ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកជំនាញ​ស្នើ​កម្ពុជា​ពង្រីក​ទីផ្សារ​ក្នុង​តំបន់​ក្រៅពី​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក


អ្នកស្រី Arancha Gonzalez នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​ផ្តល់ បទសម្ភាសន៍​ជាមួយ​ VOA Khmer នៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១២ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

អ្នកស្រី​ Arancha Gonzalez ​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​​និយាយ​ពី ស្ថានភាព​​នៃការ​ដោះដូរ​ពាណិជ្ជ​កម្ម​នៅ​កម្ពុជា​​​ និង​ការលើក​កម្ពស់​ស្រ្តី​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម​​​​ សហគ្រិនភាព ​និង​បច្ចេក​វិទ្យា។

កំណត់​និពន្ធ​៖ នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន​ ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ​ កាល​ពី​សប្តាហ៍​មុន​ អ្នកស្រី​ Arancha Gonzalez ​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់កញ្ញា​ខាន់ សុគុំ​មនោ​ និង​កញ្ញា​ ហ៊ាន​ សុ​ជា​តា​ នៃ​ VOA ​អំពី​ស្ថានភាពនៃការ​ដោះដូរ​ពាណិជ្ជ​កម្ម​នៅ​កម្ពុជា​ និង​ការលើក​កម្ពស់​ស្រ្តី​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម សហគ្រិនភាព ​និង​បច្ចេក​វិទ្យា។ ខាងក្រោម​នេះ​ជាកិច្ច​សន្ទនា​ភាគ​ទី​១ជាសំឡេង និង​ខ្លឹមសារ​នៃ​កិច្ចសន្ទនា ដែល​ត្រូវបាន​បក​ប្រែជា​ភាសាខ្មែរ៖​

VOA៖ កាលពី​ដើម​ឆ្នាំ​២០១៧​ អ្នកស្រី​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា ​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា។​ នៅ​ពេល​នោះ​អ្នកស្រី​បាន​គាំ​ទ្រ​ឲ្យ​កម្ពុជា​ចាប់​ផ្តើម​ដំណើរ​វិភាគ​ទៅ​លើ​ផល​ប៉ះពាល់​នៅ​ក្នុង​វិស័យ​កាត់ដេរ​។​ ហេតុអ្វី​បាន​ជា​អ្នក​ស្រី​គិតថា​ ការ​វិភាគ​ទៅ​លើ​ផល​ប៉ះ​ពាល់​ វា​មាន​សារៈ​សំខាន់​ក្នុង​ពេល​នេះ?​

Arancha៖ ចា៎!​ ពិត​ណាស់​ នៅ​ដើម​ឆ្នាំ​នេះ​ លោក​ ប៉ាន​ ​សូរស័ក្ត​ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ប្រាប់​ខ្ញុំថា​សហរដ្ឋ​អាមេរិក​បាន​បង្កើន​នូវ​តម្រូវ​ការ​នាំចូល​ ពី​ប្រទេស​កម្ពុជា។ ​ហេតុនេះ​ហើយ លោក​ ប៉ាន​ សូរស័ក្ត​ ចង់​សហការ​ជាមួយ​ មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​អន្តរជាតិ​ ដើម្បី​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​ទំនាក់​ទំនង​ ពាណិជ្ជ​កម្ម​ដែល​សហរដ្ឋ​អាមេរិក​ផ្តល់​ឲ្យ​កម្ពុជា​នេះ​។

លោក ​ប៉ាន សូរស័ក្ត​ ក៏​ចង់ស្វែង​យល់​បន្ថែម​អំពី​ឱកាស​ សម្រាប់​ការ​នាំចេញ​របស់​កម្ពុជា​ទៅ​កាន់​កន្លែង​ផ្សេង​ទៀត​ផង​ដែរ។​ អ្នកដឹង​ទេ​ថា​ អ្វី​ដែល​កម្ពុជា​បាន​នាំ​ចេញ​កន្លង​មក​ គឺ​ទំនង​ផ្តោត​ជា​សំខាន់​ទៅ​លើ​តែ​ទី​ផ្សារ​សហរដ្ឋ​អាមេរិក​ និង​អឺរ៉ុប​ប៉ុណ្ណោះ​ ទាំង​វិស័យ​វាយ​នភ័ណ្ឌ​និង​សម្លៀក​បំពាក់។​ ហេតុនេះ​ អ្វី​ដែល​គួរតែ​ចាប់អារម្មណ៍​នោះ​គឺ ​យើង​គួរតែ​ក្រលេក​ទៅ​មើល​ការគាំ​ទ្រ​អត្តសញ្ញាណ​ពាណិជ្ជ​កម្ម កម្ពុជា​ដែល​មាន​គុណ​សម្បត្តិ​ជាច្រើន​ ចំពោះ​ផលិត​ផល​ ទឹក​ផ្លែ​ឈើ ​ផ្លែឈើ ​និងបន្លែ​ជាដើម​ ដែល​ទាំង​នោះសុទ្ធ​តែអាច​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​បាន​ផងដែរ។​

VOA៖ តើ​អ្នកស្រី​អាច​បញ្ជាក់​បានទេ​ថា​តើ​ អ្វីខ្លះ​ទៅ​ដែល​ជា​ធាតុផ្សំ​ ឬ​លក្ខន្តិកៈ​ដែលបាន​កំណត់​នៅក្នុង​ការ​វិភាគ​លើផល​ប៉ះពាល់​នៅ​ក្នុងវិស័យ​កាត់ដេរ​នោះ?

Arancha៖ ការ​ពិភាក្សា​នោះ​មិន​ផ្តោត​សំខាន់​តែ​ទៅលើ​ការវិភាគ​នៅក្នុង​វិស័យ​វាយនភ័ណ្ឌ ​និង​សម្លៀក​បំពាក់​ថា​តើវា​ប៉ះពាល់​យ៉ាងណា​ខ្លះ​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា​នោះ​ទេ។ មែនទែន​ទៅ​យើង​សង្កត់​ធ្ងន់​ទៅ​លើ​ថា​តើ​កម្ពុជា​គួរធ្វើ​យ៉ាងណា​ដើម្បី​បើកទូលាយ​នូវ​ឱកាស​ថ្មីៗ​ សម្រាប់​សហគ្រាស​ខ្នាតតូច​ និង​មធ្យម​។​ ហើយអ្វី​ដែលគួរ​ឲ្យចាប់​អារម្មណ៍​មួយទៀត​ នោះ​គឺ​ ខ្ញុំ​ក៏​បានជជែក​ពិភាក្សា​ជាមួយ​លោក ​នាយក​រដ្ឋមន្ត្រីហ៊ុន សែន​ នា​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ផង​ដែរ។ ក្រុម​ហ៊ុន​នៅ​កម្ពុជា​ភាគច្រើន ​គឺ​សហគ្រាស​ខ្នាត​តូច ​និង​មធ្យម។

ក៏​ប៉ុន្តែ​ក្រុម​ហ៊ុន​ទាំង​នោះ ភាគ​ច្រើន​ មិន​បាន​ធ្វើ​ការ​នាំចេញ​ផលិតផល​ទៅក្រៅ​ប្រទេស​នោះ​ទេ។ ពួកគេ ​កំណត់​យក​ត្រឹម​តែ​ទីផ្សារ​ក្នុង​ស្រុក​ដែល​មាន​អ្នក​ទិញជា​ពលរដ្ឋ​កម្ពុជា ​ត្រឹម​១៥លាន​នាក់​ប៉ុណ្ណោះ ។ ហេតុនេះ​សំណួរ​ដែល​កម្ពុជា​សួរ​ថា​យើង​អាច​ជួយ​អ្វី​ខ្លះ​ដល់​កម្ពុជា ​ចម្លើយ​នោះ​គឺ​ទីផ្សារ​នៅ​កន្លែង​ណា​ផ្សេង​ទៀត​ដែល ​កម្ពុជា​អាច​ធ្វើ​ឲ្យ​ទីផ្សារ​កាន់តែ​សម្បូរ​បែប ​ដើម្បី​ជួយ​ដល់​សហគ្រាស​ខ្នាតតូច ​និង​មធ្យម​របស់​កម្ពុជា​អាច​ឈាន​ជើង​ចូល​ក្នុង​ទីផ្សារ​អន្តរជាតិ​បាន។ ជា​ការ​ពិត​ណាស់​ យើង​បាន​ដឹង​ថា ​នា​ពេល​កន្លងមក​កម្ពុជា​បាន​នាំ​ចេញ​នូវ​សំលៀក​បំពាក់​ភាគច្រើន​ ប៉ុន្តែ​នេះ​គ្រាន់​តែជា​ផ្នែក​មួយ​ប៉ុណ្ណោះ។​

កម្ពុជា​នៅ​មាន​សក្តានុពល​ទៅ​លើ​វិស័យ​ដទៃ​ទៀត​ ជាអាទិ៍​សេវាកម្ម​ ដូចជា​សេវា​កម្ម​បែប​បច្ចេក​វិទ្យា​ និង​សេវាកម្ម​ផ្នែក​ទេសចរណ៍​ជាដើម។​ ដោយ​សារ​តែ​ទេសចរណ៍​នៅ​កម្ពុជា​កំពុង​មាន​ការ​កើនឡើង​គួរ​ឲ្យ​កត់​សម្គាល់​ ហេតុនេះ ​ចំណោទ​បញ្ហា​នៅ​ត្រង់​ថា ​គួរធ្វើយ៉ាងណា​ជួយ​ឲ្យ​កម្ពុជា​ទទួល​បានឱកាស​កាន់តែ​ប្រសើរ​ឡើង​ សម្រាប់​សហគ្រាស​ខ្នាតតូច​និង​មធ្យម​នៅ​កម្ពុជា​នោះ។

រូបឯកសារ៖ កម្មករកាត់ដេរ​ខ្មែរ​កំពុង​ធ្វើ​ដំណើរ​ទៅ​គេហដ្ឋាន​របស់​ពួក​គេ​វិញ​ក្រោយ​ពី​បញ្ចប់​ការងារ នៅ​ជាយ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
រូបឯកសារ៖ កម្មករកាត់ដេរ​ខ្មែរ​កំពុង​ធ្វើ​ដំណើរ​ទៅ​គេហដ្ឋាន​របស់​ពួក​គេ​វិញ​ក្រោយ​ពី​បញ្ចប់​ការងារ នៅ​ជាយ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

VOA៖ មក​ទល់ពេល​នេះ ​តើ​អ្នកស្រី​អាច​បញ្ជាក់​ទេថា​ តើ​ដំណើរ​ការ​នៃ​ការ​វិភាគនោះ​ដល់ណា​ហើយ?​

Arancha៖​ ដំណើរ​ការ​នោះ ​គឺ​នៅ​មិន​ទាន់​ចប់​នៅឡើយ​ទេ​ ​ហេតុនេះ​យើង​នឹង​ត្រឡប់​មក​ប្រាប់​អ្នក​វិញ​នៅ​ពេល​ដែល​យើង ​ទទួល​បាន​លទ្ធផល។​ យើង​រំពឹង​ថា​ នៅចុង​ឆ្នាំ​នេះ ​យើង​នឹង​មាន​លទ្ធផល​ខ្លះៗ​សម្រាប់​ការពិភាក្សា​បន្ត​ទៀត។

VOA៖​ ដោយសារ​តែ​កាល​នោះ​អ្នក​ស្រី​ក៏​បាន​ព្រម​ព្រៀង​ជាមួយ​កម្ពុជា​ក្នុង​ការព្រាង​សេចក្តី​ស្នើ​សុំ​ជំនួយ​បន្ថែម ​ដើម្បី​ឲ្យ​កម្ពុជា​អនុវត្ត ​កិច្ចព្រមព្រៀង​សម្រប​សម្រួល​ពាណិជ្ជកម្ម​ (TFA)។​ តើអ្នក​ស្រីអាច​បញ្ជាក់​ជា​លម្អិត​បាន​ទេ​នូវ​ដំណើរ​ការដាក់​សំណើរ​សុំជំនួយ​បន្ថែម​នេះ?

Arancha៖​ ដោយសារតែ​ អង្គការ​ពាណិជ្ជ​កម្ម​ពិភពលោក​ WTO​ បាន​យល់ព្រម​ឲ្យមាន​ការ​សម្រួល​ដល់​នីតិវិធី​ ដោយឡែក​ចំពោះ​សមាជិក​នីមួយៗ ​ដែល​គេ​ហៅ​ថា ​កិច្ច​ព្រម​ព្រៀង​សម្រប​សម្រួល​ពាណិជ្ជកម្ម​ (TFA)។ ​កិច្ចព្រមព្រៀង​នេះ គឺជា​ការ​កាត់​បន្ថយ​ចន្លោះ​ពី​១០ ​ទៅ​១៥​ភាគរយ​ ទៅ​តាម​បណ្តូរ​ ពាណិជ្ជកម្ម​នៅតាម​ច្រក​ព្រំដែន​ផ្សេងគ្នា។​ វាត្រូវ​ធ្វើឡើង​ដោយ​ប្រព័ន្ធ​ពន្ធគយ​ដោយ​ស្វ័យប្រវត្តិ។ យើង​មានច្រក​ចេញចូល​តែមួយ​ ដែល​យើង​នាំចេញ​នៅកន្លែង​តែមួយ​សម្រាប់​គ្រប់​នីតិវិធី​ទាំងអស់។​ វា​ខុស​ប្លែក​ពី​កិច្ចព្រមព្រៀង​ WTO ​មុនៗ ​កិច្ចព្រម​ព្រៀង​សម្រប​សម្រួល​ពាណិជ្ជកម្ម​ថ្មី​នេះ​មាន​ការយោគយល់ ​ច្រើន​ដល់​ប្រទេស​ជា​សមាជិក​ WTO ​ទាំងអស់​ដែល​មាន​ការលំបាក​ក្នុង​ការអនុវត្តកិច្ច​ព្រមព្រៀង​នោះ​ដោយ​ខ្លួនឯង។​ ពួកគេ​នឹង​ទទួល​បាន​ជំនួយ​ទាំង​ផ្នែក​បច្ចេកទេស​ និង​ថវិកា​ដើម្បី​អនុវត្ត​កិច្ច​ព្រមព្រៀង​នោះ។

យើង​មាន​អ្នក​ឯកទេស​ដែល​មក​កម្ពុជា ​ធ្វើការ​ជាមួយ​រដ្ឋា​ភិបាល​កម្ពុជា​សម្រាប់​កំណែទម្រង់​មួយ​ចំនួន។​ ក៏​ប៉ុន្តែ ​យើង​ក៏​មាន​បញ្ហា​ខ្លះៗ​ពាក់ព័ន្ធ​នឹង​ថវិកា​ផង​ដែរ​ ថ្វីបើ​ទំហំ​លុយ​នោះ​មិន​ច្រើន​ណាស់​ណាក៏​ដោយ។​ ជា​ឧទាហរណ៍ ការបង្កើត​ឲ្យ​មាន​ច្រក​ចេញ​ចូល​តែ​មួយ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណេត​ ដោយ​គ្រាន់​តែ​ចំណាយ​ទុន​ប៉ុន្មាន​ពាន់​ដុល្លារ​ប៉ុណ្ណោះ។វា​នៅ​តែ​មាន​ការ​វិនិយោគ​ដោយ​មិន​ស្ទាក់​ស្ទើរ​លើ​ការ​ចំណាយ​បែប​នេះ​ទេ ​ដោយ​សារតែវា​មាន​លទ្ធផល​ភ្លាមៗ ​ហើយ​ចំណាយ​តិច​សម្រាប់​សហគ្រាស​ខ្នាត​តូច ​និង​មធ្យមក្នុង​ការនាំចេញ​។​ ខ្ញុំ​មើល​ឃើញថា កម្ពុជា​ពិតជា​ទទួល​បាន​ផល​ចំណេញ​ច្រើន​ពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ។​ មិន​មែនតែ​កម្ពុជា​ទេ​ដែល​ទទួល​បានផល​ចំណេញ​ពី​កិច្ចព្រម​ព្រៀង​នេះ ​តែ​សមាជិក​ទាំងអស់​នៃ​ WTO ​គឺ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការអនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ។​

VOA៖​ តើអ្នកស្រី​យល់​ឃើញ​យ៉ាង​ណា​ដែរ​ចំពោះ​ដំណើរ​ការ​នៃ ​ពាណិជ្ជកម្ម​សេរី និង​ស្មើភាព​ ដែល​ប្រព្រឹត្ត​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​នានា​ ជាពិសេស​ក្នុង​វិស័យ​កាត់ដេរ?

Arancha៖​ ជា​ទូទៅ ​ខ្ញុំ​មិន​សូវ​ចូល​ចិត្ត​និយាយ​អំពី​ពាណិជ្ជកម្ម​សេរី​ទេ។ ​ខ្ញុំ​ចូលចិត្ត​និយាយ​អំពី​ពាណិជ្ជកម្ម​បើក​ចំហរ ព្រោះ​ថា​ពាក្យ​«សេរី»​ដូចជា​សំដៅ​ថា​យើង​ព្រម​ព្រៀង​ដោយ​មិន​ត្រូវ​មាន​វិន័យ​ ឬ​ករណី​លើកលែង​អ្វី​ទាំងអស់។ ហើយ​ខ្ញុំ​គិត​ថា​ ​វា​មិនមែន​មាន​ន័យ​ថា​គ្មាន​វិន័យ និង​ការ​លើក​លែង​អីចឹង​ទេ​។​ ខ្ញុំ​គិត​ថា​ពាណិជ្ជកម្ម​គួរតែ​បើក​ទូលាយ។​ វា​គួរតែ​កាត់បន្ថយ​នូវ​ឧបសគ្គ​នានា ​កាត់បន្ថយ​នូវ​តម្លៃ ​ក៏​ប៉ុន្តែ​វា​គួរតែ​មាន​ការការពារ ​និង​ធានា​ថា​យើង​ធ្វើ​ពាណិជ្ជកម្ម​ទៅលើ​ផលិត​ផល​ដែល​មាន​សុវត្ថិភាព និង​មិនមែន​ជា​ផលិតផល​ដែល​ពុល​ ដោយ​ស្ថិត​ក្រោម​វិន័យ​អប្ប​បរិមា​មួយ។​ ដូច​នេះ​បាន​ជា​ខ្ញុំ​និយាយ​អំពី​ពាណិជ្ជ​កម្ម​បើក​ចំហ។

យើង​ក៏​ឃើញ​ថា​ ​មាន​ការ​បើក​ចំហ​ពាណិជ្ជ​កម្ម​ទូលាយ​លើ​ផលិត​ផល​វាយនភណ្ឌនិង​សម្លៀក​បំពាក់ ​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូចជា​ ចិន​ ឥណ្ឌា ​តួកគី​ ឈីលី ​ជាដើម ​ហើយ​វា​ក៏​ជួយ​ដល់​កម្ពុជា​ដែរ​។ ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​ថា ​ជា​ទំនៀម​ទម្លាប់រៀង​មក​ ​ការនាំ​ចេញ​ផ្ទាល់​ពី​កម្ពុជា​ដ៏​សន្ធឹក​សន្ធាប់ ​សំដៅ​តែ​ទៅលើ​ទី​ផ្សារ​ ២ ​ប៉ុណ្ណោះ​គឺ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដោយសារ​តែ​ការវិនិ​យោគ​មកពី​ខាង​នោះគេ​មក​ជា​លក្ខណៈ​តំបន់​ក្នុង​ការរៀបចំ​សម្រួល​រោង​ចក្រ​ផលិតកម្ម​ នៅ​កម្ពុជា។ខ្ញុំ​យល់​ថា​ ពេល​នេះ​កម្ពុជា​គួរ​ក្រឡេក​មើល​ឱកាស​ធ្វើ​ពាណិជ្ជកម្ម​ឲ្យ​សម្បូរ​បែប​ជាមួយ​ប្រទេស​ផ្សេងៗ ​ទៀត​ក្នុង​ពិភព​លោក​។​

ទីផ្សារ​ក្នុង​តំបន់​អាស៊ាន​ក៏ធំ​ដែល​អាចឲ្យ​កម្ពុជា​ទាញ​យក​ប្រយោជន៍​បានដែរ ព្រោះ​បើ​យើង​មើល​ទៅ​ទី​ផ្សារ​នេះ​មាន​សក្តានុពល​ណាស់​ ហើយ​កម្ពុជា​ក៏មាន​ចំណែក​ក្នុង​ការ​ដោះ​ដូរ​ពាណិជ្ជ​កម្ម​ក្នុង​អាស៊ានដែរ​ ​តែ​វា​នៅ​តិច​តួច​នៅ​ឡើយ​។​ បើ​តាម​ការយល់​ឃើញ​របស់​ខ្ញុំ ​នៅ​មាន​ឧបសគ្គ​ផ្នែក​នេះ​បន្តិច​ ផ្នែក​នោះ​បន្តិច​ ប៉ុន្តែ​ប្រសិន​បើ​យើង​ពង្រីក​ទីផ្សារ​នោះ ​យើង​អាច​មាន​បញ្ហា​តិចតួច​ប៉ុណ្ណោះ​ ក្នុង​ការប្រើ​ពាណិជ្ជកម្ម​ដែល​មាន​ស្រាប់ ​និង​សម្បូរ​បែប​នោះ​ បង្កើត​ជា​ទីផ្សារ​ថ្មី​មួយ​។​

VOA៖ ដូចនេះ ​តើ​អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក​ និង​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​អន្តរជាតិ​ មាន​ជា​គំនិត​យោបល់​អ្វី​សម្រាប់​កម្ពុជា​ ពិសេស​អ្នក​បង្កើត​គោល​នយោបាយ​ ដើម្បី​ធានា​ឲ្យបាន​នូវ​តម្លា​ភាព​នៅក្នុង​សកម្មភាព​ពាណិជ្ជកម្ម?​

Arancha៖​ ខ្ញុំ​គិត​ថា​បញ្ហា​គឺ​នៅ​ត្រង់​ការ​កំណត់​ទីផ្សារ​ដែល​មាន​សក្ដានុភាព និង​ទាម​ទារ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​ដ៏​វៃឆ្លាត​ក្នុង​ការខិត​ទៅ​រក​ដំណោះ​ស្រាយ​បញ្ហា​ក្នុង​ទីផ្សារ​ទាំងនោះ។ វាជា​ការ​មិន​មាន​ការរីក​ចម្រើន​ទេ​ ដែល​យើង​ធ្វើ​ការងារ​ក្នុង​ទីផ្សារ​ដែល​យើង​ស្គាល់​ស្រាប់​ និង​នៅក្នុង​វិស័យ​ដែល​យើង​ដឹង​ស្រាប់។

ក៏​ប៉ុន្តែ​យើង​ក៏​ត្រូវការ​ក្រឡេក​ទៅ​មើល​ភាព​សម្បូរ​បែប។ វា​ជា​រឿង​ដ៏​ល្អ​ដែល​យើងមិន​ទុក​ស៊ុត​ដែល​យើង​មាន​នៅក្នុងកន្ត្រក​តែមួយ​។ យើង​គួរ​ទុក​ស៊ុត​ផ្សេងៗ​ទៀត ​របស់​យើង​ក្នុង​កន្ត្រក​ដទៃ​ពី​គ្នា។​ ​ប្រសិន​បើ​មាន​រឿង​អ្វី​មួយ​កើត​ឡើង​ក្នុង​ប្រទេស​ណា​មួយ អ្នក​អាច​ប្តូរ​ទៅ​រកស៊ី​នៅ​ប្រទេស​ផ្សេងៗ​ទៀត​ដែល​អាច​ផ្តល់​សក្តានុពល។ ដូច្នេះ​ ដំបូង​គឺ​ខ្ញុំ​យល់​ថា អ្នកគួរ​តែ​ដៅ​កំណត់ និង​វាស់វែង​ទីផ្សារ​ក្នុង​ស្រុក ​ដើម្បី​ពាំនាំ​អ្នកផលិត​របស់​អ្នក​ទៅ​កាន់​ទីផ្សារ​បរទេស​ផ្សេងៗ​ទៀត៕

XS
SM
MD
LG