ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ខ្វែង​គំនិត​គ្នា​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​នាំ​ឲ្យ​មាន​ការ​ស្តី​បន្ទោស​រដ្ឋាភិបាល​ថា​បំផ្លាញ​ដំណើរ​កាត់​ទោស​បន្ត


រូបឯកសារ៖ តុលាការ​ខ្មែរ​ក្រហម​កាលពី​ថ្ងៃទី១៩ ខែ​តុលា ឆ្នាំ​២០១១។
រូបឯកសារ៖ តុលាការ​ខ្មែរ​ក្រហម​កាលពី​ថ្ងៃទី១៩ ខែ​តុលា ឆ្នាំ​២០១១។

សហ​ព្រះរាជ​អាជ្ញាជាតិ​និង​អន្តរជាតិ​ មាន​ការ​ខ្វែង​គំនិតគ្នា​លើ​ការ​សម្រេច​ថា តើ​ជនជាប់​ចោទ​ក្នុង​សំណុំ​រឿង​០០៤​ម្នាក់​ស្ថិតក្រោម​យុត្តាធិការ​សាលាក្តី​ ឬ​ជា​ជន​ដែល​គួរ​នាំ​យក​មក​ជំនុំ​ជម្រះ​ទោស​ ឬ​យ៉ាង​ណានោះ។

ក្រុម​អ្នក​ឃ្លាំ​មើល​សាលាក្តី​ខ្មែរ​ក្រហម​ដែល​ចូលរួម​ដោយ​អង្គការ​សហប្រជាជាតិ​បាន​ចោទ​ប្រកាន់​ពី​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ និង​ការ​ជំទាស់​របស់​មេដឹកនាំ​ខ្មែរ​លោក​ ហ៊ុន សែន ​ថា មាន​ឥទ្ធិពល​ទៅ​នឹង​ដំណើរ​ការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​នៃ​សំណុំ​រឿង​បន្ថែម​ នៅ​ពេល​ដែល​សហ​ព្រះរាជ​អាជ្ញាជាតិ​និង​អន្តរជាតិ​ មាន​ការ​ខ្វែង​គំនិតគ្នា​លើ​ការ​សម្រេច​ថា តើ​ជនជាប់​ចោទ​ក្នុង​សំណុំ​រឿង​០០៤​ម្នាក់​ស្ថិតក្រោម​យុត្តាធិការ​សាលាក្តី​ ឬ​ជា​ជន​ដែល​គួរ​នាំ​យក​មក​ជំនុំ​ជម្រះ​ទោស​ ឬ​យ៉ាង​ណានោះ។

សហ​ព្រះរាជអាជ្ញា​នៃ​សាលាក្តី​ខ្មែរក្រហម​ភាគី​កម្ពុជា​ និង​ភាគី​អ.ស.ប​ មាន​ការ​ខ្វែង គំនិត​គ្នា​ជារឿយៗ​តាម​ការ​បកស្រាយ​ច្បាប់​រៀងៗ​ខ្លួន ​ដែល​នេះ​ជា​ដំណើរការ​ស្រប​នឹង​ច្បាប់​ដែល​បាន​ចែង​ផង​ដែរ។​ តែ​ចុង​ក្រោយ​នេះ ​ការ​កំណត់​ថា​តើ​អ្នកស្រី​ អ៊ឹម ចែម ជា​អតីត​ចៅហ្វាយ​ស្រុក​ព្រះនេត្រព្រះ​ ហើយ​ជា​ជន​ជាប់​ចោទ​ម្នាក់​ក្នុង​សំណុំ​រឿង​០០៤ នោះ​ គួរ​ស្ថិត​ក្នុង​យុត្តាធិការ​របស់​សាលាក្តី​ ដែល​ច្បាប់​បាន​ចែង​ថា​កាត់​ទោស​តែ​ជន​ជាប់​ចោទ​ពីរ​ជំពូក​គឺ ​«មេដឹកនាំ​ជាន់​ខ្ពស់​ និង​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត‍»​ យ៉ាង​ណាគឺជា​ការ​ខ្វែង​គំនិត​គ្នា​ចុង​ក្រោយ។

អ្នក​ស្រី អ៊ឹម ចែម អតីត​គណៈ​ស្រុក​ព្រះ​នេត្យ​ព្រះ​ក្នុង​របប​ខ្មែរ​ក្រហម និយាយ​ជាមួយ​នឹង​អ្នក​យក​ព័ត៌មាន​របស់​វីអូអេ​ខ្មែរលោក សុខ ខេមរា នៅ​គេហដ្ឋាន​របស់​អ្នកស្រី​ នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ កាល​ពី​ថ្ងៃទី១១ ខែ​សីហា ឆ្នាំ២០១៥។ (សុខ ខេមរា/VOA Khmer)
អ្នក​ស្រី អ៊ឹម ចែម អតីត​គណៈ​ស្រុក​ព្រះ​នេត្យ​ព្រះ​ក្នុង​របប​ខ្មែរ​ក្រហម និយាយ​ជាមួយ​នឹង​អ្នក​យក​ព័ត៌មាន​របស់​វីអូអេ​ខ្មែរលោក សុខ ខេមរា នៅ​គេហដ្ឋាន​របស់​អ្នកស្រី​ នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ កាល​ពី​ថ្ងៃទី១១ ខែ​សីហា ឆ្នាំ២០១៥។ (សុខ ខេមរា/VOA Khmer)

សហ​ព្រះរាជ​អាជ្ញា​ជាតិ​បាន​ចាត់ទុក​ថា​ អ្នកស្រី​ អ៊ឹម ចែម ​មិន​ស្ថិត​ក្នុង​យុត្តាធិការ​ទាំងពីរ​នេះ​ទេ​ ដែល​អំណះអំណាង​នេះ​គឺ​ទំនង​ជា​អាច​ត្រូវ​រួចផុត​ពី​ការ​ចោទ​ប្រកាន់​ទោស​ ឬ​និរទោស​ ហើយ​ក៏​ស្រប​គ្នា​នឹង​គោល​ជំហរ​រដ្ឋាភិបាល ដែល​មិន​ចង់​បាន​ការ​កាត់​ទោស​មេដឹកនាំ​ខ្មែរក្រហម​បន្ថែម​ទៀត។

តែ​សម្រាប់​ក្រុម​អ្នក​ឃ្លាំ​មើល​សាលាក្តី​ខ្មែរ​ក្រហម​មួយ​ចំនួន​ បាន​ចាត់​ទុក​ថា​នេះ​ជា​ឥទ្ធិពល​នៃ​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ។

លោក​ Phil Robertson ​នាយក​រង​នៃ​អង្គការ​សិទ្ធិមនុស្ស ​Human ​Rights ​Watch ​ប្រចាំ តំបន់​អាស៊ី​ បាន​ថ្លែង​ប្រាប់ ​VOA​ ដោយ​កត់​សម្គាល់​ពី​ការ​ខ្វែង​គំនិត​គ្នា​ទៅ​លើ​សំណុំ​រឿង​ ដែល​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​ដំណើរការ​ទៅ​មុខ។

«វា​ច្បាស់​ណាស់​ថា​ មាន​ការ​ខ្វែង​គំនិត​គ្នា​បន្ត​កើត​ឡើង​រវាង​ព្រះរាជអាជ្ញា​ជាតិ និង​អន្តរជាតិ​ក្នុង​សាលាក្តី​កាត់​ទោស​ខ្មែរ​ក្រហម។ ​ហើយ​យើង​មើល​ឃើញ​ថា លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ជ្រៀត​ជ្រែក​ចូល​ក្នុង​តុលាការ​ខ្មែរ​ក្រហម ​ហើយ​បាន​ណែនាំ​ដល់​បុគ្គលិក​ជាតិ​មិន​ឲ្យ​ដំណើរ​ការ​រាល់​សំណុំ​រឿង​ទាំង​ឡាយ​ណា​ក្រៅពី​សំណុំរឿង​០០១ និង០០២។ ​លោក​អ្នក​ដឹង​ទេ​ថា រឿងនេះ​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ជា​មូលដ្ឋាន​ចំពោះ​ឯករាជ្យភាព​របស់​សហ​ព្រះរាជអាជ្ញា​ ហើយ​ជា​រឿង​គួរ​ឲ្យ​សោក​ស្តាយ​នោះ ​ខ្ញុំ​គិត​ថា​ វាជា​ការ​សម្រេច​ចិត្ត​បែប​នយោបាយ​ ជាង​ទៅ​លើ​អង្គហេតុ​ដែល​យើង​ឃើញ​ថា​ ការ​ជំទាស់​ដែល​ថា ​សហ​ព្រះរាជ​អាជ្ញា​កម្ពុជា​មិន​ចាត់ការ​ដើម្បី​ដំណើរការ​ទៅ​មុខ​ចំពោះ​សំណុំ​រឿង​ទាំង​នោះ​ទេ‍»។

សហ​ព្រះរាជ​អាជ្ញាជាតិ ​ចង់​ឃើញ​ការ​វិនិច្ឆ័យ​ទោស​ទៅលើ​ជន​ទាំងពីរ​ប្រភេទ ​ដែល មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា ​និង​អ.ស.ប ​នៅ​ពេល​ចរចា​បង្កើត​តុលាការ​ដោយ​ផ្អែក​លើ​ការ​បង្រួប​បង្រួមជាតិ ​ស្ថិរភាព​ សន្តិភាព ​និង​សន្តិសុខ​នោះ។​ ហើយ​ថា​ អ្នកស្រី​ អ៊ឹម ចែម​ មិន​ស្ថិត​នៅក្នុង​យុត្តាធិការ​បុគ្គល​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុងតុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម ​អ.វ.ត.ក​ ដែល​ត្រូវ​យក​មក​ធ្វើ​ការ​កាត់​ទោសឡើយ។​

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦។
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ក៏ធ្លាប់​បញ្ជាក់​ជា​សាធារណៈ​ និង​ជា​ច្រើន លើក​កាលពី​ឆ្នាំថ្មីៗ​ថា​ លោក​មិន​យល់ព្រម​ឲ្យ​កាត់​ទោស​សំណុំរឿង​ណា​ផ្សេង​ក្រៅ​ពីមេដឹកនាំ​ខ្មែរក្រហម​ក្នុង​សំណុំរឿង​០០១ ​និង​០០២ ​ដែល​មាន​មេដឹកនាំ​ខ្មែរ​ក្រហម​តែ៣នាក់​ គឺ​ នួន ជា​ បងធំ​ទី២​ និង​ ខៀវ សំផន ​ប្រមុខរដ្ឋ ​ហើយ​នឹង​កាំង ​ហ្គេកអ៊ាវ​ ហៅ ឌុច នោះ​ទេ។​ លោក​នាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ថា​ លោក​សុខចិត្ត​ឲ្យ​តុលាការ​រលាយ ហើយ​មិន​ចង់​បាត់បង់​សន្តិភាព​ដែល​កម្ពុជា​រក​បាន​ដោយ​លំបាក ​និង​បង្ក​សង្គ្រាម​ស៊ីវិល​វិញ​នោះ​ទេ។​ អត្តាធិប្បាយ​នាយក​រដ្ឋមន្ត្រី​មិន​ត្រូវ​គេ​ជឿ​ទូលំ​ទូលាយ​ទេ។

តែ​សម្រាប់​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​បាន​សន្និដ្ឋាន​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន របស់​តុលាការ​ទៅ​តាម​ភស្តុតាង​ថា​ អ្នកស្រី ​អ៊ឹម ចែម​ ដែល​ជា​អតីត​អ្នក​ដឹកនាំ​ថ្នាក់ ស្រុក ​និង​ថ្នាក់​តំបន់​ទាំង​នៅភូមិភាគ​និរតី​ និង​ភូមិភាគ​ពាយព្យចូល​ក្នុង​ចំណោម​ «អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត‍»​ ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ក្នុង​អំឡុង​ពេល​នៃកម្ពុជា​ប្រជាធិបតេយ្យ។​

អ្នកស្រី​បាន​គ្រប់គ្រង​លើកម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​នាក់ ​និង​លើ​ជីវិត​ប្រជាជន​ស៊ីវិល​ជា​ច្រើន​ម៉ឺននាក់​ អ្នកស្រី​ អ៊ឹម ចែម ​ត្រូវ​សហព្រះរាជ​អាជ្ញា​បរទេស​សន្និដ្ឋាន​ថា ​ដើរ​តួ​សំខាន់​ក្នុង​ការ​ចូលរួម​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ ដែល​បណ្តាល​ឲ្យមាន​ការ​ស្លាប់​អស់​ជា​ច្រើន​ពាន់​នាក់​ ដែល​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ រួមមាន​ការ​ធ្វើ​មនុស្ស​ឃាត​ ការ​សម្លាប់​រង្គាល​ ការ​ធ្វើ​ឲ្យ​ទៅ​ជា​ទាសករ ការ​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង ​ការ​ធ្វើ​ទារុណកម្ម ​នឹង​អំពើ​អមនុស្សធម៌​ផ្សេងៗ​ទៀត​ ដូចជា​ការ​រៀប​អាពាហ៍​ពិពាហ៍​ដោយ​បង្ខំ ​ការ​រំលោភ​សេពសន្ថវៈ ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ ​និង​ការ​ឃុំឃាំង​ក្នុង​លក្ខខណ្ឌ​អមនុស្សធម៌ ​ក៏ដូចជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ដែល​រួម​មាន​អំពើមនុស្ស​ឃាត​ដោយ​ចេតនា ​ការ​ធ្វើ​បាប​អមនុស្សធម៌​ ការ​ដក​ហូត​ដោយ​ចេតនា​ពី​ជន​ស៊ីវិល​នូវ​សិទ្ធិ​ទទួល​បាន​ការ​កាត់ទោស​ដោយ​យុត្តិធម៌​ និង​ទៀង​ទាត់​ ហើយ​នឹង​ការ​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់។​ តែក្នុងបទ​សម្ភាសន៍​ជាមួយ​ VOA ​ផ្តាច់មុខ​ឆ្នាំថ្មីៗ​នេះ​ អ្នកស្រី​ អ៊ឹម ចែម ​បាន​បដិសេធ​ ហើយ​ថា​ បទចោទ​ប្រកាន់​របស់​តុលាការ​គឺជា​រឿង​មិន​ពិត​នោះ​ទេ ដែល​អ្នកស្រី​ថា​ គ្មាន​ហេតុផល​អ្វីដែល​តម្រូវឲ្យ​អ្នកស្រី​ទៅ​តតាំង​ជាមួយ​តុលាការ​ដែរ។

សាស្ត្រាចារ្យ​ច្បាប់​អាមេរិកាំង ​គឺលោក​ Peter Maguire​ ដែល​ជា​អ្នក​និពន្ធ​សៀវភៅ Facing Death ​in Cambodia ​ឬ ​ប្រឈម​មុខ​នឹង​ការ​ស្លាប់​នៅ​កម្ពុជា​ បាន​និយាយ​ថា លោក​នៅតែ​មិន​មាន​ជំនឿថា​ នឹង​មាន​ការកាត់​ទោស​បន្ថែម​ដោយសារ​ថា​នេះ​ជា​កិច្ច ព្រមព្រៀង​តាំងពី​ដំបូង​រវាង​កម្ពុជា​និង​អ.ស.ប​ ហើយ​លោក​នាយករដ្ឋ​មន្ត្រី​បាន​ជំទាស់អំពី​រឿង​នេះ។

រូបឯកសារ៖ លោក Peter Maguire ជា​អ្នក​និពន្ធ និង​អ្នក​ជំនាញ​ខាង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម ឋិត​នៅ​ការិយាល័យ​វីអូអេ​ខ្មែរ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី៦ ខែ​សីហា ឆ្នាំ២០១៥។ (ម៉ែន គឹមសេង/VOA Khmer)
រូបឯកសារ៖ លោក Peter Maguire ជា​អ្នក​និពន្ធ និង​អ្នក​ជំនាញ​ខាង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម ឋិត​នៅ​ការិយាល័យ​វីអូអេ​ខ្មែរ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី៦ ខែ​សីហា ឆ្នាំ២០១៥។ (ម៉ែន គឹមសេង/VOA Khmer)

«បាទ ​នឹង​គ្មាន​ការ​កាត់​ទោស​អ្នកស្រី​ អ៊ឹម ចែម​ ទេ។​ លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​បាន​បញ្ជាក់​ច្បាស់​ត្រឹមត្រូវ​ល្អ​ណាស់ ​មុនពេល​តុលាការ​នេះ​ចាប់​ផ្តើម​កាត់ទោស​ទៅ ទៀត​ថា​ នឹង​មាន​ការ​កម្រិត​វិសាលភាព​នៃ​ការ​កាត់ទោស​ និង​កំណត់​ទៅតាម​អ្វី ​ដែល​លោក ហ៊ុន សែន​ គិត​ថា​ជា​មេដឹកនាំ​ជាន់​ខ្ពស់​នៃរបប​ខ្មែរក្រហម។ ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ដើម្បី​ការ​ចុះចូល​របស់​ចលនា​ផ្តាច់ខ្លួន​ដឹកនាំ​ដោយ​អៀង សារី។​ ហេតុផល​សំខាន់​មួយ​ ដែល​មាន​ក្រុម​ខ្មែរ​ក្រហម​ចុះចូល​ជាមួយ​រដ្ឋាភិបាល​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ធានា​ដល់​ពួកគេ​ថា ​លោក​នឹង​មិន​ស្វែង​រក​ការ​កាត់​ទោស​ពួក​ខ្មែរក្រហម​ទេ‍»។

ក្រុម​អ្នក​ឃ្លាំមើល​បាន​និយាយ​ថា​ នីតិវិធី​តុលាការ​នឹង​អូស​បន្លាយ​ពេល​វែង​ឆ្ងាយ​តទៅ ទៀត​ គឺ​អាស្រ័យ​លើ​ការ​សម្រេច​របស់​សហចៅក្រម​ស៊ើបអង្កេត​ ហើយ​បើ​ខ្វែង​គំនិត គ្នា​ទៀត​សំណុំរឿង​អ្នកស្រី​ អ៊ឹម ចែម ​ដែល​គេ​ស្គាល់​ថា​ជា​សំណុំ​រឿង​០០៤​ វគ្គ​១​នេះ នឹង​ឡើង​ដល់​អង្គបុរេ​ ដែល​មាន​ចៅក្រម​ខ្មែរ​គ្រប់គ្រង​មតិ​ភាគ​ច្រើន។ ​តែ​ទីបំផុត​ទោះជា​សហ​ចៅក្រម​ខ្មែរ​មិន​អាច​រារាំង​នីតិវិធី​បាន​មែន​ក្តី​ក្នុង​ការ​ដំណើរការ​ទៅ​មុខ ​តែ​ការ សហការ​រឿង​ការ​ចាប់ខ្លួន​ពី​ភាគី​កម្ពុជា​ និង​ការ​កោះ​ឲ្យ​មាន​ការ​ជំនុំ​ជម្រះ​ដោយ​ប្រធានអង្គ​ជំនុំជម្រះ​ដែល​ភាគី​កម្ពុជា​ជា​ប្រធាន​នោះ​ទំនង​ជា​មិនអាច​កោះ​និង​បើក​សវនាការបាន​ដែរ​ ក្រោយ​ពេល​ការ​ដេញដោល​ជា​ច្រើន​ខែ ឬ​ដល់​ជា​ច្រើនឆ្នាំ​ទៅមុខ​ទៀត​នោះ។

បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​មិន​សប្បាយ​ចិត្ត​ពី​ភាគី​មួយ​ចំនួន​ ជាពិសេស​ជន​រងគ្រោះ។​ បើតាម​លោក​ ឡាត់ គី ​មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក​ ដែល​ឃ្លាំ​មើល​ដំណើរការ​កាត់ទោស​ខ្មែរ​ក្រហម​បាន​ប្រាប់ ​VOA ​ថា ​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​ និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី ​ចង់​បាន​ការ​កំណត់​វិសាល​ភាព​នៃ​ការ​នាំ​យក​ជន​ដែល​ត្រូវបាន​ចោទ​ប្រកាន់​មក​ផ្ដល់​ចម្លើយ​ដើម្បី​បញ្ជាក់​ការ​ពិត ​និង​ផ្ដល់​យុត្តិធម៌​ដល់​ជនរង​គ្រោះ​ចំនួន​ប្រមាណ​១,៧លាន​នាក់​ដែល​បាន​បាត់បង់​ជីវិត​នៅក្នុង​របប​នោះ។

«ពួកគាត់ ​ក៏ដូចជា​ខ្ញុំបាទ​ផ្ទាល់​ដែរ ​គឺយើង​ឯកភាព​ថា​ ស្នើសុំ​ឲ្យតុលាការ​នេះ​ធ្វើការ​នាជន​ទាំង​ឡាយណា ​ដែល​ស្ថិត​នៅក្នុង​ការទទួល​ខុសត្រូវ​ជាន់ខ្ពស់ ​ដើម្បី​មក​ប្រឈម មុខ​នៅ​ចំពោះ​តុលាការ។​ អញ្ចឹង​ទាំង​សំណុំរឿង​០៣​ក្ដី ​ទាំង​សំណុំ​រឿង​០៤ក្តី ​គួរតែជំរុញ​រឿង​ហ្នឹង​ឲ្យ​បាន​ធ្វើការ​ជំនុំជម្រះ​ ដើម្បី​ឲ្យ​ឆ្លើយតប​អ្វីដែល​ជនរង​គ្រោះ ​គាត់​ចង់បាន​យុត្តិធម៌​ផង​បាទ»។

លោក ​ឡាត់ គី ​ថ្លែង​បន្ថែម​ថា​ ទំនាស់​ក្នុងសង្គម​ដែល​នាំ​ទៅដល់​ការ​ធ្វើ​ឲ្យ​ខូច​ស្ថិរភាព និង​សន្តិសុខ​ នឹង​មិន​អាច​កើត​មាន​ឡើង​នោះ​ទេ​ នៅពេល​ដែល​តុលាការ​ខ្មែរក្រហម បន្ត​ចាត់​ការ​សំណុំរឿង​០០៣ ​និង​សំណុំ​រឿង​០០៤​ ដោយសារ​តែ​ស្ថានភាព​នយោបាយ នៅ​កម្ពុជា ​និង​នៅក្នុង​តំបន់​មិន​បាន​ប្រឈម​នឹង​វិបត្តិ​ធ្ងន់ធ្ងរ។

ទោះជា​ធ្លាប់​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​ថវិកា​ដោយសារ​មាន​ការ​សង្ស័យ​រឿង​អំពើ​ពុក​រលួយ​ កាត់​ប្រាក់​ខែ​បុគ្គលិក ​សូកប៉ាន់​ដល់មន្ត្រី​តុលាការ​ខ្មែរក្រហម​ ហើយនឹង​មាន ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ ​ដែល​បង្ក​ជា​ការ​ខកចិត្ត​ខ្លះ​ពី​ម្ចាស់​ជំនួយ​ ហើយ​បាន ធ្វើ​ឲ្យ​មាន​ការ​ខ្វះថវិកា​ក្តី ​តែ​ក្រុម​ប្រទេស​ផ្តល់​ជំនួយ ​និង​ជាមិត្ត​របស់​តុលាការ​ខ្មែរ ក្រហម​បាន​ផ្តល់​ជំនួយ​ដើម្បី​ទ្រទ្រង់​តុលាការ​ដែល​ត្រូវការ​ទឹក​ប្រាក់​ជាង៣០​ ឬ​៤០ លាន​ក្នុងមួយ​ឆ្នាំៗ​ដើម្បី​ទ្រទ្រង់​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​នេះ។

រូបឯកសារ៖ លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ Human Rights Watch ក្នុង​ពេល​ផ្ដល់​បទ​សម្ភាស កាលពី​ខែ​កញ្ញា ជាមួយVOA នៅ​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ Human Rights Watch ក្នុង​ពេល​ផ្ដល់​បទ​សម្ភាស កាលពី​ខែ​កញ្ញា ជាមួយVOA នៅ​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ។ (អូន ឆេងប៉រ/VOA)

លោក ​Phil Robertson ​នៃ​អង្គការ ​Human​ Rights​ Watch ​បាន​ថ្លែង​ថា ក្រុម​ប្រទេស ផ្តល់​ជំនួយ​ដល់​សាលាក្តី​ដើម្បី​ស្វែងរក​យុត្តិធម៌​នោះ​គួរ​សួរ​សំណួរ​លំបាកៗ​ដល់ រដ្ឋាភិបាល​ថា ហេតុអ្វី​បានជា​បង្កើត​គោល​នយោបាយ​មិន​កាត់​ទោស​ដល់​ជន​ជាប់​ចោទ​នៃ​សំណុំ​រឿង​ដែល​ភាគី​អន្តរជាតិ​បាន​ចោទ​ប្រកាន់។

«លោក​អ្នក​ដឹងទេ​ មើល​ទៅ​ទំនង​ជា​រដ្ឋាភិបាល​កម្ពុជា​កំពុង​ព្យាយាម​បំផ្លាញ​ការ​កាត់ ទោស​បន្ត​ក្នុង​តុលាការ​កាត់ទោស​ខ្មែរក្រហម។​ ខ្ញុំគិតថា​ ប្រទេស​ផ្តល់​ជំនួយ​ដែលគាំទ្រ​សាលាក្តី​នេះ​ត្រូវតែ​មាន​ក្តីបារម្ភ​ចំពោះ​រឿង​នេះ‍»។

សាស្ត្រាចារ្យ​ច្បាប់​អាមេរិកាំង​ លោក ​Peter Maguire ​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​នឹង​មិន ខ្វល់ខ្វាយ​ពី​ប្រទេស​ណា​ផ្សេង​ក្រៅពី​ប្រទេស​ចិន ដែល​ជា​ប្រទេស​ផ្តល់​ជំនួយ​ដល់កម្ពុជាដ៏​ធំនោះ​ទេ។

«ប្រទេស​ផ្តល់​ជំនួយ​នឹង​បញ្ចេញ​សម្លេង​ជា​ធម្មតា​ ហើយ​ជប៉ុន​ជាដើម​នឹង​នៅតែ​សរសេរ​សែក ​គាំទ្រ​សាលាក្តី​ខ្មែរក្រហម​ជាធម្មតា។​ តែ​មាន​តែប្រទេស​ផ្តល់​ជំនួយតែ​មួយ​គត់​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ខ្វាយខ្វល់​នោះ​គឺ​ប្រទេស​ចិន។​ ហើយ ប្រទេស​ចិន​នឹង​កោត​សរសើរ​សេចក្តី​សម្រេច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ដែល​បញ្ឈប់ការ​កាត់​ទោស​នេះ​ មុន​ពេល​ដែល​មាន​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​ចំពោះ​ជនជាប់ចោទបន្ថែម​ទៀត‍»។

ប្រទេស​ចិន​ដែល​ធ្លាប់​គាំទ្រ​របប​ខ្មែរក្រហម​ម្តងកាល​ពី​អតីត​កាល​ធ្លាប់​បាន​ប្រកាស​ថា ចិន​មិន​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ទេ​ទាក់ទង​នឹងរឿង​ខ្មែរក្រហម​នេះ។

ក្រុម​អតីត​ទាហាន​ខ្មែរក្រហម​ដែល​រង​គ្រោះ​ដោយ​របប​ខ្មែរក្រហម​មួយ​ចំនួន​បាន​ទទូចឲ្យ​មាន​ការ​បញ្ឈប់​ការ​ជំនុំ​ជម្រះ​ទោស​ដែរ ​ហើយ​ជំទាស់​ទៅ​នឹង​ការ​ស្វែងរក​យុត្តិធម៌តាម​ច្បាប់​ដែល​បាន​កំណត់។​ ពួកគេ​រំលឹក​ពី​នយោបាយ​បង្រួបបង្រួម​ជាតិ​របស់ រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ដែល​បាន​ចាប់ផ្តើម​ការ​ទទួល​ការចុះចូលនៃ​កង​ទ័ព​ខ្មែរ​ក្រហមដំបូង​កាលពី​២០​ឆ្នាំមុន​ដើម្បី​សន្តិភាព ​ហើយ​សន្យា​ថា​ មិន​យក​ទោសពៃរ៍​ដល់ក្រុម​ខ្មែរ​ក្រហម។

រូបឯកសារ៖ ជន​ជាប់​ចោទ ​ខៀវ​ សំផន​ និង​ នួន​ ជា​ ក្នុង​សាល​សវនាការ​មួយ​កាល​ពី​ឆ្នាំ​២០១៣។ (រូបថត​ផ្តល់​ឲ្យ​ដោយ Mark Peters/ECCC)
រូបឯកសារ៖ ជន​ជាប់​ចោទ ​ខៀវ​ សំផន​ និង​ នួន​ ជា​ ក្នុង​សាល​សវនាការ​មួយ​កាល​ពី​ឆ្នាំ​២០១៣។ (រូបថត​ផ្តល់​ឲ្យ​ដោយ Mark Peters/ECCC)

សាលាក្តី​ខ្មែរ​ក្រហម​នៅ​មាន​ជនជាប់​ចោទ​៤នាក់ ​ក្នុងសំណុំ​រឿង​០០៤ ​គឺ​អ្នកស្រី ​អ៊ឹម ចែម​ តា ទិត ​ឬ យឹម ទិត ​និង​តា អាន ​ឬ អាម អាន ​ដែល​ជា​កម្មាភិបាល​ខ្មែរ​ក្រហមថ្នាក់​កណ្តាល។ ​ដោយ​ឡែក​សំណុំ​រឿង០០៣ ​មាន​ជន​ជាប់ចោទម្នាក់​គឺ​លោក ​មាស មុត ដែល​ជា​អតីត​មេបញ្ជាការ​កងទ័ព​ជើងទឹក​ខ្មែរក្រហម។​ សាលាក្តី​នេះ​កំពុង​បន្ត​សំណុំ រឿង​០០២ ​វគ្គ២ទៀត​នា​បច្ចុប្បន្ន​នេះ​ទៅលើ​ជនជាប់​ចោទ​ ខៀវ សំផន​ និង​នួន ជា ​ដែល​ត្រូវដាក់​ទោស​មួយ​ជីវិត​ក្នុង​ពន្ធនាគារ​ពី​បទ​ជម្លៀស​ប្រជាជន​ដោយបង្ខំ​ និង​ការ​សម្លាប់​អ្នក​សាធារណរដ្ឋ​ខ្មែរ​នៅ​ទួលពោធិ៍ជ្រៃ​ ខេត្ត​ពោធិ៍សាត់​នោះ។

សាលាក្តី​ខ្មែរក្រហម​បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ​២៧០លាន​ដុល្លារ​ហើយ​តាំង​ពីឆ្នាំ​២០០៦​មក​ តែ​កាត់​ទោស​ជនជាប់​ចោទ​តែបី​នាក់​ប៉ុណ្ណោះ​ឲ្យជាប់​គុកអស់​មួយ​ជីវិត គឺ​កាំង ហ្គេកអ៊ាវ ​ហៅឌុច ​ដែល​ជា​ប្រធាន​គុក​ទទួល​ស្លែង​ ស២១​ និង​មេដឹកនាំ​កំពូលៗ​ ពីររូប​ដែល​កំពុង​រស់រាន​មាន​ជីវិត​ គឺ នួន ជា ​បងធំ​ទី២​ និង ​ខៀវ​ សំផន ​ប្រមុខរដ្ឋ​ពី​បទ​ដែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ជា​ច្រើន​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ជាង​១លាន៧សែន​នាក់​បាន​ស្លាប់​បាត់​បង់ជីវិត​ក្នុង​ចន្លោះ​ឆ្នាំ១៩៧៥​ ដល់​ឆ្នាំ​១៩៧៩៕

XS
SM
MD
LG