ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហភាព​អឺរ៉ុប​ដាក់​សម្ពាធ​វៀតណាម​ឱ្យ​កែ​លម្អ​ការគោរព​សិទ្ធិ​មនុស្ស​មុន​ពេល​ផ្តល់​សច្ចាប័ន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម

  • Ralph Jennings

សកម្មជន Le Hien Duc ប្រឆាំង​នឹង​អំពើ​ពុករលួយ (រូប​ខាង​មុខ) និង​អ្នក​កាន់​សាសនា​កាតូលិក​កាន់​ភ្លើង​ទៀន​ក្នុង​ពេល​សូត្រ​ធម៌​មួយ​សម្រាប់​លោក​មេធាវី Le Quoc Quan នៅ​ព្រះ​វិហារ Thai Ha នៅ​ក្នុង​ក្រុង​ហាណូយ កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៣។

ប្រទេស​វៀតណាម​កំពុង​ស្ថិត​ក្រោម​ការ​ដាក់​សម្ពាធ​ពី​ក្រុម​សមាជិក​សភា​សហភាព​អឺរ៉ុប​ឱ្យ​កែ​លម្អ​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​មុន​ពេល​ទទួល​បាន​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប​ដែល​រដ្ឋាភិបាល​កុម្មុយនិស្ត​មួយ​នេះ​អាច​នឹង​ទទួល​បាន​ បន្ទាប់ពី​ខ្លួន​បាន​បាត់បង់​កិច្ច​ព្រមព្រៀង​ដ៏​សំខាន់​មួយ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក។

កាលពី​ចុង​ខែ​កុម្ភៈ​នេះ​ ក្រុម​សមាជិក​សភា​អឺរ៉ុប​បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​អំពី​ប្រទេស​វៀតណាម​ ស្រប​ពេល​ដែល​អនុគណៈកម្មាធិការ​ផ្នែក​សិទ្ធិ​មនុស្ស​បាន​បំពេញ​បេសកកម្ម​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ អនុ​គណៈកម្មាធិការ​នេះ​បាន​ផ្តល់​អនុសាសន៍​ឲ្យ​មាន​ការ​ជជែក​វែក​ញែក​បន្ថែម​លើ​សិទ្ធិ​នយោបាយ​ និង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ក្នុង​ប្រទេស​វៀតណាម​ និង​សាសនា។

សហភាព​អឺរ៉ុប​បារម្ភ​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​វៀតណាម

ការ​ខកខាន​ក្នុង​ការ​បំពេញ​តាម​លក្ខខណ្ឌ​ដ៏​តឹងរឹង​ស្តី​ពី​សិទ្ធិ​មនុស្ស​របស់សហភាព​អឺរ៉ុប​ ការ​ទទួល​បាន​សច្ចាប័ន​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​គឺ​ជា​ការ​លំបាក​ នេះ​បើ​យោង​តាម​សម្តី​របស់​ប្រធាន​អនុគណៈកម្មាធិការ​ដែល​បាន​ថ្លែង​នៅ​ទី​ក្រុង​ហាណូយ។ រដ្ឋាភិបាល​ប្រទេស​វៀតណាម​ មិន​បាន​ឆ្លើយតប​ដោយ​ត្រង់​ទៅនឹង​ការ​ថ្លែង​បែប​នេះ​ឡើយ។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ បាន​ចុះ​ហត្ថលេខា​នៅខែធ្នូ​ ឆ្នាំ២០១៥​ និង​ត្រូវ​ចាប់​អនុវត្ត​នៅ​ឆ្នាំ​ក្រោយ​នេះ​ ប៉ុន្តែ​ត្រូវ​ឆ្លងកាត់​សភា​សហភាព​អឺរ៉ុប​ក៏ដូច​ជា​សភា​នៃ​បណ្តា​សមាជិក​សហភាព​អឺរ៉ុប​ផងដែរ។ នៅ​ពេល​ដែល​សមាជិក​សភា​ប្រទេស​ប៊ែលហ្ស៊ិក​ធ្វើ​ការ​ពន្យល់​បកស្រាយ​កិច្ចព្រមព្រៀង​នេះ​នៅ​ខែ​មករា​ សមាជិក​សភា​មួយ​ចំនួន​បាន​ចោទ​ជា​សំណួរ​អំពី​ស្ថានភាព​សង្គម​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម។

លោក​ Frederick Burke ដែល​ជា​ដៃ​គូពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​មេធាវី​ពហុ​ជាតិសាសន៍​ឈ្មោះ Baker & McKenzie ក្នុង​ទីក្រុង​ហូជីមិញ​ បាន​និយាយ​ថា៖

«សមាជិក​សភា​ទាំង​នោះ​ មើល​ឃើញ​ពី​ភាព​ស្ទាក់ស្ទើរ​យ៉ាង​ខ្លាំង​ដែល​ថា​សភាជាតិ​នៃបណ្តា​ប្រទេស​សមាជិក​ទាំង២៧​ ព្រម​ផ្តល់​សច្ចាប័ន​លើ​កិច្ច​ព្រមព្រៀង​មួយ​នេះ។ ការណ៍​នេះ​ គឺជា​បញ្ហា​ប្រឈម​ក្នុងការ​ទទួល​បាន​សច្ចាប័ន​គ្រប់​ប្រទេស​សមាជិក​ទាំងអស់»។

សហភាព​អឺរ៉ុប​ចង់​ចូល​ទីផ្សារ​ក្នុង​ប្រទេស​វៀតណាម​ ស្រប​ពេល​ដែល​វៀតណាម​កំពុង​តែស្វែង​រក​ភាព​ឯករាជ្យ​ផ្នែក​សេដ្ឋកិច្ច​ពី​ប្រទេស​ចិន

សហភាព​អឺរ៉ុប​បាន​បន្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​វៀតណាម​ ដូច្នេះ​ការណ៍​នេះ​អាច​ធ្វើឲ្យ​សហភាព​អឺរ៉ុប​បោះ​ជំហាន​ចូល​ទីផ្សារ​ដៃគូ​របស់​ខ្លួន​ដែល​មាន​អ្នកមាន​កាន់​តែ​ច្រើន​ឡើង​និង​ដែល​មាន​ប្រជាជន​ប្រមាណ​៩៣​លាន​នាក់។ កិច្ច​ព្រមព្រៀងនេះ​ ក៏​នឹង​ឈាន​ទៅ​រក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សហភាព​អឺរ៉ុប​ជាមួយ​នឹង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ទាំង​១០ប្រទេស​ ដែល​ប្រទេស​វៀតណាម​ក៏​ជា​សមាជិក​នោះ​ផង​ដែរ។

ប្រទេស​វៀតណាម​ចង់​ឲ្យ​កិច្ចព្រមព្រៀង​នេះ​ក្លាយ​ជា​ចលករ​ជំរុញ​កំណើន​ការ​នាំ​ចេញ​របស់​ខ្លួន​ដើម្បី​ពង្រីក​វិសាលភាព​ទីផ្សារ​ និង​ចង់​បាន​ភាព​ឯករាជ្យ​ផ្នែក​សេដ្ឋកិច្ច​ពី​ប្រទេស​ចិន​ ដែល​ជា​គូប្រជែង​ផ្នែក​នយោបាយ​ជា​យូរ​ណាស់​មក​ហើយ។

កិច្ចព្រមព្រៀង ​TPP បាន​ផុត​រលត់​ក្នុង​រដ្ឋបាល​លោក Trump

ប្រទេស​វៀតណាម​ធ្លាប់​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀងដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ឬ ហៅកាត់​ថា​ TPP ដែល​ជា​កិច្ចព្រមព្រៀង​លុប​ចោល​ពន្ធ​នាំ​ចូល​ផលិតផល​ទៅ​កាន់​ប្រទេស​ជប៉ុន និង​សហរដ្ឋ​អាមេរិក។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ បាន​ត្រូវ​ផុត​រលត់​បន្ទាប់​ពី​ប្រធានាធិបតី​ស.រ.អា. លោក Donald Trump ដក​សហរដ្ឋ​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នេះ​កាលពី​ខែ​មករា។

កិច្ចព្រមព្រៀង​សហភាព​អឺរ៉ុប​-វៀតណាម​ មាន​ទឹក​ប្រាក់​ប្រហែល៤០,១​ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ ប្រទេស​វៀតណាម​ ចាត់​ទុក​ទីផ្សារ​សហភាពអឺរ៉ុប​ដែល​មាន​មនុស្ស​ប្រមាណ​៥០០ លាននាក់​ ជា​ដៃ​គូពាណិជ្ជកម្ម​ទី៣ បន្ទាប់ពី​ប្រទេស​ចិន​ និង​សហរដ្ឋ​អាមេរិក។

លោកស្រី​ Hoang Viet Phuong ប្រធាន​ផ្នែក​ស្រាវជ្រាវ​ស្ថាប័ន​ និង​ជាទីប្រឹក្សា​ផ្នែក​វិនិយោគ​នៃ​ក្រុមហ៊ុន​សេវាសន្តិសុខ​ SSI ក្នុងទី​ក្រុង​ហាណូយ​ បាន​និយាយ​ថា៖

«ប្រសិនបើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ត្រូវ​បាន​គេ​ផ្តល់​សច្ចាប័ន​ វា​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ច្រើន​ណាស់។ ការ​ផ្តល់​សច្ចាប័ន​កាន់​តែ​ឆាប់​ វា​កាន់​តែ​ប្រសើរ​សម្រាប់​ប្រទេស​វៀតណាម»។

អ្នក​ទេសចរ​ម្នាក់​ដើរ​កាត់​ហាង​សម្លៀកបំពាក់​មួយ​នៅ​ក្នុង​ក្រុង​ហាណូយ កាលពី​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤។

អ្នក​ទេសចរ​ម្នាក់​ដើរ​កាត់​ហាង​សម្លៀកបំពាក់​មួយ​នៅ​ក្នុង​ក្រុង​ហាណូយ កាលពី​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤។



កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប​ជួយ​ការ​នាំ​ចេញ​សម្លៀកបំពាក់​ និង​វាយនភ័ណ្ឌ​របស់​វៀតណាម​

លោកស្រី​បាន​បន្ត​ថា៖

«វា​មិន​គួរ​ជា​បញ្ហា​ចោទ​ទេ ពី​ព្រោះ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​គេ​ចុះ​ហត្ថលេខា​រួច​ទៅ​ហើយ។ ខ្ញុំ​គិត​ថា​ យើង​ទាំងអស់​គ្នា​មាន​ការ​រំពឹង​លើ​កិច្ចព្រមព្រៀង​ TPPនេះ ច្រើន​ណាស់ ប៉ុន្តែ​នៅ​ពេល​ដែល​ TPP មិន​បាន​បំពេញ​សម​នឹង​ការ​រំពឹង​នោះ​ កិច្ចព្រមព្រៀង​ FTA ក៏​នឹង​អាច​ជួយ​ពួក​យើង​ផង​ដែរ។ យើង​អាច​នាំ​ចេញ​ផលិតផល​ទៅ​កាន់​សហភាព​អឺរ៉ុប​ច្រើន​ណាស់​ តួយ៉ាង​ក្នុង​វិស័យ​សម្លៀកបំពាក់​ និង​វាយនភ័ណ្ឌ»។

កិច្ចព្រមព្រៀង​នេះ​នឹង​លុបចោល​ស្ទើរ​រាល់​ពន្ធ​នាំ​ចូល​ទាំងអស់​ក្នុង​រយៈពេល​៧ឆ្នាំ និង​បើក​ទ្វារ​ឲ្យ​ប្រទេស​វៀតណាម​ប្រើប្រាស់​សេវា​នានា​ក្នុង​សហភាពអឺរ៉ុប​ តួយ៉ាង​សុខាភិបាល​ ការ​វេចខ្ចប់​ និង​ការ​តាំង​បង្ហាញ​ផលិតផល​ផ្សេងៗ។

អស់រយៈ​ពេល​ជិត​១ឆ្នាំ​មុន​ពេល​គណៈកម្មាធិការ​សភា​សហភាព​អឺរ៉ុប​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ក្រុម​អ្នក​តស៊ូ​មតិ​បារាំង​ដែល​មាន​ឈ្មោះ​ថា ចលនា​ពិភពលោក​សម្រាប់​សិទ្ធិ​មនុស្ស​ ឬ «Worldwide Movement for Human Rights» បាន​ចោទ​ប្រកាន់​សហភាព​អឺរ៉ុប​លើ​ការ​បរាជ័យ​ក្នុង​ការ​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​ការ​អនុវត្ត​សិទ្ធិ​មនុស្ស។

ការ​ទាមទារ​សិទ្ធិ​មនុស្ស​ដ៏​ខ្លាំងក្លា​ ក៏ប៉ុន្តែ ពាក្យពេចន៍​មាន​លក្ខណៈ​ស្រាល​ជាង​ពាក្យពេចន៍​ក្នុង​កិច្ចព្រមព្រៀង TPP

យោង​តាម​ លោក Mauro Petriccione ប្រធាន​ក្រុម​អ្នក​សម្របសម្រួល​ការងារ​សហភាព​អឺរ៉ុប​ ដែល​បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ឆ្នាំ​មុន​ថា កិច្ចព្រម​ព្រៀង FTA មាន​រួម​បញ្ចូល​ទាំង «ការប្តេជ្ញា​មុះមុត​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​នៅ​កន្លែង​ធ្វើ​ការ​ សិទ្ធិ​មនុស្ស​មាន​លក្ខណៈ​ទូលំទូលាយ​ និង​ការការពារ​បរិស្ថាន»។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ ភាសា​នៃ​កិច្ចព្រមព្រៀង​សហភាព​អឺរ៉ុប​ មាន​ភាពស្រាល​ជាង​អត្ថបទ​ឆ្លើយឆ្លង​ក្នុង​កិច្ចព្រមព្រៀង​ TPP នេះ​បើ​តាម​សម្តី​របស់​លោក​ Burke។

កិច្ចព្រមព្រៀង​ TPP ធ្លាប់​តម្រូវ​ឲ្យ​មាន​ការ​កែ​ប្រែ​ការ​គាំទ្រ​សហជីព​ក្នុង​ច្បាប់​ការងារ​របស់​វៀតណាម​ ក្នុង​គោលដៅ​បញ្ឈប់​ការ​កេងប្រវ័ញ្ច​កម្មករ និង​បង្ខំ​ឲ្យ​ឧស្សហកម្ម​ធុន​ធ្ងន់​បង់​ថ្លៃ​ផាក​ពិន័យ​ប្រសិនបើ​ការ​គ្រប់គ្រង​កាក​សំណល់​ពុល​ធ្វើ​ឲ្យ​ខូចខាត​លើ​ប្រយោជន៍​ពាណិជ្ជកម្ម​ ដែល​អ្នក​រំលោភបំពាន​នឹង​ត្រូវ​ប្រឈម​ការ​បង់​ពន្ធ​បន្ថែម។

លោក​ Burke បាន​បន្ត​ថា៖

«កិច្ចព្រមព្រៀង​ FTA របស់​សហភាព​អឺរ៉ុប​ មិន​បាន​ចែង​ច្បាស់​ដូច​កិច្ច​ព្រមព្រៀង​ TPP ទេ។ ការ​ប្រើ​ប្រាស់​ភាសា​ មិន​មាន​លក្ខណៈ​ចាប់​បង្ខំ​លើ​បុគ្គល​ឡើយ។ វា​មាន​លក្ខណៈ​ផ្អែក​លើ​សុឆន្ទៈ​ និង​ឆន្ទៈ​បុគ្គល​ក្នុងកា​រ​អនុវត្ត»។

ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​តែ​មាន​ជា​បន្ត​នៅ​ប្រទេស​វៀតណាម

រដ្ឋ​អំណាច​វៀតណាម​ បាន​ធ្វើ​ទុក្ខ​បុកម្នេញ​ និង​ចាប់​អ្នក​សរសេរ​ប្លុក​ និង​សកម្មជន​នយោបាយ​នានា​ជាច្រើន​ដាក់​ពន្ធនាគារ​ នេះ​បើ​យោង​តាម​ក្រុម​តស៊ូ​មតិ​សហរដ្ឋ​អាមេរិក​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch។ កម្មករ​មិន​អាច​បង្កើត​សហជីព​សម្រាប់​ពួកគេ​បាន​ឡើយ​ ហើយ​កសិករ​កំពុង​តែ​បាត់​បង់​ដី​ធ្លី​ដោយសារ​គម្រោង​អភិវឌ្ឍន៍​នានា នេះ​បើ​តាម​ការរាយការណ៍​របស់​ក្រុម​តស៊ូ​មតិ​នេះ។

ក្រុម​តស៊ូ​មតិ​សហរដ្ឋ​អាមេរិក​ ឈ្មោះ Open Doors បាន​លើក​ឡើង​ថា ប្រជាជន​ខ្លះ​ក្នុង​ចំណោម​ប្រជាជន​ប្រមាណ​៨លាន​នាក់​ដែល​ជា​គ្រិស្តសាសនិក​នៅក្នុង​ប្រទេស​វៀតណាម ត្រូវ​បាន​គេ​ចាប់​ខ្លួន​ពី​បទ​បង្ហាញ​ជំនឿ​សាសនា​របស់​ពួកគេ​ ពីព្រោះ​រដ្ឋាភិបាល​យល់​ឃើញ​ថា​ ជំនឿ​សាសនា​របស់​ពួកគេ​ «មាន​ជាប់ពាក់​ព័ន្ធ​នឹង​ឥទ្ធិពល​របស់​បរទេស»។

ដើម្បី​តម្រូវ​ចិត្ត​សមាជិក​សភា​សហភាព​អឺរ៉ុប ប្រទេស​វៀតណាម​ប្រហែល​ជា​នឹង​អនុម័ត​ច្បាប់​មួយ​ចំនួន​ ឬ​ក៏​ដោះលែង​អ្នក​ទោស​នយោបាយ​មួយ​ចំនួន​ជំនួស​ការ​កែប្រែ​ជា​ដុំកំភួន​នានា​ នេះ​បើ​តាម​សម្តី​របស់​លោក Carl Thayer ដែល​ជាអ្នកស្រាវជ្រាវអំពី​ប្រទេស​វៀតណាម​ និង​ជា​សាស្ត្រាចារ្យ​ចូល​និវត្តន៍​ដែល​ធ្លាប់​បង្រៀន​ផ្នែក​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ New South Wales ប្រទេស​អូស្ត្រាលី។

លោក​បាន​បញ្ជាក់ថា​ រដ្ឋាភិបាល​ក្រុង​ហាណូយ​ ធ្លាប់​បាន​ធ្វើ​ការ​កែប្រែ​ខ្លះ​នូវ​អ្វី​ដែល​គេ​តម្រូវ​ឲ្យ​ធ្វើ​មុន​ពេល​ខ្លួន​ចូល​ជា​សមាជិក​កិច្ចព្រមព្រៀង​ TPP។ ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​អាច​នៅ​តែ​បន្ត​រិះគន់​រដ្ឋាភិបាល​វៀតណាម​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ ក៏ប៉ុន្តែ ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក​ពេញ​ចិត្ត​នឹង​ការកែប្រែ​នោះ។

លោក​បាន​បន្តថា​៖

«ចម្លើយ​ដ៏​ពិតប្រាកដ​ គឺថា​ប្រទេស​វៀតណាម​នឹង​នៅ​តែ​ជម្នះ​ ប៉ុន្តែ មិន​ជម្នះ​ដោយ​បើក​ចំហរ​ដូច​ដែល​គេ​ធ្លាប់​ធ្វើ​ជាមួយ​ស.រ.អា.​នោះ​ទេ ពួកគេ​នឹង​អនុវត្ត​វិធីសាស្ត្រ​ធម៌​ត្រជាក់»៕

ប្រែ​សម្រួលដោយ​ កោះ សុគន្ធី

XS
SM
MD
LG