ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​អញ្ជើញ​លោក​ប្រធានាធិបតី​ហ្វីលីពីន​ជា​ផ្នែក​នៃ​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើង​នៅ​ឯកោ


លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ​អាស៊ាន​លើក​ទី៣០ នៅ​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។

នៅ​ក្នុង​ការ​ប្រឈម​នឹង​ការ​ខឹង​សម្បា​អន្តរជាតិ អ្នកនាំ​ពាក្យ​របស់​លោក​ប្រធានាធិបតី​ស.រ.អា. Donald Trump និយាយ​ថា​ការ​សម្រេច​ក្នុង​ការ​អញ្ជើញ​ប្រធានាធិបតី​ហ្វីលីពីន​កាន់​អំណាច​ផ្តាច់​ការ​ឈ្មោះ Rodrigo Duterte និង​ពួក​មេដឹកនាំ​អាស៊ី​ខាង​កើត​ឯ​ទៀតៗ​ឱ្យ​មក​កាន់​សេតវិមាន​ជា​ផ្នែក​នៃ​យុទ្ធសាស្ត្រ​មួយ​ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ដាច់​ពី​គេ។

លោក​ Sean Spicer អ្នកនាំ​ពាក្យ​សេតវិមាន​បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា «វា​ជា​ឱកាស​មួយ​ដើម្បី​ធ្វើ​ការ​ជា​មួយ​ពួកប្រទេស​ក្នុង​តំបន់នោះ​ដែល​អាច​ជួយ​បំពេញ​មុខ​នាទី​មួយ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ដាច់​ពី​គេ​ខាង​ការ​ទូត​ និង​ខាង​សេដ្ឋកិច្ច។​ ហើយ​ដោយ​និយាយ​ដោយ​ស្មោះត្រង់​គឺ​ប្រយោជន៍​ជាតិ​របស់​ស.រ.អា សុវត្ថិភាព​របស់​ប្រជារាស្ត្រ​យើង ​និង​សុវត្ថិភាព​របស់ប្រជារាស្ត្រ​ក្នុង​តំបន់​នោះ​ដែល​ជា​អាទិភាព​លេខ​មួយ​របស់​លោក​ប្រធានាធិបតី»។

នៅ​ក្នុង​ការ​និយាយ​គ្នា​តាម​ទូរសព្ទ​កាល​ពី​ដំណាច់​សប្តាហ៍ លោក Trump បាន​អញ្ជើញ​ពួក​មេដឹកនាំ​នៃ​ប្រទេស​ថៃ ប្រទេស​សិង្ហបុរី​ និង​ប្រទេស​ហ្វីលីពីន​ឱ្យ​មក​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​អាមេរិក។ ​ក៏​ប៉ន្តែ​គឺ​ការ​អញ្ជើញ​លោក Duterte ដែល​បាន​នាំ​ឱ្យ​មាន​ការ​អន់​ចិត្ត​នៅ​ក្នុង​សភា​ស.រ.អា. និង​នាំ​ឱ្យ​មាន​ការ​ខឹង​សម្បា​ខ្លាំង​នៅ​ក្នុង​សហគមន៍សិទ្ធិ​មនុស្ស​សាកល។

លោក Chris Coons សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​ Delware បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ជា​លាយលក្ខណ៍​អក្សរ​ថា «ប្រធានាធិបតី​ Trump បាន​ធ្វើ​ឱ្យ​ខ្សោយ​ដល់​សេចក្តី​ថ្លៃថ្នូរ​អាមេរិកាំង​នៅ​ពេល​ដែល​លោក​គ្មាន​ជោគជ័យ​ក្នុង​ការការពារ​សិទ្​ធិមនុស្ស។​ ប្រធានាធិបតី​ Duterte បាន​មើល​ការ​ខុស​ត្រូវ​លើ​ការ​សម្លាប់​ដោយ​ខុស​ច្បាប់​នូវ​ប្រជារាស្ត្រ​រាប់ពាន់​នាក់​របស់​លោក​ផ្ទាល់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។​ ដោយ​អញ្ជើញ​ Duterte ឱ្យ​មក​ជួប​លោក​នៅឯសេតវិមាន​ លោក Trump ប្រថុយ​ប្រថាន​ផ្តល់​ការ​យល់ព្រម​របស់​អាមេរិក​ដល់​សកម្មភាព​របស់ Duterte និង​ការ​រំលោភ​ដ៏​ឃោរឃៅ​របស់​គាត់​លើ​សិទ្ធិ​មនុស្ស»។

លោក John Sifton នាយក​ផ្នែក​គាំទ្រក្នុង​ទ្វីប​អាស៊ី​នៃ​អង្គការ​ Human Rights Watch បាន​មាន​ប្រសាសន៍​ថា «ការ​អញ្ជើញ​នេះ​បញ្ជូន​សារ​អាក្រក់​មួយ​ដល់​ពិភពលោក»។

លោក Duterte បាន​ទទួល​ការ​ថ្កោលទោស​អំពី​សង្គ្រាម​របស់​លោកប្រឆាំង​នឹង​គ្រឿង​ញៀន​ស្រវឹង​ដែល​បាន​នាំ​ឱ្យ​មាន​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​នូវ​មនុស្ស​រាប់ពាន់​នាក់។​ គេ​រាយការណ៍​ថា​លោក​បាន​អួតអាង​ប្រាប់បណ្តាញ​ផ្សាយព័ត៌មាន​អង់គ្លេស​ថា ​លោក​បាន​សម្លាប់​ដោយ​ផ្ទាល់ដៃ​លោកនូវ​ជន​បី​នាក់​ជាប់​សង្ស័យ​ថា​ជា​អ្នកជួញ​ដូរ​គ្រឿង​ញៀន​នៅ​ពេល​លោក​កាន់​តំណែង​ជា​អភិបាលក្រុង​ Davao នៅ​ផ្នែក​ខាង​ត្បូង​ប្រទេស៕

XS
SM
MD
LG