ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

២២​ឆ្នាំ​ក្រោយ​ពី​កិច្ច​ព្រមព្រៀង​បារីស​អ្នក​នយោបាយ​នៅ​បន្ត​ខ្វែង​គំនិត​គ្នា


ទិដ្ឋភាព​ទូទៅ​នៃ​សន្និសីទ​សន្តិភាព​​នៅ​កម្ពុជា​ក្នុង​ទី​ក្រុង​ប៉ារីស ប្រទេស​បារំាង កាល​ពី​ថ្ងៃ​ទី​២៣ តុលា ១៩៩១។
ទិដ្ឋភាព​ទូទៅ​នៃ​សន្និសីទ​សន្តិភាព​​នៅ​កម្ពុជា​ក្នុង​ទី​ក្រុង​ប៉ារីស ប្រទេស​បារំាង កាល​ពី​ថ្ងៃ​ទី​២៣ តុលា ១៩៩១។
២២​ឆ្នាំ​គត់​ក្រោយ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ គឺ​នៅ​ថ្ងៃ​ទី​២៣​ខែតុលា​ឆ្នាំ២០១៣​នេះ​ក្រុម​អ្នក​នយោបាយ​និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ក្រឡេក​មើល​ទៅ​ក្រោយ​វិញ​ថា​កិច្ច​ព្រមព្រៀងសន្តិភាព​ទី​ក្រុង​ប៉ារីស ​នេះ​គួរតែ​អាច​ប្រើប្រាស់​ជា​មូលដ្ឋាន​សម្រាប់​ដោះស្រាយ​ភាព​ជាប់​គាំង​ក្នុង​ជម្លោះ​នយោ​បាយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​គាំទ្រ​ដោយ​ប្រទេស​ហត្ថលេខី​ចំនួន​១៨​បាន​តម្រូវ​ឲ្យ​ភាគី​ខ្មែរ​ដែល​មាន​ជម្លោះ​ប្រដាប់​អាវុធ​ចរចា​គ្នា​បញ្ចប់​ជម្លោះ​និង​នាំ​មក​សន្តិភាព​ជូន​ប្រទេស​ឡើងវិញ​ អនុញ្ញាត​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ចូល​ជួយ​រៀបចំ​ប្រទេស​ឡើង​វិញ ​រៀបចំ​ការ​បោះឆ្នោត​មួយ​ដោយ​សេរី​និង​យុត្តិធម៌ ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ជនភៀស​ខ្លួន​ ការ​បង្កើត​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ថ្មី ​ការ​ការពារ​បូរណភាព​ទឹកដី ​អធិបតេយ្យភាព​និង​ឯករាជ្យភាព និង​បង្កើត​យន្តការ​ការពារ​សិទ្ធិមនុស្ស​ជាដើម។

ដោយឡែក​នៅ​ក្នុង​ពេលនេះ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ការបោះឆ្នោត​ថ្ងៃ​ទី​២៨​ខែកក្កដា ​ឆ្នាំនេះ​កំពុងស្ថិត​ក្នុង​ជម្លោះ​នយោបាយ​មិនចាញ់​មិនឈ្នះ​ជុំវិញ​លទ្ធផល​នៃ​ការបោះ​ឆ្នោត។​ ខណៈដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្កើត​រដ្ឋា​ភិបាល​និង​ដឹកនាំ​រដ្ឋសភា​ជា​ឯកបក្ស​ រីឯ​គណបក្ស​ សង្គ្រោះជាតិ​បន្ត​ទាមទារ​ឲ្យ​មាន​ការដោះស្រាយភាព​មិនប្រក្រតី​ក្នុង​ការ​បោះឆ្នោត​កាលពី​ជិត​បីខែ​មុន​នេះ​និង​ទាមទារ​ឲ្យ​មាន​ការកែ​ទម្រង់​ការបោះ​ឆ្នោត​និង​ការផ្លាស់ប្តូរ​ក្នុង​សង្គម។

លោកអ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​រំលឹក​ថា​ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសបង្ហាញ​ថា​ភាគី​ខ្មែរមាន​ជម្លោះ​ចំនួន​បួន​ភាគី​ចេះ​ចរចាគ្នា​ដោយ​ខ្លួនឯង​ដើម្បី​រកដំណោះស្រាយ។

«ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​គឺ​ភាគី​ខ្មែរ​ទាំង​បួន​ទេ​ដែល​ជា​អ្នកយល់ព្រម​នាំ​សន្តិភាព​ជូន​ប្រទេស​ខ្មែរ។​ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​តាម​រយៈស្មារតី​នេះ​ឲ្យ​ខ្មែរ​យើង​មើល​មក​ផ្ទៃក្នុង​នៃ​ប្រទេស​គឺ​ការដូរ​បាន​ឬ​ដូរ​មិន​បាន​គឺ​ពឹង​ផ្អែក​លើ​ខ្មែរ​យើង​នេះ​ឯង»។

លោក​អ៊ូ វីរៈ​ ចង់​សង្កត់​លើ​ការ​ស្វែង​រក​លទ្ធភាព​ការ​ជជែក​ចរចា​រវាង​អ្នក​នយោបាយ​ខ្មែរ​ដែល​មិន​មាន​អន្តរាគមន៍​ពី​បរទេស។

ផ្ទុយ​ទៅ​វិញ​ដោយ​ឈរ​លើស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដែល​មាន​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ លោក​ស្រី​ធីតា ឃើស ​នាយិការ​ប្រតិបត្តិ​នៃ​អង្គការ​សីលការ (Silka)​ យល់​ថា​មាន​ភាព​ចាំបាច់​ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​ជំរុញ​ការ​ដោះស្រាយ​នយោបាយ​នៅ​កម្ពុជា។

«ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​ខ្ញុំ​គិតថា​មាន​តែ​អញ្ជើញ​ភាគី​អន្តរជាតិ​មក​ជួយ​ដោះស្រាយហើយ​ខ្មែរ​យើង​ទាំងអស់​គ្នា​ត្រូវតែ​មាន​ស្មារតី​ទទួល​ខុសត្រូវ។ យើង​ត្រូវតែ​ស្តាប់​គ្នា​ទៅវិញ​ទៅមក។​ភាគី​ណា​នៅ​ក្នុង​ប្រទេស​ត្រូវ​តែ​មាន​សំឡេង ​មាន​សារៈ​សំខាន់​ដូច្នេះ​ត្រូវតែ​អង្គុយ​ស្តាប់​ដើម្បី​ឲ្យ​ប្រជាពល​រដ្ឋ​មាន​សំឡេង​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ការចរចា​គ្នា ​មាន​ការ​ស្រុះស្រួល​គ្នា»។​

ដោយ​មិនរាប់​បញ្ចូល​ប្រទេស​កម្ពុជា​សហគមន៍​អន្តរជាតិ​ដែល​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទាំង​១៨​ប្រទេស​រួមមាន​ប្រទេស​អូស្តា្រលី ​ប៊្រុយណេ ​កាណាដា ​ចិន ​វៀតណាម ​ឡាវ ​ថៃ ​ឥណ្ឌូណេស៊ី ​ឥណ្ឌា ​ហ្វ៊ីលីពីន ​សឹង្ហបុរី ​ជប៉ុន ​ម៉ាឡេស៊ី ​អតីត​សហភាព​សូវៀត ចក្រភព​អង់គ្លេស ​សហរដ្ឋ​អាមេរិក ​បារាំង​និង​ប្រទេស​យូហ្គោស្លាវី។

លោកយ៉ែម បុញ្ញឫទ្ធ ​តំណាងរាស្ដ្រ​និង​ជា​អ្នកនាំពាក្យ​មួយរូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​យល់ស្រប​ថា​ការអនុវត្ត​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នឹង​ជួយ​ផ្តល់​ដំណោះ​ស្រាយ​សម្រាប់​ជម្លោះ​នយោបាយ​បច្ចុប្បន្ន​នេះ។

«ខ្ញុំ​គិត​ថា​យើង​អាច​អនុវត្តន៍​បាន​បើ​សិន​ណា​យើង​គិត​ពី​ផល​ប្រយោជន៍​ជាតិ​ពិត​ប្រាកដ។ រឿង​ឯកភាព​ជាតិ​ពីព្រោះ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ក៏​គេ​និយាយ​ពី​រឿង​អធិបតេយ្យភាព​ បូរណភាព​ទឹកដី​ពេញលេញ ​ឯករាជ្យ​និង​ឯកភាព​ជាតិ​ខ្មែរ​ដែរ។ ដូច្នេះ​យើង​អាច​យក​មក​ដោះស្រាយ​បាន»។

យ៉ាង​ណា​ក៏ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​កំពុង​បង្ហាញ​ថា​ដំណោះ​ស្រាយ​នានា​រួមទាំង​ដំណើរការ​រដ្ឋាភិបាល​និង​រដ្ឋសភា​ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​កំពុង​ស្ថិត​ក្នុង​ភាព​ស្របច្បាប់។ ផ្ទុយទៅវិញ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី ​និង​លោក​កឹម សុខា ​ផ្តល់​ទឡ្ហីករ​ផ្សេង​ទៅវិញ​និង​បាន​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​និង​សហគមន៍​ម្ចាស់​ជំនួយ​កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​បច្ចុប្បន្ន។ ហើយ​គណបក្ស​សង្គ្រោះជាតិ​បាន​ជ្រើសរើស​យក​ការ​ធ្វើ​បាតុកម្ម​សម្រាប់​ដាក់​ទម្ងន់​លើ​ការ​ចរចារ​រកដំណោះស្រាយ។

លោក​ជាម យៀប ​តំណាងរាស្ដ្រ​ចាស់​វស្សា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​មណ្ឌល​ព្រៃវែង​និង​ជា​សមាជិក​តាក់តែង​រដ្ឋធម្មនុញ្ញ​ក្រោយពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។
លោក​ជាម យៀប ​មាន​ប្រសាសន៍​ថា​លោក​នៅ​មាន​ជំនឿ​ថា​អ្នកនយោបាយ​កម្ពុជា​នឹង​អាច​រក​ច្រក​ចេញ​រួច។

«ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​មនុស្ស​ខ្មែរ​អាច​និយាយ​ខ្មែរ​ស្តាប់​គ្នា​បាន។ ដូច្នេះ​យើង​ទាល់តែ​យើង​គោរព​តាម​រដ្ឋធម្មនុញ្ញ​ក៏​ដូចជា​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​បាន​លើកឡើង​ថា​កម្ពុជា​ចាំបាច់​ត្រូវតែ​យក​នូវ​នយោបាយ​លទ្ធិ​ប្រជាធិបតេយ្យ​សេរីនិយម ​ពហុបក្ស»។

លោកជាម យៀប ​រំពឹង​ថា​ចំណុច​អាច​ត្រូវគ្នា​នោះ​ល្គឹកណា​គណបក្ស​ជំទាស់​មាន​ការបន្ទន់​ឥរិយាបទ​បន្តិច។

«បើសិន​មាន​ការ​បត់បែន​ដើម្បី​និយាយ​គ្នា​ទៀត​នឹង​មិន​មាន​អ្វី​ទេ​ព្រោះ​រូបមន្ត​គណបក្ស​ប្រជាជន​ជូន​ហើយ។​បើទោ​ទៅ​ខាង​នោះ​ងាក​ចេញ​មិន​ងាយ​បាន​ជួប​គ្នា​ទេ។បើទោទៅ​ខាងនោះ​ទោ​មក​បន្តិច​ម្តងៗ​មិន​យូរ​ទេ»។

ទោះជា​បែប​នេះ​ក្តី​លោក​យ៉ែម ប៉ុញ្ញឫទ្ធ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​និយាយ​ថា​គណបក្ស​ជំទាស់​ត្រូវការ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​សន្យា​ជាក់លាក់​និង​ច្បាស់លាស់​ថា​ការសន្យា​នានាក្នុង​ដំណោះស្រាយ​នយោបាយ​ត្រូវ​តែ​ធានា​ថា​នឹង​ត្រូវ​យក​ទៅ​អនុវត្ត​ពិត​ប្រាកដ​រាប់​ទាំង​ការ​កែទម្រង់​និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ក្នុង​ការ​បោះឆ្នោត​រួមទាំង​ដំណោះស្រាយ​បញ្ហា​ប្រទេស៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG