ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចំណាយ​ថវិកា​ច្រើន​ហួសហេតុ​លើ​បុណ្យ​សព​លោក​សុខ អាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង


ទិដ្ឋភាពនៃពិធីបុណ្យសពរបស់ លោក សុខ អាន ប្រារព្ធតាមប្រពៃណី នៅគេហដ្ឋានលោក សុខ អាន នៅរាជធានីភ្នំពេញ​ ថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/ VOA)
ទិដ្ឋភាពនៃពិធីបុណ្យសពរបស់ លោក សុខ អាន ប្រារព្ធតាមប្រពៃណី នៅគេហដ្ឋានលោក សុខ អាន នៅរាជធានីភ្នំពេញ​ ថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/ VOA)

​ក្រុម​អ្នករិះគន់​ជាច្រើន​ ​បាន​រិះគន់​តាម​រយៈ​បណ្តាញ​សង្គម​និង​អ៊ីនធឺណិត​ រួម​ទាំង​ហ្វេសប៊ុក​ដ៏​ពេញនិយម​នៅ​កម្ពុជា។ ​ក្នុង​នោះ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ដ៏​មាន​ឥទ្ធិពល​នេះ​ ​បាន​ឡើង​ថា​​​​ ការ​ចាយ​វាយ​លើ​ពិធីបុណ្យ​សព​លោក​ សុខ អាន​ ​ដ៏​ច្រើ​នោះ​ ​គួរ​ត្រូវ​បាន​យក​ទៅ​ចំណាយ​លើ​កិច្ចការ​មនុស្សធម៌​ ​ពង្រឹង​វិស័យ​អប់រំ​ ​និង​កសាង​ផ្ទះសម្បែង​ដល់​ប្រជាពល​រដ្ឋ​ក្រីក្រ​ ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចអភិវឌ្ឍ​ប្រទេស។​

សព​លោក​ សុខ អាន ​អតីត​ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ និង​ជាមន្ត្រី​ជាន់​ខ្ពស់​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​បញ្ជូន​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់​ខ្ពស់របស់​គណបក្ស​កាន់​អំណាច ​និង​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី។​

សព​របស់​លោក​ សុខ អាន ​ត្រូវ​បាន​បញ្ជូន​ពី​ទីក្រុង​ប៉េកាំង​ ​ប្រទេស​ចិន​ មក​ដល់​រាជធានី​ ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​ជាមួយ​នឹង​ប្រតិកម្ម​រិះគន់​ ពាក់ព័ន្ធ​នឹង​ការ​ចំណាយ​លុយ​ច្រើន​សន្ធឹកសន្ធាប់​លើ​ពិធីបុណ្យ​របស់​លោក​ ដែល​រដ្ឋាភិបាល​គ្រោង​ចំណាយ​ ៣.០០០​លាន​រៀល​ ប្រហែល​ ៧៥ម៉ឺន​ដុល្លារ​អាមេរិក។​

​ក្រុម​អ្នករិះគន់​ជាច្រើន​ ​បាន​រិះគន់​តាម​រយៈ​បណ្តាញ​សង្គម​និង​អ៊ីនធឺណិត​ រួម​ទាំង​ហ្វេសប៊ុក​ដ៏​ពេញនិយម​នៅ​កម្ពុជា។ ​ក្នុង​នោះ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ដ៏​មាន​ឥទ្ធិពល​នេះ​ ​បានលើក​ឡើង​ថា ការ​ចាយ​វាយ​លើ​ពិធីបុណ្យ​សព​លោក​ សុខ អាន​ ​ដ៏​ច្រើ​ននោះ​ ​គួរ​ត្រូវ​បាន​យក​ទៅ​ចំណាយ​លើ​កិច្ចការ​មនុស្សធម៌​ ​ពង្រឹង​វិស័យ​អប់រំ​ ​និង​កសាង​ផ្ទះសម្បែង​ដល់​ប្រជាពល​រដ្ឋ​ក្រីក្រ​ ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចអភិវឌ្ឍ​ប្រទេស។​

រីឯ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ Twitter ​ក៏​បាន​ប្រតិកម្ម​ចំពោះ​ការ​ចំណាយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៅ​លើ​ពិធីបុណ្យ​សព​នេះ​ដែរ។​ កូនស្រី​ច្បង​ លោក​ ​កឹម សុខា​ ​គឺ​កញ្ញា​ កឹម មនោវិទ្យា​ ​អគ្គ​នាយករង​ផ្នែកទំនាក់​ទំនង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះជាតិ​បាន​ធ្វីត​ (Tweet) ឬសរសេរ​ក្នុង​គណនី​ Twitter​ របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក្នុង​ន័យ​ចំអក​ថា៖​តើ​នរណា​និយាយ​ថា​ កម្ពុជាក្រ?

កញ្ញា​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«លុយ​៧៥០.០០០​ដុល្លារ​អាមេរិក​ សម្រាប់ពិធី​បុណ្យសព​មក​ពី​ថវិកា​ជាតិ។​ នរណា​និយាយ​ថា​កម្ពុជា​ក្រ?»។

ក្រុម​អ្នករិះគន់​នៅ​លើ​បណ្តាញសង្គម​ ក៏​បាន​សម្តែង​ក្តី​ពេបជ្រាយ​ចំពោះ​ការស្លាប់​របស់​លោក​ សុខ អាន​ ដោយ​ពួកគេ​បាន​ រិះគន់​ថា​ លោក​ សុខ អាន ​ជា​បុគ្គល​ស្រឡាញ់​អំណាច​ លោភ​លន់​ និង​ពុករលួយ​ផងដែរ​ ដោយ​ហេតុលោក​ តែ​ម្នាក់​ឯង​បាន​កាន់​ការងារ​របស់​រដ្ឋ​ជា​ច្រើន​រាប់​ចាប់​ពី​កិច្ច​ការដ្ឋ​បាលរដ្ឋ​ វិស័យ​យុត្តិធម៌​ នយោបាយ​ ជំនួញ​ រហូត​ដល់​វិស័យ​វប្បធម៌​ជាដើម។​

លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រាប់​ VOA​ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ថវិកា​ដែល​ស្នើ​សម្រាប់​ រៀបចំ​ពិធី​បុណ្យ​សព​នោះ​ នឹង​មិនត្រូវ​បាន​ចាយ​វាយ​ទាំង​អស់​នោះ​ទេ ។​ លោក​អះអាង​ថា​ ថវិកា​នេះ​ គឺ​ជា​ការត្រៀម​បម្រុង​លើ​ការ​ចំណាយ​តែប៉ុណ្ណោះ​ ហើយ​រាជរដ្ឋា​ភិបាល​កម្ពុជា​ មាន​សិទ្ធិ​គ្រប់​គ្រាន់​លើការ​ចាត់​ចែង​រាល់​ការ​ចំណាយ​នេះ។

លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)
លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)

​លោក​ សុខ ឥសាន​ លើកឡើងថា៖​

«ទៅ​រិះគន់​ស្អីអា្ហ!​ ​អ្នករិះគន់​ វាចាំតែរិះគន់!​ លុយ​យក​មក​ ​លុយ​ប៉ុណ្ណឹង​ មាន​ចាយអស់​ប៉ុណ្ណឹង​ឯណា​ មិន​ដឹង​ជា​ចាយ​អស់​ប៉ុន្មាន​ គ្រាន់តែ​ខ្ចី​មក​ទុក​សិន​តើ​ ដើម្បី​ដោះស្រាយ​ការងារ​ចំពោះ​មុខ។​ ហើយ​អ្ហានេះ!​ ជា​សិទ្ធិសេរីភាព​របស់​រាជរដ្ឋាភិបាល​ ជា​សិទ្ធិ​អំណាច​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​បុរេប្បទាន​តើ។​ គ្រាន់តែ​ខ្ចីយក​មុខ​ទុកសិនដើម្បី​ត្រៀមចាយ​ ក្រែង​លោ​វា​មាន​បញ្ហា​ចៃដន្យ​ ហើយ​ត្រូវ​ចាយ​រត់​ទៅ​រក​ក្រដាស​ស្នាម​ឯណា?​ ទើបចាយលុយ​ ស្រាប់តែ​យើង​រត់​ទៅ​រក​ធនាគារ​ អាហ្នឹង​វា​ដែល​ទេ​ ចំថ្ងៃ​អាទិត្យ​ ហើយ​ធនាគារបិទ​ធ្វើម៉េច​ទៅ?»។​

លោក​បន្តថា​ ការ​ត្រៀម​ចំណាយ​ថវិកា​ច្រើន​លើសលុប​នេះ​ គឺ​ជា​រឿង​ធម្មតា​តែ​ប៉ុណ្ណោះ។​

«អញ្ចឹង​ អារឿង​នេះ​ វា​ជារឿង​ធម្មតា​ទេ​ ហើយ​អស់​លោក​ហ្នឹង​យក​រឿង​ធម្មតា​ មក​ធ្វើ​ជារឿង​ដែល​គាត់ទិតៀន»។​

លោក​ សុខ​ អាន​ ដែល​គេ​ដឹង​ថាបាន​កាន់​តួនាទី​ជា​ច្រើន​នៅ​ក្នុង​រដ្ឋបាល​របស់​លោក​ ហ៊ុន សែន​ បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ពុធ​ នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដោយ​រោគាពាធ​ ក្នុង​ជន្មាយុ​៦៦​ឆ្នាំ។​

លោក​ មាស នី ​អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ចអភិវឌ្ឍ​សង្គម​ ប្រាប់​ VOA ​ថា ​រដ្ឋ​មាន​សិទ្ធិ​ចំណាយ​លើ​ ពិធីបុណ្យ​សព​ឥស្សរជន​នយោបាយ​ ដែល​បាន​រួមចំណែក​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​ដូច្នេះ​ទឹក​ប្រាក់​ដែល​បាន​គ្រោង​នេះ​នឹង​មិន​មែន​ជា​បញ្ហា​ចម្បង​នោះ​ទេ។​ ក៏​ប៉ុន្តែ​ លោក​មាន​ក្តី​មន្ទិល​ចំពោះ​ខ្ទង់​ចំណាយ​របស់​រដ្ឋាភិបាល​ ថា​តើ​លុយ​ដែល​បាន​ស្នើសុំ​នោះ​នឹង​ត្រូវ​ចំណាយ​ទៅ​លើ​អ្វី​ ហើយតើ​វា​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ណា​ លើ​ថវិកា​របស់​ជាតិ។

«សម្រាប់​ទស្សនៈ​របស់​ខ្ញុំ​ ខ្ញុំ​មិន​ចាប់​អារម្មណ៍​លើ​ចំនួន​លុយ​ទេ ​ប៉ុន្តែ​ខ្ញុំ​ចាប់​អារម្មណ៍​ទៅ​លើ​ប្រពៃណី​មួយ​នៃ​ការ​ចាយលុយ​ដែល​មិន​មាន! ​ដែល​អត់មាន​បង្ហាញ​នូវ​ការ​ចំណាយ​ខ្ទង់​ចំណាយ​ច្បាស់លាស់​ ហើយ​ខ្ញុំ​គិត​ថា​ បើ​យើង​ឃើញ​ដាក់​មក​ គឺ ​៣.០០០​លាន​ ​[រៀល] ​វាៗ​ច្រើន​ណាស់​»។​

លោក​ សន ជ័យ​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​ប្រាប់​ VOA ​ថា​ រដ្ឋាភិបាល​មាន​ភាពលម្អៀង​ក្នុង​ការចាត់​ចែង​លើ​ពិធី​បុណ្យសព​របស់​មន្ត្រី​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​ ដោយ​លោក​បាន​សំដៅ​ទៅ​ពិធី​បុណ្យ​សព​របស់​លោក​ ប៉ែន សុវណ្ណ ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ ដែល​ត្រូវ​បាន​រើសអើង​ ​សម្បី​តែ​កន្លែង​បូជាសព​របស់​លោក។​ លោក​បន្ត​ថា​ រដ្ឋាភិបាល​ក៏​មិន​បាន​កំណត់​ឲ្យ​បាន​ច្បាស់​នូវ​ខ្ទង់​ចំណាយ​ សម្រាប់​ពិធី​បុណ្យសព​របស់​មន្ត្រី​រដ្ឋាភិបាល។​

«ខណៈពេល​ដែល​យើង​ឃើញ​ថា​ គ្រូបង្រៀន​ មន្ត្រី​រាជការ​ ឬ​ក៏​ប៉ូលិស​ ទាហាន​ដែល​ស្លាប់​ទៅ​នោះ​ ហាក់​បី​ដូច​ជា​ ទំហំ​ទឹកប្រាក់​ដែលត្រូវ​ជួយ​ដល់​បុណ្យសព​ហ្នឹង​ គឺ​ក្នុងចំនួន​ដែល​តិចតួច​។​ ប៉ុន្តែ​នៅ​ពេល​ដែល​ ឧប​នាយករដ្ឋមន្ត្រី​ ដូច​លោក​ សុខ​ អាន​ហ្នឹង​គាត់​ ស្លាប់​ស្រាប់​តែ​បាន​ ការ​ឯកភាព​ពី​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ដកលុយ​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ រហូត​ដល់​ចំនួន​ ប្រមាណ​ជា​ ​ជាង​ ៧០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ»។​

លោក​បន្ថែម​ថា​ ច្បាប់​មួយ​ស្តីពី​ការ​ចំណាយ​លើ​ពិធី​បុណ្យ​នានា​ដល់​មន្ត្រី​រដ្ឋាភិបាល​ គួរ​តែ​ត្រូវ​បាន​តាក់តែង​ដោយ​សភាជាតិ។​

យោង​តាម​ជីវប្រវត្តិ​សង្ខេប​របស់​លោក​ សុខ អាន​ ដែល​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ បាន​ឲ្យ​ដឹង​ថា​ លោក​ សុខ អាន​ កើត​នៅ​ថ្ងៃ​ទី​ ១៦​ ខែ​មេសា​ ឆ្នាំ​១៩៥០​ នៅ​ឃុំ​ព្រះបាទ​ជាន់ជុំ​ ស្រុក​គីរីវង់​ ខេត្ត​តាកែវ។​

ទិដ្ឋភាពនៃពិធីបុណ្យសពរបស់ លោក សុខ អាន ប្រារព្ធតាមប្រពៃណី នៅគេហដ្ឋានលោក សុខ អាន នៅរាជធានីភ្នំពេញ​ ថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/ VOA)
ទិដ្ឋភាពនៃពិធីបុណ្យសពរបស់ លោក សុខ អាន ប្រារព្ធតាមប្រពៃណី នៅគេហដ្ឋានលោក សុខ អាន នៅរាជធានីភ្នំពេញ​ ថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/ VOA)

ក្នុង​ជីវិត​ការងារ​លោក​ សុខ អាន​ បាន​បំពេញ​តួនាទី​ និង​កាន់​មុខតំណែង​ជា​ច្រើន​នៅ​ក្នុង​រដ្ឋាភិបាល​កម្ពុជា។​ លោក​ជា​អតីត​អ្នក​ការទូត​ ​សាស្ត្រាចារ្យ​ ​អ្នក​ការពារ​វប្បធម៌​ខ្មែរ​ ​និង​ជា​អ្នក​បើក​ផ្លូវ​ឲ្យ​មាន​ការ​កាត់ទោស​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ ហើយ​ក៏​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ និង​ កាន់កាប់​ក្រុម​ប្រឹក្សា​ ជាង​១០​ស្ថាប័ន ​ក្នុង​នោះ​មាន​អាជ្ញាធរជាតិ​អប្សរា​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា​ ប្រធាន​គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ រាជ​បណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ​ និង​ប្រធានក្រុមប្រឹក្សា​សាលា​ភូមិន្ទ​រដ្ឋបាល​ជាដើម។​

លោក​ ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទីស្តី​ការគណៈរដ្ឋ​មន្ត្រី​ បាន​ថ្លែងលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ក្រោយ​ការ​ស្លាប់​លោក​ សុខ អាន​ ថា លោក សុខ អាន បាន​ចែក​រំលែក​នូវ​បទពិសោធន៍​ជា​ច្រើន​ ក្នុង​កិច្ចការ​នយោបាយ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។ ​

លោក​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

​«ជាង​ដប់ឆ្នាំ ​ដែល​មាន​ឱកាស​ការងារ​ជាមួយ​ សម្តេច​ វិបុល​បញ្ញា​ សុខ អាន។ ​ខ្ញុំ​ជាមួយ​មន្ត្រី​ដទៃ​ទៀត ​គឺ​យល់​ប្រាកដ​ថា​ ទទួល​ចំណេះដឹង​ ទូលំទូលាយ​នូវ​នយោបាយ​ គោលការណ៍ យុទ្ធសាស្រ្ត​ និង​ជំហាន​យកប្រៀប​ និង​ការ​គ្រប់គ្រង​ស្ថានភាព​ជា​ដៃគូ ​នោះ​រាប់​ទាំង​ថ្នាក់ជាតិ​ និង​អន្តរជាតិ»។​

​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ កាល​ពី​ថ្ងៃពុធ​ ​បាន​ស្នើ​ថវិកា​ចំនួន​៧៥០.០០០​ដុល្លារ​ពី​ក្រសួង​សេដ្ឋកិច្ច ​សម្រាប់​រៀបចំ​ពិធី​បុណ្យសព​លោក​ សុខ អាន​ ហើយ​បាន​ក៏​ប្រកាសតែងតាំង​លោក​ ប៊ិន ឈិន​ ជា​ឧបនាយករដ្ឋ​មន្ត្រី​ទទួល​បន្ទុក ​ជារដ្ឋមន្ត្រី​ស្តីទី​ ​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ ជំនួស​ ​លោក​ សុខ អាន​ ដែល​បាន​ទទួល​មរណៈ។​

​លោក​ ប៊ិន ឈិន​ ក៏​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​បុណ្យសព​ លោក​ សុខ​ អាន ផងដែរ។​

​ក្រុម​មន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​ទាន់​អាច​បញ្ជាក់​ថាតើ​ឥស្សរជន​នយោបាយ​នៃគណបក្ស​កាន់​អំណាច​រូប​ណា​ ដែល​នឹង​មកកាន់តំណែង​ ជំនួស​លោក​ សុខ អាន​ នៅ​ទីស្តី​ការគណៈរដ្ឋ​មន្ត្រី​បាន​នៅ​ឡើយ​ទេ។​

​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​និង​រដ្ឋមន្ត្រី ​មួយ​ចំនួន​បាន​ចេញ​លិខិត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ​ ដោយ​បាន​ចូលរួម​រំលែក​ទុក្ខ​ជា​មួយ​ក្រុមគ្រួសារ​សព​លោក សុខ​ អាន។​ ក្រុម​មេ​ដឹកនាំ​នៃ​គណបក្ស​ប្រឆាំង​ ពុំទាន់​មាន​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ណាមួយ​ចំពោះ​ការស្លាប់​របស់​លោក​ សុខ អាន​នោះទេ។​

ដោយឡែក​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​បាន​ចេញសេចក្តី​ថ្លែងការណ៍​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួននៅ​ថ្ងៃ​ព្រហស្បតិ៍​ដដែល​នេះ​ ដើម្បី​សម្ដែង​នូវ​ការ​រំលែកទុក្ខ​ដ៏​ជ្រាល​ជ្រៅ​ជាមួយ​ក្រុម​គ្រួសារ​លោក​ សុខ អាន​ផងដែរ។​ ស្ថានទូត​សហរដ្ឋ​អាមេរិក​ ក៏​បាន​ចាត់​ទុក​ថា​ លោក​ សុខ​ អាន​ មាន​ជីវិត​ការងារ​គួរ​ឲ្យ​កត់​សម្គាល់​ ​នៅ​ក្នុង​វិស័យអប់រំ​ សេដ្ឋកិច្ច​ សាសនា​ ការអភិរក្ស​វប្បធម៌​ និង​វិស័យ​កាទូត។​

​ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់ថា លោក សុខ អាន​ បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​សាលាក្តី​ខ្មែរ​ក្រហម​ ក្នុង​តួនាទី​លោក​ ជាប្រធាន​ ក្រុម​ការងារ​របស់​សាលា​ក្តី​ខ្មែរ​ក្រហម។​

សព​លោក​ សុខ អាន​ នឹង​តម្កល់​ទុក​ក្នុង​រយៈពេល​បួន​ថ្ងៃ ​ហើយ​ការ​បូជាសព​របស់​លោក​ នឹង​ធ្វើ​ឡើង​នៅថ្ងៃ​ទី ១៩​ ខែ មិនា​ នៅវត្ត​បទុមវត្តី ​រាជធានី​ភ្នំពេញ។​

ស្របពេល​ដែល​ការ​ចំណាយ​បុណ្យសព​លោក​ សុខ អាន​ ​ដែល​គ្រោង​ថា​នឹង​ចាយ​អស់​ជិត​១លាន​ដុល្លារ​ ​អាមេរិកនោះ​ អ្នក​ជំនាញ​ខាង​ហិរញ្ញវត្ថុ​និយាយ​ថា​ ប្រជាជន​កម្ពុជា​ដែល​ភាគ​ច្រើន​ជា​កម្មករ​ត្រូវ​គេ​ដឹង​ថា​ រក​ចំណូល​បានត្រឹម​តែ​ជាង​ $២ដុល្លារ​អាមេរិក​ ឬ​ជាង​ ៨.០០០​រៀលប៉ុណ្ណោះ​ ក្នុងមួយថ្ងៃ។​ ប្រទេស​កម្ពុជា​ដ៏​ក្រីក្រ​មួយ​នេះ​ ក៏ត្រូវ​គេ​ដឹង​ថា នៅបន្ត​ពឹង​ផ្អែកលើ​កម្ចី​ពី​បរទេស​ និង​ជំនួយ​ដែល​ភាគច្រើន​បាន​មក​ពី​ប្រទេសចិន​ ហើយ​បំណុល​របស់​ប្រទេស​នេះ​ត្រូវ​គេ​ដឹងថា​មាន​ចំនួន​រាប់​រយ​លាន​ដុល្លារ​ផង​ដែរ៕

XS
SM
MD
LG