ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​ថា​វិធានការ​ផ្លូវ​ច្បាប់​ជា​មធ្យោបាយ​ដាក់​សម្ពាធ​នយោបាយ​លើ​គណបក្ស​ប្រឆាំង


កម្មករ​ម្នាក់​ចោល​ដប​ភ្លើង​ក្រោយ​ពី​មាន​ការ​ប៉ះទង្គិច​ជាមួយ​ក្រុម​ប៉ូលិស​​ក្នុង​អំឡុង​ការ​តវ៉ា​មួយ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០១៤។ គណបក្ស​ទាំង​ពីរមាន​ការ​ខ្វែង​គំនិត​គ្នា​ចំពោះ​ថា​ភាគី​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ហិង្សា​​និង​ការ​ស្លាប់​មនុស្ស។ លោក​ ប្រេត អាដាំស៍​ (Brad Adams) ​នៃ​​​អង្គការ Human Rights Watch ថា​មេដឹកនាំ​គណបក្ស​ប្រឆាំង​មិន​ជាប់ទាក់ទង​នឹង​បាតុកម្ម​ហិង្សា​ទេ។
កម្មករ​ម្នាក់​ចោល​ដប​ភ្លើង​ក្រោយ​ពី​មាន​ការ​ប៉ះទង្គិច​ជាមួយ​ក្រុម​ប៉ូលិស​​ក្នុង​អំឡុង​ការ​តវ៉ា​មួយ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០១៤។ គណបក្ស​ទាំង​ពីរមាន​ការ​ខ្វែង​គំនិត​គ្នា​ចំពោះ​ថា​ភាគី​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ហិង្សា​​និង​ការ​ស្លាប់​មនុស្ស។ លោក​ ប្រេត អាដាំស៍​ (Brad Adams) ​នៃ​​​អង្គការ Human Rights Watch ថា​មេដឹកនាំ​គណបក្ស​ប្រឆាំង​មិន​ជាប់ទាក់ទង​នឹង​បាតុកម្ម​ហិង្សា​ទេ។
ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​និង​អ្នក​វិភាគ​ខ្លះ​បាន​អះអាង​ថា​ ការ​កោះ​ហៅ​មេដឹកនាំ​ គណបក្ស​ជំទាស់​ទៅ​សួរ​នាំ​អំពី​អំពើ​ហិង្សា​ប៉ុន្មាន​ថ្ងៃចុង​ក្រោយ​អាច​ជា​សម្ពាធ​ នយោបាយ​លើ​គណបក្ស​ជំទាស់​ដែល​មិន​ព្រម​ទទួល​យក​លទ្ធផល​ឆ្នោត​ដែល​ គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​ឈ្នះ។​ តែ​ក្រុម​អ្នកវិភាគ​បាន​អះអាង​ថា ​ការ​ធ្វើ​ ដូច្នេះ​ជា​រឿង​មិន​សមរម្យ​ទេ។​

តុលាការ​ក្រុង​ភ្នំពេញ​បាន​កោះ​ហៅ​មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​ សម រង្ស៉ី​និង​លោក ​កឹម សុខា​ទៅ​សាក​សួរ​អំពី​បទ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​ស្លាប់​របួស​ និង​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម​ក្នុង​បាតុកម្ម​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ តែ​ក្រុម​អ្នក​វិភាគ​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា ​ការ​កោះ​ហៅ​នេះ​ជា​សម្ពាធ​នយោបាយ​លើ គណបក្ស​ជំទាស់​ ដែល​មិន​ព្រម​ទទួល​យក​លទ្ធផល​ឆ្នោត​និង​ទទួល​ស្គាល់​រដ្ឋសភា​រដ្ឋាភិបាល​ថ្មី​ និង​បញ្ចប់​ពហិការ​មិន​ចូល​ប្រជុំ​សភា​របស់​គណបក្ស​ជំទាស់​នោះ។

មេដឹកនាំ​ក្រុម​ជំទាស់​ត្រូវ​កំណត់​ពេល​ចូល​បំភ្លឺ​នៅ​មុខ​តុលាការ​នៅ​ថ្ងៃ​ទី​១៤​ ខែ​មករា​ឆ្នាំ​២០១៤​ខាង​មុខ ​ក្រោយ​ពេល​ដឹកនាំ​បាតុកម្ម​អហិង្សា​រយៈ​ពេល​សប្តាហ៍​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​និង​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ចុះចេញ​ពី​តំណែង​ រួម​ជាមួយ​នឹង​ក្រុម​បាតុករ​រោងចក្រ​ ដែល​ទាមទារ​ការ​តំឡើង​ប្រាក់​ខែ​១៦០​ដុល្លារ​ផង​ដែរ។

លោកស្រី​ ជា វណ្ណាត ​អ្នក​វិភាគ​ឯករាជ្យ​បាន​អះអាង​ថា ​ការ​យក​បញ្ហា​នយោបាយ​ដាក់​បន្ទុក​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ជា​ការ​បាត់​ទំនុក​ចិត្ត​លើ​កំណែ​ទម្រង់​និង​ជា​រឿង​មិន​សមរម្យ​ទេ។

«ទោះ​ណា​ជា​ថា ​នេះ​ជា​យុទ្ធសាស្ត្រ​ដើម្បី​រក​តុ​ចរចា​ក៏​ដោយ​ ក៏​យុទ្ធសាស្ត្រ​នេះ​បង្ហូរ​ឈាម​ប្រជាពលរដ្ឋ​ស្លូតត្រង់​នោះ ​មិនមែន​ជា​យុទ្ធសាស្ត្រ​ប្រជាធិបតេយ្យ​ទេ។ នេះជា​កំហុស​ឆ្គងមួយ។​ ទី២ ​នេះ​ជា​យុទ្ធសាស្ត្រ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​វិល​មក​រក​តុ​ចរចា»។

លោកស្រី​បាន​អះអាង​ថា ការ​ទម្លុះទម្លាយ​ភាព​ទាល់​ច្រក​ផ្នែក​នយោបាយ​ពេល​ នេះ​ទំនង​ជា​ត្រូវការ​ភាគី​ទី​៣ ​ក្នុង​ប្រទេស​ក្តី ​ក្នុង​តំបន់​ក្តី​ដើម្បី​មក​ជួយ​ជា​បច្ចេកទេស​មិនមែន​ជា​អ្នក​កាត់​សេចក្តី​ទេ។

«ខ្ញុំ​មើល​ទៅ​ បើ​សិន​ជា​មិន​មាន​ភាគី​ទី​៣​ចូល​សម្រួល​ទេ​ វា​នឹង​ពិបាក​ព្រោះ​គណបក្ស​ទាំង​ពីរ​ហ្នឹង​ប្រឈម​ដាក់​មុខ​គ្នា​ ហើយ​គ្មាន​ភាគី​ណា​ព្រម​បន្ទន់​ឥរិយាបទ​ទន់ភ្លន់​ តែ​នៅ​តែ​ខ្លាំង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។​ ម្នាក់​ចាំ​ឲ្យ​ម្នាក់​ទន់​សិន។​ ម្ល៉ោះ​ហើយ​ខ្ញុំ​យល់​ឃើញ​ថា​ បើ​ទោះ​ណា​ជា​ចូល​ទៅ​អង្គុយ​តុ​ចរចា​ក៏​ដោយ​បណ្តោយ​ឲ្យ​តែ​ពីរ​ភាគី​ហ្នឹង​អង្គុយ​ទល់​មុខ​គ្នា​ អត់​ទៅ​រួច​ទេ​ វា​ទាល់​តែ​មាន​អ្នក​សម្របសម្រួល»។

ការ​ជាប់​គាំង​នយោបាយ​ជា​ច្រើន​ខែ​ ក្រោយ​ការ​បោះឆ្នោត​ថ្ងៃទី​២៨​ខែ​កក្កដា​ឆ្នាំ​ ២០១៣​នោះ​ បាន​ធ្វើ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​ពីរ​រិះរក​គ្រប់​មធ្យោបាយ​រៀងៗ ខ្លួន​ដើម្បី​ផ្ចាញ់ផ្ចាល​គ្នា​ទៅ​វិញ​ទៅ​មក​ ស្តីបន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​មិន​ បាន​ដោះស្រាយ​ដោយ​សន្តិវិធី​និង​បញ្ចប់​បញ្ហា​បាន។​ គណបក្ស​ជំទាស់​បាន​ បាតុកម្ម​តវ៉ា​ជាប់​គ្នា​ ហើយ​គណបក្ស​គ្រប់គ្រង​ប្រទេស​ដែល​ការពារ​ជ័យជម្នះ របស់​ខ្លួន​ធ្វើ​ការ​រិតត្បិត​ការ​បញ្ចេញ​មតិ​ បាតុកម្ម​និង​មាន​ការ​បង្ក្រាប​ដោយ​ អាជ្ញាធរ​ចម្រុះ​ដោយ​ហិង្សា​ជា​ចុង​ក្រោយ​នេះ។​ ការ​រិះគន់​និង​ការ​ថ្កោល​ទោស​ជា​ អន្តរជាតិ​ ជា​ពិសេស​ពី​សហរដ្ឋ​អាមេរិក​ ​បាន​កើត​ឡើង​ដោយ​សារ​ថា​ ការ​បង្រ្កាប​បាន​បង្ករ​ឲ្យ​មាន​មនុស្ស​ស្លាប់ ​របួស​ ចាប់​ខ្លួន​ ហើយ​និង​មាន​ការ​កោះហៅ​ក្រុម​ជំទាស់​ពី​តុលាការ​ពី​បទ​សង្ស័យ​ថា​មាន​ការ​ពាក់ព័ន្ធ​នឹង​អំពើ​ឃោរឃៅ​នោះ​ទៀត។

លោក​ ប្រេត អាដាំស៍​ (Brad Adams) ​នាយក​អង្គការ Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «គ្មាន​ភស្តុតាង​បញ្ជាក់​ថា​ មេដឹកនាំ​គណបក្ស​ជំទាស់​ គឺ​លោក​សម​ រង្ស៉ី​និង​លោក​កឹម សុខា ​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​ហិង្សា​ទេ។​ ជា​ការណ៍​ពិត​ វា​ជា​ការ​ សោកស្តាយ​ដែល​ថា​ តុលាការ​មិន​បាន​កោះ​ហៅ​នរណា​ម្នាក់​ពី​កង​ទាហ៊ាន​ឆ័ត្រយោង​កង​ពល​លេខ​៩១១ ​ឬ​ក៏​ក្រុម​កង​សន្តិសុខ​ផ្សេង​ទៀត​ចំពោះ​ការ​សម្លាប់​ ក្រៅ​ច្បាប់​ដែល​មាន​មនុស្ស​មួយ​ចំនួន​ត្រូវ​បាញ់​សម្លាប់។​ ហើយ​យើង​មាន​ខ្សែ​អាត់​វីដេអូ​ដែល​ទាហាន​បាន​បាញ់​ត្រង់​ទៅ​ហ្វូង​មនុស្ស​ មិនមែន​បាញ់​ពី​លើ​ក្បាល​ទេ ​តែ​បាញ់​តម្រប់​ទៅ​រក​ហ្វូង​មនុស្ស។​ ហើយ​រឿង​នេះ​ដែល​តុលាការ​ត្រូវ​ស៊ើប​អង្កេត ​តែ​មិន​ត្រូវ​ឲ្យ​គេ​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ​របស់​លោក ហ៊ុន សែន​ទេ»។

លោក​ថ្លែង​ថា ​វា​ជារឿង​ត្រឹមត្រូវ​ដែល​អាជ្ញាធរ​ឬ​យោធា​ត្រូវ​ការពារ​ជីវិត​របស់​ពួកគេ​ ការពារ​សន្តិសុខ​សាធារណៈ​តែ​ត្រូវ​ប្រើប្រាស់​មធ្យោបាយ​តាម​ច្បាប់​អង្គការ​សហប្រជាជាតិ អន្តរជាតិ​មិនមែន​បាញ់​សម្លាប់​ទេ។

លោក​ នី ចរិយា ​ប្រធាន​អង្គភាព​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​អះអាង​ថា ​រឿង​ការ​កោះ​ហៅ​មេដឹកនាំ​គណបក្ស​ជំទាស់​នេះ​វា​ពាក់ព័ន្ធ​នឹង​សម្ពាធ នយោបាយ​ដែល​អាច​ជំរុញ​ឲ្យ​គណបក្ស​ជំទាស់​ទទួល​យក​លទ្ធផល​ឆ្នោត​ឬ​វិល​ មក​កាន់​តុ​ចរចា​វិញ។

«រឿង​នេះ​អាច​ជា​សម្ពាធ​ខាង​នយោបាយ​មួយ​ដែរ​ដើម្បី​ឲ្យ​គណបក្ស​ប្រឆាំង​ឬ​ គណបក្ស​សង្គ្រោះជាតិ​ព្រម​ចរចា​និង​ទទួល​យក​សំណើ​ទៅ»។

តែ​លោក ​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​បាន​បដិសេធដោយ​អះអាង​ ថា​ រឿង​តុលាការ​កោះ​ហៅ​មេដឹកនាំ​គណបក្ស​ជំទាស់​ទៅ​សួរនាំ​មិន​មែន​ជា​ការ​ ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដូច​ការ​ចោទប្រកាន់​ដើម្បី​គោល​បំណង​នយោបាយ​ នោះ​ទេ។

«រឿង​ការ​អញ្ចើញ​ឲ្យ​ទៅ​បំភ្លឺ​នៅ​តុលាការ​អត់​មាន​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ជជែក​គ្នា​ និង​ចរចា​គ្នា​រឿង​បញ្ហា​សភា ​(ជាប់​គាំង​នយោបាយ) ​ហើយ​ក៏​មិនមែន​ក្នុង​ន័យ​ដាក់ ​សម្ពាធ​ទេ។ តែ​នេះ​ជា​រឿង​នីតិវិធី​ដើម្បី​ស្វែងរក​យុត្តិធម៌ ​ការពារ​ជន​ដែល​គេ​សង្ស័យ»។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ មេដឹកនាំ​គណបក្ស​ជំទាស់​ទាំង​ពីរ​ គឺ​លោក​ សម រង្ស៉ី និង​លោក ​កឹម សុខា​ ដែល​អះអាង​ថា​នឹង​នៅ​តែ​បន្ត​ការ​តវ៉ា​រឿង​បាតុកម្ម​ទាមទារ​ យុត្តិធម៌​ រឿង​ការ​គៃបន្លំ​សន្លឹក​ឆ្នោត​និង​ភាព​មិន​ប្រក្រតី​ដែល​កែប្រែ​លទ្ធផល​ ឆ្នោត​នោះ​បាន​អះអាង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​អស់​លោក​នឹង​ចូល​ទៅ​បំភ្លឺ​តាម​ការ​ កំណត់​របស់​តុលាការ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG