ដោយ​មិន​មាន​ការ​ទទួល​ស្គាល់​ពី​ឪពុក​ ពី​ស្វាមី​ ឬ​ពី​បងប្អូន​ប្រុស​របស់​ពួក​គេ។ នៅ​ប្រទេស​ជាច្រើន ​ស្ត្រី​មិន​មាន​សិទ្ធិ​កាន់​កាប់​ទ្រព្យសម្បត្តិ។​ នៅ​ប្រទេស​ជាច្រើន ​ស្ត្រី​មិនអាច​បើក​គណនី​ធនាគារ​ទៅទៀត។ ការ​រើស​អើង​គឺ​បាន​សរសេរ​ឡើង​ក្នុង​ច្បាប់។​ ដំបូង​ យើង​ត្រូវ​លើក​ឡើង​នូវ​ចំណុច​ដែល​រើស​អើង​តាម​រយៈ​ច្បាប់។​ ៩០% នៃ​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក​ យ៉ាង​ហោច​ក៏​មាន​ច្បាប់១​ ដែល​នៅ​រើស​អើងស្ត្រី​លើ​ផ្នែក​សេដ្ឋកិច្ច​នៅឡើយ។

ទី២ ទោះ​បី​ជា​ច្បាប់​ចែង​មក​មាន​លក្ខណៈ​ស្មើ​ភាព​ហើយ​ក្តី​ នីតិវិធី​អនុវត្ត​មិន​ដូចគ្នា​ទេ។ ឧទាហរណ៍ ​ក្នុង​ការ​ស្រាវជ្រាវ​យើង​បាន​ធ្វើឡើង​ថ្មីៗ​នេះ​ឲ្យ​ដឹង​ថា​ ​សហគ្រិន​ជា​ស្ត្រី​ដែល​ធ្វើ​ជំនួញ​ឆ្លង​ព្រំដែន​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត​ ទំនង​ជា​រង​ការ​ទាមទារ​ឲ្យ​បង់​ប្រាក់​សូកប៉ាន់​ច្រើន​ជាង​បុរស។

ឯ​ទី៣​ ទោះបីជា​ច្បាប់ ​និង​នីតិ​វិធី​ស្រប​គ្នា​ហើយក្តី ស្ត្រី​ពិបាក​ក្នុង​ការ​ទទួល​បាន​ប្រាក់​ឥណទាន​សម្រាប់​រកស៊ី​ជាង​បុរស។ តាម​ពិត​ទៅមិន​មែន​មកពី​ស្ត្រី​ មិន​សក្តិសម​នឹង​ទទួល​បាន​ឥណទាន​ទេ ​ហើយ​មិន​មែន​មក​ពី​ការ​ឲ្យ​ប្រាក់​ឥណទាន​ទៅ​ស្ត្រី​ជា​រឿង​ប្រថុយ​ប្រថាន​អី​នោះ​ដែរ​ ក៏​ប៉ុន្តែ​នេះ​ដោយសារ​តែ​ការ​យល់​ឃើញ​ខុស​ ទៅ​លើ​ស្ត្រី​ ទាំង​គ្រឹះស្ថាន​ផ្តល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ក៏​យល់​ខុស​ទៅលើ​ស្ត្រី។

ទី៤ ស្ត្រី​ខ្វះ​បណ្តាញ​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ និង​នៅ​ក្នុង​រង្វង់​ពាណិជ្ជកម្ម។​ ក្រៅពី​ហេតុផល​ទាំង៤ ​ខ្ញុំ​ចង់​បន្ថែម​មួយ​ទៀត គឺ​រើសអើង​ដាច់​ដោយ​ឡែក​ទៅ​លើ​ក្រុម​ស្ត្រី​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា។ ពោល​គឺ​ការ​វាយ​តម្លៃ​លម្អៀង​ពី​សង្គម។​ ពេល​អ្នក​គិត​ដល់​ផ្នែក​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ គណិតវិទ្យា​ ប្រហែល​ជា​អ្នក​បិទ​ភ្នែក​នឹក​អំពី​វា​ទៅ​អ្នក​ឃើញ​ថា​ ជា​បុរស​ម្នាក់។

នេះ​ហើយ​ គឺ​ការ​យល់ឃើញ​ដែល​យើង​ត្រូវតែ​ផ្លាស់ប្តូរ​ចេញ។​ ត្រូវ​ផ្លាស់ប្តូរ​ជំនឿ និង​ទំនៀម​ទម្លាប់​ទាំងនោះ ​តាម​រយៈ​ការ​បង្កើន​គំរូ​ជា​ស្ត្រី​ទៅ​ដល់​ស្ត្រី​ដទៃ​ទៀត​ឲ្យ​កាន់​តែច្រើន។​ ស្ត្រី​គំរូ​ទាំងនោះ​ត្រូវ​សកម្ម​ និង​ជា​តួអង្គ​មួយ​ក្នុង​វិស័យ​ ស្តេម (STEM) ​ដែល​មាន​ដូចជា​វិទ្យាសាស្ត្រ​ពិត​ គណិតវិទ្យា ​វិស្វកម្ម​ ជាដើម។

VOA៖​ តើ​អ្នកស្រី​យល់ថា​ រដ្ឋាភិបាល​កម្ពុជា​ បាន​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រាន់​ឬ​នៅ​ ក្នុង​ការ​លើក​កម្ពស់​ស្ត្រី​ ជា​ពិសេស​ស្ត្រីវ័យ​ក្មេង​នៅកម្ពុជា?​

Arancha៖​ មិនមាន​ទេ​ ពាក្យ​ថា«គ្រប់គ្រាន់»​នោះ។ ហើយ​វា​មិន​មែន​កើត​មាន​តែ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​គឺ​គ្រប់​ទី​កន្លែង​ គ្រប់​ប្រទេស​នៅលើ​ពិភព​លោក។​ តែ​បើ​ចំពោះ​សំណួរ​ដែល​ថា​ តើ​កម្ពុជា​កំពុង​បោះ​ជំហាន​ក្នុង​ទិសដៅ​លើក​កម្ពស់​ស្ត្រី​ក្នុង​វិស័យ​សេដ្ឋកិច្ច​ហើយ​ឬនៅ? ចម្លើយ​របស់​ខ្ញុំគឺ​ កម្ពុជា​កំពុង​ធ្វើដំណើរ​លើផ្លូវ​នេះ​ហើយ។​ ខ្ញុំ​បាន​ជួប​ជជែក​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​លោក​មាន​ឆន្ទៈ​លើក​កម្ពស់​ស្ត្រី​កម្ពុជា​ ហើយ​នេះ​គឺជា​រឿង​ល្អ​សម្រាប់​កម្ពុជា។

ក៏​ប៉ុន្តែ​ បញ្ហា​គឺស្ថិត​នៅ​ត្រង់​ថា​ មាន​ចំនួន​ស្ត្រី​ច្រើន​មែនទែន​នៅក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ​ និង​វិស័យ​សហគ្រាស​ខ្នាតតូច​ ដែល​ជាទូទៅ​ពួកគេ​មិន​អាច​ទទួល​បាន​ប្រាក់​កម្រៃ​ដូចគ្នា​នឹង​បុរស​ បើ​ទោះ​ជា​ពួក​គេ​ធ្វើ​ការងារ​ដូចគ្នា​ក៏ដោយ។​ ហេតុនេះ​ ខ្ញុំ​គិត​ថា ​វា​ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ចំពោះ​បញ្ហា​នេះ​ ដើម្បី​ធានា​ឲ្យ​បាន​ថា​ កម្ពុជា​មិនបាន​មើល​រំលង​ ឬ​ទុកស្ត្រី​ណា​ម្នាក់​ចោល​នោះ​ទេ។​ ពិត​ហើយ​ដែល​ថា​ យើង​មិន​ត្រូវ​ទុក​នរណា​ម្នាក់​ចោល​នោះ​ទេ​ មិន​ថា​ ពួក​គេ​ជា​បុរស​ ឬ​ស្ត្រី​ឡើយ។​ គ្រាន់តែ​ថា​ ជា​ទូទៅ​ភាគ​ច្រើន​ស្ត្រី​មិន​សូវ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ ហើយ​វា​ដល់​ពេល​ដែល​យើង​ត្រូវ​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ជាង​មុន។​

បេក្ខនារី​លេខរៀង​ទី១​ សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ ជួបជុំ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ ​នៅ​ទី​ស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
បេក្ខនារី​លេខរៀង​ទី១​ សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ ជួបជុំ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ ​នៅ​ទី​ស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

VOA៖ តើ​អ្នកស្រី​ មាន​ជា​អនុសាសន៍​យ៉ាងណា​ខ្លះ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​បង្កើត​ជា​របៀប​វារៈ​ក្នុង​ការកំណត់​គោល​នយោបាយ​អភិវឌ្ឍន៍​ បទប្បញ្ញត្តិ ​ឬ​ការ​គាំទ្រ​ផ្សេងៗ​ទៀត​ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​លើក​កម្ពស់​ស្ត្រី​បន្ថែម​ទៀត?

Arancha៖​ ពិតមែន​ហើយ! ខ្ញុំ​គិត​ថា​ ការ​អប់រំ​ពិត​ជា​ដើរ​តួ​យ៉ាង​សំខាន់​ ហេតុនេះ​យើង​ត្រូវ​ធានា​ថា ​ក្មេង​ស្រី​អាច​ទៅ​សាលារៀន​ អាច​ទទួល​បាន​ការ​អប់រំ​ និង​អាច​ចូលរួម​ក្នុង​ការ​អប់រំ​គ្រប់​ប្រភេទ​ដូច​ក្មេង​ប្រុស​ដែរ។​ ហើយ​មិន​គួរ​មាន​ទេ​នូវ​ផ្នត់គំនិត​ដែលថា​ ក្មេង​ស្រី​មិន​អាច​រៀន​នេះ ​រៀន​នោះ​បាន។​ ជា​ឧទាហរណ៍​ មុខ​វិជ្ជា​វិស្វកម្ម​ គឺ​សម្រាប់​តែ​មនុស្ស​ប្រុស​ ឯ​អាជីព​ជា​គ្រូ​បង្រៀន​គឺ​សម្រាប់​មនុស្ស​ស្រី​ជាដើម។

មួយវិញ​ទៀត​ ខ្ញុំ​គិតថា​ វា​ក៏​សំខាន់​ណាស់​ដែរ ​ដែល​មាន​ស្ត្រី​ជា​គំរូ​ច្រើន​នៅ​ក្នុង​សង្គម​កម្ពុជា។​ នៅ​ពេល​ដែល​មាន​ស្ត្រី​មួយ​ចំនួន​សម្រេច​ក្នុង​ការងារ​របស់​ពួកគេ​ ជាអាទិ៍​ក្នុង​វិស័យ​សេដ្ឋកិច្ច​ ជំនួញ ​នយោបាយ ​ការអប់រំ​ កីឡា ​ឬ​វិទ្យាសាស្ត្រ​ហើយ​ វា​នឹង​ធ្វើឲ្យ​ក្មេង​ស្រី​ ឬ​ស្ត្រី​ដទៃ​ទៀត​កាន់​តែ​មាន​កម្លាំង​ចិត្ត។

ជាក់​ស្តែង​ នៅ​កម្ពុជា​នេះ​ មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​យើង​ បាន​ផ្តួចផ្តើម​គម្រោង​មួយ​ឈ្មោះថា​ SheTrades ​ដើម្បី​ជួយ​ស្ត្រី​កម្ពុជា​ឲ្យ​ចូលរួម​ក្នុង​ជំនួញ​ និង​រួម​ចំណែក​បង្កើន​គុណភាព​ការងារ​ដល់​ពួកគេ។​ ស្ត្រី​ជា​សហគ្រិន​វ័យក្មេង​ទាំងអស់​សុទ្ធ​តែ​អាច​ចូលរួម​ក្នុង​ចលនា ​SheTrades ​នេះ​ ហើយ​ ពួកគេ​ក៏​អាច​ស្វែង​រក​អតិថិជន​ សម្រាប់​លក់​ផលិត​ផល​របស់​ពួកគេ​តាម​រយៈ​ SheTrades​ ថែម​ទៀត​ផង។

VOA៖ ឆ្លងកាត់​តាម​បទពិសោធ​របស់​អ្នកស្រី​ផ្ទាល់​ តើ​អ្វី​ខ្លះ​ដែល​ជួយ​ជំរុញ​ឲ្យ​អ្នក​ស្រី​ទទួល​បាន​ជោគជ័យ​ដូចសព្វ​ថ្ងៃ?​

Arancha៖​ សម្រាប់​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​ទទួល​បាន​ជោគជ័យ​ដូច​ពេលនេះ​ ក៏​ដោយសារ​តែ​ខ្ញុំ​តែងតែ​ជឿ​ថា ​ខ្ញុំ​មិន​មានអ្វី​ខុសប្លែក​ពី​មនុស្ស​ប្រុស​នោះ​ទេ។​ នោះ​ក៏ព្រោះ​តែ​ខ្ញុំ ​ក៏​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ ដូច​បុរស​ដែរ។ កន្លងមក​ខ្ញុំ​ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​ទាំង​បុរស​ និង​ស្ត្រី ​ហើយ​ការ​គាំទ្រ​ទាំងនោះ​ភាគ​ច្រើន​ខ្ញុំ​ទទួល​បាន​ពី​បុរស​ថែមទៀត​ផង។​ ហេតុនេះ ​ខ្ញុំ​មិន​គិត​ថា​ ការ​តស៊ូ​ដើម្បី​សមភាព​ស្ត្រី ​គឺជា​ការ​តស៊ូ​របស់​ស្ត្រី​តែឯង​នោះ​ទេ​ ប៉ុន្តែ ​វា​គឺ​ជា​ការ​ខំ​ប្រឹងប្រែង​របស់​សង្គម​ទាំងមូល។

ដើម្បី​ធ្វើ​ឲ្យ​សង្គម​មួយ​ទទួល​បាន​ការ​ចូលរួម​ពេញលេញ​ វា​ត្រូវការ​ការ​ធ្វើការ​រួមគ្នា​ទាំង​បុរស ​និង​ស្ត្រី ​ដើម្បី​ធានា​ថា​សង្គម​មួយ​នឹង​មិន​បោះបង់​នរណា​ម្នាក់​ចោល​ឡើយ។ បទ​ពិសោធ​របស់​ខ្ញុំ​បង្ហាញ​ថា​ គ្មាន​អ្វី​ខុសគ្នា​រវាង​បុរស​ និង​ស្ត្រី​នោះ​ទេ​ គឺ​អ្នក​ខ្លួន​ឯង​ត្រូវ​ខំ​ប្រឹង​ធ្វើការ​ និង​ជឿ​ជាក់​លើ​សមត្ថភាព​របស់​ខ្លួន។​ សូម​កុំ​គិត​ថា​ មាន​អ្វី​មួយ​ដែល​អ្នក​មិន​អាច​ធ្វើ​បាន​នោះ​ទេ​ អ្នក​ត្រូវ​គិតថា​ អ្នក​ពិត​ជា​អាច​ធ្វើបាន​ ហើយ​ខំប្រឹង​ដើម្បី​សម្រេច​បាន​នូវអ្វី​ដែល​អ្នក​ចង់​បាន៕

XS
SM
MD
LG