\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់អំណាចព្រមាន​អំពី​លទ្ធភាព​ចាញ់​ឆ្នោតបើ​មន្ត្រី​បក្ស​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ


រូបភាព​ឯកសារ៖ លោក ប៊ិន ឈិន (កណ្តាល) សហ​ប្រធាន​ក្រុម​ការងារ​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា និង​លោក គួយ ប៊ុនរឿន (ស្តាំ) សហ​ប្រធាន​​មក​ពី​គណ​បក្ស​សង្គ្រោះជាតិ ឈរ​នៅ​ក្នុង​អំឡុង​ការ​បើក​សិក្ខាសាលា​មួយ​ស្តី​អំពី​សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​បោះឆ្នោត​ នៅ​មន្ទីរ​រដ្ឋសភាជាតិ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​មីនា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)

រូបភាព​ឯកសារ៖ លោក ប៊ិន ឈិន (កណ្តាល) សហ​ប្រធាន​ក្រុម​ការងារ​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា និង​លោក គួយ ប៊ុនរឿន (ស្តាំ) សហ​ប្រធាន​​មក​ពី​គណ​បក្ស​សង្គ្រោះជាតិ ឈរ​នៅ​ក្នុង​អំឡុង​ការ​បើក​សិក្ខាសាលា​មួយ​ស្តី​អំពី​សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​បោះឆ្នោត​ នៅ​មន្ទីរ​រដ្ឋសភាជាតិ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​មីនា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)

លោក ប៊ិន​ ​ឈិន​ ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រចាំការ​ បាន​ព្រមាន​ ក្រុម​មន្ត្រី​​រដ្ឋាភិបាល​បច្ចុប្បន្នថា​គណបក្ស​កាន់អំណាច​ អាច​នឹង​ចាញ់​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ប្រសិនបើ​មន្ត្រី​ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​ការងារ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់​ទេ​នោះ។

លោក ប៊ិន​ ​ឈិន​ ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រចាំការ​ បាន​ព្រមាន​មន្ត្រី​រាជការ​ដែល​ចូលរួម​ក្នុង​កម្មវិធីបើក​ ​«សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​ ២០១៦​ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧»​ ថា គណបក្ស​កាន់អំណាច​ អាច​នឹង​ចាញ់​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​ឆ្នាំ​ ២០១៧​ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ប្រសិនបើ​មន្ត្រី​ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​ការងារ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់​ទេ​នោះ។​

លោក ប៊ិន​ ឈិន​ ប្រធាន​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី និង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​បើក​សន្និបាត​ ដែល​បាន​រៀបចំ​នៅ​ក្រសួង​បរិស្ថាន​ កាល​ពី​ថ្ងៃ​ពុធ​ កន្លងទៅ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​បាត់​បង់​អំណាច​ ក្នុង​ការ​បោះឆ្នោត​នៅ​ក្នុង​ពេល​ខាងមុខ​ ហើយ​នឹង​នាំឲ្យ​មានការ​ផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​របស់​រដ្ឋាភិបាល។​

«អំណាច​នេះ​តែ​បាត់​អា​បោះឆ្នោត​សកល​មួយ​ហើយ​ គឺ​ទៅ​ហើយ។​ ប៉ុន្តែ​ សកល​វា​បាន​ពីណា? ផ្សំ​ពី​បោះឆ្នោត​ឃុំ-សង្កាត់​ហ្នឹង​ហើយ។ បើ​អា​ឃុំ​សង្កាត់​ហ្នឹង​វា​ទៅ​ ក្រុមប្រឹក្សា​ស្រុក​ ដែល​ក្នុង​ស្រុក​ ​ឃុំ​ប្រឹក្សា​សង្កាត់គេ​ ហើយ​បើ​គេ​ក្រុមប្រឹក្សា​ហើយ​ គេ​ហើយ​មាន​អី​ទៀត»។​

លោក​ ប៊ិន​ ឈិន​ បាន​បន្ត​ព្រមាន​ថា​ ប្រសិន​បើ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ចាញ់​ការ​បោះ​ឆ្នោត​មែន​នោះ​ នឹង​មាន​ការ​ផ្លាស់ប្ដូរ​តួនាទី​ និង​តំណែងមន្ត្រីរាជការ​ និង​មន្ត្រី​យោធា​ដែល​មាន​តួនាទី​នៅ​ក្នុង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្សប្រជាជន​នា​ពេល​បច្ចុប្បន្ន​នេះ។

លោក​បាន​បញ្ជាក់​ថា​ ក្រុម​មន្ត្រីរដ្ឋាភិបាល​បច្ចុប្បន្ន​ មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ដែល​ត្រូវ​បាន​ក្រុម​មន្ត្រី​នៃ​គណបក្ស​ប្រឆាំង​ឃ្លាំ​មើលយ៉ាង​ដិត​ដល់​នោះ​ឡើយ។​

​«ខ្ញុំ​និយាយ​ឲ្យ​ការពិត​ទៅ​ នៅ​វេទិកា​សភា​យើង​ យើង​ចេះ​តែ​ប្រឹង​ការពារ​ យើង​មិន​ចេះ​តែបណ្ដោយ។​ ប៉ុន្តែ​គ្នា​យើង​ត្រូវ​គិត​ តើ​អញ​មែន​អត់?​ អា​ហ្នឹង​ធំ​ណាស់។​ លុយ​ទម្លាក់​មក​យ៉ាង​នេះ​ បាន​ទៅ​ធ្វើ​ប៉ុណ្ណេះ​ រត់​ការ​អស់​ប៉ុណ្ណោះ​ អា​ហ្នឹង​វា​មាន​អត់?»

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ប៊ិ​ន​ ឈិន​ បាន​លើក​ឧទាហរណ៍​ ទាក់​ទិន​ករណី​ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋ​កិច្ច​ប្រកប​ដោយ​ភាព​មិន​ប្រក្រតីដែល​ត្រូវ​បានធ្វើ​កាល​ពី​ពេល​កន្លង​មក​ថា៖​

«ពួក​នេះ​ជួន​កាល​ បាន​ន័យ​ថា​ ដើរ​ចុច​ GPS ​ប៉ុណ្ណេះ ទីនេះ​ ក្រុមហ៊ុន​នេះ​ អញ្ចឹង​ទៅ​ ឲ្យ​ទៅ។ ​នៅ​ក្រសួង​បរិស្ថាន​នេះ​ ចាយ​ សាមិត្ត​នេះ​ ហ្នឹង​ក៏​នេះ​ដែរ ​អញ​ប្រាប់​ថា​ ហ្អែង​ចុច​ឲ្យ​អញ​មក​មើល ចុច​ចឹងៗ​ ឲ្យ​មួយ​ម៉ឺន​ហិកតារ​ទៅ។​ អញ្ចឹង​បាន​ជា​ ឯកឧត្ដម ​លោក​ជំទាវ​ អស់​លោក​ លោកស្រី​ ទាំង​មនុស្ស​កន្លែង​ខ្លះ​ ឲ្យ​ក្រុមហ៊ុន​ខ្លះ ៣៥​ម៉ឺន​ហិកតារ​ ឲ្យ​ទាំង​កន្លែង​ដែល​ខ្លួន​ឯង​កំពុង​អង្គុយ​ សម្បទាន​ដីសេដ្ឋកិច្ច​ ឲ្យ​ដោយទាំង​មន្ទីរ​កសិកម្ម​ខ្លួនឯង»។​ ​ ​

ថ្វី​ដ្បិត​តែ​មានការ​លើក​ឡើង​អំពី​ការ​ផ្លាស់ប្ដូរ​មុខ​នាទី​ និង​តំណែង​របស់​មន្ត្រីរាជការ​ និង​កងទ័ព​ក្នុងរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណ​បក្ស​ផ្សេង​ក្ដី​ អ្នកនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជាគណបក្ស​ប្រជែង​យ៉ាង​សំខាន់​ជាមួយ​គណបក្សប្រជាជន​កម្ពុជា​ អះអាង​ថា​ ការផ្លាស់ប្ដូរ​នេះ នឹង​មិនអាច​កើត​មាន​នោះ​ឡើយ។​

​លោក​ អេង​ ឆៃ​អ៊ាង​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រាប់​VOA ​ថា​ គណបក្ស​ប្រឆាំង​មានជំនឿ​ថា​ នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាងមុខ​ ហើយ​ថា​ ការ​ផ្លាស់ប្ដូរ​មន្ត្រី​រដ្ឋបាល​ក្នុង​ជួរ​រដ្ឋាភិបាល​នឹង​មិន​អាច​កើត​មាន​នោះ​ទេ។

លោក អេង​ ឆៃ​អ៊ាង ​និយាយ​ថា​ រដ្ឋាភិបាល​ថ្មី​នឹង​ធ្វើ​ការ​ផ្លាស់ប្ដូរ​មន្ត្រី​ក្នុង​ក្របខ័ណ្ឌ​នយោបាយ​តែ​ប៉ុណ្ណោះ។

«យើង​ផ្លាស់ប្ដូរ​ក្របខ័ណ្ឌ​មន្ត្រី​នយោបាយ​ទេ​បាទ។ ចំពោះ​មន្ត្រី​រដ្ឋបាល​គឺ​អត់​ទេ​ គឺ​យើង​នឹង​រៀប​ចំ​ធ្វើ​ម៉េច​ ឲ្យ​រដ្ឋបាល​របស់​រដ្ឋ​ទៅជា​ ជា​ស្ថាប័ន​អព្យាក្រឹត​ ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ​ មិន​មែន​បម្រើ​បក្ស​ទេ»។​

​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រឆ្នាំ​ ២០១៣​ គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បានកៅអី​ចំនួន​ ៦៨​ ខណៈ​ដែលគណបក្ស​សង្គ្រោះ​ជាតិ ​ទទួល​បាន​កៅអី​ចំនួន​ ៥៥​នៅ​រដ្ឋសភា។​

ការ​កើន​ឡើង​កៅអី​របស់​គណបក្ស​ប្រឆាំង​ត្រូវ​បាន​គេ​ជឿ​ថា​ បណ្ដាល​មក​ពី​កម្មវិធី​នយោបាយ​របស់​គណបក្ស​នេះ​ដែល​មាន​ដូចជា​ការ​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​ និង​កម្មករ​ ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​មនុស្ស​ចាស់​ ការ​លើក​ស្ទួយ​ជីវភាព​ប្រជាកសិករ​តាម​រយៈ​ការ​ការ​ពារ​តម្លៃ​កសិផល​របស់​ពួក​គេ​ជាដើម។

ការ​ធ្លាក់​ចុះ​នូវ​ចំនួន​អ្នកគាំទ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​គំហុក​កាលពី​ឆ្នាំ​២០១៣​ ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​នយោបាយ​ខ្មែរ​ សន្និដ្ឋាន​ថា​ ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ​ ចង់​ផ្លាស់ប្ដូរ​គណបក្ស​កាន់អំណាច​ហើយ​ពួកគេ​មិន​ចង់​ឃើញលោក​ ហ៊ុន​ សែន បន្ត​កាន់​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​របស់​កម្ពុជា។​

ក្រុម​អ្នក​ឃ្លាំ​មើល​ថ្លែង​ថា អំពើ​អយុត្តិធម៌​សង្គម​នានា​ ​ដូចជា​ការ​បណ្ដេញ​ប្រជាជន​ចេញ​ពី​ផ្ទះសម្បែង​ដើម្បី​ការ​អភិវឌ្ឍ ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​ ​និងគំលាត​សេដ្ឋកិច្ច​ដ៏​ធំ​រវាង​អ្នក​មាន​ និង ​អ្នកក្រ​ ក៏បាន​រួម​ចំណែក​ដល់​ការ​ធ្លាក់​ចុះ​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​កាន់​អំណាច​ជិត​៤០​ឆ្នាំ​មក​ហើយ​នេះ។​

លោក​ មាស​ នី​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ ប្រាប់​ VOA​ថា​ គណបក្ស​ប្រជាជន​ បាន​បាត់​បង់​ជាង​២០​កៅអី​នៅ​សភាជាតិ​ ដោយសារ​ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​មិនបាន​ត្រឹម​ត្រូវ រហូត​មក​ដល់​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៣។​

លោក​ ថ្លែង​ថា​ ទោះ​ជា​រដ្ឋាភិបាល​បាន​ប្រកាស​ការ​ធ្វើ​កំណែ​ទម្រង់​ធំៗ​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​នេះ​ក្ដី​ ក៏​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ នៅ​បន្ត​កើត​មាន​ដដែល។

លោក​ថា​ ការណ៍​នេះ​ជា​កត្តា​មួយ​ ​ដែល​អាច​នាំ​ឲ្យ​គណបក្សកាន់​អំណាច​បាត់​ការ​គាំទ្រ​នៅ​ក្នុង​ការ​បោះ​ឆ្នោតឃុំ​សង្កាត់​ឆ្នាំ​ ២០១៧ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

«រឿង​ព្រៃ​ឈើ រឿង​ធន​ធាន​ធម្មជាតិ​នេះ​ វា​បង្ក​មិន​មែន​ត្រឹម​តែ​ការ​អស់​ឈើ​ អស់​ធន​ធាន​ទេ​ ប៉ុន្តែ​ វា​បង្កើត​នូវ​អំពើ​អយុត្តិធម៌​ អំពើ​ពុក​រលួយ​ ការ​រំលោភ​អំណាច​នៅ​ក្នុង​ទៀត។​ វា​សព្វគ្រប់​ គឺ​ថា​មួយ​ចង្កោម​រឿងរ៉ាវ​ហ្នឹង​ ដែល​ធ្លាក់​បន្ទុក​មក​លើ​រដ្ឋាភិបាល​ទាំង​អស់​ ព្រោះ​អី​នៅ​ក្នុង​រឿង​ព្រៃ​ឈើ​ វា​មាន​អ្នក​មាន​អំណាច​ទៅ​រំលោភ​ កាប់​ព្រៃ​ឈើ​ ឬក៏​រកស៊ី​ព្រៃ​ឈើ​ វា​មាន​ការ​ធ្វើ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ហ្នឹង។ អញ្ចឹង​ទាំង​អស់​ហ្នឹង​សុទ្ធតែ​ជា​ផ្នែក​មួយ​ដែល​ប៉ះពាល់​ដល់​កិត្តិ​យស​ដល់​ប្រជាប្រិយ​ភាព​របស់​រដ្ឋាភិបាល​ទាំង​អស់»។

ក្រុម​អ្នកឃ្លាំមើល​ស្ថានភាព​នយោបាយ​របស់​កម្ពុជា​ទាំង​នៅ​ថ្នាក់​ជាតិ​និង​អន្តរជាតិ ​បាន​និយាយ​ថា​បញ្ហា​ពុក​រលួយ​របស់​កម្ពុជា​នៅ​តែ​ជា​បញ្ហា​ចម្បង​របស់​ប្រទេស​ដ៏​ក្រីក្រ​នេះ៕

XS
SM
MD
LG