ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ឃ្លាំមើល​រំឭក​ពី​តួនាទី​សំខាន់ៗ​របស់​មន្ត្រី​ឃុំសង្កាត់​ មុន​ការ​បោះឆ្នោត

  • សុខ ខេមរា

លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារនិងសិទ្ធិមនុស្ស។ (រូបថត​ផ្តល់​ឲ្យ​លោក មឿន តុលា)

លោកមឿន តុលា ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​ប្រើប្រាស់​សន្លឹក​ឆ្នោត​របស់​ខ្លួន​ជ្រើស​មន្ត្រី​មូល ដ្ឋាន​ជា​ប្រធាន​ឃុំ​សង្កាត់​ និង​ក្រុមប្រឹក្សា​ឲ្យ​ស្របតាម​ការ​ចង់​បាន​របស់​ខ្លួន។

អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​បាន​និយាយ​ថា​ ការ​បោះ​ឆ្នោត​ជ្រើស​រើស​មេ​ឃុំ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ មាន​សារៈ​សំខាន់​ណាស់​ ពីព្រោះ​ថា​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​មាន​តួនាទី​ជួយ​ដល់​ពលរដ្ឋ​មូលដ្ឋាន​ផ្នែក​លិខិត​ស្នាម ​ជួយ​ដល់​ការ អភិវឌ្ឍន៍​ថ្នាក់​មូលដ្ឋាន​ ក្លាយជា​អង្គ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា​ ក្រុម ប្រឹក្សា​ស្រុក ​ខេត្ត​ រដ្ឋធានី​និងក្រុង​នៅ​ទូទាំង​ប្រទេស​ និង​រាប់​ទាំង​ការ​ជ្រើសរើស​ប្រធាន​ភូមិ​ជាដើម។​

នេះបើ​តាម​ការ​អះអាង​របស់​លោក​ មឿន តុលា ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ការងារ​ និង​សិទ្ធិមនុស្ស​ (Central) ​ដែល​ជា​វាគ្មិន​នៃ​កម្មវិធី​ Hello VOA នៅយប់​ថ្ងៃព្រហស្បតិ៍​ ទី៣០​ខែមីនា ​ឆ្នាំ​២០១៧។

លោក​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​ប្រើប្រាស់​សន្លឹក​ឆ្នោត​របស់​ខ្លួន​ជ្រើស​មន្ត្រី​មូល ដ្ឋាន​ជា​ប្រធាន​ឃុំ​សង្កាត់​ និង​ក្រុមប្រឹក្សា​ឲ្យ​ស្របតាម​ការ​ចង់​បាន​របស់​ខ្លួន។

លោក​ មឿន តុលា ​បានលើក​ឧទាហរណ៍​មក​បញ្ជាក់​ថា ​ការ​ជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា​ជា​រឿង​សំខាន់ ​ដោយសារ​ការ​តាក់តែង​ច្បាប់​នានា​ ដូចជា​ច្បាប់​អង្គការ​និង​សមាគម​ និង​ច្បាប់​គណបក្ស​នយោបាយ​ ដែល​សភា​គ្រប់គ្រង​ដោយ​បក្ស​មួយ​បាន​ផ្តល់​ការ​អនុម័ត​នោះ មិនត្រូវ​បាន​ផ្លាស់ប្តូរ​ឬច្រាន​ចោល​ចំណុច​ដែល​គេ​មិនចង់​បាន​នោះទេ​ នៅពេល​សមាជិក​ព្រឹទ្ធសភា​កាន់កាប់​គ្រប់គ្រង​ដោយ​គណបក្ស​តែមួយ​នោះ៕

XS
SM
MD
LG