ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អតីត​ប្រធាន​យុទ្ធនាការ​បោះ​ឆ្នោត​របស់​លោក​ Trump ​ទទួល​បាន​ប្រាក់​រាប់​លាន​ដុល្លារ​ពី​ថៅ​កែ​អាលុយមីញ៉ូម​រុស្ស៊ី


លោក​ប្រធានាធិបតី Vladimir Putin (រូប​ស្តាំ) ចាប់​ដៃ​ជាមួយ​នឹង​លោក​ Oleg Deripaska ដែល​ជា​មហាសេដ្ឋី​អាលុយមីញ៉ូម​របស់​រុស្ស៊ី កាលពី​ថ្ងៃទី១៩ ខែកញ្ញា​ ឆ្នាំ២០១៤។

អតីត​ប្រធាន​យុទ្ធនាការ​បោះ​ឆ្នោត​របស់​លោក​ Trump ទទួលស្គាល់​ថា​ លោក​បាន​ធ្វើ​ការឲ្យមហា​សេដ្ឋី​អាលុយមីញ៉ូម​រុស្ស៊ី ក្រោម​កិច្ច​សន្យា​មួយ​ដែល​មាន​ប្រាក់​រាប់​លាន​ដុល្លារ កាល​ពី​១០​ឆ្នាំ​មុន ប៉ុន្តែ​លោក​បាន​ច្រាន​ចោល​ការ​អះ​អាងដែល​ថា​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​គឺ​ដើម្បី​ជំរុញ​ផល​ប្រយោជន៏​របស់​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin ។

លោក​ Manafort ដែល​ជា​ប្រធាន​យុទ្ធនាការ​បោះ​ឆ្នោត​របស់​លោក​ Trump ​កាលពីខែ​មីនា​ដល់​ខែ​សីហា​ឆ្នាំ​មុន​នោះ បាន​ថ្លែង​ប្រាប់​បណ្តា​ញ​ផ្សាយ​ព័ត៌មាន​អាមេរិក កាល​ពី​ថ្ងៃ​ពុធ​ថា លោក​បាន​ធ្វើ​ការ​ឲ្យ​លោក​ Oleg Deripaska កាលពី​ជិត​១០​ឆ្នាំ​មុន ជា​តំណាង​របស់​លោក ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ក្នុង​រឿង​ផ្ទាល់​ខ្លួន នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​លោកដាក់វិនិយោគទុន។ ប៉ុន្តែ​លោក Manafort ​បាន​ថ្លែង​ថា កិច្ច​ការ​របស់​លោក​មិន​ពាក់​ព័ន្ធ​ជាមួយ​ការតំណាង​ដល់​ផល​ប្រយោជន៏​នយោបាយរបស់​រុស្ស៊ី ដែល​គាំ​ទ្រ​លោក​ Putin នោះ​ទេ។

ការងារ​របស់​លោក​ Manafort ​ជាមួយ​លោក​ Deripaska ​ត្រូវ​បាន​ទី​ភ្នាក់​ងារ​ព័ត៌មាន​ AP ​បង្ហាញឲ្យ​ដឹង។ ទីភ្នាក់​ងារ​ព័ត៌មាន AP ​បានឲ្យ​ដឹងទៀត​ថា​លោក​ Manafort ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​មួយ​ឆ្នាំ​មាន​ទឹក​ប្រាក់​ចំនួន​១០​លាន​ដុល្លារ ជាមួយ​ប្រទេស​រុស្ស៊ី​កាល​ពី​ឆ្នាំ ២០០៦ ហើយ​មាន​ទំនាក់​ទំនង​ខាង​ជំនួញ​ជាមួយលោក​ Deripaska ​រហូត​ដល់​យ៉ាង​ហោច​ឆ្នាំ ២០០៩៕

XS
SM
MD
LG