ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គ្រួសារ​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ពន្ធនាគារ


លោក នី សុខា (ឆ្វេង) និង​លោក ណៃ វង់ដា (ស្ដាំ) មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក​ ដែល​កំពុង​ជាប់ឃុំ​ពាក់ព័ន្ធនឹង​ករណី​រឿង​អាស្រូវ​ផ្លូវ​ភេទ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​តុលាការ​កំពូល​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​៥​ដែល​​ធ្លាប់​តែ​ជួបជុំ​​គ្នា​ធ្វើ​ដំណើរ​កម្សាន្ត និង​ទៅ​វត្ត​ក្នុង​​​រៀង​រាល់​ពិធី​បុណ្យ​ចូល​ឆ្នាំ​កន្លង​ទៅ​​​ នៅ​ពេល​នេះ​បាន​បង្ហាញ​ពី​ភាព​ក្រៀម​ក្រំ ដោយ​សារ​តែ​ឪពុកម្តាយ និង​ស្វាមី​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​។

គិត​ត្រឹម​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ វា​មាន​រយៈពេល​ជិត​១​ឆ្នាំ​មក​ហើយ​ដែល​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​៤រូប​នៃ​សមាគម​អាដហុក និងអគ្គលេខាធិការ​រង​ម្នាក់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ពី​បទ​សូកប៉ាន់ និង​សម​គំនិត​សូក​ប៉ាន់​សាក្សី។​

មន្ត្រីទាំង​៥​រូប រួមមាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់​ដា លោកស្រី លឹម មុនី ជា​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក និងលោក នី ចរិយា អគ្គ​លេខាធិការ​រង​នៃគ.ជ.ប) ។ អ្នក​ទាំង​៥​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់ និង​សម​គំនិត​ សូក​ប៉ាន់​សាក្សី ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​លួចលាក់​របស់​លោក កឹម សុខា ​ប្រធាន​គណបក្ស​ប្រឆាំង ជា​មួយ​នារី​កាត់​សក់​វ័យ​ក្មេង​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ​នាង ខុម ចាន់តារ៉ាទី ហៅ​ស្រី​មុំ។

រហូត​មក​ដល់​ពេល​នេះ គ្មាន​តម្រុយ​ណា​មួយបាន​បង្ហាញ​ថា អ្នក​ទាំង​៥​នឹង​ត្រូវ​បាន​តុលា​ការដោះ​លែងឲ្យ​មាន​សេរីភាព​នៅ​ពេល​ណានោះ​ទេ។​

ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​៥​ដែលធ្លាប់​តែ​ជួបជុំគ្នា​ធ្វើ​ដំណើរ​កម្សាន្ត និង​ទៅ​វត្ត​ក្នុង​រៀង​រាល់​ពិធី​បុណ្យ​ចូល​ឆ្នាំ​កន្លង​ទៅ​ នៅ​ពេល​នេះ​បាន​បង្ហាញ​ពី​ភាព​ក្រៀម​ក្រំ ដោយ​សារ​តែ​ឪពុកម្តាយ និង​ស្វាមី​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​។

ពួកគេលើក​ឡើង​ថា ការ​បន្ត​ឃុំ​ខ្លួន​មន្ត្រី​ទាំង​៥រូប​ដើម្បី​ស៊ើប​អង្កេត​អស់​រយៈពេល​ជិត​១​ឆ្នាំ​នេះ គឺ​ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​ដាក់​ទារុណ​កម្ម​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​របស់​ពួកគេ​ និង​ក្រុម​គ្រួសារ។​

អ្នកស្រី ភាវ ម៉ី ភរិយា​របស់​លោក ណៃ វ៉ង់ដា រៀបរាប់​ប្រាប់ VOA ថា កាល​ពី​ពេល​ចូល​ឆ្នាំ​កន្លង​ទៅ​ក្រុម​គ្រួសារ​អ្នកស្រី​បាន​ជួបជុំគ្នា​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ទី​រមណីយដ្ឋាន​ និង​វត្ត​អារាម​ផ្សេងៗ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​អ្នកស្រី​ និង​កូន​ បែរ​ជា​ត្រូវ​ទៅ​សួរ​សុខទុក្ខ​ស្វាមីនៅ​ពន្ធនាគារ​ព្រៃស​ទៅ​វិញ។

អ្នកស្រី​លើក​ឡើង​ថា៖ «ឆ្នាំ​នេះ​គ្មាន​បាន​ទៅ​ណា​ទេ។ នៅ​មើល​កូន​មើល​អី។ ហើយ​ត្រូវ​ទៅ​ពន្ធនាគារ​ទៀត ព្រោះ​ពន្ធនាគារ​ឆ្នាំ​នេះ​គេ​អត់​បិទ គេ​អនុញ្ញាត​ឲ្យ​យើង​ចូល។ ដូច្នេះ​ហើយ​គាត់​សំណូម​ពរ​ឲ្យ​ខ្ញុំ​ទៅ គាត់​ចង់​ជួប​កូន​នៅ​ក្នុង​ព្រៃ​ស​ហ្នឹង យើង​ចាំ​ត្រៀម​ខ្លួន​តែ​ទៅ​ក្នុង​ព្រៃ​ស​ហ្នឹង»។

ក្រុមគ្រួសារមន្រ្តីអាដហុក និងមន្រ្តី គ.ជ.ប ដែលកំពុងជាប់ឃុំ ដាក់ញត្តិទៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី និងព្រះបរមរាជវាំងសុំអន្តរាគមន៍ឲ្យដោះលែងឪពុកម្តាយ និងស្វាមីរបស់ពួកគេដែលកំពុងត្រូវបានឃុំខ្លួន។ (កាន់ វិច្ឆិកា/VOA)

ក្រុមគ្រួសារមន្រ្តីអាដហុក និងមន្រ្តី គ.ជ.ប ដែលកំពុងជាប់ឃុំ ដាក់ញត្តិទៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី និងព្រះបរមរាជវាំងសុំអន្តរាគមន៍ឲ្យដោះលែងឪពុកម្តាយ និងស្វាមីរបស់ពួកគេដែលកំពុងត្រូវបានឃុំខ្លួន។ (កាន់ វិច្ឆិកា/VOA)

អ្នកស្រី​បន្ថែម​ថា អ្នកស្រី​ចង់​ឲ្យ​តុលាការដោះ​លែង​ស្វាមី​អ្នកស្រី​ឲ្យ​នៅ​ក្រៅ​ឃុំ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​របស់​អ្នកស្រី​បាន​ជួបជុំ​គ្នា​ដូច​មុន។​

អ្នកស្រី​បញ្ជាក់​ថា៖ «និយាយ​ទៅ​ជា​រឿង​អយុត្តិធម៌​ណាស់​សម្រាប់​ពួកគាត់។ វា​អត់​មាន​អី​ត្រូវ​ជាប់​គុក​រហូត​ដល់​មួយ​ឆ្នាំ។ មិន​ដឹង​ថាមាន​ទោស​អី​ពួក​គាត់​ហ្នឹង។ រហូត​ដល់​ខ្ញុំ​ជា​ប្រពន្ធ​រាល់​ថ្ងៃ​ហ្នឹង​មិន​ដឹង​ថា​គាត់​មាន​ទោស​អី​ផង។ បើសិនជា​គាត់​មាន​ទោស​អី កាត់​តាម​ហ្នឹង​ទៅ។ អា​នេះ​មិនព្រម​កាត់​ហើយ​យក​គ្នា​ទៅ​ឃុំ​ចោល​ឡើង​ចង់​មួយ​ឆ្នាំ​ហើយ»។

ចំណែក​ភរិយា​របស់​លោក នី ចរិយា ដែល​កំពុង​ចិញ្ចឹម​កូន​ប្រុស​ស្រី​៣​នាក់​ក្នុង​បន្ទុក គឺ​អ្នកស្រី យ៉ែម ចន្ថា ប្រាប់​ថា ក្នុង​ពិធី​ចូល​ឆ្នាំ​ថ្មីដែល​ធ្លាប់​តែ​អ៊ូអរ​ក្នុង​គ្រួសារ​ ប្រែ​ជា​ស្ងប់​ស្ងាត់​ដោយសារ​ស្វាមី​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។

អ្នកស្រី​បន្ត​ថា ក្ដី​រំពឹង​ដែល​នឹង​ត្រូវ​ធ្វើ​ដំណើរ​កម្សាន្ត​ជុំ​គ្រួសារ​ត្រូវ​បាន​បាត់​បង់ ហើយ​ជំនួស​មក​វិញ​នូវ​ការ​នាំ​កូន​ទៅ​សួរ​សុខ​ទុក្ខ​ស្វាមី​នៅ​ឯ​ពន្ធនាគារដើម្បី​រំសាយ​ភាព​នឹក​រលឹក។

អ្នកស្រី​រៀប​រាប់​ថា៖ «បុណ្យ​អី​ក៏​បង​ទៅ​ទី​ហ្នឹង​ដែរ។ មាន​តែ​មួយ​ទិសដៅ​ហ្នឹង​តាំង​ពី​គាត់​ជាប់​ទី​ហ្នឹង​មក។ ចង់​បុណ្យ​ភ្ជុំ​ក៏​បង​ទៅ​គាត់ ​បុណ្យ​វិសាខ​បូជា មាឃ​បូជា ចូលឆ្នាំ​ខ្មែរ ​ចូល​ឆ្នាំ​ចិន​ ​បុណ្យ​អុំ​ទូក​អី ក៏​បង​ទៅ​តែ​ហ្នឹង។ បើ​មិន​ទៅ​មើល​គាត់ គាត់​ចេញ​មក​មើល​យើង​យ៉ាង​ម៉េច​បាន? អាណិត​គាត់។ គាត់​នៅ​ក្នុង​ហ្នឹង។ ហើយ​ចូលឆ្នាំគេ​បានដើរ​លេង​សប្បាយ គេ​ស្លៀក​ពាក់​ស្អាត​បាត គាត់​មាន​មួយ​កំផ្លេ​ហ្នឹង ហើយ​ជាប់​នៅ​ក្នុង​ទ្រុង​ហ្នឹង»។

ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​៥​ បាន​ដើរ​ដាក់​ញត្តិ​ស្វែង​រក​អន្តរាគមន៍​ពីស្ថាប័ន​នីតិ​ប្រតិបត្តិ និង​ព្រះ​មហាក្សត្រ​ស្នើ​សុំ​ឲ្យ​ជំរុញតុលាការ​ពន្លឿន​នីតិវិធី​សវនាការ​លើ​អ្នក​ទាំង​៥ឲ្យ​ឆាប់​ចប់។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​ស្ថាប័ន​ទាំង​នោះ​នៅ​ឡើយ។

រហូត​មក​ដល់​ពេល​នេះ សំណុំ​រឿង​របស់​អ្នក​ទាំង​៥​រូបមិន​ទាន់​ត្រូវ​បាន​តុលាការ​លើក​យក​មក​ជំនុំ​ជម្រះ​នៅឡើយ។ ទោះជា​យ៉ាង​ណា ពួកគេ​បាន​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ទាំង​នោះ​ ត្រូវ​បាន​តុលាការ​គ្រប់​ជាន់​ថ្នាក់​ច្រាន​ចោល។

កាល​ពី​ដើមខែ​មីនា​នេះ​ ​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ ​និង​អន្តរ​ជាតិ​ចំនួន​៧៨ ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍រួម​មួយ​ដោយ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បន្ត​ឃុំខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ​និងបាន​អំពាវ​នាវ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​យាយី​តាម​ផ្លូវ​តុលាការ​ ​និង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​នានា​មក​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

​សេចក្ដី​ថ្លែង​ការណ៍​នោះក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ​ការ​វាយ​ប្រហារ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ ​នា​ពេល​ចុង​ក្រោយ​នេះ​គឺ​ហាក់​ដូច​ជា​យុទ្ធសាស្ត្រ​របស់​អាជ្ញាធរ​កម្ពុជា​ដែល​បាន​គិត​ទុក​យ៉ាង​ច្បាស់​លាស់​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ ​និង​រារាំង​ការ​បញ្ចេញ​សំឡេង​ជំទាស់​នានា​ ​ខណៈ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​និង​ការ​បោះឆ្នោត​ជាតិ​ដែល​នឹង​ឈាន​ចូល​មក​ដល់​ឆាប់ៗ​ខាង​មុខ។

តំណាង​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ ក៏​ធ្លាប់​បាន​ហៅ​ការ​ចាប់ខ្លួន​និង​ឃុំ​ខ្លួន​អ្នក​ទាំង​៥នាក់​ ថាធ្វើ​ឡើង​«តាម​អំពើ​ចិត្ត»ផង​ដែរ។

ចំណែក ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ក៏​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​ទាំង​អស់​នោះ​ផង​ដែរ។ ប៉ុន្តែ រដ្ឋាភិបាល​កម្ពុជា បាន​លើកឡើង​ថា ការ​ចោទប្រកាន់​លើ​អ្នក​ទាំង​៥ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​កម្ពុជា ហើយ​ថា​ចំណាត់​ការ​របស់​តុលាការ គឺ ​«មិនមែន​ជា​ការ​កាត់​សេចក្ដី​តាម​អំពើ​ចិត្ត​នោះ​ឡើយ»៕

XS
SM
MD
LG