ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទោះ​មាន​ការ​បង្ក្រាប​​ផ្លូវការ ការអង្កេត​​បង្ហាញ​ថា​អំពើ​ពុករលួយ​នៅតែ​ជា​បញ្ហា​ប្រឈម​នៅ​អាស៊ី

  • Ron Corben

(រូបថត​ឯកសារ​) រូបថត​ថ្ងៃទី២០​ ខែកម្ភៈ​ ឆ្នាំ២០១៧​។ លោក​ Donald Tsang អតីត​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ក្រុងហុងកុង​ ត្រូវបាន​គេនាំចូល​រថយន្តពន្ធនាគារ​ចេញ​ពីតុលាការ​កំពូល​បន្ទាប់ពី​ការកាត់ក្តី​ និងបន្ធូរបន្ថយ​ទោសលើ​បទប្រពឹត្ត​មិនសមរម្យ​ក្នុងការិយាល័យ​របស់គាត់​ ក្នុងទី​ក្រុង​ហុងកុង។

ការអង្កេត​ថ្នាក់​តំបន់​ធំៗ ​បាន​បង្ហាញ​ថា​អំពើពុករលួយ​ក្នុង​ទ្វីប​អាស៊ី​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​សម្រាប់​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ក្នុង​តំបន់​នេះ​ បើ​ទោះ​ជា​រដ្ឋាភិបាល​ប្រទេស​ចិន​ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី​ស៊ី ជីនពីង ( Xi Jinping ) បាន​ធ្វើ​ការ​បង្ក្រាប​អំពើពុករលួយ​និង​បាន​ធ្វើ​ឱ្យ​មាន​ការចាប់អារម្មណ៍​ពី​សាធារណជន​ក៏ដោយ។

ការអង្កេត​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​ (Transparency International) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៊ែរឡាំង​ រួម​នឹង​ក្រុម​អ្នកវិភាគ​នៃ​ស្ថាប័ន​ហានិភ័យ​សេដ្ឋកិច្ច​ និង​នយោបាយ​(Political and Economic Risk (PERC) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ បាន​ចេញ​របាយការណ៍​អំពី​ប្រទេស​មួយ​ចំនួន​ រួម​ទាំង​ប្រទេស​ចិន​ ថា​កំពុង​ចាត់វិធានការ​ជា​សាធារណៈ​ក្នុង​ការ​ដោះ​ស្រាយ​អំពើពុករលួយ​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ជំនួញ​នានា។

របាយការណ៍​របស់​ស្ថាប័ន​ PERC ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣០​ខែ​មីនា​ បាន​សរសេរ​ថា​មាន​សញ្ញា​វិជ្ជមាន​ជាច្រើន​លើ​ការ​បង្ក្រាប​អំពើពុករលួយ​ ក្នុង​នោះ​គឺ “ការ​យល់​ដឹង​អំពី​អំពើ​ពុករលួយ​នៅ​ទ្វីប​អាស៊ី​ មាន​ការ​កើន​ឡើង​ធៀប​ទៅ​នឹង​ឆ្នាំ​មុន” ក៏ប៉ុន្តែ​អំពើពុករលួយ​នៅតែ​ជា​បញ្ហា​ចម្បង​មួយ​ដដែល។

ក្នុង​របាយការណ៍​ដដែល​របស់​ស្ថាប័ន​ PERC ប្រទេស​សិង្ហបុរី​ អូស្ត្រាលី​ និង​ជប៉ុន​ ជាប់​ចំណាត់​ថ្នាក់​កម្រិត​ទាប​នៃ​អំពើពុករលួយ​ ប្រទេស​ស្រីលង្កា​ក៏​មាន​លទ្ធផល​វិជ្ជមាន​ដែរ​ ប៉ុន្តែ​ប្រទេស​ដែល​មាន​ចំណាត់ថ្នាក់​ក្រោម​គេ​ មាន​ប្រទេស​កម្ពុជា​ ឥណ្ឌូណេស៊ី​ និង​វៀតណាម។

ប្រទេស​ចិន

ចំណាត់​ថ្នាក់​របស់​ប្រទេស​ចិន​ មាន​ភាព​ប្រសើរ​ជាង​មុន។ ក្រុម​អ្នកវិភាគ​នៅ​ទី​ក្រុង​ហុងកុង​ បាន​និយាយ​ថា៖ "សកម្មភាព​បង្ក្រាប​អំពើ​ពុករលួយ​របស់​ប្រធានាធិបតី​ Xi Jinping មើល​ទៅ​ដូចជា​មាន​ប្រតិកម្ម​វិជ្ជមាន​យ៉ាង​ច្បាស់"។

ក្រុម​អ្នកវិភាគ​បាន​បន្ថែម​ទៀត​ថា៖ "ទំហំ​នៃ​បញ្ហា​គឺ​នៅ​ធំធេង​នៅឡើយ​ គឺ​មាន​ន័យ​ថា​នៅ​មាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ ប៉ុន្តែ​គោលនយោបាយ​របស់​លោក​ប្រធានាធិបតី​ Xi បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​ដំណាក់​កាល​ដំបូង​ គឺ​បង្ហាញ​ថា​រដ្ឋាភិបាល​ធ្វើការ​មុតមាំ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ​នៅ​គ្រប់​លំដាប់​ និង​ដំណាក់កាល​ទី២​ គឺ​ការ​ធ្វើឲ្យ​មានការ​រីកចម្រើន​ជា​បន្ត"។

ក៏ប៉ុន្តែ​ការ​វាយ​តម្លៃ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ បង្ហាញ​លទ្ធផល​វិជ្ជមាន​តិច​ជាង​នេះ។ របាយការណ៍​នៃ​អង្គការ​នេះ​បាន​សរសេរ​ថា៖ “ប្រជាជន​ក្នុង​ប្រទេស​ចិន​ ច្រើន​គិត​ថា​កម្រិត​អំពើ​ពុករលួយ​មាន​ការ​កើន​ឡើង​នៅ​ពេល​ថ្មីៗនេះ​ គឺ​ប្រជាជន​ជិត​៣​ភាគ៤​ បាន​និយាយ​ថា​អំពើពុក​រលួយ​មាន​ការ​កើន​ឡើង”។

របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ បង្ហាញ​ពី​ភាព​វិជ្ជមាន​ក្នុង​ការ​វាយ​តម្លៃ​លើ​ការ​ខិតខំ​ប្រឹងប្រែង​ជា​លក្ខណៈ​ផ្លូវការ​របស់​រដ្ឋាភិបាល​ឥណ្ឌា​ ឥណ្ឌូណេស៊ី​ និង​ថៃ​ ក្នុង​ចំណាត់​ការ​ដោះស្រាយ​អំពើ​ពុករលួយ​ បើ​ទោះ​ជា​ប្រទេស​ឥណ្ឌា​ត្រូវ​បាន​ចំណាត់ថ្នាក់​ថា​មាន​អត្រា​ការ​សូកប៉ាន់​ខ្ពស់​បំផុត​ក្នុងចំណោម​ប្រទេស​ដែល​បាន​ធ្វើការ​អង្កេត​ក៏​ដោយ។

ទោះជា​យ៉ាង​នេះ​ក្តី​ ការវិភាគ​របស់​ស្ថាប័ន​ PERC បាន​បង្ហាញ​ថា “ប្រជាជន​ឥណ្ឌា​មួយ​ចំនួន​គិត​ថា​អំពើពុករលួយ​ពិតជា​ភាព​ប្រសើរ​ជាង​មុន​ក្នុង​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​មួយ​នេះ​ ហើយ​ប្រជាជន​ឥណ្ឌា​សរសើរ​លោក​នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ​[Narendra] Modi លើ​ចំណាត់​ការ​បែប​ច្នៃប្រឌិត​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​លោក​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​នានា​តួយ៉ាង​ការ​រាំង​ខ្ទប់​ការ​ចាយ​ក្រដាស​ប្រាក់​ធំ”។

ក្រុម​មេធាវី​នៃ​ក្រុមហ៊ុន​ច្បាប់​Baker McKenzie អ្នកនាង​ មីនី វ៉ានដេប៉ូល (Mini VandePol) និង​អ្នកនាង​ វីវៀន វីវូ (Vivian W. Wu) ក្នុង​បទ​អត្ថាធិប្បាយ​លើ​ការ​អង្កេត​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​ បាន​រៀបរាប់​ថា​រូបភាព​នៃ​ការ​ប្រឆាំង​អំពើពុករលួយ​របស់​ប្រទេស​ចិន​នៅ​ពេល​ឥឡូវ​នេះ​គឺ​ «តឹងរ៉ឹង​ជាង​ពេល​ណាៗ​ទាំងអស់»។

ពួកគេ​បាន​លើក​ឡើង​ពី​កំណែ​ទម្រង់​នានា​រួមមាន​គោលការណ៍​នៃ​ការ​ដាក់​ទោស​ទណ្ឌ​លើ​បទល្មើស​សូកប៉ាន់​ដល់​មន្ត្រី​រាជការ​ និង​ក្រុម​ជំនួញ​ ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ព្រហ្មទណ្ឌ​របស់​ចិន​ វិធាន​ថ្មីៗ ស្ដីពី​ការ​ផ្ដល់​ព័ត៌មាន​ វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការប្រកួត​ប្រជែង​មិន​ស្មើភាព​ និង​ចំណាត់​ការ​នានា​នាំ​ទៅ​រក​វិធាន​ថ្មី​ស្ដីពី​ការឧបត្ថម្ភ​លើ​វិស័យ​សុខាភិបាល។

ការវិភាគ​របស់​ស្ថាប័ន​ PERC ចេញផ្សាយ​ថា​ ជើង​ឯក​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ប្រទេស​ចិន​ គឺ​លោក​ វ៉ាង ហ្សីសាន (Wang Qishan) ដែល​ជា​បុគ្គល​ដ៏​សំខាន់​ដែល​នាំ​ភាព​ជោគជ័យ​យូរអង្វែង​ដល់​គោល​នយោបាយ​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ Xi។ ប៉ុន្តែ​ក្រុម​អ្នកវិភាគ​ សំដែង​នូវ​ការ​បារម្ភ​ថា​បន្ទាប់​ពី​អស់​លោក​ទាំងនេះ ​ចូល​និវត្តន៍​ទៅ​ «ឱកាស​នៃ​ការ​ប្រព្រឹត្ត​អំពើពុករលួយ​នឹង​កើត​មាន​ឡើងវិញ»។

សេដ្ឋកិច្ចស្ទុះងើបឡើង

ខណៈ​ដែល​សេដ្ឋកិច្ច​កំពុង​ស្ទុះ​ងើបឡើង​ ប្រទេស​វៀតណាម​ កម្ពុជា​ និង​ឥណ្ឌូណេស៊ី​ ក៏​កំពុង​ជាប់​ចំណាត់​ថ្នាក់​ ជា​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​ដែរ ហើយ​ប្រទេស​ទាំង​នេះ​ នៅតែ​រាយការណ៍​ថា​ប្រទេស​ខ្លួន​មាន​អត្រា​កំណើន​សេដ្ឋកិច្ច​ដដែល។

អ្នកស្រី​ ផាវិដា ផាណានន់ (Pavida Pananond) សាស្ត្រាចារ្យ​រង​បង្រៀន​មុខវិជ្ជា​ពាណិជ្ជ​កម្ម​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ Thammasat បាន​និយាយ​ថា​ ក្រុម​អ្នក​វិនិយោគ​ត្រៀមខ្លួន​ជាស្រេច​ទទួលយក​លទ្ធផល​ពិតប្រាកដ​នៃ​កម្រិត​អំពើពុករលួយ​ «ថា​ជា​ផ្នែក​នៃ​ហានិភ័យ​ក្នុង​ការ​ធ្វើ​ជំនួញ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ស្ទុះ​ងើប​ឡើង​នេះ»”។

ប៉ុន្តែ​លោក​ស្រី​បាន​បន្ត​ថា​ វា​ក៏​ជះ​ផល​អវិជ្ជមាន​លើ​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ​ដែរ នៅ​ពេល​ដែល​អំពើពុករលួយ​«មាន​លក្ខណៈ​មិន​ប្រាកដ​ប្រជា​ និង​គ្មាន​ការ​ប្រតិបត្តិ​ច្បាស់លាស់​ក្នុង​ការ​តាមដាន​នោះ»។

លោកស្រី​ បាន​ប្រាប់​VOA ថា៖ “ការ​មិន​ដឹង​ពី​កម្រិត​នៃ​អំពើពុករលួយ​ និង​គ្មាន​ការ​ប្រតិបត្តិ​ច្បាស់លាស់​លើ​អ្វី​ដែល​ត្រូវ​ចំណាយដែរ​ការណ៍​នេះ​ហើយ​នឹង​បង្ក​ឲ្យ​អ្នក​វិនិយោគ​ដែល​ចង់​បាន​ភាព​ស្អាតស្អំ​ និង​ភាព​ច្បាស់​លាស់​ មាន​ភាព​ញញើត​ជា​ខ្លាំង​ក្នុង​ដាក់ទុន​វិនិយោគ»។

ប្រទេស​ថៃ

​របាយការណ៍​នៃ​ការ​អង្កេត​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ និង​ស្ថាប័ន​PERC បង្ហាញ​ថា ប្រជាជន​ថៃ​ ផ្ដល់​ចំណាត់ថ្នាក់​ជា​វិជ្ជមាន​លើ​កម្មវិធី​នានា​របស់​រដ្ឋាភិបាល​យោធា​ដែល​មាន​គោលដៅ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ។ ការអង្កេត​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ បង្ហាញ​ថា​ប្រជាជន​១៤ភាគរយ​ ប៉ុណ្ណោះ គិត​ថា​អំពើពុករលួយ​មានការ​កើន​ឡើង​ និង​ប្រជាជន​៧២ភាគរយ​បង្ហាញ​ការ​ពេញចិត្ត​លើ​គោល​នយោបាយ​របស់​រដ្ឋាភិបាល។

បទ​អត្ថាធិប្បាយ​របស់​ PERC បាន​សរសេរ​ថា៖ “ការ​សូកប៉ាន់​ពី​ក្រុមហ៊ុន​នានា​ដល់​មន្ត្រី​ និង​និយតករ​ក្នុង​ការ​ទទួល​បានកិច្ចសន្យា​នានា​ បាន​ធ្លាក់​ចុះ​ដល់​កម្រិតទាប​បំផុត​សម្រាប់​រយៈពេល​៥​ឆ្នាំ​នេះ។ នេះ​បើ​យោង​តាម​សាកល​វិទ្យាល័យ​សភា​ពាណិជ្ជ​កម្ម​ថៃ»។

លោក​ បណ្ឌិត នីចាថាវ៉ន (Bandid Nijathawaorn) អតីត​ទេសាភិបាល​រង​នៃ​ធនាគារ​កណ្ដាល​ និង​បច្ចុប្បន្ន​ជា​ប្រធាន​ស្ថាប័ន​ Thai Institute of Directors បាន​និយាយ​ថា​វិស័យ​សាជីវកម្ម​របស់​ថៃ​បាន​ព្យាយាម​រក​មធ្យោបាយ​តទល់​នឹង​បញ្ហា​អំពើ​ពុករលួយ។

លោក​ Bandid បាន​បន្ត​ថា​ សម្ព័ន្ធ​សាជីវកម្ម​ចំនួន​៨២០​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុងឆ្នាំ២០១០​ បាន​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​ផ្ដើម​ពិភាក្សា​លើ​កំណែ​ទម្រង់​ច្បាប់​ពាក់ព័ន្ធ​នឹង​ការងារ​លទ្ធកម្ម​ និង​កាត់បន្ថយ​ «នីតិវិធី​ស្មុគស្មាញ​អូស​បន្លាយ​ពេល»តាម​បែប​ការិយាធិបតេយ្យ។

បើ​ទោះ​ជា​មាន​វឌ្ឍនភាព​ខ្លះ​ក៏ដោយ​ លោក​Bandid បាន​និយាយ​ថា​បញ្ហា​ក្នុង​ប្រទេស​ថៃ​គឺ​ស្ថិត​ក្នុង​ស្ថាន​ដូច​ជំងឺ​រ៉ាំរ៉ៃ។

លោក​បាន​ប្រាប់​ VOA ថា​៖ “បញ្ហា​ទាំងនេះ​ បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ។ ដូច្នេះ​ យើង​មិន​អាច​ពឹង​ផ្អែក​តែ​លើ​ស្ថាប័ន​មួយ​ក្នុង​ការ​ធ្វើ​វា​ឲ្យ​ប្រសើរ​ឡើង​បាន​ទេ។ ដើម្បី​ធ្វើ​ឲ្យ​ស្ថានការណ៍​នេះ​ ប្រសើរ​ឡើង​ គឺ​ត្រូវ​មាន​ការចូលរួម​គ្រប់​ភាគី​សំខាន់ៗ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ រាប់​បញ្ចូល​ទាំង​ស្ថាប័ន​រដ្ឋាភិបាល​ វិស័យ​ឯកជន​ និង​សង្គម​ស៊ីវិល​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ”។

សំណុំ​រឿង​អំពើ​ពុករលួយ​នៃ​បុគ្គល​មាន​ឋានៈ​ខ្ពង់ខ្ពស់

​កាលពី​ខែ​តុលា​កន្លង​ទៅ​នេះ​ ប្រទេស​ថៃ​បាន​បង្កើត​តុលាការ​ឯកទេស​ខាង​អំពើពុករលួយ​ក្នុង​គោល​បំណង​ដោះស្រាយ​សំណុំរឿង​អំពើពុករលួយ​ឲ្យបាន​ឆាប់។

ក្នុង​សំណុំ​រឿង​អំពើពុករលួយ​របស់បុគ្គល​មាន​ឋានៈ​ខ្ពង់ខ្ពស់​មួយ​ តុលាការ​បាន​កាត់ទោស​អតីត​អភិបាល​នៃ​អាជ្ញាធរ​ទេសចរណ៍​គឺ​លោកស្រី​ ជូថាម៉ាស សិរីវ៉ាន់ (Juthamas Siriwan) ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល៥០​ឆ្នាំ​ពី​បទ​ទទួល​សំណូក​១,៨ លាន​ដុល្លារ​ពី​ជនជាតិ​អាមេរិក២រូប​ជា​ថ្នូរ​នឹង​ការ​ផ្ដល់​សិទ្ធិ​ជា​ម្ចាស់រៀបចំ​មហោស្រព​ភាពយន្ត​អន្តរជាតិ​ក្នុង​ប្រទេស​ថៃ។

សំណុំ​រឿង​អំពើ​ពុក​រលួយ​ផ្សេងៗ​ទៀត​ ​រួមមាន​ការ​បង់​ប្រាក់​ខុស​ច្បាប់​ចំនួន​៣៦លាន​ដុល្លារដោយ​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​យន្តហោះ​ Rolls-Royceទៅ​ឲ្យ​ក្រុម​នាយក​ប្រតិបត្តិ​នៃ​អាកាសចរ​ជាតិ​ថៃ(Thai Airways) ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ និង​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ថាមពល​របស់​រដ្ឋ​ PTT plc។

លោកស្រី​ Pavida បម្រើការ​នៅ​សាកលវិទ្យាល័យ​ Thammasat បាន​និយាយ​ថា​ ករណី​បែបនេះ​គឺជា​វិញ្ញាសា​សម្រាប់​គោលនយោបាយ​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល។

លោកស្រី​បាន​និយាយ​ថា៖​ «ពេល​យើង​ចង់​សម្អាត​អ្វីមួយ​ យើង​ត្រូវ​អនុវត្ត​យន្តការ​តុល្យភាព​អំណាច​ដែល​អាច​ត្រួត​មើល​គ្នា​ទៅវិញទៅមក​ ដែល​អាច​ធានា​ថា​គេ​នឹង​អាច​យក​វា​ទៅ​អនុវត្ត​បាន​ ទោះ​ជា​នរណា​ឡើង​កាន់កាប់​អំណាច​ក៏ដោយ»។

ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​របស់​ប្រទេស​ថៃ​ ត្រូវ​បាន​គេ​រាយការណ៍​កាល​ពី​ដើម​ខែ​មេសា​នេះថា​ ស្ថាប័ន​នេះ​នឹង​ធ្វើការ​ស៊ើបអង្កេត​រឿង​អាស្រូវ​សូកប៉ាន់​ដ៏​លេចធ្លោ​របស់​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​យន្តហោះ​ Rolls-Royce ​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី

XS
SM
MD
LG