ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ធនាគារ​ពិភពលោក៖ កំណើន​សេដ្ឋកិច្ច​​កម្ពុជា​ធ្លាក់ចុះ​ តែ​ប្រទេស​អាស៊ី​ខ្លះ​នៅ​រឹងមាំ


រូបឯកសារ៖ ស្លាក​យី​ហោ​ពាណិជ្ជកម្ម​ជា​ភាសា​អង់គ្លេស​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះសីហនុ​ ក្នុង​រាជធានី​ភ្នំពេញ​​ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា​/VOA)

លោក លី​ សូដេត ​អ្នកសេដ្ឋកិច្ច​ប្រចាំ​ប្រទេស​របស់​ធនាគារ​ពិភពលោក​នៅ​កម្ពុជា ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ការ​នាំ​ចេញ​​ទាប​គឺជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា។​

កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦​ ​ថយ​ចុះ​មកនៅ​ត្រឹម​៦,៩​ភាគរយ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ទៅ​មិញ។​ ការណ៍​នេះ​បន្ត​ជះឥទ្ធិពល​ដល់​កំណើន​សេដ្ឋកិច្ច​នៅក្នុង​ឆ្នាំ​២០១៨​ខាងមុខ ខណៈ​ដែល​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក​នៅ​តែ​មាន​ភាព​រឹងមាំ​និង​រីកចំរើន។ នេះ​បើ​តាម​របាយការណ៍​ និង​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​ធនាគារ​ពិភព​លោក (World Bank)​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

ការ​លើក​ឡើង​របស់​ក្រុមអ្នក​ជំនាញ​សេដ្ឋកិច្ច​ គឺ​ធ្វើ​ឡើង​ក្នុង​សន្និសីទ​វីដេអូ​មួយ​ពីប្រទេស​សឹង្ហបុរី​ជាមួយ​តំណាង​ធនាគារ​ពិភពលោក​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ីបូព៌ា និង​អាស៊ី​ប៉ាស៊ីហ្វិក​ដោយ​បាន​បង្ហាញ​ពី​កំណើន​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​ទាំង​នោះ ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០១៦​ដល់​២០១៩។

លោក លី​ សូដេត ​អ្នកសេដ្ឋកិច្ច​ប្រចាំ​ប្រទេស​របស់​ធនាគារ​ពិភពលោក​នៅ​កម្ពុជា ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ការ​នាំ​ចេញទាប​គឺជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា។​ លោក​បន្ថែម​ថា​ ​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​កំណើន​ផលិតភាព​ ​ដើម្បី​បង្កើន​ការ​នាំចេញ តាមរយៈ​ការ​សម្រួល​ឲ្យ​ថ្លៃ​ដើម​ផលិត​ថយ​ចុះ ជា​ពិសេស​ការ​ទប់​ស្កាត់​ពលករ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស ដែល​លោក​ថា ​ជា​កម្លាំង​ដ៏​សំខាន់​ក្នុង​ការ​បង្កើន​ការ​ផលិត។​

លោក​បញ្ជាក់​ថា៖

​«កាលណា​យើង​ទម្លាក់​ Input Cost គឺយើង​ទម្លាក់​តម្លៃ​ដើម ​អីចឹង​ទម្លាក់​តម្លៃ​ដើម​ យើង​អាច​នាំ​ចេញ​បាន​ច្រើន​ជាង​មុន។ បើ​រឿង​ទាក់ទង​រឿង​ភ្លើង ទាក់ទង​រឿង​ការ​ដឹកជញ្ជូន​អី សុទ្ធ​តែរឿង​ធ្វើ​ឲ្យ​ថ្លៃ​ដើម​យើង​ខ្ពស់។ ខាង​រដ្ឋាភិបាល​បង្កើន​ផលិត​ភាព ​បាន​ន័យ​ថា គាត់​ជួយ​សម្រួល​ទំនិញ​ចេញ​ចូល​ហ្នឹង​ល្អ​ជាង​មុន។ ដូចគ្នា​អីចឹង​ ដោយសារ​បុគ្គលិក​ខាង​ឯកជន​ក៏​គាត់​ធ្វើការ​បាន​ផលិត​ផល​ច្រើន​ជាង​មុន អីចឹង​គឺ​យើង​បង្កើន​ផលិត​ភាព។ ពេល​ហ្នឹង​ហើយ​ដែល​ឲ្យ​យើង​អាច​ឲ្យ​មាន​និរន្តរភាព​ការ​នាំ​ចេញ​របស់​យើង»។​

កំពង់ផែនាំចេញនាំចូល​ទំនិញ​ដ៏​ធំ​មួយ​របស់​តំបន់​អាស៊ី នៅទីក្រុង​រ៉ុងហ្គូន ប្រទេសមីយ៉ាន់ម៉ា។

កំពង់ផែនាំចេញនាំចូល​ទំនិញ​ដ៏​ធំ​មួយ​របស់​តំបន់​អាស៊ី នៅទីក្រុង​រ៉ុងហ្គូន ប្រទេសមីយ៉ាន់ម៉ា។

តាម​របាយការណ៍​«បច្ចុប្បន្នភាព​សេដ្ឋកិច្ច​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក» ដែល​ចេញ​ដោយ​ធនាគារ​ពិភព​លោក នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឲ្យ​ដឹង​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦ កើន​ត្រឹម​៦,៩​ភាគរយ ទាប​ជាង​ឆ្នាំ​២០១៥ ដែល​មាន​ការ​កើន​ឡើង​៧ភាគរយ។ ធនាគារ​ពិភព​លោក​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ការ​ថយ​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​នេះ ​កើត​ឡើង​ដោយសារ​ការ​នាំចេញ​សម្លៀក​បំពាក់​ថយ​ចុះ កង្វះ​សមត្ថភាព​របស់​រដ្ឋាភិបាល ផល​ប៉ះពាល់​ពី​ការ​កើន​ឡើង​នៃ​អត្រា​ការ​ប្រាក់​នៅ​សហរដ្ឋ​អាមេរិក​ និង​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ពាណិជ្ជកម្ម​សាកល។

ក្នុង​របាយការណ៍​ដដែល ក៏​បាន​បញ្ជាក់​ថា ការ​នាំចេញ​ផលិត​ផល​សម្លៀក​បំពាក់​ថយ​ចុះ​ពី​ប្រមាណ ១២% ​ក្នុង​ឆ្នាំ២០១៥ មក​នៅ​ត្រឹម​ជាង​៨% ក្នុង​ឆ្នាំ​២០១៦ ការ​ធ្លាក់​ចុះ​នៃ​វិស័យ​ទេសចរណ៍​ពី៦%​ នៅ​ឆ្នាំ​២០១៥ មក​នៅ​ត្រឹម៥% នៅ​ឆ្នាំ​២០១៦ ដោយសារ​កម្ពុជា​ពុំ​សូវ​មាន​ភាព​ជោគជ័យ​ក្នុង​ការ​រៀប​ចំ​កន្លែង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​លើស​ពី​តំបន់​ប្រាសាទ​អង្គរ។

របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក (World Bank)​នេះ ក៏​បាន​បន្ត​ថា មូលហេតុ​នៃ​ការ​ថយ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ថា​ ​បណ្តាល​មកពី​ការ​កើន​ឡើង​នៃ​ថ្លៃ​ពលកម្ម​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​កើន​ឡើង​ថ្លៃ​ចំណាយ​ក្នុង​ការ​រស់នៅ ប្រាក់​ដុល្លារ​អាមេរិក​ឡើង​ថ្លៃ និង​ការ​ប្រកួត​ប្រជែង​ពី​ប្រទេស​ដទៃ​ទៀត​ដែល​មាន​តម្លៃ​ពលកម្ម​ថោក ជាពិសេស​ពី​ប្រទេស​ភូមា ដែល​បាន​បន្ត​ដាក់​សម្ពាធ​ដល់​ការ​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់​របស់​កម្ពុជា។​

ក៏ប៉ុន្តែ របាយ​ការណ៍​ដដែល​នោះ ​បា​នលើក​ឡើង​ពី​កំណើន​សេដ្ឋកិច្ច​ ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​ក្នុង​តំបន់​អា​ស៊ីបូព៌ា​ដែល​ត្រូវ​បានគេ​រំពឹង​ថា នឹង​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ​ក្នុង​រយៈពេល​៣​ឆ្នាំខាង​មុខ ដោយ​សារ​បរិមាណ​តម្រូវ​ការ​ក្នុង​ស្រុក​មាន​ភាព​ល្អ​ប្រសើរ និង​ការ​ងើប​ឡើង​វិញ​បន្តិច​ម្តងៗ​នៃ​សេដ្ឋកិច្ច​ពិភពលោក។​

អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៃ​ធនាគារ​ពិភព​លោក​បាន​ផ្តល់​យោបល់​ក្នុង​របាយការណ៍​នោះ​ថា ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​អត្រា​ថេរ កម្ពុជា​គួរ​បង្កើន​ផលិតភាព​របស់​ខ្លួន​ តាម​រយៈ​ការ​ពង្រឹង​ស្ថាប័ន​រដ្ឋ ​និង​ឯកជន ​ការ​បង្កើន​ការ​វិនិយោគ​មូលធន​ដែល​បាន​និង​កំពុង​ធ្លាក់​ចុះ។ ការ​លើក​កម្ពស់​ការ​គ្រប់គ្រង​វិនិយោគ​វិស័យ​សាធារណៈ ដើម្បី​ធានា​ប្រសិទ្ធភាព​ចំណាយ ជំរុញ​ការ​វិនិយោគ​ក្នុង​វិស័យ​គាំពារ​កំណើន និង​វិស័យ​គាំទ្រ​ដល់​ពលរដ្ឋ​ក្រីក្រ ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ ធារាសាស្ត្រ​ ការ​អប់រំ​ និង​ប្រព័ន្ធ​សុខាភិបាល​ជាដើម។

រូបឯកសារ៖ កម្មការិនីកំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។

រូបឯកសារ៖ កម្មការិនីកំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។

លោក មាស សុខសេនសាន អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រាប់​ VOA​ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​លោក​យល់​ស្រប​ចំពោះ​កត្តា​មួយ​ចំនួន​ដែល​ធនាគារ​ពិភព​លោក​បាន​លើក​ឡើង​ពាក់ព័ន្ធ​នឹង​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដូចជា​កម្លាំង​ពលកម្ម​ជាដើម។ ទោះជា​យ៉ាង​ណាក្តី ​លោក​ថា​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​មិនទាន់​អាច​បញ្ជាក់​ពី​ស្ថានភាព​ពិត​ប្រាកដ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​បាន​នៅ​ឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​លទ្ធផល​ដែល​ចេញ​ពី​អ្នក​ជំនាញ​របស់​ក្រសួង​ក្នុង​ពេល​ខាង​មុខ។​

លោក​ថា រដ្ឋាភិបាល​បាន​និង​កំពុង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ពង្រឹង​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា ដោយ​លោក​រំពឹង​ថា​ កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​ក្នុង​រយៈពេល​២​ទៅ៣​ឆ្នាំ​ខាង​មុខ ​នឹង​មាន​ការ​កើន​ឡើង។​

លោក​មាន​ប្រសាសន៍​ថា៖​

«២-៣ឆ្នាំ យើង​មិនគិត​ថា​មាន​បារម្ភ​អី​ទេ លើក​លែង​តែ​មាន​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​ពី​ខាង​ក្រៅ​ធ្ងន់ធ្ងរ​ដែល​ប៉ះពាល់​ដូច​ឆ្នាំ​២០០៨-២០០៩ ​អាហ្នឹង​យើង​ពិបាក​ព្យាករណ៍​ទុក​មុន​ដែរ។​ ប៉ុន្តែ​ជាទូទៅ​បើ​ក្នុង​ស្ថានភាព​បែប​ហ្នឹង​ដូចជា​មិន​មាន​បញ្ហា​អី​ត្រូវ​បារម្ភ​ទេ»។​

តាម​ការ​ព្យាករណ៍​របស់​ធនាគារ​ពិភព​លោក កំណើន​សេដ្ឋកិច្ច​ត្រឹម​៦,៩​ភាគរយ​ពី​ឆ្នាំ​២០១៦​ ដល់​២០១៨​នេះ ហើយ​នឹង​ត្រូវ​ថយ​ចុះ​ថែម​បន្តិច​ទៀត​ដល់​ត្រឹម​៦,៧​ភាគរយ​នៅ​ឆ្នាំ​២០១៩ ដោយសារ​ផល​ប៉ះពាល់​ពី​កត្តា​ក្រៅ​ប្រទេស និង​អាច​បណ្តាល​មកពី​ភាព​មិន​ប្រាកដ​ប្រជា​ទាក់ទង​នឹង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។​

ការ​បង្ហាញ​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​របស់​ធនាគារ​ពិភពលោក​គឺ​ខុសគ្នា​បន្តិច​ពី​លទ្ធផលរបស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB) ដែល​មាន​ប្រមាណ​ជា​៧.១% ​និង​លទ្ធផល​បឋម​របស់​រដ្ឋាភិបាល​កម្ពុជា ​តាម​រយៈ​ក្រសួង​ផែនការ​ក្នុង​រង្វង់​៧% ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ៕

XS
SM
MD
LG